ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

អនុរដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​អំពាវនាវ​ឲ្យ​​ទម្លាក់​​ការ​ចោទ​ប្រកាន់​លើ​មន្រ្តី​បក្ស​ប្រឆាំង​និង​បើក​លំហ​សេរីភាព​នៅ​កម្ពុជា


អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទី ២ ក្នុងក្រសួងការបរទេសអាមេរិក បានជួបលោក កឹម សុខា មេដឹកនាំ​ប្រឆាំង​កម្ពុជា ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​រាជធានី​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១។ (Facebook/US Embassy Phnom Penh)

អនុ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី Wendy Sherman បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ជា​បន្ទាន់​នូវ​បទ​ចោទ​ប្រកាន់​«ដែល​មាន​លក្ខណៈ​នយោបាយ» ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង អ្នកសារព័ត៌មាន​និង​សកម្មជន​នានា។ មន្ត្រី​លំដាប់​ទី​ពីរ​នៃ​ក្រសួង​ការបរទេស​អាមេរិក​ក៏​ចង់​ឃើញ​ការ​បើក​លំហ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធានា​ការ​បោះ​ឆ្នោត​មួយ​ដែល​មាន​ភាព​សេរី​នៅ​ឆ្នាំ​ក្រោយ។

ការ​អំពាវ​នាវ​និង​ជំរុញ​នេះ ធ្វើ​ឡើង​អំឡុង​ពេល​អ្នកស្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ ដោយ​អ្នកស្រី​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។

អនុរដ្ឋមន្ត្រី​ការទេស​បរទេស​ក្រោម​រដ្ឋបាល​លោក​ប្រធានាធិបតី លោក Joe Bidenក៏​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​ឡើង​វិញ​នូវ​លំហ​នយោ​បាយ និង​លម្អ​សេរីភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ធ្វើ​សកម្ម​ភាព នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ ២០​២២​និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣​ផង​ដែរ។

អ្នកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ចូលរួម​ក្នុង​ជំនួប​ជាមួយ​អ្នកស្រី Sherman បាន​ថ្លែងថា​ការ​លើក​ឡើង​របស់​អនុរដ្ឋមន្ត្រី​ការបរទេស​រូប​នោះ ឆ្លុះ​បញ្ចាំង​ពី​ការវិល​ត្រឡប់​នូវ​តួនា​ទី​របស់​សហ​រដ្ឋអាមេរិក​ចំពោះការ​ផ្តោត​ឡើង​វិញ​ទៅ​លើ​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក៏​ដូច​ជា​ការ​ចង់​ឃើញ​ការ​ស្តារ​ឡើង​វិញ​នូវ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​និង​នយោបាយ​នៅ​កម្ពុជា។

អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទី ២ ក្នុងក្រសួងការបរទេសអាមេរិក និង​លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយតំណាងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដើម្បីពិភាក្សាពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅ​កម្ពុជា ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នកស្រី​អនុរដ្ឋមន្ត្រី​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១។ (Facebook/US Embassy Phnom Penh)
អ្នកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy R. Sherman ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទី ២ ក្នុងក្រសួងការបរទេសអាមេរិក និង​លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយតំណាងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មាន ដើម្បីពិភាក្សាពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅ​កម្ពុជា ក្នុង​អំឡុង​ទស្សនកិច្ច​របស់​អ្នកស្រី​អនុរដ្ឋមន្ត្រី​នៅ​រាជធានី​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២១។ (Facebook/US Embassy Phnom Penh)

ជុំវិញ​ការ​អំពាវនាវ​ឲ្យទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អតីត​សមាជិក​គណបក្ស​ប្រឆាំង អ្នក​សារព័ត៌មាន និង​សកម្មជន​នយោ​បាយ និង​ការ​ពង្រីក​លំហសេរីភាព​និង​នយោបាយ អ្នកស្រី ចក់ សុភាព បាន​លើកឡើង​ថា​រដ្ឋាភិបាល​កម្ពុជា​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធានា​ថា​ប្រព័ន្ធ​ដឹកនាំ​ក្នុង​សង្គម​មាន​លក្ខណៈ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​តាម​ប្រព័ន្ធ​ពហុ​គណបក្ស​នយោបាយ ឬ​គណបក្ស​ចម្រុះ ក៏​ដូច​ជា​ច្បាប់​អន្តរជាតិ។​

អ្នក​ស្រី​បញ្ជាក់​ថា៖ «អ្វី​ដែល​ចាំបាច់​នោះ​គឺ​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល ដែល​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ជាតិ តួ​យ៉ាង​ដូច​ជា​រដ្ឋធម្មនុញ្ញ​យើង ហើយ​និង​ការ​ទទួល​ស្គាល់​នូវ​លិខិតូបករណ៍​អន្តរជាតិ​ជា​ច្រើន​ដែល​ប្រទេស​កម្ពុជា​យើង​ធានា​នូវ​លំហ​សង្គម​ស៊ីវិល​ហ្នឹង»។

អ្នកស្រី​បន្ថែម​ថា៖ «យើង​ត្រូវ​តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​កម្ពុជា​យើង​ពិត​ជា​ដើរ​នៅ​តាម​មាគ៌ា​ហ្នឹង​ពិតប្រាកដ មិន​មែន​គ្រាន់​តែ​យើង​និយាយ ឬ​ក៏​យើង​ចារ​នៅ​លើ​ក្រដាស។ ប៉ុន្តែ​ទិដ្ឋភាព​ជាក់​ស្តែង​ពលរដ្ឋ​មិន​អាច​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ហើយ​ត្រូវ​ប្រឈម​នូវ​ការ​យាយី ឬ​ការ​គំរាមកំហែង​ផ្សេងៗ។ នោះ​យើង​មិន​អាច​សម្រេច​បាន​នោះ​ទេ»។

កញ្ញា កឹម មនោវិទ្យា កូនស្រី​របស់​លោក កឹម សុខា​ បានបង្ហោះ​សារ​នៅ​លើ​គណនី​Twitterផ្លូវ​ការ​របស់​កញ្ញា​កាល​ពី​ថ្ងៃ​អង្គារ​ជា​ភាសា​អង់គ្លេស​ដែល​ត្រូវ​បាន​ប្រែ​សម្រួល​ក្នុង​ន័យ​ដើម​ថា៖ «យើង​សង្ឃឹម​ថា​ទស្សនកិច្ច​នេះ​នឹង​ជា​ការ​ក្រើន​រំឭក​ទៅ​កាន់​របប​ដឹកនាំ​នៅ​កម្ពុជា​ថា​សហរដ្ឋ​អាមេរិក​បន្ត​តាម​ដាន​យ៉ាង​មុតមាំ​ពី​សិទ្ធិ​និង​កា​រ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏​ដូច​ជា​តួនាទី​របស់​កម្ពុជា​ជា​អ្នក​ទទួល​ខុសត្រូវ​មួយ​នៅ​ក្នុង​តំបន់»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​អំពាវនាវឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​មិន​អាច​មាន​ឥទ្ធិពល​លើ​សិទ្ធិ​សម្រេច​របស់​តុលាការ​កម្ពុជា​នោះ​ទេ។

លោក​បញ្ជាក់​ថា៖ «ការ​អំពាវនាវ​គ្រាន់​តែ​ជា​ការ​អំពាវនាវ អាហ្នឹង​ជា​មតិ​សម្តែង។ ប៉ុន្តែ​វា​អត់​មាន​ប៉ះពាល់​ដល់​សេចក្តី​សម្រេច​ឬ​សំណើ​នីតិវិធី​របស់​តុលាការ​នោះ​ទេ។ អ្វី​ដែល​រដ្ឋាភិបាលនិង​រដ្ឋាភិបាល​ទាំង​ពីរ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ​កិច្ច​សហការ​គ្នា​ទៅ​វិញ​ទៅ​មក។ មិន​មែន​សហរដ្ឋ​អាមេរិក​យល់​ឃើញ​ពី​អ្នក​ជាប់​ពន្ធនាគារ​អាហ្នឹង​ជា​អាទិភាព​ទេ។ មិន​មែន​អញ្ចឹង​ទេ»។

លោក ផៃ ស៊ីផាន​បន្ត​ថា​ជំនួប​កាល​ពី​ថ្ងៃ​អង្គាររវាង​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន និង​អ្នកស្រី​ Wendy Sherman គឺ​ប្រកប​ដោយ​ភាព​វិជ្ជមាន​ដែល​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិ​ការ​រវាង​កម្ពុជា​និង​សហរដ្ឋអាមេរិក។

នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​មួយ​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ ប៉ុន្តែ​មិន​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះ​ទេ។ ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បញ្ជាក់​ច្បាស់​អំពី​ស្ថាន​ភាព​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម និង​បាន​រំឭក​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​ម៉ឺង​ម៉ាត់​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ថែរក្សា​និង​ការពារ​ឯករាជ អព្យាក្រឹត និង​អធិបតេយ្យ​ភាព​របស់​ខ្លួន ទាំង​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​និង​កិច្ចការ​បរទេស។

លោក មាស នី អ្នក​វិភាគ​នយោបាយ​និង​សង្គម មិន​មាន​ជំនឿ​ថា​នឹង​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ណា​មួយ​មក​លើ​អ្នក​នយោបាយ​ឬ​សកម្មជននិង​ការ​បើក​លំហ​នយោបាយ​ឡើ​ងវិញតាម​ការ​អំពាវនាវ​របស់​អនុរដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក​នោះ​ទេ ក្រៅ​ពី​ការ​បង្ហាញ​គោល​ជំហរ​ពី​សំណាក់​រដ្ឋាភិបាល​រៀង​ខ្លួន។

លោកបន្ថែម​ថា​គួរ​តែ​មានកិច្ច​ពិភាក្សា​ដោយ​ឡែក​មួយ​ទៀត​ស្តីពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដែល​អាមេរិក​ផ្តល់​ឲ្យ​កម្ពុជា ដែល​នេះ​អាច​ជំរុញ​ឲ្យ​មាន​ការ​បើក​លំហ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​កម្ពុជា។

លោក មាស នី បញ្ជាក់​ថា៖ «បើ​សិន​ជា​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ណា​មួយ​ពី​ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​វា​លុះ​ត្រា​តែ​ការ​ចរចា​គ្នា​ផ្សេង​មួយ​ទៀត អាច​នឹង​បន្ថែម​ដូចជា​ការ​ជជែក​ទៅ​លើ​ទំនោរ​នៃ​ការ​ឈាន​ទៅ​រក​ការ​ពិភាក្សា​ទៅ​លើ​អនាគត​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធGSP​របស់​សហ​រដ្ឋអាមេរិក​ទាក់​ទិន​ទៅ​នឹង​ការ​នាំចេញ​ផលិត​ផល​នៃ​កម្ពុជា​អី​អា​ហ្នឹង​ជា​រឿង​មួយ​ស្ថិត​នៅ​លើ​តុ​ដែល​នឹង​អាច​ជជែក​គ្នា​ទៅ​ពេល​ខាង​មុខ»។

លោក​មាស នី​បន្ត​ថា​អាច​មាន​លទ្ធភាព​នៅ​ក្នុង​ការ​មិន​ទទួល​ស្គាល់​ការ​បោះឆ្នោត​នៅ​ខាង​មុខ ប្រសិន​បើ​សហ​រដ្ឋអាមេរិក​យល់​ឃើញ​ថា​លំហ​នយោ​បាយនិង​លទ្ធិប្រជាធិបតេយ្យមិន​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ស្រប​ពេល​កម្ពុជា​បន្ត​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​ចិន ដែល​អនុ​រដ្ឋមន្ត្រី​ការបរទេសអាមេរិក​បាន​ជំរុញ​ឲ្យ​ការ​ដឹកនាំ​នៅ​កម្ពុជា​រក្សា​ជំហរ​តុល្យភាពនិង​ឯករាជ្យភាព៕

XS
SM
MD
LG