នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg នឹងធ្វើសក្ខីកម្មនៅមុខគណៈកម្មាធិការសភាអំពីរឿងអាស្រូវពាក់ព័ន្ធនឹងរឿងឯកជនភាពដែលបានធ្វើឲ្យរង្គោះរង្គើដល់ក្រុមហ៊ុនបណ្តាញសង្គមមួយនេះ។
គណៈកម្មាធិការសភាទទួលបន្ទុកផ្នែកថាមពល និងពណិជ្ជកម្ម បានប្រកាសកាលពីថ្ងៃពុធថា លោក Zuckerberg នឹងធ្វើសក្ខីកម្មនៅថ្ងៃទី១១ខែមេសាខាងមុខនេះ ដើម្បីផ្តល់ចម្លើយពាក់ព័ន្ធនឹងក្រុមហ៊ុនប្រឹក្សារបស់ចក្រភពអង់គ្លេសឈ្មោះ Cambridge Analytica ដែលបានទទួលទិន្នន័យរបស់អ្នកប្រើប្រាស់ Facebook រាប់លាននាក់ ដែលអាចឲ្យគេយកទៅប្រើប្រាស់ដើម្បីមានឥទ្ធិពលលើអ្នកបោះឆ្នោតនៅក្នុងសហរដ្ឋអាមេរិក។ យុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦របស់លោកប្រធានាធិបតី Donald Trump បានជួលក្រុមហ៊ុននេះក្នុងតម្លៃទឹកប្រាក់ជិត៦លានដុល្លារ។ លោក Greg Walden ប្រធានគណៈកម្មាធិការ និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ លោក Frank Pallone បាននិយាយថាសវនាការនេះសង្ឃឹមថានឹងជួយពន្យល់ពីបញ្ហាឯកជនភាពរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ក៏ដូចជាជួយដល់ពលរដ្ឋអាមេរិកាំងទាំងអស់ឲ្យដឹងកាន់តែច្បាស់ពីអ្វីដែលបានកើតឡើងទៅលើព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិតផងដែរ»។
ការប្រកាសធ្វើសក្ខីកម្មរបស់លោក Zuckerberg នេះកើតឡើងបន្ទាប់ពីបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Facebookមិនបានឆ្លើយនឹងសំណួរនៅអំឡុងពេលកិច្ចប្រជុំឯកជនមួយជាមួយបុគ្គលិកសភាអំពីការប្រើប្រាស់និងការការពារទិន្នន័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គមFacebook ដោយក្រុមហ៊ុន Facebook និងក្រុមហ៊ុនបង្កើតកម្មវិធី Softwareផ្សេងទៀតដែលជាភាគីទីបីនោះ៕