ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អ៊ីស្រាអែល រារាំង​សមាជិកា​សភាអាមេរិក​ពីរ​នាក់​មិន​ឱ្យ​ចូល​ក្នុង​ប្រទេស​ពួក​គេ


រូបភាព​ឯកសារ៖ តំណាង​សហរដ្ឋ​អាមេរិក​ Ilhan Omar ថ្លែង​សុន្ទរកថា​ខណៈ​ដែល​តំណាង​សហរដ្ឋ​អាមេរិក​អ្នក​ស្រី​ Rashida Tlaib ស្តាប់​អំឡូង​សន្និសីទ​កាសែត​នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន​។

កាលពី​ថ្ងៃព្រហស្បតិ៍​ អាជ្ញាធរ​អ៊ីស្រាអែល បាន​រារាំង​សមាជិកា​សភា​អាមេរិក​ពីរនាក់​មិនឱ្យ​ចូល​ក្នុង​ប្រទេស​ពួក​គេទេ ហើយ​ការណ៍​នេះ​បាន​បណ្តាល​ឱ្យមាន​រឿង​ចម្រូង​ចម្រាស់​ជុំ​ថ្មី​មួយ​នៅ​ក្នុង​ការ​ជជែក​ដេញ​ដោល​គ្នា​អំពី​ការគាំទ្រ​របស់​អាមេរិកដល់​សម្ព័ន្ធមិត្ត​ខ្លួននេះ​ក្នុង​ភូមិភាគ​មជ្ឈឹមបូព៌ា។​

លោកស្រី Ilhan Omar និង​លោកស្រី Rashida Tlaib សមាជិកា​សភា​តំណាង​រាស្ត្រ​អាមេរិកាំងខាងគណបក្ស​ប្រជាធិបតេយ្យជា​អ្នករិះគន់ខ្លាំងៗដល់​ប្រទេស​អ៊ីស្រាអែល និង​ការ​ប្រព្រឹត្ត​របស់​អាជ្ញាធរ​អ៊ីស្រាអែល លើ​ជនជាតិ​ប៉ាឡេស្ទីន។ លោកស្រី​ទាំង​ពីរ​នាក់​នេះមានកំណត់​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ក្នុង​ក្រុង​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ត្រើយ​ខាង​លិច​នៃ​ទន្លេ​ Jordan ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ។

អ្នកស្រី​ Tzipi Hotovely អនុរដ្ឋមន្ត្រី​ការ​បរទេស​អ៊ីស្រាអែល បាននិយាយ​ប្រាប់វិទ្យុ​សាធារណៈ Kan ថា​«យើង​នឹងមិន​អនុញ្ញាត​ឱ្យ​ពួក​ជន​ដែល​បដិសេធ​សិទ្ធិ​យើង​ក្នុង​ការ​ឋិត​នៅ​ក្នុង​ពិភព​លោកនេះ​ចូលក្នុង​ប្រទេស​អ៊ីស្រាអែលទេ។ ​ជា​គោលការណ៍​នេះ​ជា​សេចក្តី​សម្រេចត្រឹមត្រូវ​ណាស់»។

លោកប្រធានាធិបតី​អាមេរិក Donald Trump បាន​ tweet ក្នុង​រយៈពេល​ខ្លីនៅ​មុន​សេចក្តី​ប្រកាសនេះ​ដោយ​លោក​បាន​សរសេរថា«វា​ជា​ការ​បង្ហាញ​ភាពទន់ខ្សោយ​ខ្លាំង​ណាស់​ប្រសិន​បើអាជ្ញាធរ​អ៊ីស្រាអែល អនុញ្ញាត​ឱ្យ​អ្នកតំណាង​រាស្ត្រ Omar និង​អ្នកតំណាង​រាស្ត្រ Tlaib ទៅ​ទស្សនាប្រទេស​អ៊ីស្រាអែល។ ​អ្នកតំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​នេះ​ស្អប់ប្រទេស​អ៊ីស្រាអែល និង​ជនជាតិ​យូដា​ទាំងអស់ហើយ​គ្មាន​អ្វី​ដែល​អាចនិយាយ​បានឬធ្វើបាន​ដើម្បី​ប្តូរ​ចិត្ត​ពួក​គេបានទេ»។

លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បាន​មាន​ប្រសាសន៍​អំពី​អត្ថាធិប្បាយ​របស់ប្រធានាធិបតី​ Trump ថា«ជា​សញ្ញាមួយ​នៃភាព​ល្ងង់​ខ្លៅ​និង​ការមិន​គោរព​ ហើយ​មិនមែន​ជា​សេចក្តី​ថ្លៃ​ថ្នូរ​នៃ​តំណែង​ប្រធានាធិបតី​ទេ»។ លោកស្រី​ Pelosi បានមានប្រសាសន៍​ជា​ថ្មី​អំពី​សេចក្តី​ស្រឡាញ់​របស់​លោកស្រី​ដល់ប្រទេស​អ៊ីស្រាអែល ក៏ប៉ុន្តែ​លោកស្រី​ក៏បាន​និយាយ​ដែរថា​ចំណាត់ការ​ក្នុង​ការ​បដិសេធ​មិន​ឱ្យ​លោកស្រី Omar និង​លោកស្រី Tlaib ចូល​ទៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល «ជា​សញ្ញាមួយ​នៃ​ភាព​ទន់ខ្សោយ​ហើយ​មិនមែន​ជា​ភាព​ថ្លៃ​ថ្នូរ​នៃ​រដ្ឋ​អ៊ីស្រាអែល​ដ៏​អស្ចារ្យទេ»៕

XS
SM
MD
LG