ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្ត្រ​អាមេរិកាំង​ម្នាក់​លុប​ចោល​ដំណើរ​ទៅ​កាន់​តំបន់ West Bank ដើម្បី​ជួប​ជីដូន​


លោកស្រី Rashida Tlaib (កណ្ដាល) នៅក្នុង​ពេល​​ធ្វើ​សក្ខីកម្ម​​ឯ​គណៈ​កម្មការ​ឃ្លាំ​មើល​របស់​សភា អំពី​ការ​បំបែក​និង​ការ​ឃុំ​ឃាំង​គ្រួសារ​(ជន​អន្តោប្រវេសន៍) កាល​ពី​ថ្ងៃ​ទី​១២ កក្កដា ២០១៩។
លោកស្រី Rashida Tlaib (កណ្ដាល) នៅក្នុង​ពេល​​ធ្វើ​សក្ខីកម្ម​​ឯ​គណៈ​កម្មការ​ឃ្លាំ​មើល​របស់​សភា អំពី​ការ​បំបែក​និង​ការ​ឃុំ​ឃាំង​គ្រួសារ​(ជន​អន្តោប្រវេសន៍) កាល​ពី​ថ្ងៃ​ទី​១២ កក្កដា ២០១៩។

លោកស្រី ​Rashida Tlaib ​សមាជិកា​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​ប្រែ​ក្រឡាស់​ការ​សម្រេចរបស់​លោក​ស្រី​ដែល​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ត្រើយ​ខាង​លិច​នៃ​ទន្លេ​ Jordan​ ដើម្បី​ទៅ​ជួប​ជីដូន។

ការ​កែ​ប្រែ​ចិត្ត​នេះ​ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​អ៊ីស្រាអែល​ បាន​និយាយ​ថា​ខ្លួន​អនុញ្ញាត​ឱ្យ​អ្នកតាក់​តែង​ច្បាប់​ស.រ.អា.​រូប​នេះ​ទៅ​ជួប​ជីដូនសញ្ជាតិ​ប៉ាឡេស្ទីន​ របស់​លោកស្រីដោយ «ហេតុផល​មនុស្សធ៌ម»។

នៅ​ក្នុង​សារ​ Twitter មួយ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ លោកស្រី Tlaib ​បាន​និយាយ​ថា «វា​ជា​ការ​ធ្វើ​ឱ្យ​ខ្ញុំ​បាក់​មុខ​មាត់។ ខ្ញុំ​បាន​សម្រេច​ថា ការ​ទៅ​ជួប​សួរ​សុខ​ទុក្ខ​ជីដូន​ខ្ញុំ​នៅ​ក្រោមស្ថានភាព​សង្កត់​សង្កិន​ទាំង​នេះ​ជា​ការ​ប្រឆាំង​នឹង​អ្វី​ទាំង​អស់​ដែល​ខ្ញុំ​មាន​ជំនឿ​លើ នោះគឺការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រកាន់​ពូជសាសន៍​ ការ​សង្កត់​សង្កិន និង​អំពើ​អយុត្តិធ៌ម»។

លោកស្រី​ Tlaib ​បានសរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​លោក​ Aryeh Deri ​រដ្ឋ​មន្ត្រីក្រសួង​មហាផ្ទៃ​អ៊ីស្រាអែល​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ស្នើ​សុំ​ទៅ​កាន់​តំបន់ West Bank ដើម្បី​ទៅ​ជួប​សួរ​សុខទុក្ខ​ជីដូន​លោក​ស្រី​ដោយ​និយាយ​ថា​ នេះ​ជា​ឱកាសចុង​ក្រោយ​បង្អស់​ដើម្បី​បាន​ឃើញ​លោក​យាយ។​ នៅ​ក្នុង​សំបុត្រ​នោះ​ លោក​ស្រី Tlaib ​បាន​មានប្រសាសន៍​ថា​ លោក​ស្រី​នឹង​គោរព​តាម​ការ​រឹតត្បិត​ទាំង​អស់​ហើយ​នឹង​មិនផ្ចុង​ផ្តើម​ការ​ធ្វើ​ពហិការ​ប្រឆាំង​នឹង​អ៊ីស្រាអែលទេ។

លោក​រដ្ឋ​មន្ត្រីមហា​ផ្ទៃ​អ៊ីស្រាអែល​ លោក​ Deri ​បាន​និយាយ​នៅ​ក្នុង Twitter មួយ​ថា ​លោកបាន​យល់​ព្រម​ដល់​សំណើ​សុំ​របស់​លោកស្រី ​Tlaib​ ជា​កាយ​វិការ​មួយ​នៃ​សុឆន្ទៈ​ ក៏​ប៉ុន្តែ​«វា​គ្រាន់​តែ​ជា​សំណើ​បង្ក​រឿង​មួយ​ដែល​មាន​គោលដៅ

វាយ​ប្រហារ​តាម​ពាក្យ​សម្តី​ប្រឆាំង​នឹង​រដ្ឋ​អ៊ីស្រាអែល។​ វា​ជា​ការ​បញ្ជាក់​ច្បាស់​លាស់​នៃ​ការ​ស្អប់​របស់​លោក​ស្រី​លើ​ប្រទេស​អ៊ីស្រាអែល​ មាន​លើស​ពី​សេចក្តី​ស្រឡាញ់​របស់​លោក​ស្រី​ដល់​ជីដូន​លោក​ស្រី»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រទេស​ប្រទេស​អ៊ីស្រាអែល​បាន​និយាយ​ថា ​ខ្លួន​បដិសេធ​មិន​ឱ្យ​លោក​ស្រី​ Tlaib ​និង​លោក​ស្រី​ Ilhan Omar ​ដែល​ជា​សមាជិកា​សភា​តំណាង​រាស្ត្រអាមេរិកាំង​ដែរ​នោះ​ ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល​ ទេ​ហើយ​ការណ៍​នេះ​បាន​បណ្តាល​ឱ្យ​មាន​រឿង​ចម្រូង​ចម្រាស់​ថ្មី​មួយ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​ការ​គាំទ្រ​របស់​ស.រ.អា.​ដល់​សម្ព័ន្ធ​មិត្តរបស់​ខ្លួន​ក្នុង​ភូមិ​ភាគ​មជ្ឈិម​បូព៌ា។

គ្មាន​ការ​និយាយ​យោង​ដល់​ឈ្មោះ​លោកស្រី ​Omar​ ក្នុង​សេចក្តី​ប្រកាស​នេះ​របស់​អ៊ីស្រាអែល​ ទេ៕

XS
SM
MD
LG