សមាជិកសភាតំណាងរាស្ត្រស.រ.អា.ម្នាក់កំពុងអំពាវនាវឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ លើកយករឿងចិនចាប់ជនជាតិភាគតិចដែលកាន់សាសនាឥស្លាម ដាក់ជំរំ មកពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅពេលដែលមេដឹកនាំទាំង២ ជួបគ្នានៅចុងសប្តាហ៍នេះ។
អ្នកតំណាងរាស្ត្រលោក Christopher Smith នៃគណបក្សសាធារណរដ្ឋ ជាសហប្រធាននៃគណកម្មការទំនាក់ទំនងរវាងសភានិងប្រធានាធិបតី ស្តីពីកិច្ចការប្រទេសចិន។ សមាជិកព្រឹទ្ធសភា Marco Rubio នៃគណបក្សសាធារណរដ្ឋ ជាសហប្រធានម្នាក់ទៀត។
សមាជិកសភាទាំង២នាក់ បានដាក់សំណើទាំងក្នុងសភាតំណាងរាស្ត្រ និង ទាំងក្នុងព្រឹទ្ធសភា ដើម្បីថ្កោលទោសការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ លើជនជាតិអ៊ុយហ្គួរ នៅតំបន់ Xinjiang ដែលដាច់ស្រយ៉ាលនៅភាគខាងលិចនៃប្រទេសចិន។ រដ្ឋាភិបាលក្រុងប៉េកាំងរងការរិះគន់កាន់តែខ្លាំងឡើងពីសំណាក់អន្តរជាតិ លើការឃុំខ្លួនជនជាតិអ៊ុយហ្គួរ Kazakhs និង ជនជាតិភាគតិចផ្សេងទៀតដែលចិនអះអាងថាជារឿងសំខាន់ចាំបាច់ដើម្បីកម្ចាត់ក្រុមអ្នកកាន់សាសនានិយមជ្រុល។
ប៉ុន្តែអតីតអ្នកជាប់ឃុំទាំងឡាយបានហៅជំរំនយោបាយទាំងនោះថា ជាជំរំអប់រំនយោបាយ ដែលនៅទីនោះអ្នកជាប់ឃុំត្រូវគេបង្ខំឲ្យថ្កោលទោសសាសនាឥស្លាម ហើយប្រកាសគាំទ្រគណបក្សកុម្មុយនិស្តដែលកំពុងដឹកនាំប្រទេស។
ក្នុងបទសម្ភាសន៍មួយជាមួយ VOA ភាសាចិនកាលពីថ្ងៃពុធ អ្នកតំណាងរាស្ត្រ Smith បានថ្លែងថា សេចក្តីព្រៀងច្បាប់របស់អស់លោកអំពាវនាវឲ្យលោកប្រធានាធិបតី ត្រាំ ប្រើប្រាស់ច្បាប់ Global Magnitsky Act ហើយដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ«បុគ្គលដែលធ្វើសកម្មភាពប្រឆាំងនឹងជនជាតិអ៊ុយហ្គួរ។
«យើងមិនមែននិយាយអំពីសេចក្តីថ្លៃថ្នូររបស់អាមេរិកទេ យើងនិយាយអំពីសិទ្ធិមនុស្សដែលមានការទទួលស្គាល់ទូទាំងពិភពលោក ដែលរដ្ឋាភិបាលចិនបានទទួលស្គាល់ដែរនោះ»។
លោក Smith បានចោទប្រទេសចិនថាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិអ៊ុយហ្គួរ ដោយហៅសកម្មភាពរបស់ចិនថា «មិនធ្លាប់ដែលមានពីមុនមក ក្នុងប្រវត្តិសាស្ត្រសម័យទំនើប»។ លោកថែមទាំងបានរិះគន់ចំពោះការគំរាមកំហែងមួយ ដែលថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងសងសឹក បើសិនស.រ.អា.ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដូចដែលបានលើកឡើងនៅសប្តាហ៍នេះដោយ លោក ឈួយ ធានខាយ ឯកអគ្គរដ្ឋទូតចិនប្រចាំស.រ.អា.។
លោក Smith ថ្លែងថា៖ «យើងល្មមក្រោកឈរឡើងដើម្បីពលរដ្ឋចិនហើយ ពីព្រោះបេះដូងរបស់យើង និងសាមគ្គីភាពរបស់យើងត្រូវតែស្ថិតនៅជាមួយពលរដ្ឋចិន មិនមែនជាមួយមេដឹកនាំផ្តាច់ការម្នាក់ដែលបំផ្លាញជីវិតមនុស្សនោះទេ»។
លោកប្រធានាធិបតី ត្រាំ និងលោកប្រធានាធិបតី ស៊ី នឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G-20 ដែលបានចាប់ផ្តើមកាលពីថ្ងៃសុក្រ នៅក្នុងទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន៕