ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ចៅក្រមសហរដ្ឋអាមេរិកបញ្ជារដ្ឋាភិបាលឲ្យឪពុកម្ដាយ​ជួប​ជុំកូន​ៗ​ឡើងវិញក្រោយពីអាជ្ញាធរបំបែកពួកគេ


កុមារ Shua Rich អាយុ​៦​ឆ្នាំ កាន់​បដា​ធ្វើ​ការ​តវ៉ា​ជា​មួយ​ម្តាយ​​ក្នុង​ពេល​មាន​ការ​ប្រមូល​ផ្តុំ​គ្នា​មួយ​ប្រឆាំង​នឹង​គោល​នយោបាយ​អន្តោប្រវេសន៍​នៅ​ខាង​ក្រៅ​ការិយាល័យ​សមាជិក​សភា​គណបក្ស​សាធារណរដ្ឋ លោក Kevin Yoder នៅ​ទីក្រុង Overland Park រដ្ឋ Kansas កាល​ពី​ថ្ងៃទី​២២ មិថុនា ២០១៨។

ចៅក្រម​សហព័ន្ធ​សហរដ្ឋ​អាមេរិក​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អនុញ្ញាត​ឲ្យ​ជន​អន្តោប្រវេសន៍​ដែល​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ខុស​ច្បាប់​ជួប​ជុំ​ឡើង​វិញ​ជាមួយ​នឹង​កូនៗ​របស់​ពួក​គេ បន្ទាប់ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ​ បាន​បំបែក​ពួកគេ​មក។ នេះ​គឺ​ជា​ដីកា​បង្គាប់​ដំបូង​មួយ​របស់​តុលាការ​ដើម្បី​បញ្ឈប់​បញ្ហា​នេះ ​លើក​លែង​តែ​ករណី​ដែល​ឪពុក​ម្ដាយ​នោះ​អាច​បង្ក​គ្រោះ​ថ្នាក់​ណា​មួយ​ដល់​កូនៗ​របស់​ពួក​គេ។

ចៅក្រម​តុលាការ​ថ្នាក់​ស្រុក​លោក Dana Sabraw បាន​សម្រេច​ចេញ​ដីកា​បង្គាប់​នេះ​នៅ​ក្នុង​សំណុំ​រឿង​មួយ​ដែល​ប្ដឹង​ដោយ​អង្គការ​សហជីព​សេរីភាព​ពលរដ្ឋ​អាមេរិកាំង (American Civil Liberties Union) តំណាង​ឲ្យ​ក្រុម​គ្រួសារ​មួយ​ចំនួន​ដែល​ត្រូវ​បាន​អាជ្ញាធរ​បំបែក​ដោយ​ការ​ដាក់​ឃុំ​ឪពុក​ម្ដាយ​មួយ​កន្លែង និង​កូនៗ​របស់​ពួកគេ​មួយ​កន្លែង​ផ្សេង​ពី​គ្នា។

វិធានការ​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ក្មេងៗ​ជាង ២៣០០​នាក់ ត្រូវ​បាន​បំបែក​ចេញ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ តាំង​ពី​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ បាន​បង្កើត​គោល​នយោបាយ ​«គ្មាន​ការ​អត់​ឱន» កាល​ពី ២ ខែ​មុន​មក ក្នុង​គោល​បំណង​ដើម្បី​កាត់​ទោស​អ្នក​ទាំង​ឡាយ​ណា​ដែល​ឆ្លង​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​តាម​ព្រំដែន។

លោក​ចៅក្រម​រូប​នេះ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​លើ​ការ​អនុវត្ត​នូវ​គោល​នយោបាយ​របស់​លោក ត្រាំ​ នេះ ដោយ​លោក​បាន​និយាយ​ថា ទីភ្នាក់ងារ​រដ្ឋាភិបាល​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ​ព្រំដែន ការ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍ ការ​ឃុំឃាំង និង​កម្មវិធី​ជន​ភៀស​ខ្លួន គឺ​មិន​ទាន់​ត្រៀម​លក្ខណៈ​រួច​រាល់​ដើម្បី​សម្រប​សម្រួល​នឹង​លំហូរ​ដ៏​ច្រើន​នៃ​កុមារ​ដែល​ត្រូវ​បាន​បំបែក​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​នោះ​ទេ៕

XS
SM
MD
LG