ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ទាហាន​មីយ៉ាន់ម៉ា​ដែល​ការពារ​អណ្ដូង​រ៉ែ​របស់​ចិន


រូបឯកសារ៖ សកម្មជនមីយ៉ាន់ម៉ាតវ៉ាប្រឆាំងក្រុមហ៊ុន Wanbao Mining នៅស្ថានទូតចិនក្នុងទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២៩១៣។ ភាពតានតឹងទាក់ទងនឹងក្រុមហ៊ុនផ្ទុះឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ពេលទាហានភូមាការពារអណ្តូងរ៉ែ Wanbao នៅទីក្រុង Sarlingyi Township បានបាញ់ទៅលើជនស៊ីវិល។
រូបឯកសារ៖ សកម្មជនមីយ៉ាន់ម៉ាតវ៉ាប្រឆាំងក្រុមហ៊ុន Wanbao Mining នៅស្ថានទូតចិនក្នុងទីក្រុង​រ៉ង់ហ្គូន ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២៩១៣។ ភាពតានតឹងទាក់ទងនឹងក្រុមហ៊ុនផ្ទុះឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ពេលទាហានភូមាការពារអណ្តូងរ៉ែ Wanbao នៅទីក្រុង Sarlingyi Township បានបាញ់ទៅលើជនស៊ីវិល។

ក្មេង​ប្រុស​អាយុ ៩ ឆ្នាំ​ម្នាក់​បាន​ស្លាប់​ហើយ​អ្នក​ភូមិ ៥ នាក់​បាន​រង​របួស​នៅ​ពេល​ដែល​ទាហាន​មីយ៉ាន់ម៉ា​ដែល​ការពារ​អណ្ដូង​រ៉ែ​របស់​ចិន​បាន​បាញ់​លើ​ជន​ស៊ីវិល​នៅ​ក្នុង​ឃុំ Sarlingyi នៅ​ភាគ​ពាយ័ព្យ​ប្រទេស​មីយ៉ាន់ម៉ា។

លោក​អនុសេនីយ៍​ទោ Sit Naing នៃ​កង​កម្លាំង​ការពារ​សាធារណជន​ប្រចាំ​ឃុំ Sarlingyi បាន​ប្រាប់ VOA ផ្នែក​ភាសា​ភូមា​ថា កាលពី​ថ្ងៃ​ទី ១៤ ខែ​សីហា នៅ​ពេល​ដែល​រថយន្ត​កាម៉្ញុង​របស់​ក្រុមហ៊ុន Wanbao Mining Ltd. របស់​ចិន​កំពុង​ដឹក​ជញ្ជូន​រ៉ែ​ទង់ដែង ទាហាន​សន្តិសុខ​បាន​បើក​ការ​បាញ់​ប្រហារ​ដោយ​មិន​រើស​មុខ។

ការិយាល័យ​សារព័ត៌មាន​ផ្លូវការ​របស់​របប​យោធា​មីយ៉ាន់ម៉ា​មិន​ទាន់​បាន​បញ្ចេញ​ព័ត៌មាន​អំពី​ការ​វាយ​ប្រហារ​នេះ​នៅ​ឡើយ​ទេ។ VOA ផ្នែក​ភាសា​ភូមា​បាន​ទាក់ទង​ក្រុមហ៊ុន Wanbao Mining ជា​ច្រើន​ដង​ដើម្បី​សុំ​អត្ថាធិប្បាយ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណា​មួយ​ទេ។ ស្ថានទូត​ចិន​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ក៏​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​អត្ថាធិប្បាយ​ផង​ដែរ​ពី VOA ផ្នែក​ភាសា​ភូមា។

ក្មេង​ប្រុស​ឈ្មោះ Kyaw Thiha អាយុ ៩ ឆ្នាំ​នេះ​គឺ​ជា​អ្នក​ដែល​រស់នៅ​ក្នុង​ភូមិ Pay Kone។ ក្មេង​ប្រុស​នេះ​ត្រូវ​បាន​សម្លាប់​នៅ​នឹង​កន្លែង ហើយ​ស្ត្រី ៣ នាក់​និង​បុរស ២ នាក់​ទៀត​បាន​រង​របួស។ នេះ​បើ​យោង​តាម​វេបសាយ​ព័ត៌មាន The Irrawaddy ដែល​គ្រប់គ្រង​ដោយ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​រស់នៅ​ក្នុង​ប្រទេស​ថៃ។

លោក Ko Lwan Thu ដែល​ជា​ប្រធាន​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​កូដកម្ម​ពហុ​ភូមិ Yinmabin-Sarlingyi បាន​ប្រាប់​វេបសាយ​ព័ត៌មាន The Irrawaddy ថា៖ «ឪពុក​របស់​ក្មេង​ប្រុស Kyaw Thiha ក៏​បាន​រង​របួស​ដែរ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ទេ។ សាច់ញាតិ​របស់​ខ្ញុំ​ពីរ​នាក់​ដែល​បាន​រត់​ទៅ​ជ្រក​ពួន​នៅ​ក្នុង​ផ្ទះ​ក៏​បាន​រង​របួស​ផង​ដែរ។ អ្នក​ដែល​រង​របួស​ទាំង​អស់​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ»។

សូម្បីតែ​មុន​ពេល​មាន​ការ​វាយ​ប្រហារ​នេះ គេ​ឃើញ​មាន​ភាព​តានតឹង​កើនឡើង​ខ្លាំង​រវាង​ក្រុម​ប្រដាប់​អាវុធ​មូលដ្ឋាន​និង​កង​កម្លាំង​សន្តិសុខ​អណ្ដូង​រ៉ែ Wanbao ក្នុង​ឃុំ Sarlingyi។ ក្រុមហ៊ុន Wanbao Mining គឺ​ជា​សាខា​របស់​ក្រុមហ៊ុន China North Industries Corp. ដែល​ជា​ក្រុមហ៊ុន​ផ្នែក​ការពារ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន។

កាលពី​ខែ​កក្កដា ឆ្នាំ ២០២១ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន Wanbao Mining និង​សាខា​ពីរ​របស់​ក្រុមហ៊ុន​នេះ​ថា​បាន​គាំទ្រ​របប​យោធា​មីយ៉ាន់ម៉ា​ដែល​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២១។

ក្រុមហ៊ុន Wanbao បាន​ពង្រីក​របង​ការពារ​នៅ​ជុំវិញ​បរិវេណ​របស់​ខ្លួន​និង​បាន​ដាក់​ពង្រាយ​បុគ្គលិក​សន្តិសុខ​ដែល​បំពាក់​អាវុធ​ពេញលេញ​ដើម្បី​ការពារ​ការ​ផ្ទេរ​រ៉ែ​ទង់ដែង​ទៅ​កាន់​ទីក្រុង Monywa នៅ​ក្នុង​តំបន់ Sagaing។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​នៅ​ជិត​អណ្ដូង​រ៉ែ​នោះ​បាន​ប្រាប់ VOA ផ្នែក​ភាសា​ភូមា​ថា ក្រុមហ៊ុន Wanbao បាន​រឹបអូស​យក​ដី​និង​ដាក់​របង​ជុំវិញ​ដី​នោះ។ ពលរដ្ឋ ៣០ គ្រួសារ​បាន​បដិសេធ​មិន​ទទួល​យក​សំណង​និង​នៅ​បន្ត​រស់នៅ​លើ​ដី​ដែល​មាន​របង​ជុំវិញ​នេះ។ អ្នក​ភូមិ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ទាហាន​ប្រហែល ១.០០០ នាក់​ដែល​មាន​កាំភ្លើង​ធំ​ធុន​ធ្ងន់​របស់​របប​យោធា​មីយ៉ាន់ម៉ា​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​អណ្ដូង​រ៉ែ​ទង់ដែង​របស់​ក្រុមហ៊ុន Wanbao នេះ។

លោក Tin Than Win អ្នក​នាំពាក្យ​ឱ្យ​ក្រុមប្រឹក្សា​យោធា​តំបន់ Sagaing ដែល​ជា​ប្រធាន​មន្ទីរ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ បាន​ប្រាប់ VOA ផ្នែក​ភាសា​ភូមា​កាលពី​ថ្ងៃ​ទី ១៤ ខែ​សីហា​ថា ក្រុមហ៊ុន Wanbao មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពង្រីក​ដែនដី​របស់​ខ្លួន​នោះ​ទេ។

ចាប់តាំង​ពី​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ១៤ ខែ​សីហា​នោះ​មក ក្រុម​ប្រឆាំង​មូលដ្ឋាន​ដែល​ប្រដាប់​ដោយ​អាវុធ​នៅ​ជិត​ឃុំ Sarlingyi បាន​ប្រាប់ VOA ផ្នែក​ភាសា​ភូមា​ថា ពួកគេ​នឹង​សងសឹក​ប្រឆាំង​នឹង​ក្រុមហ៊ុន Wanbao ដែល​ធ្វើ​ប្រតិបត្តិការ​រួម​ជាមួយ​នឹង​ក្រុមហ៊ុន Myanmar Economic Holding Limited របស់​មីយ៉ាន់ម៉ា។

ពលរដ្ឋ​មូលដ្ឋាន​ម្នាក់​នៃ​ឃុំ Sarlingyi បាន​និយាយ​ថា ក្រុមហ៊ុន Wanbao ដឹក​ជញ្ជូន​រ៉ែ​ប្រហែល ២០ រថយន្ត​កាម៉្ញុង​ក្នុង​មួយ​ថ្ងៃៗ ហើយ​កង​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​នេះ​បាន​បាញ់​កាំភ្លើង​សំដៅ​លើ​ភូមិ​នៅ​តាម​ផ្លូវ​នោះ។

ការ​លក់​រ៉ែ​ទង់ដែង​របស់​ក្រុមហ៊ុន Wanbao «កំពុង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​យុទ្ធនាការ​ភេរវកម្ម​របស់​យោធា [មីយ៉ាន់ម៉ា]»។ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស Publish What You Pay របស់​ប្រទេស​អូស្ត្រាលី។ អង្គការ​នេះ​បាន​ហៅ​អណ្ដូង​រ៉ែ​ទង់ដែង Wanbao នេះ​ថា​ជា «រង្វាន់​ហិរញ្ញវត្ថុ​ដ៏​ធំ​បំផុត​មួយ» សម្រាប់​របប​យោធា​មីយ៉ាន់ម៉ា។

កាលពី​ខែ​ឧសភា ឆ្នាំ ២០២២ ក្រុម​ចំនួន​ជាង ៥០០ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅកាន់​ប្រធានាធិបតី​ចិន​លោក Xi Jinping ដោយ​ព្រមាន​ថា ការ​គាំទ្រ​របស់​ចិន​លើ​របប​យោធា​មីយ៉ាន់ម៉ា​តាម​រយៈ​អណ្ដូង​រ៉ែ​ទង់ដែង​នេះ​នឹង​រឹតតែ​ធ្វើ​ឱ្យ​អារម្មណ៍​ប្រឆាំង​នឹង​ចិន​កាន់តែ​ពុះ​កញ្ជ្រោល​បន្ថែម​ទៀត។ នៅ​ពេល​នោះ ក្រុមហ៊ុន Wanbao បាន​បញ្ជាក់​ថា ខ្លួន​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​គម្រោង​សុខភាព អប់រំ និង​ការ​អភិរក្ស​បរិស្ថាន​នៅ​ក្នុង​តំបន់៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG