ការវិវត្តប្រសើរឡើងនៃការឈ្លបយកការណ៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន គឺកាន់តែបង្កការគំរាមកំហែងដ៏គ្រោះថ្នាក់ដល់សហរដ្ឋអាមេរិក និងកាន់តែគ្រោះថ្នាក់ជាងការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការជ្រៀតជ្រែកចូលក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទៅទៀត។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីស៊ើបការណ៍សម្ងាត់កំពូលបំផុតរបស់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន។ មន្ត្រីរូបនេះបានព្រមានថា រដ្ឋាភិបាលក្រុង ប៉េកាំង កំពុងតែដើរលើមាគ៌ាមួយដែលអាចឈានដល់ការនាំមុខគេនៅក្នុងសកលលោក។
លោក Dan Coats នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិរបស់អាមេរិក បានចាត់ទុកការគំរាមកំហែងរបស់ចិនថាជាចេតនា មានយុទ្ធសាស្ត្រ និងមានលក្ខណៈល្អិតល្អន់ ដែលអនុញ្ញាតឲ្យចិនអាចគេចផុតពីក្រសែភ្នែកមហាជន ដែលតាមដានការកេងប្រវ័ញ្ចរបស់រដ្ឋាភិបាលក្រុងមូស្គូ។
លោក Coats ថ្លែងថា ការព្រួយបារម្ភភាគច្រើនគឺកើតឡើងដោយសារការកើនឡើងភាពគឃ្លើនរបស់ចិន ដែលកេងចំណេញពីទំនាក់ទំនងដែលស្ថិតស្ថេរគួរសមជាមួយនឹងសហរដ្ឋអាមេរិកនិងពិភពលោកទាំងមូល ដើម្បីធ្វើឲ្យសមត្ថភាពប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួនកាន់តែប្រសើរឡើង។
លោកបានយោងទៅលើការបង្ក្រាបដែលកំពុងតែបន្តកើតឡើងរបស់ចិន ទៅលើអ្នកកាន់សាសនាឥស្លាមនៅក្នុងតំបន់ Xinjiang ថាជាការធ្វើតេស្តមួយទៅលើសមត្ថភាពឈ្លបយកការណ៍លើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួន។
ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់និងអង្គការសិទ្ធិមនុស្សនានាប៉ាន់ស្មានថា ចិនបានចាប់ខ្លួនរាប់លាននាក់ដែលប្រហែលជាជនជាតិ Uighurs និងជនជាតិភាគតិចកាន់សាសនាឥស្លាមដទៃទៀត ដោយរួមទាំងក្រុមគ្រួសារនិងកុមារៗ ហើយបញ្ជូនពួកគេទៅកាន់មជ្ឈមណ្ឌលអប់រំកែប្រែឡើងវិញ ដើម្បីបង្ខំឲ្យពួកគេលះបង់សាសនានិងវប្បធម៌របស់ខ្លួន។
វិធានការឈ្លបយកការណ៍
ប៉ុន្តែលោក Coats និយាយថា មជ្ឈមណ្ឌលអប់រំកែប្រែឡើងវិញនោះគឺគ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។
លោកបានថ្លែងទៅកាន់សន្និសីទស្តីពីសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិតមួយនៅឯសាកលវិទ្យាល័យ The Citadel military ក្នុងទីក្រុង Charleston រដ្ឋ South Carolina កាលពីចុងខែ កញ្ញា ថា «ក្រុមមន្ត្រីចិននៅប៉ែកពាយព្យប្រទេស ដែលសំបូរទៅដោយអ្នកកាន់សាសនាឥស្លាមបានប្រើមធ្យោបាយឈ្លបយកការណ៍ដែលមានបច្ចេកវិទ្យាខ្ពស់ ដែលអាចប្រមូលទិន្នន័យ DNA និងទិន្នន័យជីវសាស្ត្រដទៃទៀតនៅទូទាំងតំបន់នេះបាន ដោយមានជំនួយពីក្រុមហ៊ុនបច្ចេកវិទ្យាចិននានាដែលនាំមុខគេខាងប្រមូលទិន្នន័យទាំងនេះ»។
លោកមានប្រសាសន៍ថា ចិនក៏កំពុងតែសាកល្បងនូវ«កម្មវិធីវាយតម្លៃឥណទានសង្គមមួយ» ដោយប្រើប្រាស់ប្រព័ន្ធឈ្លបយកការណ៍ ដើម្បីកំណត់អំពីលទ្ធភាពទទួលបានប្រាក់កម្ចីពីធនាគារ ឱកាសទទួលបានការអប់រំ និងសេវាថែទាំសុខភាព។
លោក Coats បានព្រមានថា «លទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះគឺគ្មានអ្វីទេ ក្រៅពីធ្វើឲ្យប្រព័ន្ធឈ្លបយកការណ៍របស់ចិនក្លាយជាល្អឥតខ្ចោះនៅពេលអនាគត»។ លោកបានបន្ថែមទៀតថា កិច្ចខិតខំប្រឹងប្រែងនេះក៏ជាការ«គំរាមមួយបង្ហាញឲ្យឃើញថារបបផ្តាច់ការដទៃទៀតអាចប្រើវិធីនេះដែរ»។
ការព្យាយាមទាក់ទងមន្ត្រីនៅស្ថានទូតចិនក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីសុំប្រតិកម្មឆ្លើយតបចំពោះអត្ថាធិប្បាយរបស់លោក Coats មិនទទួលបានការឆ្លើយតបនោះទេ ប៉ុន្តែមន្ត្រីចិនកាលពីមុនបានព្យាយាមនិយាយបន្ធូរបន្ថយការព្រួយបារម្ភនានាអំពីការប្រើប្រាស់បច្ចេកវិទ្យាអ៊ីនធឺណិតរបស់ខ្លួននៅក្នុងតំបន់ Xinjiang។
មន្ត្រីចិនម្នាក់បានអះអាងកាលពីពេលថ្មីៗនេះនៅក្នុងទីក្រុង ហ្សឺណែវ ប្រទេស ស្វីស ថា ការប្រើប្រាស់ប្រព័ន្ធឈ្លបយកការណ៍របស់ចិនមិនផ្តល់ផលប៉ះពាល់ខ្លាំងដូចប្រព័ន្ធឈ្លបយកការណ៍ដែលបស្ចិមប្រទេស ដូចជាប្រទេសអង់គ្លេស ធ្លាប់បានប្រើប្រាស់នោះទេ។
លោក Coats មិនមែនជាមន្ត្រីអាមេរិកដំបូងដែលព្រមានអំពីការគំរាមកំហែងពីចិននោះទេ ប៉ុន្តែការព្រមានរបស់លោកគឺស្ថិតក្នុងចំណោមការព្រមានឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត និងឆ្លុះបញ្ចាំងពីការកើនឡើងការព្រួយបារម្ភថា រដ្ឋាភិបាលក្រុង ប៉េកាំង គ្រោងយកឈ្នះលើសហរដ្ឋអាមេរិកលើផ្នែកឈ្លបយកព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតនេះ។
«ការព្រួយបារម្ភដ៏ធំ»
លោកឧត្តមសេនីយ៍ឯក Robert Ashley នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធាអាមេរិកថ្លែងក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៅពេលថ្មីៗនេះ ថា «តើខ្ញុំមានការព្រួយបារម្ភចំពោះចិនដែរឬទេ? ពិតណាស់ ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ចំពោះសមត្ថភាពរបស់ចិនក្នុងវិស័យអ៊ីនធឺណិតនេះ»។ លោកថ្លែងសំដៅដល់ការព្រួយបារម្ភថា រដ្ឋាភិបាលក្រុង ប៉េកាំង អាចប្រើប្រាស់ផលិតផលចិនដើម្បីឈ្លបយកការណ៍លើពលរដ្ឋអាមេរិកាំងបាន។
ក្រសួងការពារប្រទេសអាមេរិកបានហាមឃាត់មិនឲ្យលក់ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនHuawei Technologies និងក្រុមហ៊ុន ZTE របស់ចិន សម្រាប់ប្រើប្រាស់នៅមូលដ្ឋានយោធារបស់ខ្លួនទេ ដោយសារតែខ្លាចមានហានិភ័យនានាចំពោះសន្តិសុខ។ ប្រទេស អូស្ត្រាលី ដែលជាដៃគូស៊ើបការណ៍សម្ងាត់និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិក ក៏បានហាមឃាត់មិនឲ្យក្រុមហ៊ុនទាំងពីរនេះផ្គត់ផ្គង់សម្ភារៈទូរគមនាគមន៍ផងដែរ។
មន្ត្រីយោធានានាដូចជាលោក Ashley កាន់តែព្រួយបារម្ភអំពីការកើនឡើងនៃផលិតផលចិននៅក្នុងសង្វាក់ផ្គត់ផ្គង់ និងផលប៉ះពាល់ដែលអាចកើតមានទាំងនៅក្នុងផ្នែកយោធានិងមិនមែនយោធា។
លោក Ashley មានប្រសាសន៍ថា «ការព្រួយបារម្ភធំជាងនេះរបស់ខ្ញុំប្រហែលមិនមែនជាសមរភូមិនៅអវកាសទេ»។
សមាជិកសភាអាមេរិកក៏សម្តែងការព្រួយបារម្ភស្រដៀងគ្នានេះដែរ។
លោក Marco Rubio សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សសាធារណរដ្ឋថ្លែងថ្លែងអំពីប្រទេសចិននៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីខែ មិថុនា ថា៖ «សាកស្រមៃមើលពិភពលោកនេះក្នុងរយៈពេល១៥ឬ២០ឆ្នាំទៅមុខទៀត ដែលបណ្តាញទំនាក់ទំនងរបស់សហរដ្ឋអាមេរិកទាំងមូលត្រូវភ្ជាប់ជាមួយនឹងឧបករណ៍ដែលផលិតដោយក្រុមហ៊ុនមួយ ដែលអាចបញ្ជាពីចម្ងាយបាន។ នោះវានឹងក្លាយជាការគំរាមកំហែងមួយដែលសហរដ្ឋអាមេរិកមិនធ្លាប់ជួបប្រទះពីមុនមក»។
គោលដៅវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
របាយការណ៍មួយរបស់មជ្ឈមណ្ឌលជាតិអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់និងសន្តិសុខ ដែលត្រូវបានបោះពុម្ពផ្សាយកាលពីខែ កក្កដា ឆ្នាំ ២០១៨ បានរកឃើញថា ខណៈដែលប្រតិបត្តិការអ៊ីនធឺណិតរបស់ចិនមានភាពយឺតយ៉ាវ ចាប់តាំងពីមានកិច្ចព្រមព្រៀងមួយជាមួយនឹងសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៥មក រដ្ឋាភិបាលក្រុង ប៉េកាំង «នៅតែបន្តប្រើប្រាស់ប្រព័ន្ធឈ្លបយកការណ៍តាមអ៊ីនធឺណិត ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ខ្លួន»។
ប្រតិបត្តិការរបស់ចិនភាគច្រើនយកក្រុមហ៊ុនចុះកុងត្រាជាមួយនឹងក្រសួងការពារប្រទេសរបស់អាមេរិក ក្រុមហ៊ុនព័ត៌មានវិទ្យា និងទំនាក់ទំនង ជាគោលដៅ ដែល«ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនទាំងនោះគាំទ្រដល់បណ្តាញរដ្ឋាភិបាលនិងវិស័យឯកជននៅទូទាំងពិភពលោក»។
ក្រុមមន្ត្រីអាមេរិកជឿថា សកម្មភាពព្យាបាទខាងអ៊ីនធឺណិតរបស់ចិនកំពុងតែកើនឡើង។
លោក David Bowdich នាយករងនៃទីភ្នាក់ងារប៉ូលិស FBI និយាយកាលពីចុងខែ កញ្ញា ថា «ចិនកំពុងតែពង្រីកការឈ្លបយកការណ៍របស់ខ្លួន»។ លោកបានហៅចិនថាជាការគំរាមកំហែងកំពូលចំពោះការប្រយុទ្ធប្រឆាំងនឹងការស៊ើបការណ៍សម្ងាត់។
លោក Bowdich ថ្លែងថា «យើងរយល់ឃើញថា ចិនកំពុងលួចយកគំនិតនិងកម្មសិទ្ធិបញ្ញារបស់យើង និងព្យាយាមលួចយកគំនិតច្នៃប្រឌិតថ្មីរបស់យើង»។ លោកបានហៅកិច្ចខិតខំប្រឹងប្រែងរបស់ចិនថា «មានប្រសិទ្ធភាពខ្ពស់ខ្លាំងណាស់»។
ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកក៏កំពុងតែព្រួយបារម្ភកាន់តែខ្លាំងថា កិច្ចខិតខំប្រឹងប្រែងរបស់ចិនកាន់តែគឃ្លើននិងធ្វើតាមយុទ្ធសាស្ត្រច្បាស់លាស់។
ប្រទេសចិន«ឈប់លាក់បាំងសក្តានុពលរបស់ខ្លួនទៀតហើយ ហើយខំប្រឹងប្រែងបង្កើនល្បឿន»។ នេះបើយោងតាមការព្រមានរបស់លោក Coats ដែលជានាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក កាលពីចុងខែ កញ្ញា។
លោកថ្លែងថា «រដ្ឋាភិបាលក្រុង ប៉េកាំង កំពុងតែធ្វើសកម្មភាពផ្ទុយពីសេចក្តីថ្លៃថ្នូរដែលថាដែលសហគមន៍អន្តរជាតិប្រឹងប្រែងសម្រេចបាន ដែលក្នុងនោះមានដូចជាការការពារព័ត៌មានឯកជន លំហូរព័ត៌មានដោយសេរី និងការការពារការសម្ងាត់ផ្នែកពាណិជ្ជកម្មជាដើម»៕
ប្រែសម្រួលដោយ ហុង ចិន្តា