ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេដឹកនាំ​កំពូល​​អ៊ីរ៉ង់​​ប្តេជ្ញា​សងសឹក​សហ​រដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​ Qassem Soleimani


បាតុករ​អ៊ីរ៉ង់​ស្រែក​ពាក្យ​ស្លោក​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​សម្លាប់​ឧត្តម​សេនីយ៍ Qassem Soleimani មេ​បញ្ជាការ​កង​កម្លាំង​ពិសេស Quds នៅ​ទីក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី៣ មករា ២០២០។

មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​បាន​ប្តេជ្ញា​សង​សឹក​ចំពោះ​ការ​វាយ​ប្រហារ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​បាន​សម្លាប់​ឧត្តមសេនីយ៍​ Qassem Soleimani ​មេបញ្ជាការ​យោធា​កំពូល​របស់​អ៊ីរ៉ង់​ប្រចាំ​តំបន់​ និង​លោក ​Abul Mehdi Mohandes ​មេបញ្ជាការ​កង​ជីវពល​និកាយ​ Shi'ite។​

ទោះ​យ៉ាងណា ​ប្រជាជន​អ៊ីរ៉ាក់​ជា​ច្រើន​បាន​អបអរ​តាម​ដង​ផ្លូវ​ក្រុង​បាកដាដ​ បន្ទាប់​ពីបាន​ដឹង​អំពី​ការ​ស្លាប់​នេះ។ ​

នៅ​ក្នុង​ប្រទេស​ដែល​មាន​ពួកអ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ Sunni ភាគ​ច្រើន​ ​ដូចជា​ ប្រទេស​អេហ្ស៊ីប ​អារ៉ាប៊ីសាអូឌីត​ និង​ប្រទេស​នៅតំបន់​ឈូង​សមុទ្រពែក​ ​ប្រតិកម្ម​ជា​សាធារណៈ​មាន​លក្ខណៈ​វិជ្ជមាន ​រី​ឯ​ជនជាតិ​ម៉ូស្លីម​និកាយ​ Shi'ite ​មាន​ប្រតិកម្ម​ខុសៗ​គ្នា។

អ្នក​កាន់​ទុក្ខ​រាប់​ពាន់​នាក់​បាន​ដើរ​តាម​ដង​ផ្លូវ​ទីក្រុង ​Kerman ដែល​មាន​ផ្ទះ​របស់​ឧត្តម​សេនីយ៍ ​Qassem Soleimani ​មេ​បញ្ជាការ​កងទ័ព​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ដើម្បី​បង្ហាញ​ការ​សោក​សៅ​ចំពោះ​មរណ​ភាព​របស់​លោក​ បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​បាន​វាយ​ប្រហារ​ក្បួន​ឡាន​របស់​លោក​នៅ​ជិត​អាកាស​យានដ្ឋាន​ក្រុង​បាកដាដ​ ប្រទេសអ៊ីរ៉ាក់។​

មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​បាន​ថ្លែង​ប្រឆាំង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អាមេរិក​ និង​បាន​ប្តេជ្ញា​សងសឹក។ ​លោក ​Ramadan Sharif ​អ្នក​នាំពាក្យ​កងទ័ព​ឆ្មាំ​បដិវត្តន៍អ៊ីរ៉ង់​បាន​ស្រក់​ទឹក​ភ្នែក ​នៅ​ពេល​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​អ៊ីរ៉ង់​ម្នាក់​បាន​សួរ​អំពី​ប្រតិកម្ម​របស់​លោក​ចំពោះ​ការ​ស្លាប់​របស់​លោក​ Soleimani។ ​លោក​បាន​និយាយ​ថា​ ស.រ.អា.​និង​អ៊ីស្រាអែល​នឹង​មិន​បាន​សប្បាយ​ចិត្ត​យូរ​ទេ។​ ពួកគេ​នឹង​មាន​ទុក្ខសោក​ និង​កាន់​ទុក្ខ។​

មេដឹកនាំ​កំពូល​របស់​អ៊ីរ៉ង់​លោក​ Ayatollah Ali Khamenei ​បាន​ប្តេជ្ញា​សង​សឹក​ដោយ​ហិង្សា​ហើយ​លោក​បាន​ប្រកាស​កាន់​ទុក្ខ​រយៈ​ពេល​៣​ថ្ងៃ​ចំពោះ​កមរណ​ភាព​មនុស្ស​ជំនិតដែល​ជា​ដៃ​ស្តាំ​របស់​លោក​នេះ។ ​លោក​ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani ​បាន​ប្រកាស​ថា ​ការ​សម្លាប់ ​Soleimani​ ធ្វើ​ឲ្យ​អ៊ីរ៉ង់​តាំង​ចិត្ត​ប្រឈម​ជាមួយ​អាមេរិក​កាន់តែ​ខ្លាំង៕

XS
SM
MD
LG