កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋ ៤ នាក់ បានសហការជាមួយនឹងសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តលើសេចក្ដីសម្រេចមួយថ្កោលទោសទស្សនៈបែប «ប្រកាន់ពូជសាសន៍» របស់លោកប្រធានាធិបតី Donald Trump ដែលលើកឡើងអំពីសមាជិករដ្ឋសភាជាស្ត្រីខាងគណបក្សប្រជាធិបតេយ្យមួយចំនួន។
សេចក្ដីសម្រេចរបស់រដ្ឋសភាដែលត្រូវបានអនុម័តក្នុងសំឡេង ២៤០ ទល់នឹង ១៨៧ នេះ «ថ្កោលទោសខ្លាំងៗ» លើ «ទស្សនៈបែបប្រកាន់ពូជសាសន៍របស់លោក Trump ដែលបានធ្វើឲ្យដូចជាត្រឹមត្រូវតាមច្បាប់ និងបានបង្កើនការភ័យខ្លាច និងការស្អប់គុំកួនលើពលរដ្ឋអាមេរិកាំងថ្មី និងពលរដ្ឋដែលមិនមែនស្បែកស»។
ប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi បានស្នើឲ្យអង្គរដ្ឋសភារួមកម្លាំងគ្នា «ដើម្បីថ្កោលទោសសារបែបប្រកាន់ពូជសាសន៍របស់លោក Trump នៅលើ Twitter ទាំងនេះ»។
សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋភាគច្រើនជំទាស់ទៅនឹងសេចក្ដីសម្រេចនេះ ដោយសមាជិករដ្ឋសភាលោក Dan Meuser បាននិយាយថា៖ «ពាក្យមួលបង្កាច់ដែលគួរឲ្យចង់សើចនេះប៉ះពាល់អាក្រក់ដល់ប្រទេសជាតិរបស់យើង»។
លោក Trump ដែលបានរងការរិះគន់តាំងពីបង្ហោះសារបែបប្រកាន់ពូជសាសន៍ទាំងនេះនៅលើ Twitter កាលពីថ្ងៃអាទិត្យមក មិនបានដកថយនោះទេ ដោយនៅថ្ងៃអង្គារម្សិលមិញ លោកបានសរសេរនៅលើ Twitter សរសើរសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋណា ដែលបោះឆ្នោតជំទាស់ទៅនឹងសេចក្ដីសម្រេចនេះ ហើយលោកនៅតែបន្តរិះគន់លើសមាជិករដ្ឋសភាទាំង ៤ ដដែល ដែលនោះគឺអ្នកស្រី Ilhan Omar អ្នកស្រី Alexandria Ocasio-Cortez អ្នកស្រី Ayana Pressley និងអ្នកស្រី Rashida Tlaib៕