គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាសហរដ្ឋអាមេរិកបានឈប់សម្រាកបន្ទាប់ពីការជជែកដេញដោលគ្នាអស់រយៈពេល១៥ម៉ោងកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ប្រធានគណៈកម្មាធិការនីតិកម្មលោក Jerry Nadler បាននិយាយថា គណៈកម្មាធិការ នឹងបន្តការជជែកដេញដោលគ្នាឡើងវិញនៅថ្ងៃសុក្រម៉ោង១០ព្រឹក ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីបោះឆ្នោតអនុម័តបទចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
គណៈកម្មាធិការដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃព្រហស្បតិ៍បានចា្រនចោលការព្យាយាមរបស់សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋដែល
បានព្យាយាមទាត់ចោលការចោទប្រកាន់ទាំងនេះ ហើយជំនួសមកគណៈកម្មាធិការនឹងរៀបចំការបោះឆ្នោតពេញអង្គមួយដើម្បីបញ្ជូនបទចោទទាំងនេះទៅព្រឹទ្ធសភាដើម្បីបោះឆ្នោតសម្រេច ដែលទំនងជានឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។
សមាជិកសភាខាងគណបក្សប្រជាធិតេយ្យ បានច្រានចោលការព្យាយាមរបស់សមាជិកសភាខាងគណបក្សសាធារណរដ្ឋដែលបានតវ៉ាអស់ជាច្រើនម៉ោងឲ្យលុបចោលបទចោទប្រកាន់លោក ត្រាំ ដែលត្រូវបានចោទថាបានរំលោភអំណាចប្រធានាធិបតីតាមរយៈការជំរុញឲ្យប្រទេសអ៊ុយក្រែនបើកការស៊ើបអង្កេតលើគូប្រជែងរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ខាងមុខគឺអតីតប្រធានាធិបតីលោក Joe Biden។
គណៈកម្មាធិការក៏កំពុងពិចារណាទៅលើបទចោទទីពីរដែលបានចោទថា លោក ត្រាំ រារាំងការស៊ើបអង្កេតរបស់សភា តាមរយៈការបដិសេធមិនព្រមប្រគល់ឯកសាររាប់រយទំព័រទៅឲ្យក្រុមអ្នកស៊ើបអង្កេតនិងបានរារាំងមិនឲ្យមន្រ្តីរដ្ឋបាលសំខាន់ៗផ្តល់សក្ខីកម្ម៕