ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំណុល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រហែលជា​ស្មើ​នឹង​ទំហំ​សេដ្ឋកិច្ច​ជាតិ​ក្នុង​ឆ្នាំ​នេះ​និង​ឆ្នាំ​ក្រោយ


រូប​ឯកសារ៖ ទង់ជាតិ​សហរដ្ឋអាមេរិក​បង្ហូត​ពាក់កណ្ដាល​ដង​នៅ​ឯ​ឧទ្យាន​ជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​​អ្នក​ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ថ្ងៃ​ទី ២៣ ខែឧសភា ឆ្នាំ​២០២០។

បំណុល​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ នេះ ប្រហែលជា​ស្មើ​នឹង​ទំហំ​សេដ្ឋកិច្ច​ជាតិ ហើយ​នឹង​មាន​លើស​ពី​ទំហំ​សេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ ២០២១។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ថវិកា​សភា​សហរដ្ឋ​អាមេរិក​ដែល​ហៅ​កាត់​ថា CBOដែល​ជា​ទីភ្នាក់ងារ​មិន​ប្រកាន់​ខាង​គណបក្ស​នយោបាយ​ណា​មួយ កាល​ពី​ថ្ងៃ​ទី ២ ខែ​កញ្ញា​កន្លង​ទៅ​នេះ។

ការិយាល័យ CBO បាន​លើកឡើង​ថា អតុល្យភាព​ហិរញ្ញវត្ថុ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ចាប់​តាំងពី​ពេល​ដែល​សង្គ្រាមលោក​លើក​ទី​ពីរ​បាន​បញ្ចប់​មក។

អ្នកវិភាគ​ក្នុង​សភា​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា បំណុល​ដែល​សហរដ្ឋ​អាមេរិក​ជំពាក់​នឹង​មាន​ចំនួន ៩៨% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​សហរដ្ឋ​អាមេរិក ដែល​មាន​ប្រមាណ ១៩ លាន​លាន​ដុល្លារ ហើយ​នឹង​មាន​លើស​ពី​ទំហំ​សេដ្ឋកិច្ច​ជាតិ​នៅ​ឆ្នាំ​ក្រោយ។

ហេតុផល​ដែល​បណ្ដាល​ឲ្យ​មាន​បញ្ហា​នេះ​គឺ​ដោយសារ​រដ្ឋាភិបាល​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​ដល់​អាជីវកម្ម​នានា និង​ដល់​គ្រួសារ​អាមេរិកាំង​និង​អ្នក​ធ្វើការ​ភាគ​ច្រើន​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩ ដែល​ការ​ផ្ដល់​ជំនួយ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ឱនភាព​ចំណាយ​របស់​រដ្ឋាភិបាល​កើនឡើង។

កន្លង​មក កម្រិត​បំណុល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដែល​មាន​លើស​ពី​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​លើក​ចុងក្រោយ​បង្អស់​គឺ​កើតឡើង​នៅ​ក្នុង​ឆ្នាំ ១៩៤៦ ដែល​នៅ​ពេល​នោះ​មាន​ចំនួន ១០៦% នៅក្រោយ​ពេល​ដែល​រដ្ឋាភិបាល​ចំណាយ​ថវិកា​ដល់​ផ្នែក​យោធា​អស់​រាប់​ឆ្នាំ​ដើម្បី​ជួយ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​ពីរ។

គេ​ស្ទង់​ប្រមាណ​ថា ឱនភាព​ថវិកា​ប្រចាំ​ឆ្នាំ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នឹង​កើន​ឡើង​ដល់ ៣,៣ លាន​លាន​ដុល្លារ​នៅ​ដំណាច់​ឆ្នាំ​សារពើពន្ធ​នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ខាង​មុខ គឺ​មាន​ជាង​បី​ដង​បើ​ប្រៀបធៀប​ជាមួយ​នឹង​ឆ្នាំ​មុន។ ឱនភាព​ថវិកា​នេះ​បាន​កើនឡើង​ជា​ច្រើន​រួចហើយ ដោយសារ​ការ​កាត់​បន្ថយ​ពន្ធ​របស់​រដ្ឋាភិបាល​ដែល​អនុម័ត​ដោយ​សភា និង​ការ​កើនឡើង​នូវ​ការ​ចំណាយ ក៏​ប៉ុន្តែ​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ឱ្យ​ឱនភាព​នេះ​កាន់តែ​កើនឡើង​ថែមទៀត។

វិស័យ​សាធារណៈ ដែល​ក្នុង​នោះ​មាន​ទាំង​វិនិយោគិន ធានាគារ​សហរដ្ឋ​អាមេរិក​និង​រដ្ឋាភិបាល​បរទេស រួមទាំង​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ​និង​រដ្ឋាភិបាល​មូលដ្ឋាន​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក មាន​បំណុល​ចំនួន ២០ លាន​លាន​ដុល្លារ ឬ​ចំនួន ៧៧% នៃ​បំណុល​ជាតិ​ដែល​មាន​ទឹក​ប្រាក់​ជាង ២៦ លាន​លាន​ដុល្លារ។ ចំណែក​ឯ​ផ្នែក​សេសសល់​នៃ​បំណុល​នេះ​ជា​បំណុល​ក្នុង​រដ្ឋាភិបាល​ផ្ទាល់​ដូចជា​ថវិកា​សម្រាប់​ប្រាក់​សោធន​និវត្តន៍​និង​ការ​ថែទាំ​សុខភាព​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​វ័យ​ចំណាស់​ជាដើម។

ដោយសារ​មាន​ការ​ចំណាយ​បន្ថែម​នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ គេរំពឹង​ថា ឱនភាព​សហព័ន្ធ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ ២០២០ នេះ នឹង​ស្មើ​ប្រមាណ ១៦% នៃ​សេដ្ឋកិច្ច​ជាតិ ដែល​ជា​ចំនួន​ដ៏​ច្រើន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ ១៩៤៥ មក។

សមាជិក​សភា​បាន​និយាយ​ជា​ញឹកញយ​ថា ពួកគេ​ចង់​បន្ថយ​ឱនភាព​ឱ្យ​នៅ​ក្រោម ៣% ទោះបីជា​សមាជិក​សភា​ខាង​គណបក្ស​សាធារណរដ្ឋ​ខ្លះ​ជា​រឿយៗ​បាន​បញ្ជាក់​ថា ពួកគេ​ចង់​បំបាត់​ឱនភាព​នេះ​ទាំងស្រុង​ក៏ដោយ។

គេ​យល់​ឃើញ​ថា ការ​ចំណាយ​ដែល​នាំឱ្យ​មាន​ឱនភាព​គឺ​ជា​ការ​ចាំបាច់​ដើម្បី​ជួយ​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ឲ្យ​ងើប​ឡើង​វិញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ នៅ​ពេល​បច្ចុប្បន្ន​នេះ អ្នក​ធ្វើការ​រាប់​លាន​នាក់​នៅតែ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅពេល​នេះ​គឺ​ក្នុង​ពេល​មិន​ដល់​ពីរ​ខែ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​និង​ការ​បោះឆ្នោត​សភា​ចូល​មក​ដល់ គេ​ឃើញ​ថា​នៅ​មិន​ទាន់​មាន​ការ​មូល​មតិ​គ្នា​នៅ​ឡើយ​អំពី​ចំនួន​ទឹក​ប្រាក់​ជំនួយ​បន្ថែម​ប៉ុន្មាន​ដែល​សភា​គួរ​អនុម័ត​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ។ គណបក្ស​សាធារណរដ្ឋ និង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump បាន​យល់ព្រម​ចំពោះ​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ១,៣ លាន​លាន​ដុល្លារ ចំណែក​ឯ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ស្នើ​ឱ្យ​មាន​កញ្ចប់​ថវិកា​ជំនួយ​ចំនួន ២,២ លាន​លាន​ដុល្លារ។

ប្រាក់​បន្ថែម​ចំនួន ៦០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍ ដែល​រដ្ឋាភិបាល​ជាតិ​ផ្ដល់​ដល់​អ្នក​បាត់បង់​ការងារ​ធ្វើ​ម្នាក់ៗ​ក្នុង​គ្រា​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ នេះ បាន​ផុត​កំណត់​កាល​ពី​ដំណាច់​ខែ​កក្កដា។ លោក​ប្រធានាធិបតី Trump បាន​ចុះ​ហត្ថលាខា​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ​ផ្ដល់​ប្រាក់​ចំនួន ៤០០ ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ជា​ប្រាក់​ជំនួយ​បន្ថែម​ដល់​អ្នក​បាត់បង់​ការងារ​ធ្វើ ប៉ុន្តែ​រដ្ឋ​នានា​មាន​ការ​យឺតយ៉ាវ​នៅ​ក្នុង​ការ​អនុវត្ត​វិធានការ​នេះ ហើយ​កន្លង​មក មានតែ​រដ្ឋ ៦ ប៉ុណ្ណោះ ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ ដែល​បាន​ចាប់ផ្តើម​បញ្ជូន​ប្រាក់​នេះ​ទៅ​ឱ្យ​អ្នក​ដែល​បាត់បង់​ការងារ​ធ្វើ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ១៩។

ទោះបីជា​សភា​សហរដ្ឋ​អាមេរិក​បាន​អនុម័ត​លើ​កញ្ចប់​ជំនួយ​សម្រាប់​វិបត្តិ​ជំងឺ​កូវីដ១៩ កាលពី​ដើម​ឆ្នាំ​នេះ​ក៏ដោយ ក៏​ប្រាក់​ចំណូល​ពី​ពន្ធដារ​បាន​ថយចុះ ដោយសារតែ​អាជីវកម្ម​នានា​បាន​បិទ​អស់​រយៈពេល​រាប់​សប្តាហ៍​តាម​បញ្ជា​របស់​រដ្ឋាភិបាល​ថ្នាក់​រដ្ឋ ហើយ​ក្នុង​នោះ​អាជីវកម្ម​មួយ​ចំនួន​បាន​បិទ​ជា​អចិន្ត្រៃយ៍។

ការិយាល័យ CBO បាន​ប្រមើល​មើល​ថា ការ​ពន្យារពេល​របស់​រដ្ឋបាល​លោក Trump និង​សភា​សម្រាប់​បុគ្គល និង​អាជីវកម្ម​នានា​ក្នុង​ការ​បង់​ពន្ធ​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​ពន្ធ​ដែល​ប្រមូល​បាន​ពី​ប្រាក់​ចំនូល​របស់​បុគ្គល​ថយចុះ​ប្រមាណ ២០០ ពាន់​លាន​ដុល្លារ ចំណែក​ឯ​ពន្ធ​ដែល​ប្រមូល​បាន​ពី​ប្រាក់​ចំណូល​របស់​អាជីវកម្ម​នានា​បាន​ថយចុះ​ប្រមាណ ៨០ ពាន់​លាន​ដុល្លារ៕

ប្រែ​សម្រួល​ដោយលោក ឈឹម សុមេធ

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG