ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កំណើន​បន្ទុក​បំណុល​អាច​ធ្វើ​ឲ្យ​ឡាវ​ពឹង​ផ្អែក​កាន់​តែ​ខ្លាំង​លើ​ចិន


រូបឯកសារ៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង (ខាងឆ្វេង) ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith អំឡុងពេលកិច្ចប្រជុំមួយនៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីចិនលោកស៊ី ជីនពីង (ខាងឆ្វេង) ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith អំឡុងពេលកិច្ចប្រជុំមួយនៅក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។

ប្រទេស​ឡាវ​ទំនង​នឹង​មិន​អាច​សង​បំណុល​ទាំងអស់​របស់​ខ្លួន ដែល​ភាគច្រើន​ជា​បំណុល​ជំពាក់​ប្រទេស​ចិន​នោះ​ទេ។ ចិនបាន​ក្លាយ​ជា​អ្នក​ផ្តល់​កម្ចី​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ដោយ​បាន​ផ្តល់​កម្ចី​ច្រើន​ជាង​ធនាគារ​ពិភពលោក ឬ​ស្ថាប័ន​អន្តរជាតិ​ដទៃ​ទៀត។ នេះ​បើ​យោង​ទៅ​តាម​ក្រុម​អ្នក​វិភាគ។

នៅពេល​រដ្ឋាភិបាល​ឡាវ​ដល់​ថ្ងៃ​ត្រូវ​បង់​បំណុល​របស់​ខ្លួន តើ​កិច្ចចរចា​ឡើងវិញ​រវាង​ចិន និង​ឡាវនឹង​មាន​ឥទ្ធិពល​យ៉ាងណា​ទៅ​លើ​អំណាចកាន់តែ​រីក​ធំ​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងទៅ​លើប្រទេស​ឡាវ? ​សំណួរ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃបញ្ហា​ដ៏​ធំ​ទូលាយ​ជាង​នេះ​ក្នុង​បរិបទ​ឥទ្ធិពល​របស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ផង​ដែរ។

ប្រទេសឡាវ​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់រួច​ទៅ​ហើយ​ចំពោះ​អ្វី​ដែល​ក្រុម​អ្នកវិភាគ​ហៅ​ថា «បន្ទុក​បំណុល» មុន​ពេល​មាន​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុសកូរ៉ូណា ហើយបញ្ហា​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ នឹង​បង្កើន​ហានិភ័យ​ក្នុងការ​ស្នើ​សុំ​កម្ចី​បរទេស​បន្ថែម​ទៀត។​

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ទីភ្នាក់ងារ​ Fitch Ratings បាន​ទម្លាក់​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​ឡាវ​ពី​កម្រិត «ស្ថិរភាព»​ ទៅ «អវិជ្ជមាន» ដោយ​ផ្អែក​មួយ​ភាគធំ​ទៅ​លើ​លទ្ធភាព​ថាតើឡាវ​អាច​សងកម្ចី​បរទេស​របស់​ខ្លួន​បាន​ឬ​ទេ​ បន្ទាប់​ពី​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។

គេ​អាច​មើល​ឃើញ​ពីហានិភ័យនៃ​លទ្ធភាព​មិន​អាច​បង់​ថ្លៃ​បំណុល​បាន​របស់​ឡាវ​តាមរយៈ​ទិន្នន័យ។ បំណុល​ដែល​ឡាវ​ជំពាក់​ចិន​មាន​ប្រហែល​ ៤៥​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​បណ្តា​ប្រទេស​ផ្សេងៗ​ ដែលមាន​ទំហំ​តូចជាងឡាវ ហើយ​នេះ​ជា​អត្រា​ខ្ពស់ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​នានា ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​របាយកាណ៍​វិភាគ​ប្រចាំ​ឆ្នាំ ២០១៩ ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Lowy ដែល​ជា​ក្រុម​ស្រាវជ្រាវ​មួយ​របស់អូស្ត្រាលី។

លោក​ Rajiv Biswas សេដ្ឋវិទូ​ផ្តោតលើ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​នៅ​ក្រុមហ៊ុន​ស្រាវជ្រាវ​ IHS Markit មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា៖ «ប្រទេស​ឡាវ​បាន​គៀងករ​បំណុល​បរទេស​ជា​ច្រើន​នៅ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​មកនេះ ​ពាក់ព័ន្ធ​នឹង​គម្រោង​វារី​អគ្គិសនី​ថ្មីៗ និង សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោមគម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន (Belt and Road Initiative)»។ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​ VOA លោក​ Biswas ក៏​បាន​និយាយ​ផងដែរ​ថា ការណ៍​នេះ «បាន​បង្កើន​នូវ​បន្ទុកលើ​ការ​សង​បំណុល​សម្រាប់​ប្រទេស​ឡាវនៅ​ក្នុង​រយៈពេល​មធ្យម​សម្រាប់​ពេល​ខាង​មុខ​ផង​ដែរ»។

គម្រោង​វារីអគ្គិសនី​ និងគម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ ដែល​មាន​តម្លៃ​ប្រមាណ ៥០០ ពាន់​លាន​ដុល្លារ​ ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ចិន​នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​បណ្តា​ប្រទេស​មួយ​ចំនួន​តាមរយៈ​ហេដ្ឋារចនាសម្ព័ន្ធ។ គម្រោងផ្តួចផ្តើម​នេះនឹង​ផ្សារភ្ជាប់​ចិន​ទៅ​នឹង​អឺរ៉ុប អាហ្វ្រិក និង​តំបន់​ដទៃ​ទៀត​នៅ​អាស៊ី។ ស្រប​ពេល​ដូចនេះ​ដែរ មាន​ការ​ព្រួយបារម្ភ​ពាក់ព័ន្ធ​នឹង​ទំហំ​បំណុល​ដែល​ប្រទេស​មួយ​ចំនួន​នឹង​រ៉ាប់រង​ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​គម្រោង​នេះ។ ចំណែក​ឯ​ចិន​បាន​និយាយ​ថា មិន​មាន​លក្ខខណ្ឌ​ណា​មួយ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​វិនិយោគ និង​កម្ចី​របស់​ខ្លួន​នោះ​ទេ។

​ភូមិសាស្ត្រ​នយោបាយ​

ទីភ្នាក់ងារ​វាយតម្លៃ Fitch បាន​ប៉ានប្រមាណថា ឡាវ​មាន​ទុនបម្រុង​អន្តរជាតិ​ប្រមាណ​១​ពាន់លាន​ដុល្លារ និង​បន្ទុក​បំណុល​បរទេស​ដែល​ត្រូវ​បង់​ប្រមាណ ៩០០​លាន​ដុល្លារ​ទៀត​នៅ​ឆ្នាំ​នេះ។ ទីភ្នាក់ងារ​ Fitch ​ក៏​បាន​ព្យាករណ៍​ថា ប្រាក់ចំណូលរដ្ឋ​របស់​ឡាវ​នឹង​ថយចុះ​ប្រមាណ​ ២៥​ភាគរយ។ ទីភ្នាក់ងារនេះ​បាន​បន្ត​ថា ប្រសិន​បើ​ឡាវ​មិន​អាច​បង់​បំណុល​តាម​កាល​កំណត់​នោះ​ទេ ប្រទេស​ផ្តល់​កម្ចី​នានា​ ដែលក្នុង​នោះ​ចិន​ជា​ប្រទេស​ផ្តល់​កម្ចី​មួយភាគ​ធំ នឹង​អត់ឱន​ឲ្យ​ឡាវ ឬ​ជួយ​បង់ថ្លៃ​បំណុល​នោះ​ ជាមួយ​នឹង​ប្រាក់​កម្ចី​ថ្មី។

ទីភ្នាក់ងារ Fitch បាន​ឲ្យដឹង​ថា៖ «ការ​គិតគូរ​ពិចារណា​លើ​ភូមិសាស្ត្រ​នយោបាយ​ និង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ទំនង​នឹង​ជំរុញ​ឲ្យ​មាន​ជា​កម្ចី​ទ្វេភាគី​បន្ថែម​ទៀត ឬ​ជំនួយ​សម្រាល​បំណុល នៅ​ពេល​មិនមាន​ការ​ផ្តល់​ហិរញ្ញប្បទាន​គ្រប់គ្រាន់​ពី​ប្រភព​ដទៃ​ទៀត [សម្រាប់​ប្រទេស​ឡាវ]»។​

គេ​នៅ​តែ​មិន​ទាន់​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​បាន​អ្វីឲ្យប្រាកដ​នោះ​ទេ ជា​ថ្នូរនឹង​អំពើ​សប្បុរស​របស់​ខ្លួន។

សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ថា ចិន​មាន​បំណង​ក្លាយ​ជា​ប្រទេស​មាន​អំណាច​ខ្លាំង​មួយ​លើ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo បាន​ធ្វើ​ការ​ប្រជុំ​ជា​វីដេអូ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​កាល​ពី​ខែ​មេសា ដោយ​បាន​ព្រមាន​ថា ចិន​កំពុង​តែ​ពង្រីក​ដែន​ដី​ចូល​ទៅ​ក្នុង​តំបន់​សមុទ្រចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ពន្លិច​ទូក​នេសាទ​របស់​វៀតណាម​នៅ​ឆ្នាំ​នេះ​ និង​សាងសង់​ទំនប់​វារី​អគ្គិសនី​លើ​ទន្លេ​មេគង្គ ដែល​អាច​ដាក់​កំហិត​ទៅ​លើ​មច្ឆាជាតិ​និង​ដី​សណ្តដែល​ហូរ​ចុះ​មក​កាន់​ប្រទេស​ឡាវ កម្ពុជា ថៃ និង​វៀតណាម។

លោក Pompeo បាន​និយាយ​ថា​៖ «សហរដ្ឋអាមេរិក​ប្រឆាំង​ជា​ដាច់ខាត​ទៅ​នឹងការ​យាយី​របស់​ចិន។ យើង​សង្ឃឹម​ថា បណ្តា​ប្រទេស​ដទៃ​ទៀត​នឹង​ធ្វើ​ឲ្យ​ចិន​ទទួល​ខុសត្រូវ​ផង​ដែរ»។

អ្នក​ផ្តល់​កម្ចី​ធំ​បំផុត​នៅ​លើ​ពិភពលោក

ចិន​និង​សហរដ្ឋអាមេរិកកំពុង​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​នឹង​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ចាប់​ពី​ភូមិសាស្ត្រ​នយោបាយ​ រហូត​ដល់​ផ្នែក​ពាណិជ្ជកម្ម។ ក្រុមហ៊ុន​ផ្នែក​បច្ចេកវិទ្យាផ្សេងៗ​ដូចជា ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Google កំពុង​ប្រជែង​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន​ Huawei និង​ក្រុមហ៊ុន Alibaba របស់​ចិន ដើម្បី​ចាប់​យក​អតិថិជន​នៅតំបន់​នេះ។ ​

នៅ​ក្នុង​ការ​ទិញដូរផ្នែក​អាជីវកម្ម​ធំ​បង្អស់​មួយ ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន Paypal ដែល​ក្រុមហ៊ុន​ទាំងពីរ​មាន​មូលដ្ឋាន​នៅ​រដ្ឋ Calfornia ​បាន​ទិញ​ភាគហ៊ុន​របស់ក្រុមហ៊ុន​សេវា​កម្ម​ដឹកជញ្ជូន​អ្នក​ដំណើរ​ឈ្មោះ Gojek នៅ​ប្រទេស​ឥណ្ឌូណេស៊ី ខណៈ​ដែល​ក្រុមហ៊ុន​នេះ​មាន​ការ​វិនិយោគ​រួច​មក​ហើយ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈ្មោះ​ Tencent ពី​ប្រទេស​ចិន។ ​

​ការ​ផ្តល់​ហិរញ្ញប្បទាន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ជា​ការ​ជះឥទ្ធិពល​មួយ​ផ្នែក​ផ្សេង​ទៀត ដែល​ចិនកំពុង​ធ្វើ​តាមរយៈ​គម្រោង​ក្រវ៉ាត់​ផ្លូវ​ពាណិជ្ជកម្ម​ ហើយ​ចំណែក​ឯសហរដ្ឋអាមេរិក​វិញ​គឺ​ តាមរយៈ​គម្រោង​ចំណាយ​នៅ​ «តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក»។ យ៉ាងណាក៏ដោយ ការ​ផ្តល់​ប្រាក់​កម្ចីពី​សំណាក់​ប្រទេស​ចិននៅ​តែ​មានខ្ពស់​ជាង​សហរដ្ឋអាមេរិកច្រើន។ កាលពីឆ្នាំ​មុន វិទ្យាស្ថាន​ Kiel នៅ​អាល្លឺម៉ង់​ បាន​សិក្សា​លើ​ទិន្នន័យ​និង​បាន​សន្និដ្ឋាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ក្លាយ​ជា​អ្នក​ផ្តល់​កម្ចី​ធំ​ជាង​គេ​បង្អស់ ដោយ​មាន​លើស​ពី​ស្ថាប័ន​អន្តរជាតិ​នានា​ដូចជា មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារ​ពិភពលោក​ជា​ដើម។ វិទ្យាស្ថាន​នេះ​បាន​បន្ត​ថា ចាប់​ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​២០១៧ ប្រាក់​កម្ចី​របស់​បណ្តា​ប្រទេស​ផ្សេងៗ​ពី​ប្រទេស​ចិន​ «បាន​កើន​ឡើង​១០​ដង ចាប់​ពី​ចំនួនតិចជាង ៥០០ពាន់​លាន​ដុល្លារ​ទៅ​ដល់​ជាង​៥​លាន​លាន​ដុល្លារ​អាមេរិក»។

លោក​ Jonathan Stromseth អ្នកស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន Brookings បាន​និយាយ​ថា ឡាវ​គឺ​ជា​ប្រទេស​ដែល​មាន​បន្ទុក​បំណុល​ច្រើន​ជាងគេ​បង្អស់​មួយ​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ដែល​ជំពាក់​បំណុល​ចិន។ ហើយ​អ្វី​ដែល​ចិន​ទទួល​បាន​ពី​ទំនាក់ទំនង​ទ្វេភាគី​ជា​មួយ​ឡាវ ​គឺ​មាន​ដូចជា រដ្ឋាភិបាល​ក្រុងវៀងចន្ទន៍​ជំទាស់​នឹង​វិធានការជា​រួម​របស់​អាស៊ាន​នៅ​តំបន់​សមុទ្រចិនខាងត្បូង ការ​ផ្សារ​ភ្ជាប់ផ្លូវរថភ្លើង​ពីចិន​ទៅ​ឡាវ និង​ចុង​ក្រោយ​ ការ​ផ្សារភ្ជាប់​ផ្លូវ​រថភ្លើង​ទៅ​កាន់​ប្រទេស​ជិត​ខាងនឹង​ប្រទេស​ឡាវ។ កម្ពុជានិងឡាវគឺ​ជា​ប្រទេស​ដំបូង​គេ​ ដែល​បាន​ចុះ​ហត្ថលេខាគាំទ្រ​លើ​ផែន​ការ​ទស្សនៈ​វិស័យនៅ​ក្នុង​តំបន់​របស់​ចិន «​សហគមន៍​មួយ​ ជោគវាសនា​តែមួយ»។

លោក​ Jonathan Stromseth បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន​ថា «ចិន​កំពុង​តែ​ចូល​ពាក់ព័ន្ធ​យ៉ាង​ខ្លាំង​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍»។

លោក Stromseth ​បាន​លើក​ឡើ​ង​ថា​ ឧទាហរណ៍​ រួម​មាន​ ចិន​បាន​ដាក់​បញ្ចូល​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​សម្រាប់​ទស្សនកិច្ច​សិក្សា និង​ការ​ហ្វឹកហ្វឺន​នានា ក៏ដូចជា ការ​អំពាវនាវ​ឲ្យពលរដ្ឋ​ចិន​ចំណាកស្រុក​នៅ​ក្នុង​តំបន់​នេះ​ឲ្យ​ដើរ​តួ​ជា​ស្ពាន​ទំនាក់ទំនង​ការទូត។ លោក​បានបន្ថែម​ថា «ចិន​បាន​ពង្រឹង​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​គោលដៅ​នានា ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​សមិទ្ធផល និង​មតិ​សាធារណជន​នៅ​ប្រទេស​ទាំង​នោះ»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG