ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសថា លោកមិនគិតថាគណបក្សប្រជាធិបតេយ្យនឹងបោះឆ្នោតក្នុងរដ្ឋសភាពេញអង្គដើម្បីចោទប្រកាន់ទម្លាក់លោកពីតំណែងនោះទេ ដោយសារតែលោក «មិនបានធ្វើអ្វីខុស»។
លោក Trump បានថ្លែងទៅកាន់អ្នកកាសែតនៅល្ងាចថ្ងៃអង្គារម្សិលមិញ គឺតែប៉ុន្មានម៉ោងក្រោយមកប៉ុណ្ណោះ បន្ទាប់ពីគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភាបានប្រកាសអំពីបទចោទពីរករណីប្រឆាំងនឹងលោក។
លោក Trump បញ្ជាក់មុនពេលឡើងជិះឧទ្ធម្ភាគចក្រ Marine One ដូច្នេះថា៖ «ខ្ញុំគិតថា វាជារឿងអាម៉ាស់ដែលគេអាចធ្វើការចោទប្រកាន់ដើម្បីទម្លាក់ [ខ្ញុំ] ពីតំណែង នៅពេលដែលខ្ញុំមិនបានធ្វើអ្វីខុសនោះ។ ខ្ញុំគិតថា វាពិតជារឿងដ៏គួរឲ្យអាម៉ាស់»។
ក្រោយមក លោក Trump បានបញ្ជាក់នៅក្នុងការជួបជុំនយោបាយមួយនៅល្ងាចថ្ងៃអង្គារនោះដែរនៅក្នុងតំបន់ Hershey រដ្ឋ Pennsylvania ថា៖ «សមាជិកគណបក្សប្រជាធិបតេយ្យឆ្វេងនិយមជ្រុលកំពុងព្យាយាមគ្របសង្កត់លើការបោះឆ្នោត។ ខ្ញុំមិនមែនដេកមិនលក់ដោយសារតែរឿងនេះនោះទេ។ ពេលនេះ គណបក្សសាធារណរដ្ឋមានការរួមសាមគ្គីគ្នាជាងពេលណាៗទាំងអស់»។
នៅព្រឹកថ្ងៃអង្គារម្សិលមិញ លោក Trump បានសរសេរនៅលើ Twitter ដោយហៅការចោទប្រកាន់ដើម្បីដកលោកពីតំណែងនេះថាជា «ការតាមព្យាបាទ» បន្ទាប់ពីប្រធានគណៈកម្មាធិការមួយចំនួននៃរដ្ឋសភាដែលធ្វើការលើរឿងនេះបានប្រកាសថា ពួកគេកំពុងដំណើរការនីតិវិធីផ្លូវការដើម្បីប្រឆាំងនឹងលោក។
ប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាលោក Jerrold Nadler បានប្រកាសថា គណៈកម្មាធិការរបស់លោកនឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ និងថ្ងៃព្រហស្បតិ៍ស្អែក ដើម្បីពិភាក្សាអំពីការប្រើភាសានៃអ្វីដែលឥឡូវនេះហៅថា «សេចក្ដីសម្រេច ៧៥៥ របស់រដ្ឋសភា អំពីបទចោទដើម្បីចោទប្រកាន់ទម្លាក់លោកប្រធានាធិបតី Donald J. Trump ចេញពីតំណែង»៕