ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សារ​​របស់​លោក​ត្រាំ​អំពី​តំណាងរាស្ត្រ​​មិនមែន​​ជា​ជន​ស្បែក​ស​ ញ៉ាំង​ឱ្យ​មាន​កំហឹង​ថ្មី


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្រៅ​សេតវិមាន កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្រៅ​សេតវិមាន កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។

ក្នុង​សារ​ដែល​បង្ហោះ​ជា​បន្តបន្ទាប់​តាម​បណ្ដាញ ​Twitter ​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដែល​ត្រូវ​បាន​ក្រុម​អ្នក​រិះគន់​ចាត់​ទុក​ថា​ជា​សារ​ប្រកាន់​ពូជសាសន៍​ និង​ធ្វើ​ឱ្យ​ស្អប់​ជនបរទេស​នោះ ប្រធានាធិបតី​អាមេរិក លោក​ ដូណាល់ ត្រាំ បាន​បង្ក​ភាព​ចម្រូងចម្រាស​ថ្មី​មួយ​ទៀត ដោយ​ប្រើ​ពាក្យ​ឡកឡឺយ​ដាក់​សមាជិក​សភា​ថ្មីៗ។

តាម​បណ្តាញ Twitter លោក​ត្រាំ បាន​តម្រង់​គោលដៅ​របស់​លោក​ទៅ​លើ​សមាជិក​សភា​ជា​ស្ត្រី​សកម្ម​ដែល​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ដោយ​បាន​ប្រាប់​ស្ត្រី​ទាំង​នោះ​ឱ្យ​‍ «ត្រឡប់» ទៅ​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​របស់​ពួកគេ «ដែល​ពោរពេញ​ដោយ​ឧក្រិដ្ឋកម្ម» ​វិញ​ទៅ។

ក្នុង​ចំណោម​សមាជិក​សភា​ជា​ស្ត្រី​ទាំង​បួន​រូប​ដែល​ជា​ក្រុម​គោលដៅ​នៃ​ការ​និយាយ​ឡកឡឺយ​ដាក់​ដោយ​លោក​ប្រធានាធិបតី​នេះ មាន​តែ​ម្នាក់​គត់​ដែល​កើត​នៅ​បរទេស។ នោះ​គឺ​សមាជិក​សភា​ប្រចាំ​រដ្ឋ​មីនីសូតា គឺ​អ្នកស្រី Ilhan Omar ដែល​កើត​នៅ​ប្រទេស​សូម៉ាលី។

សមាជិក​សភា​ជា​ស្ត្រី​បី​នាក់​ទៀត​គឺ​សុទ្ធ​តែ​កើត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ អ្នក​ទាំង​បី​រួម​មាន​ អ្នក​ស្រី Ayana Pressley ដែល​ជា​តំណាងរាស្ត្រ​មក​ពី​រដ្ឋ​ម៉ាសាឈូសិត។ អ្នក​ស្រី កើត​នៅ​ទី​ក្រុង​ Cincinnati នៃ​រដ្ឋ​អូហៃយ៉ូ។ ម្នាក់​ទៀត​គឺ​អ្នក​ស្រី Alexandria Ocasio-Cortez ដែល​មាន​ស្រុក​កំណើត​នៅ​រដ្ឋ​ញូវយ៉ក និង​ជា​អ្នក​តំណាង​ឱ្យ​ផ្នែក​ខាង​កើត​នៃ​សង្កាត់​ Bronx ​និង​ផ្នែក​មួយ​នៃ​តំបន់ Queens ​ប៉ែក​កណ្ដាល​ឈៀង​ខាង​ជើង​នៃ​ទីក្រុង​ញូវយ៉ក។ តំណាង​រាស្ត្រ​ជា​ស្ត្រី​ម្នាក់​ទៀត​គឺ​អ្នកស្រី Rashid Tlaib មក​ពី​រដ្ឋ​មីឈីហ្គិន។ អ្នកស្រី​មាន​ស្រុកកំណើត​នៅ​ទី​ក្រុង​ Detroit ​នៃ​រដ្ឋ​មីឈីហ្គិន​នេះ។

សេត​វិមាន មិន​បាន​ឆ្លើយ​តបទៅ​នឹង​សំណួរ​របស់ VOA ​ថា​តើលោក​ប្រធានាធិបតី​ដឹង​ដែរ​ឬ​ទេ​មុន​ពេល​លោក​បាន​សរសេរ​សារ​តាម​បណ្តាញ​ Twitter​ ហ្នឹងថា​តំណាងរាស្ត្រ​ជា​ស្ត្រី​៣​នាក់​ក្នុង​ចំណោម​អ្នក​ទាំង​បួន​នាក់​នេះ គឺ​ជា​ពលរដ្ឋ​អាមេរិកាំង​តាំង​ពី​កំណើត​មកនោះ៕

XS
SM
MD
LG