មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់មជ្ឈឹមបូព៌ានិយាយថា លោកមិនបានទទួលការណែនាំថ្មីមកពីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកស្តីពីកិច្ចសហប្រ តិបត្តិការខាងយោធាជាមួយរុស្ស៊ីនៅក្នុងប្រទេសស៊ីរីទេបន្ទាប់ពីសន្និសីទកំពូលទីក្រុងហ៊ែលស៊ីនគីរវាងប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិងប្រធានាធិបតីរុស្ស៊ី Vladimir Putin។
លោកឧត្តមសេនីយ៍កងទ័ពសហរដ្ឋអាមេរិក Joseph Votelដែលដឹកនាំទីបញ្ជាការ កណ្តាលសហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មាននៅក្រសួងការពារប្រទេសអាមេរិកតាមរយៈសន្និសីទ Internet ពីទីក្រុង Tampa រដ្ឋFlorida កាលពីថ្ងៃព្រហស្បត៍ ថា «យើងមិនបានទទួលបញ្ជាជាក់លាក់នៅពេលនេះទេ»។
លោក Votelបាននិយាយបន្តទៀតថា កងកម្លាំងរបស់លោកកំពុងបន្តទាក់ទងទៅនឹងកិច្ចប្រតិបត្តិការដើម្បីកាត់បន្ថយជម្លោះជាមួយយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី«ដើម្បីធ្វើឲ្យប្រាកដថាបានការពារកងទ័ពសហរដ្ឋអាមេរិក»។
លោកបាននិយាយថា «សម្រាប់យើងនៅពេលឥឡូវនេះ កិច្ចប្រតិបត្តិការនេះនឹងបន្តដូច្នេះ»។
សហរដ្ឋអាមេរិកនៅពេលបច្ចុប្បន្ននេះកំពុងប្រយុទ្ធពួកអ្នកប្រយុទ្ធក្រុមរដ្ឋឥស្លាមដែលនៅសេសសល់នៅក្នុងប្រទេសស៊ីរីខណៈដែលកងទ័ពរុស្ស៊ីកំពុងវាយប្រហារក្រុមប្រឆាំងរបបអាសាដនៅក្នុងប្រទេសនោះ។
កាលពីថ្ងៃអង្គារ ក្រសួងការពារប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថា ខ្លួនបានប្រុងប្រៀបអនុវត្តអ្វីដែលខ្លួនបានអះអាងថាជាកិច្ចព្រមព្រៀងដែលបានធ្វើឡើងដោយប្រធានាធិបតីត្រាំនិងប្រធានាធិបតិ Putin ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយយោធាសហរដ្ឋអាមេរិកក្នុងប្រទេសស៊ីរី៕