ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋវិទូ​ថា សហរដ្ឋ​អាមេរិក​គួរ​ផ្ដល់​ជម្រើស​ផ្សេង​ពី​កម្ចី​ចិន​ដល់​អាស៊ាន


រូបឯកសារ៖ លោក Wang Yi (កណ្តាល) រដ្ឋមន្ត្រីការបរទេសចិន និយាយជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងឡាវ នៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិន ស្តីពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ លោក Wang Yi (កណ្តាល) រដ្ឋមន្ត្រីការបរទេសចិន និយាយជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន និងឡាវ នៅក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិន ស្តីពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយសារតែ​ប្រទេស​ចិន​ងើប​ឡើង​ពី​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​មុន​ប្រទេស​ភាគ​ច្រើន ចិន​មាន​ពេល​វេលា និង​ធនធានក្នុង​ការ​បង្វែរ​ការ​ផ្ដោត​របស់​ខ្លួន​លើ​អាទិភាព​ផ្សេងៗ​ទៀត ​ដូចជា​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ដើម។

ប៉ុន្តែ​សម្រាប់​អ្នក​ដែល​បារម្ភ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ចំណាយ​ថវិកា​ច្រើន​ជាង​មហា​អំណាច​ពិភពលោក​ផ្សេង​ទៀត ដើម្បី​ទិញ​ឥទ្ធិពល​នោះ គេ​ឃើញ​ថា សម្រាប់​សហរដ្ឋ​អាមេរិក គឺ​នៅ​មាន​ពេល​ដើម្បីតតាំង​នឹង​ឥទ្ធិពល​នោះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អតីត​បេសកជន​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ចិន។ ហើយ​ការ​ធ្វើ​ដូច្នេះ​ប្រហែលជា​មិន​ពិបាក ឬ​ក៏​ត្រូវ​ចំណាយ​ច្រើន​ ដូច​អ្នក​ខ្លះ​គិត​នោះ​ទេ។

នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​វិទ្យាស្ថាន Brookings សេដ្ឋវិទូ David Dollar បាន​វិភាគ​លើ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន ដោយសារតែ​វា​ជា​គម្រោង​ផ្ដួចផ្ដើម​ចម្បង​ដែល​រដ្ឋាភិបាល​ចិន​ប្រើ​ដើម្បី​ជះ​ឥទ្ធិពល ដោយការ​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្រទេស​ជាង ១០០ នៅ​លើ​ពិភពលោក។

គម្រោង​នេះ​បាន​រីក​យ៉ាង​ធំ និង​កាន់តែ​មាន​ឥទ្ធិពល ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​តបត​ទៅ​វិញ​ដោយ​ប្រើ​កម្មវិធី​វិនិយោគ​របស់​ខ្លួន​លើ​តំបន់ «ឥណ្ឌូ​ប៉ាស៊ីហ្វិក» និង​រិះគន់​យ៉ាង​ខ្លាំង​ដល់កម្ចី​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​នោះ​ថា​ជា «ការទូត​បែប​អន្ទាក់​បំណុល»។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៩ ថា៖ «ប្រទេស​ចិន​បាន​ផ្សព្វផ្សាយ​អំពី​កិច្ច​ព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​ពុករលួយ​ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ឥទ្ធិពល​ផ្នែក​នយោបាយ។ សកម្មភាព​ការទូត​បែប​អន្ទាក់​បំណុល ​ដែល​ពោរពេញ​ដោយ​អំពើ​ពុករលួយ​របស់​ចិន​ បំផ្លាញ​ដល់​អភិបាលកិច្ច​ល្អ»។

មាន​វិធីមួយ​ចំនួន​ ដែល​សហរដ្ឋ​អាមេរិក​គួរតែ​ឆ្លើយតប​ទៅ​នឹង​ការ​សម្រេច​ចិត្ត​ទាំង​នេះ​របស់​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Dollar ដែល​ធ្លាប់​ធ្វើ​ជា​បេសកជន​សេដ្ឋកិច្ច​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣។ ​នៅ​ពេល​បច្ចុប្បន្ន​នេះ លោកគឺ​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​សិក្សា​កិច្ចការ​ប្រទេស​ចិន នៅ​វិទ្យាស្ថាន Brookings។

សេដ្ឋវិទូ David Dollar ប្រចាំវិទ្យស្ថាន Brookings ​ធ្លាប់​ធ្វើ​ជា​បេសកជន​សេដ្ឋកិច្ច​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣។
សេដ្ឋវិទូ David Dollar ប្រចាំវិទ្យស្ថាន Brookings ​ធ្លាប់​ធ្វើ​ជា​បេសកជន​សេដ្ឋកិច្ច​របស់​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក ​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ២០១៣។

លោក Dollar លើក​ឡើង​ថា ចំណុច​ដំបូង​គឺ​ថា​ មាន​ភាព​ខ្លាំង​ខាង​ផ្នែក​បរិមាណ។ សហរដ្ឋ​អាមេរិក​គួរតែ​សហការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ផ្សេង​ទៀត ដូចជា​ប្រទេស​ជប៉ុន និង​អូស្ត្រាលី​ជា​ដើម ដើម្បី​ផ្ដល់​ដល់​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​នានា​ នូវ​ជម្រើស​ជំនួយ​បរទេស​មួយ​ជំនួស​ឲ្យ​ជំនួយ​របស់​ចិន។

អនុសាសន៍​ទី ២ របស់​លោក​គឺ​ថា បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​គោល​គំនិត​ដូច​គ្នា​គួរតែ​ផ្ដល់​ទីប្រឹក្សា​ផ្នែក​បច្ចេកទេស​ដល់​បណ្ដា​ប្រទេស​ ដែល​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ដែល​ហៅ​កាត់​ថា ​អាស៊ាន។ ការ​ធ្វើ​ដូច្នេះ​ គឺ​អាច​ឲ្យ​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​បន្ត​ទទួល​ជំនួយ​ពី​ចិន ប៉ុន្តែ ទីប្រឹក្សា​ទាំង​នោះ​អាច​ផ្ដល់​ការ​ណែនាំ «ដើម្បី​បើក​វិស័យ​ផ្សេងៗ​ឲ្យ​បាន​ទូលំទូលាយ​ប្រកប​ដោយ​ភាព​វ័យឆ្លាត និង​ដើម្បី​គ្រប់គ្រង​កុងត្រា​ស្មុគស្មាញ​នានា​ ទាក់ទិន​នឹង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ»។ នេះ​បើ​យោង​តាម​អ្វី​ដែល​លោក Dollar បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នោះ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា៖ «ចិន និង​បស្ចិម​ប្រទេស​ប្រជែង​គ្នា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​អាស៊ី​អាគ្នេយ៍ (China and the West Competing over Infrastructure in Southeast Asia)» និង​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ បាន​សរសេរ​ថា៖

«ទោះបីជា​គម្រោង​ផ្ដួចផ្ដើម​របស់​សហរដ្ឋ​អាមេរិក​រិះគន់​ដល​ការ​ផ្ដល់​កម្ចី​របស់​ចិន​ក៏​ដោយ ក៏​វា​មិន​បាន​ផ្ដល់​អ្វី​ច្រើន​ដល់​បណ្ដា​ប្រទេស​អាស៊ាន ទាក់ទិន​នឹង​ជម្រើស​ផ្សេង​ក្នុង​ការ​ផ្ដល់​កម្ចី​នោះ​ទេ ដោយសារតែ​ជំនួយ​របស់​បស្ចិម​ប្រទេស​បាន​ធ្លាក់​ចុះ និង​បាន​បង្វែរ​ចេញ​ផុត​ពី​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ»។

ចំណុច​ទី ៣ គឺ​ថា សហរដ្ឋ​អាមេរិក​មិន​ត្រឹមតែ​ត្រូវ​សហការ​ជាមួយ​នឹង​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ត្រូវ​ពង្រឹង​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF និង​ធនាគារ​ពិភពលោក​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Dollar។

លោក​ហៅ​អង្គការ​អន្តរជាតិ​ទាំង​នេះ​ថា ​មាន «គោល​ជំហរ​ល្អ​បំផុត» នៅ​ក្នុង​ការ​ជួយ​បណ្ដា​ប្រទេស​អាស៊ាន​កំពុង​អភិវឌ្ឍ​នានា ​ឲ្យ​ចាត់ចែង​គម្រោង​របស់​ចិន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​មាន​តាំង​ពី​គម្រោង​ផ្លូវ​ដែក​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី រហូត​ដល់​យុទ្ធសាស្ត្រ​សម្រាប់​ការ​គ្រប់គ្រង​គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ជា​ដើម។

ប៉ុន្តែ លោក​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ថា អង្គការ​ទាំង​នេះ​ចាំបាច់​ត្រូវ «ហ៊ាន​ប្រឈម​នឹង​ហានិភ័យ​បន្ថែម​ទៀត» នៅ​ក្នុង​ការ​ផ្ដល់​កម្ចី​ដែល​មាន​ការ​ប្រថុនប្រថាន​ច្រើន​ដល់​បណ្ដា​ប្រទេស​អាស៊ី​អាគ្នេយ៍​ណា ដែល​អាច​ធ្លាក់​កាន់តែ​ជ្រៅ​ថែម​ទៀត​ទៅ​ក្នុង​បំណុល​របស់​ចិន។

ប្រទេស​ដែល​លោក Dollar យល់​ឃើញ​ថា​ មាន​ហានិភ័យ​ខ្ពស់​បំផុត​ចំពោះ​បំណុល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​គឺ​ប្រទេស​ឡាវ ដែល​ជា​ប្រទេស​មិន​ជាប់​សមុទ្រ និង​មាន​ព្រំដែន​ជាប់​ប្រទេស​ចិន។

ការ​ផ្ដោត​លើ​ផល​ប៉ះពាល់​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​លើ​តំបន់​អាស៊ី​អាគ្នេយ៍ ​គឺ​សំខាន់​មិន​ត្រឹមតែ​ដោយសារតែ​តំបន់​នេះ​មាន​ទីតាំង​ភូមិសាស្ត្រ​ជិត​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ដោយសារតែ​ប្រទេស​កម្ចី ៣ ក្នុង​ចំណោម​ប្រទេស​កម្ចី​ធំៗ​ទាំង ២០ នៅ​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​នោះ​គឺ​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី និង​ឡាវ។

អនុសាសន៍​ទី ៤ របស់​លោក Dollar ប្រហែល​ជា​ពិបាក​នៅ​ក្នុង​ការ​ទាក់ទាញ​ចំណាប់​អារម្មណ៍។ អនុសាសន៍​នោះ​គឺ​ថា សហរដ្ឋ​អាមេរិក​អាច​ធ្វើ​ការ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​នឹង​ចិន និង​ចូលរួម​នៅ​ក្នុង​គម្រោង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន។

កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ប្រឆាំង​ទៅ​នឹង​គម្រោង​ធនាគារ​នេះ នៅ​ពេល​ដែល​វា​បាន​បង្កើត​ដំបូង​នៅ​ក្នុង​ឆ្នាំ ២០១៥ ដោយ​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​សម្ព័ន្ធមិត្ត​នានា​ដូចជា​ប្រទេស​កូរ៉េ​ខាង​ត្បូង​ជា​ដើម​កុំ​ឲ្យ​ចូលរួម​នៅ​ក្នុង​គម្រោង​នេះ ដោយ​លើក​ឡើង​ពី​បញ្ហា​ព្រួយ​បារម្ភ​មួយ​ចំនួន​អំពី​តម្លាភាព ច្បាប់​បរិស្ថាន និង​បទដ្ឋាន​ផ្សេង​ទៀត។

លោក Antony Blinken អនុ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក បាន​បញ្ជាក់​នៅ​ពេល​នោះ​ថា៖ «អ្វី​ដែល​យើង​មិន​ចង់​ឃើញ​ឲ្យ​កើត​ឡើង​នោះ គឺ​ការ​ប្រជែង​គ្នា​ដោយ​មិន​គិត​អំពី​ស្ដង់ដារ»។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​បន្ធូរបន្ថយ​គោល​ជំហរ​របស់​ខ្លួន​តាំង​ពី​ពេល​នោះ​មក ប៉ុន្តែ​នៅ​មិន​ទាន់​ចូលរួម​នៅ​ក្នុង​គម្រោង​ធនាគារ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ចិន​នេះ​ទេ។

កិច្ច​សហប្រតិបត្តិការ​ដូច​នេះ​គឺ​ត្រូវការ​ជា​ចាំបាច់ ជា​ពិសេស​ស្រប​ពេល​ដែល​ជំងឺ​កូវីដ១៩ បាន​រាតត្បាត​សេដ្ឋកិច្ច​អាស៊ាន និង​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​មាន​តម្រូវការ​កម្ចី​បន្ថែម​ទៀត។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Dollar។

លោក Dollar បាន​លើក​ឡើង​ដូច្នេះ​ថា៖ «ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​អំពី «ការទូត​បែប​អន្ទាក់​បំណុល» របស់​ប្រទេស​ចិន មិន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​ចាប់​អារម្មណ៍​ច្រើន​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ហាក់ដូចជា​គ្មាន​ភាព​កក់ក្ដៅ​ទៅ​វិញ​ទេ»។

លោក​បាន​បន្ថែម​អនុសាសន៍​ចុងក្រោយ​ថា៖ «[សហរដ្ឋ​អាមេរិក]គួរ​បន្ធូរបន្ថយ​ហោវាសាស្ត្រ​ប្រឆាំង​នឹង​ចិន​ទៅ»៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG