ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សមាជិក​សភា​និង​ក្រុមសិទ្ធិ​មនុស្ស​ប្រតិកម្ម​លើ​បទ​បញ្ជា​នីតិប្រតិបត្តិ​​របស់លោក Trump


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បង្ហាញ​បទបញ្ជា​នីតិ​ប្រតិបត្តិលើ​គោលនយោបាយ​អន្តោប្រវេសន៍បន្ទាប់​ពី​ចុះ​ហត្ថលេខានៅ​ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២០ មិថុនា ឆ្នាំ ២០១៨។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump បង្ហាញ​បទបញ្ជា​នីតិ​ប្រតិបត្តិលើ​គោលនយោបាយ​អន្តោប្រវេសន៍បន្ទាប់​ពី​ចុះ​ហត្ថលេខានៅ​ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២០ មិថុនា ឆ្នាំ ២០១៨។

ក្រោយពី​មាន​ប្រតិកម្ម​អមិត្តអន្តរជាតិ​ជា​ច្រើនមក​ លោកប្រធានាធិបតី​ Donald Trump បាន​ចុះហត្ថលេខា​លើបទបញ្ជា​នីតិប្រតិបត្តិមួយកាលពី​ថ្ងៃ​ពុធ​ដើម្បី​បញ្ឈប់​គោលនយោបាយចម្រូងចម្រាស់មួយ​ដែល​បំបែកពួក​កុមារចំណាក​ស្រុក​ពី​ឪពុក​ម្តាយ​ពួក​គេ​ដែល​បានឆ្លង​កាត់ព្រំដែន​ដោយខុសច្បាប់​ពី​ប្រទេស​ម៉ិកស៊ិក ចូល​មកក្នុង​ស.រ.អា.។

បទ​បញ្ជា​នីតិ​ប្រតិបត្តិនេះ​ដែល​លោក​ Trump បាន​ចុះ​ហត្ថលេខា​បានអំពាវ​នាវដល់​លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេសស.រ.អា. James Mattis ឱ្យ «ចាត់​វិធានការ​ត្រឹមត្រូវ​តាម​ច្បាប់ទាំង​អស់​ដែល​មាន» ដើម្បី​ផ្តល់​ទីស្នាក់អាស្រ័យ​ដល់​ជន​អន្តោប្រវេសន៍​នៅកន្លែង​ដែល​មានស្រាប់ឬ​កសាង​កន្លែង​ស្នាក់អាស្រ័យ​ថ្មី​ប្រសិន​បើ​ជា​ការ​ចាំ​បាច់។

ប្រតិកម្ម​ដល់​បទបញ្ជា​របស់​លោក Trump មាន​ច្រើនហើយ​មានភាព​ចម្រុះផង​ដែរ​ ដោយ​ពួក​មន្ត្រី​ខ្លះ​និយាយ​ថា​បទបញ្ជា​នីតិ​ប្រតិបត្តិនេះ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បានទេ។

លោកស្រី​ Nancy Pelosi ប្រធាន​ក្រុមភាគ​តិច​នៅក្នុង​សភា​តំណាង​រាស្ត្រ​អាមេរិកាំង​បានមាន​ប្រសាសន៍​ថា៖

«បទ​បញ្ជា​នីតិ​ប្រតិបត្តិរបស់លោក​ប្រធានាធិបតី​ស្វះ​ស្វែង​ជំនួស​ទម្រង់​មួយ​នៃការ​រំលោភ​លើ​កុមារជាមួយ​នឹង​ទម្រង់​មួយទៀត​នៃ​ការរំលោភ​នេះ។ ជាជាងការ​ពារក្រុមកុមារដែល​មាន​ការ​តក់​ស្លុត ​លោក​ប្រធានាធិបតី​បានបញ្ជា​រដ្ឋមន្ត្រី​យុត្តិធ៌ម​លោក​ឱ្យ​បើកផ្លូវ​ឱ្យមានការ​ឃុំឃាំង​យូរ​នូវគ្រួសារ​ពួក​ជន​ចំណាក​ស្រុកក្នុង​ស្ថានភាព​ដូចជា​គុក»៕

XS
SM
MD
LG