ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកចាត់ទុកប្រទេសស្វីសនិងវៀតណាមជាប្រទេសក្រឡុករូបិយវត្ថុ


រូបឯកសារ៖ ធនាគារជាតិស្វីសនៅក្នុងទីក្រុង Berne ប្រទេស Switzerland។
រូបឯកសារ៖ ធនាគារជាតិស្វីសនៅក្នុងទីក្រុង Berne ប្រទេស Switzerland។

សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ប្រទេស​ស្វីស​និង​វៀតណាម​ជា​ប្រទេស​ក្រឡុក​រូបិយវត្ថុ ដោយ​បាន​ចោទ​ប្រកាន់​ប្រទេស​ទាំង​ពីរ​ថា​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស។

ប្រទេស​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចាត់ទុក​ជា​ប្រទេស​ក្រឡុក​រូបិយ​វត្ថុ​ដូច​នេះ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក។ របាយការណ៍​នេះ​មាន​គោល​បំណង​បញ្ឈប់​ប្រទេស​នានា​មិន​ឲ្យ​ក្រឡុក​រូបិយវត្ថុ​របស់​ខ្លួន​ដើម្បី​កេង​ផល​ចំណេញ​មិន​ត្រឹមត្រូវ​ខាង​ពាណិជ្ជកម្ម។

នេះ​គឺជា​លើក​ទី​មួយ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​បាន​ចាត់ទុក​ប្រទេស​ផ្សេង​ទៀត​ជា​ប្រទេស​ក្រឡុក​រូបិយវត្ថុ ចាប់តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៩ មក ដែល​នៅ​ពេល​នោះ ប្រទេស​ចិន​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ប្រទេស​ក្រឡុក​រូបិយវត្ថុ​នៅ​ពេល​ដែល​ប្រទេស​នេះ​ពាក់ព័ន្ធ​នឹង​ការ​ចរចា​ពាណិជ្ជកម្ម​ដ៏​តឹងតែង​ជាមួយ​សហរដ្ឋ​អាមេរិក។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ទម្លាក់​ចោល​ការ​ចាត់ទុក​បែប​នេះ​ចំពោះ​ប្រទេស​ចិន​នៅ​ខែ​មករា បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​ឈាន​ដល់​ការ​សម្រេច​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម ក៏ប៉ុន្តែ​ប្រាក់​យ័ន​របស់​ចិន​នៅតែ​ស្ថិត​ក្នុង​បញ្ជី​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​អំពី​រូបិយវត្ថុ​ដែល​ត្រូវ​ឃ្លាំមើល​ដដែល។

របាយការណ៍​នេះ​បាន​បញ្ជាក់​បន្ថែម​ថា ប្រទេស​ស្វីស​និង​វៀតណាម​ជា​ប្រទេស​ដែល​ត្រូវ​នឹង​លក្ខខណ្ឌ​ចំនួន ៣ សម្រាប់​ចាត់ទុក​ថា​ជា​ប្រទេស​ក្រឡុក​រូបិយវត្ថុ ដែល​នេះ​ជា​វិធានការ​មួយ​ដែល​នឹង​ឈាន​ដល់​ការ​ចរចា​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ក្រោយ។ ប្រសិនបើ​មិន​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ទេ សហរដ្ឋ​អាមេរិក​អាច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​ទាំង​ពីរ​នេះ។

ប្រទេស​ផ្សេងទៀត​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ឃ្លាំមើល​របស់​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​មាន​ដូចជា​ប្រទេស​ឥណ្ឌា អ៊ីតាលី ជប៉ុន កូរ៉េ​ខាងត្បូង អាល្លឺម៉ង់ សិង្ហបុរី ម៉ាឡេស៊ី ថៃ និង​កោះ​តៃវ៉ាន់​ជាដើម៕

XS
SM
MD
LG