ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជួល​ផ្ទះ​រាប់​លាន​នាក់​ក្នុង​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ


រូបភាពឯកសារ៖ សា្លកសញ្ញា«គ្មានការងារ​គ្មាន​ផ្ទះជួល»ត្រូវបានបាព្យួរ​ចេញពីអគារ​អាផាតមិន​មួយ​ក្នុងក្នុង​ទីក្រុងវ៉ាស៊ីនតោន។
រូបភាពឯកសារ៖ សា្លកសញ្ញា«គ្មានការងារ​គ្មាន​ផ្ទះជួល»ត្រូវបានបាព្យួរ​ចេញពីអគារ​អាផាតមិន​មួយ​ក្នុងក្នុង​ទីក្រុងវ៉ាស៊ីនតោន។

ការ​រាតត្បាត​ជា​សាកល​​នៃ​វីរុស​កូរ៉ូណា​បាន​ធ្វើ​ឱ្យវិបត្តិ​ផ្ទះ​សំបែង​​រឹត​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត។​អ្នក​ជួល​ផ្ទះ​រាប់​លាន​នាក់​ក្នុង​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ។

អ្នកស្រី Tiana Caldwell នៃ​ក្រុង​Kansas City រដ្ឋMissouri ជា​មនុស្ស​ម្នាក់​ក្នុង​បណ្តា​ប្រជារាស្ត្រ​អាមេរិកាំងជិត​៤០​លាននាក់ដែលមាន​គ្រោះថ្នាក់​ក្នុង​ការបណ្តេញ​ចេញ​ពីផ្ទះ​សំបែង​នៅ​ដំណាច់​ឆ្នាំ​នេះ​ដែល​ជា​លទ្ធផលដោយ​ផ្ទាល់នៃ​ការចុះថយ​សេដ្ឋកិច្ច​និង​ការ​បាត់​បង់​ការងារច្រើន​បណ្តាល​មក​ពី​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា នេះ​បើ​តាមក្រុម​មួយ​ដែល​ជួយ​ដោះស្រាយ​បញ្ហាផ្ទះ​សម្បែងជាតិ។

អ្នកស្រី Tiana Caldwell បាន​បាត់បង់ការងារហើយ​បានព្យបាល​ជំងឺ​មហារីក​ស្បូន​នៅ​ពេល​អ្នកស្រី​និង​គ្រួសារ​បាន​ត្រូវ​បណ្តេញ​ចេញ​ពីផ្ទះ​កាល​ពីឆ្នាំ២០១៩។

អ្នក​ស្រី​បាននិយាយប្រាប់វីអូអេតាម​ប្រព័ន្ធ Zoom ថា«យើងមាន​ស្ថានភាពល្អ​វិញ​ហើយ​បន្ទាប់​មកខ្ញុំ​មានជំងឺ​មហាររីក​ទៀត។ខ្ញុំ​បាន​ទទួល​ការព្យបាលសកម្ម​នៅ​ពេល​យើង​ត្រូវ​បណ្តេញ​ចេញ​ពី​ផ្ទះ ហើយនេះ​ជា​ការ​ជួបប្រទះ​ដ៏​អាក្រក់​មួយ»។

នៅពេល​នេះ​ដោយ​គ្មាន​ការងារ​ធ្វើ​ហើយ​សឹង​តែ​មិន​អាច​បង់ឈ្នួល​ផ្ទះ​បាន​ អ្នកស្រី Tiana Caldwell ​រៀប​ចំ​ការ​តវ៉ា​ជា​មួយ​ KC Tenants ដែល​ជា​ក្រុម​មួយជំរុញ​ឱ្យ​មាន​ផ្ទះដែល​អ្នក​ស្រុក​អាច​បង់​ប្រាក់​បាន​នៅ​ក្នុង​ក្រុង Kansas City រដ្ឋ Missouri។

ប្រឈម​នឹង​ការបណ្តេញ​ចេញ​ពី​ផ្ទះ

អង្គការ​ក្រុម​ចម្រុះ​ជាតិខាង​ការ​ជួយ​ឱ្យពួក​ជន​មាន​ប្រាក់​ចំណូល​ទាប មាន​ផ្ទះ​សម្បែង​រស់នៅហៅ National Low Income Kousing Coalition ដែល​កាលពី​ពេល​ដើម​ខែ​សីហា​បានប្រកាស​ថា​ប្រជារាស្ត្រ​អាមេរិកាំង៣០-៤០ លាន​នាក់​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សំបែងក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ជា​ក្រុម​មួយ​ដែល​ផ្តោត​ការ​យក​ចិត្ត​ទុដាក់​លើ​គោលនយោបាយ​ឱ្យ​មានផ្ទះ​សម្រាប់ពួក​ជន​មាន​ប្រាក់​ចំណូល​ទាប​និង​និន្នាការ​ហើយធ្វើ​វិភាគ​ទិន្នន័យដើម្បី​ធ្វើការទស្សន៍​ទាយ​អំពី​សេចក្តី​ត្រូវការឱ្យ​មានផ្ទះសម្រាប់​ក្រុម​មនុស្ស មាន​ប្រាក់​ចំណូល​ទាប​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

ដូច​ជាតំបន់ភាគ​ច្រើន​ក្នុង​ប្រទេស​អាមេរិក​ដែរ រដ្ឋ Missouri បានជួប​ប្រទះវិបត្តិ​គ្មាន​ផ្ទះ​សំបែង​ដែល​អ្នក​ស្រុក​អាច​មាន​ប្រាក់​ទិញ​ឬ​ជួល​បាន​នៅ​ពេល​មាន​ការ​រាតត្បាត​ជា​សាកល

នៃ​ជំងឺ​កូវីដ១៩។

អ្នក​ស្រី Tara Raghuvee នាយិកា​នៃអង្គការ KC Tenants ​បាននិយាយប្រាប់វីអូអេ​តាម​Zoom ថា​នៅ​ពេល​នេះ ពួក​អ្នក​ជួលផ្ទះ​ជិត​៥០%​នៅ​ក្នុង​រដ្ឋ​នេះកំពុង​ប្រឈម​នឹងការបណ្តេញ​ចេញ​ពីផ្ទះ​ពីព្រោះ​ពួក​គេ​មិនអាច​បង់​ឈ្នួល​ផ្ទះ​បាន។ អ្នក​ស្រី Tara Raghuvee បាន​និយាយ​ថា​«មានក្រុម​អ្នក​ជួលផ្ទះរាប់ម៉ឺន​នាក់​នៅ​ក្នុង​រដ្ឋ Missouri ដែល​បាន​បង់​ប្រាក់​ជាង​៥០%​នៃ​ប្រាក់​ចំណូល​ពួក​គេ​សម្រាប់​ឈ្នួល​ផ្ទះ​នៅមុន​ការ​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩​ហើយនៅ​ពេល​នេះ មនុស្ស​រាប់​សែននាក់​ទឿតគ្មានការងារ​ធ្វើ​ឬ​មិន​មានការងារ​ធ្វើក្នុង​រយៈពេល​ខ្លះ​នៃ​ការ​រាតត្បាត​ជំងឺ​នេះ​ហើយ​បំណុល​បានកើនច្រើនសម្រាប់​គ្រួសារ​ក្រីក្រនិងពួក​មនុស្សមាន​ប្រាក់​ចំណូល​ទាប​ជា​ការ​មិន​អាចច​ពុះពារ​បាន​ទេ‍»។

ជំនួយ​សហព័ន្ធ​

ប្រជារាស្ត្រ​អាមេរិកាំង​ច្រើន​នាក់​បាន​ទទួល​ជំនួយហិរញ្ញវត្ថុតាម​រយៈ​កម្មវិធី​ផ្តល់​ជំនួយ​គ្រា​គ្មាន​ការងារ​ធ្វើ​របស់​រដ្ឋ​និងរដ្ឋាភិបាល​សហព័ន្ធ។​ក៏​ប៉ុន្តែ​ជំនួយ​បន្ថែមរបស់​សហព័ន្ធ​៦០០ដុល្លារ​ក្នុង​មួយ​អាទិត្យបាន​ផុត​កំណត់​កាល​ពី​ចុង​ខែ​កក្កដា​ដែល​ជា​ការ​នាំ​ឱ្យប្រជារាស្ត្រ​រាប់​លាន​នាក់​ឋិត​ក្នុង​ស្ថានភាព​មាន​គ្រោះថ្នាក់ដោយ​មិនអាចបង់ឈ្នួលផ្ទះ​បាន។​

អ្នក​ស្រី Raghuvee បាន​ថ្លែង​ថា​«ដូច្នេះ​ប្រជារាស្ត្រ​មាន​វិបត្តិធ្ងន់ធ្ងរថែម​ទៀត​ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន‍»។

ក្រុម​អ្នក​ការពារ​សិទ្ធិ​ខាង​មាន​ផ្ទះ​សម្បែងអំពាវ​នាវ​ឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ឈ្នួលផ្ទះនិង​ការ​បន្ត​បម្រាម​បណ្តោះ​អាសន្នមិន​ឱ្យ​បណ្តេញ​មនុស្ស​ចេញ​ពី​ផ្ទះ​ជួល​ដែល​ជា​បញ្ហា​មួយ​បាន​ត្រូវ​ដោះស្រាយ​កាល​ពីពេល​ថ្មីៗ​នេះ​ដោយ​លោក​ប្រធានាធិបតី Donald Trump។

លោក​ប្រធានាធិបតី DonaldTrump បាន​ប្រកាស​នៅ​ក្នុង​សន្និសិត​កាសែត​មួយពី​ក្លិបកីឡា​golf ឯកជន​របស់លោក​ក្នុង​ក្រុង Bedminster រដ្ឋ New Jersey កាលពី​ថ្ងៃ៨​សីហា​ថា«ខ្ញុំ​ចុះ​ហត្ថលេខា​លើបទ​បញ្ជានីតិប្រតិបត្តិ​មួយ​បញ្ជា​ឱ្យ​ក្រសួង​ផ្ទះ​សំបែង​និង​ការអភិវឌ្ឍន៍​ទីក្រុង​សេវាសុខភាព​និង​កិច្ចការ​មនុស្ស​ហៅ HHSនិង​មជ្ឈមណ្ឌល​សហរដ្ឋអាមេរិកខាង​ការ​គ្រប់គ្រង​ជំងឺ​ហៅ CDC ធ្វើឱ្យ​ប្រាកដ​ប្រជា​ថា​ពួក​អ្នក​ជួល​ផ្ទះ​និង​ពួក​ម្ចាស់​ផ្ទះ​អាច​រស់​នៅ​ក្នុង​ផ្ទះ​ត​ទៅទៀត‍»។​

ក៏​ប៉ុន្តែ​មេធាវី អ្នក​ស្រី Gina Chialaប្រធាន​នៃ​មជ្ឈមណ្ឌល​ការងារ​និង​សេរីភាពនៃ​តំបន់ Heartland ដែល​ផ្តល់ការ​ណែនាំ​ខាងច្បាប់អំពី​បញ្ហា​ផ្ទះ​សំបែង​ដល់​ក្រុមអ្នក​ធ្វើការមាន​ប្រាក់​បៀវត្សរ៍​ទាប​នៅ​ក្នុង​ក្រុង Kansas City រដ្ឋ Missouru និយាយ​ថា​គ្មាន​បម្រាមបណ្តោះអាសន្នមិន​ឱ្យបណ្តេញមនុស្ស​ចេញ​ពីផ្ទះ​ជូល​ទេ​នៅ​ក្នុងបទបញ្ជា​នេះ។​

អ្នក​ស្រី Gina Chiala នីង​ពួក​អ្នក​ជំរុញ​ឱ្យ​មាន​ផ្ទះសម្រាប់ប្រជារាស្ត្រ​ទិញ​និង​ជួល​បាន​អំពាវ​នាវដល់​រដ្ឋាភិបាល​សហព័ន្ធឱ្យ​អនុវត្ត​ការ​ផ្តើម​គំនិត​គោល​នយោបាយ​រយៈពេល​យូរដើម្បី​ដោះស្រាយបញ្ហាប្រាក់​បៀវត្សរ៍​ទាប​និង​ការ​ធ្វើឱ្យ​មាន​ផ្ទះ​សម្រាប់​ឱ្យ​ប្រជារាស្ត្រ​ទិញ​និង​ជួល​បាន។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ពួក​គេ​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​ម្ចាស់​ផ្ទះឱ្យ​ធ្វើការ​ជា​មួយ​អ្នក​ជួល​ឈ្នះ​ហើយ​ធ្វើការ​ចរចា​គ្នា​នៅ​ពេល​ណា​អាច​ធ្វើ​បាន។

ក៏ប៉ុន្តែ​ដោយ​៤០%នៃផ្ទះ​អាផាតមិន​ជួល​មានម្ចាស់​ជា​ម្ចាស់ផ្ទះ​តូច​តាចហើយ​ជា​ច្រើន​នាក់​មិន​អាច​ទប់ទល់នឹង​ការ​ខាត​បង់​ប្រាក់​ឈ្នួល​ទេ៕

ប្រែសម្រួល​ដោយ លោក ឈឹម សុមេធ

XS
SM
MD
LG