នៅឯសន្និសីទកាសែតនៅវិមានសភាកាលពីថ្ងៃអង្គារម្សិលមិញ សមាជិកកំពូលខាងគណបក្សប្រជាធិបតេយ្យបានប្រកាសអំពីបទចោទពីរករណីដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald Trump ពីតំណែង ដោយចោទប្រកាន់លោក Trump ថាបានរំលោភអំណាចដើម្បីប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងបានរារាំងដំណើរការស៊ើបអង្កេតរបស់សភាអំពីរឿងនេះ។
នេះគឺជាលើកទី ៤ ហើយនៅក្នុងប្រវត្តិសាស្ត្រ ២៤៣ ឆ្នាំ របស់សហរដ្ឋអាមេរិក ដែលបទចោទប្រកាន់ត្រូវបានធ្វើឡើងប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិក ទោះបីជាការទម្លាក់លោក Trump ចេញពីតំណែងនៅតែមិនទំនងជាអាចទៅរួចក៏ដោយ។
គណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាគឺជាគណៈកម្មាធិការដែលពិចារណាអំពីការរៀបចំបទចោទទាំងនេះ។ លោក Jerrold Nadler ដែលជាប្រធានគណៈកម្មាធិការនេះ បានអះអាងថា លោក Trump «ចាត់ទុកខ្លួនឯងថាស្ថិតនៅពីលើច្បាប់»។
លោក Nadler បានចោទប្រកាន់ថា លោក Trump បានគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយសារលោក Trump បានផ្អឹបជំនួយយោធាសម្រាប់ប្រទេសអ៊ុយក្រែន និងបានធ្វើឲ្យប៉ះពាល់ដល់សុចរិតភាពនៃការបោះឆ្នោតនៅឆ្នាំ ២០២០ ខាងមុខនេះ។
លោក Nadler បាននិយាយដូច្នេះថា៖ «លោក Trump ផ្ដោតលើប្រយោជន៍ខ្លួនឯងធំជាងប្រយោជន៍ប្រទេសជាតិម្ដងហើយម្ដងទៀត»។
ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាលោក Adam Schiff ដែលជាអ្នកដឹកនាំការស៊ើបអង្កេតដើម្បីចោទប្រកាន់ទម្លាក់លោក Trump ពីតំណែងនេះ អស់រយៈពេលរាប់សប្ដាហ៍កន្លងមក បានហៅការចោទប្រកាន់ប្រឆាំងនឹងលោក Trump នេះថា «មានលក្ខណៈខ្លាំងក្លា និងមិនអាចជំទាស់តវ៉ាបាន»។
ប៉ុន្តែ លោក Trump បាននិយាយថា លោកមិនបានធ្វើអ្វីខុសនោះទេ ហើយមិនមានអ្នកគាំទ្រលោកខាងគណបក្សសាធារណរដ្ឋណាម្នាក់នៅក្នុងសភាបានអំពាវនាវឲ្យមានការចោទប្រកាន់ និងដកលោកចេញពីតំណែងនោះឡើយ។
មុនពេលដែលបទចោទប្រកាន់ពីរករណីនេះត្រូវបានប្រកាស លោក Trump បានសរសេរនៅលើ Twitter ចំអកដល់ករណីប្រឆាំងនឹងលោកនេះ។
លោកបញ្ជាក់នៅលើ Twitter ដូច្នេះថា៖ «ដើម្បីចោទប្រកាន់ទម្លាក់ពីតំណែងនូវប្រធានាធិបតីមួយរូបដែលដឹកនាំដោយមានលទ្ធផលជាក់ស្ដែង ដែលក្នុងនោះមានទាំងការធ្វើឲ្យសេដ្ឋកិច្ចប្រហែលជារីកចម្រើនខ្លាំងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកផងដែរ និងប្រធានាធិបតីមួយរូបដែលដឹកនាំដោយជោគជ័យ និងជាពិសេសបំផុតមិនដែលធ្វើអ្វីខុសនោះ គឺជារឿងឆ្កួតលីលាផ្នែកនយោបាយទាំងស្រុង»៕
ប្រែសម្រួលដោយ ភី សុភាដា