ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មាធិការ​នីតិកម្ម​នៃរដ្ឋសភា​ឆ្ពោះ​ទៅរក​ការបោះឆ្នោត​អនុម័ត​លើ​បទចោទ​ប្រកាន់​ដកតំណែង​ប្រធានាធិបតី


សមាជិកគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាពិភាក្សាគ្នាអំឡុងពេលការពិនិត្យពិច្ច័យពាក់ព័ន្ធនឹងបទចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង នៅវិមាន Capitol Hill កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។
សមាជិកគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាពិភាក្សាគ្នាអំឡុងពេលការពិនិត្យពិច្ច័យពាក់ព័ន្ធនឹងបទចោទប្រកាន់ទម្លាក់ប្រធានាធិបតីចេញពីតំណែង នៅវិមាន Capitol Hill កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

គណៈកម្មាធិការ​នីតិកម្ម​នៃ​រដ្ឋសភា​ត្រូវ​គេ​រំពឹង​ថា ​នឹង​អនុម័ត​លើ​បទចោទប្រកាន់​ប្រឆាំង​នឹង​ប្រធានាធិបតី​លោក Donald Trump នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​នេះ​ ខណៈ​ក្រុម​សំឡេង​ភាគច្រើន​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា​កំពុង​ជំរុញ​ឲ្យ​មាន​ការដាក់​ទោស​ទណ្ឌ​លើ​មេដឹកនាំ​រូបនេះ​ ដោយ​ពួកគេ​បាន​ចោទ​ប្រកាន់​ថា​ លោក​បាន​បំពាន​អំណាច​របស់​លោក​ ខណៈ​គណបក្ស​សាធារណរដ្ឋ​រិះគន់​ថា ​ដំណើរ​ការស៊ើបអង្កេត​ចោទ​ប្រកាន់​នេះ​គឺ​ជា​ការជំរុញ​ផ្នែកនយោបាយ​និង​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។

កាល​ពី​យប់​ថ្ងៃពុធ ​គណៈកម្មាធិការ​បាន​ជជែក​ដេញដោល​គ្នា​អំពី​បទចោទប្រកាន់​ ដែល​បាន​ចោទ​ថា ​លោក Trump បាន​បំពាន​អំណាច​របស់​លោកតាម​រយៈការ​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​បរទេស​គឺ​ប្រទេសអ៊ុយក្រែន​ ដើម្បី​ឲ្យ​ចូល​ជ្រៀតជ្រែក​នៅក្នុងការ​បោះឆ្នោត​ឆ្នាំ២០២០ និង​ការរារាំង​ដំណើរការ​ស៊ើបអង្កេត​របស់​សភា​ តាមរយៈ​ការ​បញ្ជា​ឲ្យ​រដ្ឋបាល​របស់​លោក​ព្រងើយកន្តើយ​នឹង​ដីកាកោះហៅ​របស់​រដ្ឋសភា​នៅក្នុង​ដំណើរការ​ស៊ើបអង្កេត​លើ​សកម្មភាព​របស់​លោក។ ​

ការជជែក​ដេញដោល​នេះ​នឹង​បន្ត​ដល់​ថ្ងៃព្រហស្បតិ៍​នេះ​ មុន​នឹង​គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ពេញអង្គ​មួយ​ដើម្បី​សម្រេច​ថាតើ​នឹង​បញ្ជូន​បទចោទ​ទាំងនេះ​នៅ​ព្រឹទ្ធសភា​ឬ​យ៉ាងណា។

លោក Trump បាន​បដិសេធ​ថា​ លោក​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ។ លោក​បាន​និយាយ​សំដៅដល់​កិច្ចពិភាក្សា​របស់​លោក​ជាមួយ​មេដឹកនាំ​ប្រទេសអ៊ុយក្រែន​លោក Volodymyr Zelenskiy ថា​ជា​ កិច្ចពិភាក្សា​ដ៏​ល្អ​មួយ​ និង​បាន​និយាយ​ទៀត​ថា​ទាំង​សេចក្តីថ្លែងការ​របស់​លោក Zelenskiy និង​ក្រុមមន្រ្តីអ៊ុយក្រែន​បាន​បញ្ជាក់​ពី​ភាពស្អាតស្អំ​របស់​លោក​រួច​ហើយ៕

XS
SM
MD
LG