ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វិធានការ​អន្តោប្រវេសន៍​របស់​លោក​ត្រាំ​អាច​ប៉ះ​ពាល់​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ


មណ្ឌល​ឃុំឃាំង​សហព័ន្ធ​ ទី​ដែល​នាង Blanca Orantes-Lopez ត្រូវ​បាន​ឃុំឃាំង​ក្នុង​ចម្ងាយ​៣.០០០​គីឡូម៉ែត្រ​ពី​កូន​របស់​នាង។ នាង​មក​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ។
មណ្ឌល​ឃុំឃាំង​សហព័ន្ធ​ ទី​ដែល​នាង Blanca Orantes-Lopez ត្រូវ​បាន​ឃុំឃាំង​ក្នុង​ចម្ងាយ​៣.០០០​គីឡូម៉ែត្រ​ពី​កូន​របស់​នាង។ នាង​មក​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ។

សប្តាហ៍​កន្លង​ទៅ​នេះ​អាច​មាន​សារៈ​សំខាន់​ខ្លាំង​ដល់​សេតវិមាន​របស់​លោក ត្រាំ​ នៅ​ពេល​ដែល​គណបក្ស​ទាំង​ពីរ​ប្រុង​ប្រៀប​សម្រាប់​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

សេចក្តី​សម្រេច​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រា​ ក្នុង​ការ​ប្រែ​ក្រឡះ​គោល​នយោបាយ​មួយ​នៃ​ការ​បំបែក​គ្រួសារ​ដែល​ឆ្លង​កាត់​ព្រំដែន​ខាង​ត្បូង​ស.រ.អា.​មាន​ឡើង​នៅ​ក្រោយ​ការ​រិះគន់​ខាង​នយោបាយ​យ៉ាង​ខ្លាំង​ដោយពួក​ប្រជាធិបតេយ្យ​ដែល​ជា​ក្រុម​ប្រឆាំង​និង​បាន​ធ្វើ​ឱ្យ​ពួក​សាធារណរដ្ឋ​ខ្លះ​ភ្ញាក់​ផ្អើល​ផង​ដែរ។ យ៉ាង​ហោច​ណាស់ បញ្ហា​នេះ​ទំនង​ជា​នឹង​ធ្វើឱ្យ​អន្តោប្រវេសន៍​ក្លាយ​ទៅ​ជា​បញ្ហា​សំខាន់​មួយ​នៅ​ខែ​វិច្ឆិកា។​

កាល​ពី​ថ្ងៃ​ពុធ​ លោក​ត្រាំ​ មាន​អារម្មណ៍​ប្រយុទ្ធ​នៅ​ក្នុង​ការប្រជុំ​ប្រមូល​ផ្តុំ​នយោបាយ​មួយ​ក្នុងក្រុង ​Duluth រដ្ឋ​ Minnesota ដែល​នៅ​ទី​នោះ​លោក​បាន​សន្យា​ថា​ នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អន្តោប្រវេសន៍​នៅ​ក្នុង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​សភា​នៅ​ពេល​ខាង​មុខ​នេះ។

លោក ត្រាំ​ បាន​និយាយ​ទៅ​កាន់​ហ្វូង​មនុស្ស​មាន​ការ​រំភើប​ចិត្ត​ថា «ប្រសិន​បើ​លោក​អ្នក​ចង់​បង្កើត​ប្រព័ន្ធ​អន្តោ​ប្រវេសន៍​មួយ​មាន​លក្ខណៈ​មនុស្សធម៌​និង​ត្រឹម​ត្រូវ​តាម​ច្បាប់ លោក​អ្នក​គួរ​ដាក់​ពួក​ប្រជាធិបតេយ្យ​ឱ្យ​ចូល​និវត្តន៍​ហើយ​បោះ​ឆ្នោត​ឱ្យ​ពួក​សាធារណរដ្ឋ​ដើម្បី​ធ្វើ​ឱ្យ​ព្រំដែន​យើង​មាន​សន្តិសុខ។

មនុស្ស​ខ្លះ​នៅ​ក្នុង​ហ្វូង​មនុស្ស​នេះ​បាន​ស្រែក​បន្ទរថា​ «កសាង​កំផែង»។

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នោះ​ លោក​ប្រធានាធិបតី​បាន​ប្រែ​ក្រឡះ​គោល​នយោបាយ​ចម្រូង​ចម្រាស់​របស់​លោក​អំពី​ការ​បំបែក​ពួក​កូនៗ​ពី​ឪ​ពុក​ម្តាយ​ពួក​គេ​ដោយ​លោក​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​នីតិ​ប្រតិ​បត្តិ​មួយ​នៅ​ក្នុង​សេតវិមាន។​ លោក ត្រាំ​ បាន​និយាយ​ថា «យើង​នឹង​មាន​ព្រំដែន​ខ្លាំង​ខ្លាំង​មាំ​មួន​ណាស់។​ ក៏​ប៉ុន្តែ​យើង​នឹង​រក្សា​គ្រួសារ​ឱ្យ​នៅ​ជុំ​គ្នា»៕

XS
SM
MD
LG