សេចក្តីព្រាងច្បាប់មួយដែលក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្នើទៅសមាជិកសភានៅខែមករានេះ គឺតម្រូវឲ្យក្រុមហ៊ុនសេវាកម្មអ៊ីនធឺណិតបរទេសនានាត្រូវមានការិយាល័យតំណាងរបស់ខ្លួននៅក្នុងប្រទេសវៀតណាម បើសិនពួកគេមានអ្នកប្រើប្រាស់ជាពលរដ្ឋវៀតណាមយ៉ាងហោចណាស់ ១ម៉ឺននាក់ ឬប្រសិនបើពួកគេត្រូវបានគេស្នើឲ្យមានការិយាល័យក្នុងស្រុក។ នេះបើយោងតាមសារព័ត៌មានផ្លូវការរបស់ប្រទេសវៀតណាម។
កាសែត VnExpress International បានរាយការណ៍កាលពីថ្ងៃទី១១ ខែមករាថាសេចក្តីព្រាងច្បាប់នេះ ដែលកំពុងត្រូវបានពិនិត្យដោយសភាតំណាងរាស្ត្រជាតិវៀតណាម ក៏អំពាវនាវឲ្យក្រុមហ៊ុនបរទេសទាំងអស់នោះ រក្សាទុកក្នុងទឹកដីវៀតណាមនូវទិន្នន័យរបស់ពលរដ្ឋវៀតណាមផងដែរ។
សេចក្តីរាយការណ៍ដដែលបានឲ្យដឹងថា ក្រុមហ៊ុនសេវាកម្មទាំងអស់នោះ គួរតែប្រមូល «ទិន្នន័យសំខាន់ៗ ដែលប្រមូលបានពីសកម្មភាពនៅក្នុងប្រទេស»។
អ្នកវិភាគនិយាយថា ច្បាប់ទៅលើក្រុមហ៊ុនអ៊ីនធឺណិតបរទេសដែលជាទូទៅមិនរងការដាក់កំហិត ដូចជាក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ជាការពង្រីកការបន្តឹងការត្រួតត្រារបស់ប្រទេសកុម្មុយនិស្តនេះ ទៅលើការប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត បន្ទាប់ពីសកម្មភាពលើកដំបូងអស់រយៈពេល២ឆ្នាំនេះ។ ទាំងក្រុមហ៊ុន Facebook និង Google មានប្រជាប្រិយភាពក្នុងចំណោមពលរដ្ឋវៀតណាម។
លោក Trung Nguyen ព្រឹទ្ធបុរសមហាវិទ្យាល័យទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Ho Chi Minh ផ្នែកវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ បានថ្លែងថា៖ «នាប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសវៀតណាមបានឃើញការកើនឡើងយ៉ាងខ្លាំងពីការប្រើប្រាស់អ៊ីនធឺណិត និងបណ្តាញសង្គម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពពលរដ្ឋវៀតណាម។ ដូច្នេះ ខ្ញុំគិតថា រដ្ឋាភិបាលបានដឹងពីសារៈសំខាន់នៃបណ្តាញសង្គម»។
លោកបន្ថែមថា៖ «នេះជាមូលហេតុដែលរដ្ឋាភិបាលវៀតណាមចង់មានវត្តមានរបស់ពួកគេ ដើម្បីត្រួតត្រាបណ្តាញសង្គម»។
និន្នាការនៃការរឹតបន្តឹង
អ្នកជំនាញជឿជាក់ថា ការចាប់ខ្លួនអ្នកសរសេរប្លុកជាបន្តបន្ទាប់កាលពីឆ្នាំ ២០១៦ និងឆ្នាំ ២០១៧ បានបង្ហាញពីភាពរសើបរបស់រដ្ឋាភិបាលវៀតណាម ចំពោះទស្សនៈសាធារណជនអំពីអំពើពុករលួយ និងអសមត្ថភាពរបស់អាជ្ញាធរ។
ទស្សនៈទាំងនោះ ប៉ះពាល់ដល់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងពលរដ្ឋ បើទោះជាកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសវៀតណាម នាំមកផលប្រយោជន៍ជាច្រើន ដូចជាការបង្កើតការងារក៏ដោយ។
កាលពីខែមិថុនា ឆ្នាំ ២០១៧ ក្រសួងសន្តិសុខសាធារណៈដំបូងឡើយ បានស្នើច្បាប់ នេះដើម្បីផ្តល់អំណាចដល់ខ្លួនក្នុងការគ្រប់គ្រងខ្លឹមសារព័ត៌មានដែលត្រូវបានគេហាមឃាត់ រួមទាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល។
ម្ចាស់ហាងកាហ្វេអ៊ីនធឺណិត ត្រូវបានតម្រូវឲ្យតំឡើងកម្មវិធីតាមដានសកម្មភាពប្រើប្រាស់នៅលើប្រព័ន្ធកុំព្យូទ័រ និងតម្រូវឲ្យអតិថិជនបង្ហាញអត្តសញ្ញាណប័ណ្ណដើម្បីឲ្យអ្នកស៊ើបអង្កេតអាចពិនិត្យបាន។
ប៉ុន្តែប្រទេសវៀតណាមខ្វះផែនការមេសម្រាប់ការត្រួតត្រាលើប្រព័ន្ធអ៊ីនធឺណិត មិនដូចប្រទេសកុម្មុយនិស្តចិនក្បែរខាងរបស់ខ្លួននោះទេ។ ឧទាហរណ៍ ប្រទេសវៀតណាមមិនបានឆែករកពាក្យដែលបង្កការប្រឆាំងតាមគេហទំព័រ ហើយក៏មិនបានបិទបណ្តាញសង្គមបរទេសនោះដែរ។ ប៉ុន្តែ អាជ្ញាធរមានសិទ្ធិក្នុងការបញ្ឈប់ខ្លឹមសារណាដែលឃោសនាប្រឆាំងនឹងរដ្ឋ។
ស្ថិតិរបស់រដ្ឋាភិបាលបានបង្ហាញថា ប្រមាណ ៧០% នៃពលរដ្ឋវៀតណាមចំនួន ៩២លាននាក់ប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ហើយ ៥៣ លាននាក់ប្រើប្រាស់បណ្តាញសង្គម។ ដោយសារមិនមានបណ្តាញសង្គមក្នុងស្រុកដែលទូលំទូលាយនោះ ពលរដ្ឋប្រើប្រាស់បណ្តាញសង្គមបរទេស។
លោក Lam Nguyen ប្រធានគ្រប់គ្រងជាមួយនឹងក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានថ្លែងថា អាជ្ញាធរក៏សង្ឃឹមថា ច្បាប់នេះ ដែលបានឈានដល់សេចក្តីព្រាងលើកទី៥ នឹងបន្ថយបញ្ហាការផ្សាយព័ត៌មានមិនពិត (fake news) បង្ក្រាបដល់ការបោកប្រាស់លើប្រព័ន្ធអ៊ីនធឺណិត និងបញ្ឈប់ការលួចចូលប្រព័ន្ធកុំព្យូទ័រ (hack) ដែលបានប៉ះពាល់គេហទំព័រចំនួន ១៨.០០០ រួមទាំងគេហទំព័រអាកាសចរណ៍ជាតិផងដែរ។ លោកបន្ថែមថា ហានិភ័យនៃបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត គឺខ្ពស់ណាស់នៅប្រទេសវៀតណាម។
ការិយាល័យតំណាងរបស់ក្រុមហ៊ុនបរទេសទាំងនោះ ដែលតម្រូវដោយច្បាប់ថ្មីនេះ នឹងតម្រូវឲ្យក្រុមហ៊ុនបរទេសទាំងអស់នេះបង់ពន្ធ និងគោរពច្បាប់ក្នុងប្រទេស ខណៈឥឡូវនេះ ពួកគេអាចជៀសវាងបាន ដោយសារពួកគេមានមូលដ្ឋាននៅក្រៅប្រទេស។
លោក Trung Nguyen ថ្លែងថា ក៏ប៉ុន្តែ គោលបំណងដ៏សំខាន់របស់ច្បាប់ថ្មីដែលមិនទាន់សម្រេចនេះ គឺមិនឲ្យមានការប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត។
លោក Yee Chung Seck ដែលជាដៃគូជាមួយក្រុមហ៊ុនមេធាវីបរទេស Baker & McKenzie ប្រចាំនៅប្រទេសវៀតណាមបាននិយាយថា៖ «ជាការពិតណាស់ មានខ្លឹមសារខ្លះធ្វើឲ្យពួកគេ (រដ្ឋាភិបាលវៀតណាម) រសើប។ ដូច្នេះសួរថា តើការរសើបនោះ បានហួសកម្រិត ហើយក្លាយទៅជាការរំលោភបំពានហើយឬនៅ?»
ក្រុមហ៊ុនបរទេសរំពឹងថានឹងត្រូវអនុវត្តតាម
ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Google ត្រូវគេរំពឹងថា នឹងត្រូវគោរពតាមច្បាប់ថ្មីនេះ បន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត។ ក្រុមហ៊ុនទាំង ២ មិនបានផ្តល់អត្ថាធិប្បាយចំពោះរឿងនេះទេ ប៉ុន្តែក្រសួងព័ត៌មាន និងទំនាក់ទំនងរបស់ប្រទេសវៀតណាម បានប្រាប់ឲ្យដឹងកាលពីថ្ងៃសុក្រថា ពួកគេបានទទួលការសហការជំហានដំបូងពីក្រុមហ៊ុនទាំង២។
ក្រសួងដដែលបានឲ្យដឹងថា ក្រុមហ៊ុន Google និងក្រុមហ៊ុន YouTube បានដក «វីដេអូដែលបង្កការខូចខាត និងមិនស្របច្បាប់ជាច្រើន» បើទោះជាវីដេអូទាំងនោះនៅតែមាននៅលើបណ្តាញសង្គម Facebook ក៏ដោយ។ ក្រុមហ៊ុន Facebook បានលុបចោលគណនីចំនួន ៦៧០ ក្នុងចំណោមគណនីចំនួន៥ពាន់ ដែលប្រទេសវៀតណាមថា ជាគណនីក្លែងក្លាយ ឬចែកចាយ «ខ្លឹមសារបរិហារកេរ្តិ៍ អាសគ្រាម និងអំពើហិង្សា»។
កាសែត VnExpress International បានរាយការណ៍ថា ក្រុមហ៊ុន Facebook បានលុបចោលគណនីចំនួន ១៥៩ ដែលប្រឆាំងនឹងរដ្ឋាភិបាល ហើយក្រុមហ៊ុន Google បានលុបចោលវីដេអូចំនួន ៤.៥០០ «ដែលមានទិន្នន័យមិនល្អនិងបំពុលពីគេហទំព័រ YouTube»។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា៖ «រដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការព្រួយបារម្ភរបស់ប្រទេសវៀតណាមអំពីព័ត៌មាន ដែលបង្កឲ្យមានការប្រឆាំងនឹងរដ្ឋាភិបាល ការប្រឆាំងគណបក្ស (កុម្មុយនិស្តវៀតណាម) អំពើហិង្សា ឬបង្ខូចរបបដឹកនាំ ដូច្នេះហើយប្រទេសវៀតណាម អំពាវនាវឲ្យមានការសហការពីក្រុមហ៊ុន Facebook ក្នុងការដោះស្រាយបញ្ហាទាំងអស់នេះ»។ សេចក្តីថ្លែងការណ៍នេះមានឡើងបន្ទាប់ពីកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីព័ត៌មានវៀតណាម និងលោក Damien Yeo ដែលជាប្រធានកិច្ចការនិយតកម្មតំបន់របស់ក្រុមហ៊ុន Facebook។
ក្រុមហ៊ុនអ៊ីនធឺណិត ទំនងនឹងអនុវត្តតាម បើសិនជាមិនប៉ះពាល់ខ្លាំងដល់ពាណិជ្ជកម្មរបស់ពួកគេ។
លោក Lam Nguyen បាននិយាយថា៖ «ខ្ញុំគិតថា ក្នុងកម្រិតមួយជាក់លាក់ បើសិនជាក្រុមហ៊ុនបរទេសមិនចំណាយថវិកាច្រើន ឬក៏មិនមានភាពរអាក់រអួលដល់ពាណិជ្ជកម្មរបស់ពួកគេនៅប្រទេសវៀតណាមទេនោះ ពួកគេនឹងព្យាយាមគោរពតាម»។
បើយោងតាមគេហទំព័ររបស់ក្រសួងរបស់ប្រទេសវៀតណាម «ប្រធានផ្នែកកិច្ចការផ្លូវច្បាប់របស់ក្រុមហ៊ុន Facebook បានសន្យាថានឹងសហការជាមួយអាជ្ញាធរ [វៀតណាម] ដើម្បីទប់ទល់នឹងព័ត៌មានមិនល្អដែលមានទ្រង់ទ្រាយសកលលោក»៕
ប្រែសម្រួលដោយ លឹម ហ្គេចហៀង