ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមហ៊ុនចិន ដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយសារតែការរឹបអូសដីធ្លី និងការបណ្តេញពលរដ្ឋចេញពីផ្ទះសម្បែងដើម្បីអភិវឌ្ឍគម្រោងមណ្ឌលកម្សាន្ត និងកន្លែងលេងល្បែងដ៏ប្រណិតក្នុងទឹកប្រាក់ចំនួន ៣,៨ ពាន់លានដុល្លារ។
មណ្ឌលកម្សាន្តទេសចរណ៍ តារាសាគរ ដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ឬ Union Development Group (UDG) របស់ចិន នៅក្នុងខេត្តកោះកុង រួមមានអាកាសយានដ្ឋានអន្តរជាតិ និងផែសម្រាប់កប៉ាល់ទេសចរណ៍ ដែល «របាយការណ៍គួរឱ្យទុកចិត្ត» បានលើកឡើងថា អាចជាទីតាំងប្រើប្រាស់បានដោយយោធាចិន។
ក្រុមហ៊ុននេះបានពិពណ៌នាគម្រោងនេះថា ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោងផ្លូវក្រវ៉ាត់ពាណិជកម្មជាសាកលរបស់ចិន ឬហៅកាត់ថា (BRI)។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន UDG គឺក្រុមហ៊ុន Tianjin Union Development Group បានប្រាប់សារព័ត៌មាន Fresh News ដែលជាសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជាថា ការចោទប្រកាន់លើក្រុមហ៊ុន UDG របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក «គឺជាការមិនអើពើនឹងការពិត» និងជារឿងដែលត្រូវបានប្រឌិដ្ឋឡើង។
ក្រុមហ៊ុននេះបានបដិសេធចំពោះការលើកឡើងថា ទីតាំងនេះអាចនឹងត្រូវបានប្រើប្រាស់សម្រាប់គោលដៅយោធា ដោយលើកឡើងពីសេចក្តីថ្លែងការណ៍មួយចំនួនរបស់មន្ត្រីកម្ពុជា និងការហាមឃាត់នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ចំពោះវត្តមានកងទ័ពបរទេសនៅលើទឹកដីកម្ពុជា។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បាននិយាយថា មាន «របាយការណ៍គួរឱ្យទុកចិត្ត» លើកឡើងថា តំបន់តារាសាគរ «អាចត្រូវបានប្រើប្រាស់ធ្វើជាមូលដ្ឋានសម្រាប់រក្សាទុកសព្វាវុធ (ចិន)»។
កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅថ្ងៃដែលក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានប្រកាសពីការដាក់ទណ្ឌកម្មនេះ លោក Mike Pompeo បានលើកឡើងបន្ថែមទៀត នៅក្នុងសេចក្តីថ្លែងការណ៍ថា «ប្រសិនបើដូច្នេះមែន (នេះ) នឹងផ្ទុយពីរដ្ឋធម្មនុញ្ញរបស់កម្ពុជា និងអាចគំរាមដល់ស្ថិរភាពនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលអាចនឹងប៉ះពាល់ដល់អធិបតេយ្យភាពរបស់កម្ពុជា និងសន្តិសុខរបស់សម្ព័ន្ធមិត្តរបស់យើង»។
សហរដ្ឋអាមេរិកបានលើកឡើងពីក្តីបារម្ភកាលពីពេលមុនថា ទីតាំងនេះអាចនឹងត្រូវប្រើប្រាស់ជាមូលដ្ឋានយោធាសម្រាប់កងទ័ពជើងទឹកចិន ប៉ុន្តែអាជ្ញាធរកម្ពុជាបានបដិសេធម្តងហើយម្តងទៀតចំពោះការលើកឡើងបែបនេះ។
ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន គឺធ្វើតាមបទបញ្ជាប្រធានាធិបតីលេខ ១៣៨១៨ ដែលយោង និងអនុវត្តតាមច្បាប់ម៉ានីតស្គី (Global Magnitsky) ដោយសំដៅដល់បុគ្គល ឬស្ថាប័នដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ និងអ្នកគាំទ្ររបស់ខ្លួនផងដែរ។
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានលើកឡើង តាមរយៈសេចក្តីថ្លែងការណ៍ កាលពីថ្ងៃអង្គារសប្តាហ៍មុនថា៖ «សកម្មភាពរបស់ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប គឺបានបង្ខំពលរដ្ឋកម្ពុជាចេញពីដីធ្លីរបស់ពួកគេនិងបំផ្លាញបរិស្ថានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ហើយទាំងអស់នេះគឺធ្វើឡើងក្រោមរូបភាពបន្លំប្រែក្លាយកម្ពុជា ឲ្យទៅជាកន្លែងភ្ជាប់ភស្តុភារថ្នាក់តំបន់និងគោលដៅទេសចរណ៍»។
សហរដ្ឋអាមេរិកបានចោទថា ក្រុមហ៊ុន UDG បានធ្វើប្រតិបត្តិការក្នុងនាមជាក្រុមហ៊ុនកម្ពុជា តាមរយៈលោកនាយឧត្តមសេនីយ៍ គន់ គីម ដែលជាមនុស្សជំនិតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកត្រូវបានគេចោទថា បានប្រើប្រាស់សិទ្ធិយោធាដើម្បីរឹបអូសដីធ្លី ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្នុងការបណ្តេញពលរដ្ឋក្នុងមូលដ្ឋាន ចេញពីតំបន់ដែលក្រុមហ៊ុន UDG ចង់បានសម្រាប់គម្រោងមណ្ឌលកម្សាន្តទេសចរណ៍របស់ខ្លួន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលផ្ញើទៅកាន់សារព័ត៌មាន Fresh News ក្រុមហ៊ុន UDGបានការពារលោក គន់ គីម ដោយនិយាយថា៖
«នៅក្នុងដំណើរការនៃការរុះរើ ក្រុមហ៊ុនយូញៀនគ្រុបគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ និងបទប្បញ្ញត្តិដែលពាក់ព័ន្ធរបស់ប្រទេសកម្ពុជា និងខ្លឹមសារនៃកិច្ចសន្យាជួលដី សហការយ៉ាងសកម្មជាមួយគណៈកម្មាធិការអន្តរក្រសួង ដើម្បីជំរុញការងារផ្សេងៗហើយមិនដែលធ្វើសកម្មភាពខុសច្បាប់ណាមួយ តាមរយៈលោកនាយឧត្តមសេនីយ៍ គន់ គីម ឡើយ»។
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោកនាយឧត្តមសេនីយ៍ជាន់ខ្ពស់រូបនេះ ភរិយារបស់លោក និងកូនរបស់លោកពីរនាក់ផ្សេងទៀត កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ចំពោះ «ការពាក់ព័ន្ធរបស់លោកនៅក្នុងអំពើពុករលួយ»។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក។ លោក គន់ គីម ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ថា បានប្រើប្រាស់ឥទ្ធិពលនិងបណ្តាញរបស់លោក ដើម្បីផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុនចិននៅក្នុងប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោក Steven Mnuchin បាននិយាយក្នុងសម្តីដើមកាលពីថ្ងៃអង្គារសប្តាហ៍មុនថា៖ «ក្រោយពីបានចុះឈ្មោះក្លែងក្លាយជាក្រុមហ៊ុនកម្ពុជា ដើម្បីទទួលបានដីសម្រាប់គម្រោងអភិវឌ្ឍរមណីយដ្ឋានទេសចរណ៍តារាសាគរ ក្រុមហ៊ុន UDG បានប្តូរមកម្ចាស់ពិតប្រាកដ និងបន្តធ្វើប្រតិបត្តិការ ដោយគ្មានការដាក់ទោសទណ្ឌអ្វីទាំងអស់»។
លោករដ្ឋមន្ត្រី Pompeo បានបង្ហោះសារនៅលើបណ្តាញ Twitter ភ្លាមៗបន្ទាប់ពីការប្រកាសការដាក់ទណ្ឌកម្មនេះថា៖ «យើងនឹងមិនអត់ឱនដល់សកម្មភាពទាំងឡាយណា ដែលប្រឆាំងមនុស្សស្លូតត្រង់ ហើយនឹងបន្តនៅជាមួយពលរដ្ឋកម្ពុជា»។
កាលពីថ្ងៃពុធសប្តាហ៍មុន ស្ថានទូតចិនប្រចាំនៅកម្ពុជាបានបង្ហោះសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រហ្វេសប៊ុកដោយនិយាយថា៖
«រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រែក្រឡាស់រឿងពិត ចោទប្រកាន់មិនសមហេតុផល បានប្រើច្បាប់ក្នុងប្រទេសខ្លួនមកដាក់ទណ្ឌកម្មលើគម្រោងរបស់សហគ្រាសចិនក្នុងទឹកដីប្រទេសកម្ពុជានេះ គឺជាសកម្មភាពប្រើអំណាចគាបសង្កត់យ៉ាងខ្លាំង។ ការគាបសង្កត់របស់សហរដ្ឋអាមេរិកទៅលើការវិនិយោគស្របច្បាប់របស់សហគ្រាសចិនក្នុងប្រទេសកម្ពុជា មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អត្ថប្រយោជន៍សិទ្ធិស្របច្បាប់របស់សហគ្រាសនោះទេ ហើយរឹតតែជាការរំលោភបំពានទាំងស្រុងលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាផងដែរ»។
ស្ថានទូតចិនបានសរសេរបន្តបង្ហាញពី «ការជំទាស់ និងថ្កោលទោសជាដាច់ខាតចំពោះទង្វើមួយនេះ។ យើងទទូចដល់ភាគីសហរដ្ឋអាមេរិកកែប្រែវិធីសាស្ត្រខុសមួយនេះជាបន្ទាន់ និងដកទណ្ឌកម្មសម្រេចទាំងស្រុងរបស់ខ្លួនផងដែរ»។
ភាពចម្រូងចម្រាសដែលមានជាបន្តបន្ទាប់
គម្រោងរបស់ក្រុមហ៊ុន UDC បានធ្វើឱ្យមានការចាប់អារម្មណ៍ចាប់តាំងពីឆ្នាំ ២០០៨ នៅពេលដែលក្រុមហ៊ុននេះទទួលបានសម្បទានដីរយៈពេល ៩៩ ឆ្នាំពីរដ្ឋាភិបាលកម្ពុជាចំនួន ៣៦.០០០ ហិកតា ដែលនេះក៏រួមមានទាំងបណ្តោយឆ្នេរចំនួន ២០% របស់កម្ពុជាផងដែរ។
គម្រោងអភិវឌ្ឍន៍នេះរួមមានរមណីយដ្ឋានទេសចរណ៍តារាសាគរ អាកាសយានដ្ឋានអន្តរជាតិដ៏ធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានផ្លូវយន្តហោះវែងជាងគេបង្អស់ និងមានចំណុចពិសេសៗអ្នកបើកយន្តហោះចម្បាំងចង់បាន ព្រមទាំងកំពង់ផែទឹកជ្រៅដែលអាចឱ្យនាវាចម្បាំងអាចចូលចតបាន។
គម្រោងសាងសង់នេះប៉ះពាល់ដល់តំបន់ព្រៃក្រាស់នៃឧទ្យានជាតិបុទុមសាគរ ដែលជាឧទ្យានដ៏ធំបំផុតរបស់កម្ពុជា។ ឧទ្យាននេះមានភាពល្បីល្បាញដោយតែជីវៈចម្រុះនៅទីនោះ ហើយវាជាជម្រកសត្វកម្រនានាដូចជា សត្វខ្លាពពក (clouded leopard) សត្វខ្លាឃ្មុំខ្មៅអាស៊ី ឆ្កែព្រៃ សត្វទោច និងខ្លាត្រី។ ឧទ្យាននេះក៏បម្រើជាកន្លែងតភ្ជាប់នៃផ្លូវដំរីដែលនៅសេសសល់ក្នុងតំបន់អាស៊ី។ ផ្លូវដំរីគឺជាផ្លូវតូចៗ ដែលដំរីអាចធ្វើដំណើរបានពីជម្រកមួយទៅជម្រកមួយទៀត នៅពេលគេចពីមនុស្ស។
ដូចត្រូវបានបង្ហាញនៅក្នុងការទណ្ឌកម្មនេះ គម្រោងរបស់ក្រុមហ៊ុន UDG បានបំផ្លាញផ្ទះសម្បែងជាង ១.៥០០ ខ្នង នៅក្នុងខេត្តកោះកុង។ នេះបើយោងតាមមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
រដ្ឋាភិបាលកម្ពុជាបានច្រានចោលភស្តុតាងដែលសហរដ្ឋអាមេរិកបានបង្ហាញ ដើម្បីគាំទ្រដល់ការដាក់ទណ្ឌកម្មរបស់ខ្លួនទៅលើក្រុមហ៊ុន UDG ដោយបានហៅសកម្មភាពនេះថា ជាការវាយប្រហារផ្នែកនយោបាយក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានប្រាប់ VOA កាលពីថ្ងៃពុធសប្តាហ៍មុនថា៖ «ករណីនេះមិនមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះទេ ដោយសារតែវាជាក្រុមហ៊ុនឯកជន»។
គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន បានការពារថា វិវាទដីធ្លីពាក់ព័ន្ធនឹងគម្រោងតារាសាគររបស់ក្រុមហ៊ុន UDG មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននិយាយថា៖ «បើគ្រាន់តែយកអាទំនាស់ដីធ្លីកំប៉ិកកំប៉ុកយកមកធ្វើជាមូលដ្ឋានថា រំលោភសិទ្ធិមនុស្ស ខ្ញុំថាកម្ពុជា វាអត់មានពន្លឺអីពីរឿងសិទ្ធិមនុស្សទេ។ វាគ្រប់កន្លែងទាំងអស់ ពីព្រោះតែកាលណាមានការអភិវឌ្ឍ មានការដីឡើងថ្លៃ អាហ្នឹងសុទ្ធតែមានអ្នកអះអាងថា អ៊ីចេះ ថាអ៊ីចុះ»។
ទោះជាយ៉ាងនេះក្តី គណៈកម្មការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានលើកឡើងថា នៅទូទាំងពិភពលោក «ដីធ្លីគឺជាបញ្ហាដ៏ស្មុគស្មាញដែលប៉ះពាល់ដោយផ្ទាល់ដល់ការទទួលបានសិទ្ធិមនុស្សមួយចំនួន។ សម្រាប់មនុស្សជាច្រើន ដីធ្លីគឺជាប្រភពនៃជីវភាពរបស់ពួកគេ និងមានសារៈសំខាន់ចំពោះសិទ្ធិសេដ្ឋកិច្ចរបស់ពួកគេ»។
នៅពេលពលរដ្ឋត្រូវបាន «គេបណ្តេញចេញដោយបង្ខំ ឬជម្លៀសចេញពីដីរបស់ពួកគេសម្រាប់គម្រោងពាណិជ្ជកម្ម ឬការអភិវឌ្ឍទ្រង់ទ្រាយធំៗ» វាជារឿយៗរួមចំណែកដល់ «កំណើនធ្វើចំណាកស្រុកពីជនបទទៅទីក្រុង ហើយជាលទ្ធផល មានសម្ពាធបន្ថែមទៀតក្នុងការទទួលបានដីធ្លី និងផ្ទះសម្បែងនៅក្នុងទីក្រុង។ ការជម្លៀសពលរដ្ឋនេះមួយផ្នែកត្រូវបានធ្វើឡើងតាមវិធីដែលរំលោភបំពានដល់សិទ្ធិមនុស្សរបស់សហគមន៍រងគ្រោះ ហើយនេះកាន់តែធ្វើឱ្យពួកគេស្ថិតក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរ»។
ការជំទាស់ត្រូវបានលើកឡើង
អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា បានប្រាប់ VOA ថា លំនៅដ្ឋានដែលផ្តល់ឱ្យដោយរដ្ឋាភិបាលទៅឱ្យគ្រួសារដែលត្រូវបានជម្លៀសដោយគម្រោងរបស់ក្រុមហ៊ុន UDG មិនអាចទទួលយកបាននោះទេ មួយផ្នែកដោយសារតែគ្រួសារទាំងនោះត្រូវបានគេប្តូរទីលំនៅទៅកន្លែងឆ្ងាយពីសមុទ្ រដែលជាប្រភពជីវភាពរបស់ពួកគេ។
លោក ហ៊ួរ អីន អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុងបាននិយាយថា៖
«សម្រាប់ទីតាំងថ្មីដាក់នៅលើភ្នំ ហើយពួកគាត់អ្នកនេសាទ។ ពួកគាត់មិនអាចនេសាទបានទេ ដោយសារតែនៅទីតាំងថ្មីទាំងហេដ្ឋារចនាសម្ព័ន្ធក៏អត់បានបំពេញទៅតាមលក្ខខណ្ឌ ដែលបានសន្យាក្នុងការដោះស្រាយជូនប្រជាពលរដ្ឋដែរ។ អ៊ីចឹងយើងឃើញថា ប្រជាពលរដ្ឋភាគច្រើន គឺមិនពេញចិត្តនឹងទទួលយកក្នុងការដោះស្រាយកន្លងមករបស់ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ទេ»។
គណបក្សប្រឆាំងដែលរស់នៅភៀសខ្លួននៅក្រៅប្រទេស បានស្វាគមន៍ការដាក់ទណ្ឌកម្មនេះ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនិយាយថា៖ «យុត្តិធម៌ពាក់កណ្តាលដែរ។ យុត្តិធម៌ពិតប្រាកដនោះគឺត្រូវផ្តល់ជូនកសិករយើង គឺផ្តល់ជូនប្រជានេសាទយើងកសិករយើងនូវដីធ្លីរបស់គ្រួសារទាំងនោះមកវិញ ក៏ប៉ុន្តែនេះក៏ជាយុត្តិធម៌ពាក់កណ្តាលដែរ។ ជាមួយគ្នានេះ តែក៏បង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិកចូលរួមជាមួយនឹងយើងទាមទារឱ្យបានបញ្ចប់នូវវប្បធម៌និទណ្ឌភាពគឺយកអ្នកដែលប្រព្រឹត្តខុសនឹងច្បាប់ ឱ្យទទួលបាននូវការប្រឈមមុខ។ នេះបើមិនបានប្រឈមមុខនឹងតុលាការកម្ពុជាក៏ដោយ ក៏ប្រឈមមុខនឹងទណ្ឌកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកដែរ»។
សហរដ្ឋអាមេរិកបានចោទប្រកាន់ថា ចិនប្រើប្រាស់គម្រោងអភិវឌ្ឍន៍ ដូចជាគម្រោងរបស់ក្រុមហ៊ុន UDG ដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងពិភពលោក ជាពិសេសតាមរយៈគម្រោង BRI។ សហរដ្ឋអាមេរិកបានបង្ហាញពីក្តីបារម្ភនេះកាលពីឆ្នាំមុន បន្ទាប់ពីមានរបាយការណ៍សារព័ត៌មានដកស្រង់សម្តីរបស់លោក ផៃ ស៊ីផាន ដោយបាននិយាយថា តំបន់រមណីយដ្ឋានទេសចរណ៍តារាសាគរអាចនឹងប្រែក្លាយទៅមូលដ្ឋានយោធា។
សេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានសរសេរថា៖ «វត្តមានយោធារបស់ចិនជាអចិន្ត្រៃយ៍នៅកម្ពុជា អាចគំរាមដល់ស្ថិរភាពថ្នាក់តំបន់ និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយវិវាទដោយសន្តិភាព ការលើកកម្ពស់សុវត្ថិភាព និងសន្តិសុខដែនសមុទ្រ និងសេរីភាពនៃ ការធ្វើនាវាចរណ៍និងការហោះហើរ»។
លោក ផៃ ស៊ីផាន បាននិយាយថា លោកមិនធ្លាប់ទទួលស្គាល់ថាតំបន់អភិវឌ្ឍន៍របស់ក្រុមហ៊ុន UDGនោះអាចប្រែទៅជាមូលដ្ឋានយោធាចិននោះទេ។
លោកផៃ ស៊ីផានបានប្រាប់ VOA ថា៖ «សុំច្រានចោលនៃរបាយការណ៍ដែលលើកឈ្មោះខ្ញុំដាក់ហ្នឹងជាគួរឱ្យខ្មាសអៀន ដែលខ្ញុំមិនបាននិយាយអ៊ីចឹង»។
នៅក្នុងខែកក្កដា ឆ្នាំ២០១៩ លោកបានប្រាប់សារព័ត៌មាន Bloomberg ថា៖ «គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍តារាសាគរ គឺជាគម្រោងឯកជន។ មិនមានមូលដ្ឋាន [យោធា] ទាល់តែសោះ។ បាទ ប៉ុន្តែអ្នកអាចប្រែវាទៅជាអ្វីមួយផ្សេង»។
ការពង្រីកឥទ្ធិពល
លោក សុខ ឥសាន ក៏បានអះអាងថា រាជរដ្ឋាភិបាលចង់បង្កើតតំបន់សេដ្ឋកិច្ចនៅក្នុងតំបន់តារាសាគរ និងដោយគ្មានចេតនាធ្វើឱ្យទីតាំងនោះក្លាយជាមូលដ្ឋានយោធា ដើម្បីបម្រើមហាអំណាចណាមួយនោះឡើយ។
លោក សុខ ឥសាន បាននិយាយថា៖ «កម្ពុជាមិនចង់ធ្វើមហាអំណាចខាងយោធាទេ។ កម្ពុជាចង់ត្រឹម តែថាធ្វើម៉េចរស់ឱ្យសេដ្ឋកិច្ចចិញ្ចឹមប្រជាជន ១៦ លាននាក់ហ្នឹង ឱ្យតែរស់ទៅ អាហ្នឹងវាជាការប្រសើរហើយ។ អ៊ីចឹង យើងខិតខំក្នុងបញ្ហាកសាងអភិវឌ្ឍប្រទេសយើង មិនចង់បានសង្គ្រាមមកនៅក្នុងកម្ពុជាទៀតទេ»។
ប្រទេសកម្ពុជាបានចងសម្ព័ន្ធមិត្តជាមួយនឹងប្រទេសចិន ខណៈដែលរដ្ឋាភិបាលក្រុងប៉េកាំងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ ដោយមិនមានការប្រជែងពីមហាអំណាចផ្សេងក្រៅពីសហរដ្ឋអាមេរិក។
នៅក្នុងសៀវភៅថ្មីមួយមានចំណងជើងថា «In the Dragon’s Shadow» ឬបកប្រែជាភាសាខ្មែរថា «នៅក្រោមស្រមោលនាគ» អ្នកកាសែតជើងចាស់ លោក Sebastian Strangio បានរៀបរាប់ពីវិធីដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែនទទួលបានភាពរីកចម្រើនចេញពីចំណងទាក់ទងជិតស្និទ្ធជាមួយនឹងចិន។
នៅពេលជាមួយគ្នានេះ ប្រទេសនៅក្នុងតំបន់អាស៊ានផ្សេងទៀតព្យាយាមរក្សាអធិបតេយ្យភាពរបស់ពួកគេ ដោយព្យាយាមរក្សាគម្លាតពីរដ្ឋាភិបាលក្រុងប៉េកាំង នៅពេលរារែកក្នុងការជ្រើសរើសភាគីណាមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
លោក Strangio បានសរសេរថា៖ «គ្មានប្រទេសណានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជិតស្និទ្ធនឹងចិនជាងកម្ពុជាទេ ហើយគ្មានប្រទេសណាបង្ហាញពីការងើបឡើងវិញ ខាងផ្នែកសេដ្ឋកិច្ចនិងនយោបាយរបស់ចិន ដោយបានកែប្រែដល់សកម្មភាពជំនួយ និងការអភិវឌ្ឍក្នុងតំបន់ ជាងកម្ពុជាទេ»។
នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ប្រទេសចិនបានព្យាយាមពង្រីកការគ្របដណ្តប់ផ្នែកសេដ្ឋកិច្ច វប្បធម៌ យោធា និងនយោបាយតាមរយៈជំនួយទ្វេភាគី និងគម្រោងអភិវឌ្ឍន៍ធំៗ ដូចជាគម្រោង BRI ដែលរួមមានទាំងរមណីយដ្ឋានទេសចរណ៍តារាសាគរផងដែរ។
លោក Strangio បានប្រាប់ VOA ថា៖ «ប្រទេសកម្ពុជា គឺជាសម្ព័ន្ធមិត្តដ៏មានសារៈប្រយោជន៍សម្រាប់ប្រទេសចិន នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរារាំងនិន្នាការប្រឆាំងចិនណាមួយ ឬអ្វីដែលខ្លួនយល់ថាជាសំឡេងរួមតែមួយប្រឆាំងនឹងចិនមិនឱ្យកើតមាន»។
លោកបានលើកឡើងពីកិច្ចប្រជុំកំពូលអាស៊ាន ក្នុងឆ្នាំ ២០១២ ដែលមិនអាចចេញសេចក្តីថ្លែងការណ៍រួមលើបញ្ហាសមុទ្រចិនខាងត្បូង ដោយសារតែខ្លួនខ្លាចធ្វើឱ្យចិនអាក់អន់ស្រពន់ចិត្ត។
ក្រុមប្រឆាំងបានបន្ទោសលោក ហ៊ុន សែន ដែលជ្រើសយកប្រទេសចិន ដែលអាចអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអាចបន្លំការពង្រីកយោធារបស់ខ្លួន ក្រោមរូបភាពគម្រោងអភិវឌ្ឍន៍។
លោកស្រី មូរ សុខហួរ បាននិយាយថា៖ «យើងឃើញថា នៅក្នុងការពង្រីកអំណាចសេដ្ឋកិច្ចរបស់ខ្លួនពង្រីកអំណាចរបស់ប្រទេសចិននៅភូមិភាគរបស់យើងនេះ គឺជាការពង្រីកអំណាចតាមរយៈការធ្វើវិនិយោគដែលលោក ហ៊ុន សែន ថា ការវិនិយោគអភិវឌ្ឍរបស់លោក ហ៊ុន សែន។ វិនិយោគរបៀបហ្នឹង គឺឃើញច្បាស់ណាស់វិនិយោគដើម្បីឱ្យចិនដាក់គ្រឹះមូលដ្ឋានទ័ពនៅទឹកដីកោះកុងរបស់យើង»។
លោកបណ្ឌិត រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយនិងជាសហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា(CID) ជឿថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកទៅលើក្រុមហ៊ុនចិននៅកម្ពុជា ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងការពង្រីកអំណាចរបស់ចិនឱ្យទៅជាមហាអំណាចថ្នាក់តំបន់។
លោកបណ្ឌិត រ៉ូ វណ្ណៈ បាននិយាយថា៖ «ការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដែលមានមូលដ្ឋានទំនាក់ទំនងជាមួយនឹងកម្ពុជានេះ ជាសញ្ញាមួយដែលធ្វើឱ្យកម្ពុជាមិនជាស្រួលខ្លួនដែរ ក្នុងន័យថានៅពេលដែលមហាអំណាចចាប់ផ្ដើមប្រជែងចាប់ផ្ដើមរុញចាប់ផ្ដើមជះទឹកដាក់គ្នា អ៊ីចឹងប្រទេសតូចតាចដែលពឹងអាស្រ័យទៅលើប្រទេសធំ ជាពិសេសទៅលើប្រទេសចិន ពិសេសក្នុងន័យសេដ្ឋកិច្ចវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ផង វាធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចផង បើសិនមហាយក្សទាំងពីរនៅតែប្រជែងគ្នា»៕