រដ្ឋបាលលោក ត្រាំ កាលពីថ្ងៃព្រហ្បតិ៍ បានដាក់ទណ្ឌកម្មតុលាការបដិវត្តន៍មួយ និងចៅក្រមជាច្រើនរូបរបស់ប្រទេសអ៊ីរ៉ង់ មួយផ្នែកដោយសារតួនាទីរបស់ពួកគេ ក្នុងការកាត់ទោសប្រហារជីវិតកីឡាករបោកចំបាប់វ័យក្មេងមួយរូប។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសដាក់ទណ្ឌកម្មចៅក្រម ២ រូបនៃតុលាការបដិវត្តន៍សាខាទី១ ក្នុងទីក្រុង Shiraz និងពន្ធនាគារចំនួន ៣ ដែលលោកនិយាយថាស្ថានភាពសិទ្ធិមនុស្សនៅទីនោះ មានការរំលោភបំពានយ៉ាងខ្លាំង។ ទណ្ឌកម្មនោះ រួមមានការបង្កកទ្រព្យសម្បតិ្ត និងហាមប្រាមដល់ពលរដ្ឋអាមេរិកាំង មិនឲ្យធ្វើពាណិជ្ជកម្មណាមួយជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងបញ្ហានេះ។
លោក Pompeo លើកឡើងថា ចៅក្រមលោក Seyyed Mahmoud Sadati ត្រូវជាប់ទណ្ឌកម្មដោយសារការពាក់ព័ន្ធរបស់លោក នៅក្នុងសំណុំរឿងរបស់កីឡាករបោកចំបាប់ Navid Afkari អាយុ ២៧ ឆ្នាំ ដែលត្រូវបានកាត់ទោសប្រហារជីវិត ពីបទមនុស្សឃាត កាលពីថ្ងៃទី១២ ខែកញ្ញា បើទោះបីជាមានការអំពាវនាវពីជុំវិញពិភពលោក ឲ្យមានការសណ្តោសប្រណីក្តី ដែលក្នុងនោះក៏មានពីលោកប្រធានាធិបតី Donald Trump ផងដែរ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Pompeo បានហៅការកាត់ទោសប្រហារជីវិតនោះ ថាជាសកម្មភាពដែល «គ្មានមនសិការ» ដែលមិនត្រូវកើតមានឡើង។
ករណីរបស់យុវជននេះ ត្រូវបានគេយកចិត្តទុកដាក់ បន្ទាប់ពីបណ្តាញសង្គមបានលើកឡើងថា រូបលោកនិងបងប្អូនប្រុសរបស់លោក ដែលកំពុងជាប់ក្នុងពន្ធនាគារនោះ គឺជាជនរងគ្រោះដែលត្រូវបានគេកំណត់មុខសញ្ញា ព្រោះពួកគេបានចូលរួមធ្វើបាតុកម្មក្នុងឆ្នាំ ២០១៨ ប្រឆាំងមេដឹកនាំ Shiite ក្នុងប្រទេសអ៊ីរ៉ង់ ដែលគ្រប់គ្រងប្រទេសតាមបែបសាសនានិយមនោះ៕