ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​សួរ​ប្រភព​ថវិកា​និង​រចនា​សម្ព័ន្ធ​របស់​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ក្នុង​សំណុំ​រឿង​តវ៉ា​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន


រូបឯកសារ៖ អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ អ្នក​គាំទ្រ​លោក រ៉ុង ឈុន នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឧទ្ធរណ៍​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ដោះលែង​លោក ថ្ងៃទី២៦ ខែ​សីហា ឆ្នាំ​២០២០។ (អូន ឆេងប៉រ/វីអូអេ)

ការ​បង្កើត​ក្រុម​យុវជន​ខ្មែរ​ថាវរៈនិង​ទំនាក់​ទំនង​រវាង​សមាជិក​ក្រុម​នេះ​ជាមួយ​អតីត​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​មួយ​ចំនួន ជា​ចំណុច​ក្តៅ​ដែល​តំណាង​អយ្យការ​និង​ចៅក្រម​នៃ​តុលាការ​រាជធានី​ភ្នំពេញ បាន​ជជីក​សួរ​ជន​ជាប់​ចោទ​៤​នាក់​នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ។

ក្រុម​យុវជន​ទាំង​នោះ​មាន​ឈ្មោះ អេង ម៉ាឡៃ កើត សារ៉ាយ មួង សុភ័ក្ត្រ និង​ថា ឡាវី ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​មុន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​នៅ​ក្នុង​ការ​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង​លោក រ៉ុង ឈុន មេដឹក​នាំ​សហជីព​មួយ​រូប។

លោក រ៉ុង ឈុន​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​មុន និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់ បន្ទាប់​ពី​លោក​និយាយ​រិះគន់​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​នៅ​ខេត្ត​ត្បូង​ឃ្មុំ។

ក្រោយ​ការ​ចាប់​ខ្លួន​មេដឹក​នាំ​សហជីព​រូប​នោះ​ សកម្ម​ជន​ការពារ​សិទ្ធិ​មនុស្ស​វ័យ​ក្មេង​ជាង​១០​នាក់​ បាន​ចេញ​មុខ​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​ឲ្យ​លោក រ៉ុង ឈុន​។ ការ​តវ៉ា​នៅ​ភ្នំពេញ ជា​ពិសេស​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញនិង​ការប៉ុនប៉ង​ទៅ​ប្រមូលផ្តុំ​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​ថ្មី​ ក្នុង​ខណ្ឌ​ឬស្សី​កែវ ដើម្បី​ស្វែង​រក​យុត្តិ​ធម៌ជូន​លោក ​រ៉ុង​ ឈុន​នោះ នាំ​ឲ្យ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។

រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP)
រូបឯកសារ៖ លោក រ៉ុង ឈុន ​ប្រធាន​សហភាព​សហ​ជីព​កម្ពុជា ប្រើ​មីក្រូ​និយាយ ក្នុង​អំឡុងពេល​ធ្វើ​បាតុកម្ម​មួយ​ក្នុងជម្លោះ​រវាង​កម្មករ និង​ម្ចាស់​រោងចក្រ ​នៅ​ក្បែរ​គេហដ្ឋាន​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២០។ (AP)

នៅ​ក្នុង​សាល​សវនាការ​ជាង​៣​ម៉ោង តុលាការ​បាន​ចោទ​សួរ​កញ្ញា អេង ម៉ាឡៃ អាយុ​៣៤​ឆ្នាំ អំពី​ការ​បង្កើត​ក្រុមខ្មែរ​ថាវរៈ និង​នរណា​ជា​មេ​កើយ ឬ​អ្នក​ផ្តល់​ថវិកា​ឲ្យ​ក្រុម​នេះ​បាន​ដំណើរ​ការ។ ក្នុង​ពេល​សាក​សួរ​នោះ​ ​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ លោក​ ទិត សុធី​បូរ៉ាឆាត​ ពេល​ខ្លះ​បាន​ ហៅ​ក្រុម​នេះ​ថា​ ជា«សមាគម»។

លោក​ចៅ​ក្រម​បាន​សួរ​កញ្ញា​ ម៉ាឡៃ​ ថា​៖ «ប្អូន​ស្គាល់​ក្រុម​ខ្មែរ​ថា​វរៈ​ទេ?»។ កញ្ញា ម៉ាឡៃ និយាយ​ថា៖ «ស្គាល់»​។ លោក​ចៅក្រម​សួរ​បន្ត​ថា៖ «ចូល​សមាជិក​ពេល​ណា?»។ កញ្ញា ម៉ាឡៃ តប​ថា​៖​«ដើម​ឆ្នាំ​២០២០»។

លោក​ចៅក្រម ទិត សុធីបូរ៉ាឆាត​ បាន​សួរ​អំពី​តួនាទី​របស់​កញ្ញា​ ម៉ាឡៃ ​នៅ​ក្នុង​ក្រុម​ខ្មែរ​ថាវរៈ​នោះ​ និង​មេដឹក​នាំ​របស់​ក្រុម​ដែល​ជា​ញឹក​ញាប់​ចេញ​មុខ​តវ៉ា អំឡុង​ដើម​ខែ​សីហា ឆ្នាំ​មុន ក្រោយ​ការ​ចាប់ខ្លួន​លោក ​រ៉ុង ឈុន។

លោក​ចៅ​ក្រម​សួរ​ថា៖«តើ​មាន​តួនាទី​អ្វី?»។ កញ្ញា ម៉ាឡៃ​ និយាយ​ថា៖ «ជា​សមាជិក​ធម្មតា ព្រោះ​ពួក​ខ្ញុំ​អត់​មាន​ចាត់​នរណា​ជា​មេ​កើយ​»។

លោក​ចៅ​ក្រម​សួរ​បន្ថែម​ថា៖ «នរណា​ចេញ​លុយ​មូល​និធិ​ដំណើរការ​សមាគម»? កញ្ញា ម៉ាឡៃ ​បក​ស្រាយ​ថា​៖ «ចេញ​លុយ​ខ្លួន​ឯង?»។​

កញ្ញា អេង ម៉ាឡៃ​ ដែល​អះអាង​ថា​កញ្ញា​រង​ការ​ប្រើ​ហិង្សា និង​ការ​ប្រមាថ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច ក៏​ត្រូវ​បាន​សួរនាំ​អំពី​ទំនាក់​ទំនង​របស់​កញ្ញា​ ជាមួយ​អ្នក​តវ៉ាទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន​ ក្នុង​នោះ​មាន​លោក ហ៊ុន វណ្ណៈ លោក​ កើត​ សារ៉ាយ​ កញ្ញា ឈឿន ដារ៉ាវី ដែល​ជា​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ និង​អតីត​សកម្មជន​ និង​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​បក្ស​ប្រឆាំង​៣​នាក់ គឺ​លោក​ ឈួ ផេង ​លោក ​ទុំ វុទ្ធី​ និង​លោក ​គង់ សំអាន។

កញ្ញា​ក៏​ត្រូវ​បាន​សួរ​អំពី​ទំនាក់​ទំនង​ជាមួយ​លោក​មួង សុភ័ក្ត្រ ដែល​ជា​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ​ លោក​ មាន ព្រហ្មមុនី ​ដែល​ជាអនុ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ ក្នុង​នោះ​ មាន​លោក ​ហូរ វ៉ាន់​ លោក ​អ៊ូ ច័ន្ទឫទ្ធិ និង​លោក​ គង់ សភា។

លោក​ចៅក្រម​ទិត សុធីបូរ៉ាឆាត ​បាន​ចោទ​សួរ​អំពី​ភាព​ស្រប​ច្បាប់​នៃ​ការ​ចេញ​តវ៉ា​ទាម​ទារ​ឲ្យដោះ​លែង​លោក រ៉ុង ឈុន​ និង​ផ្ទាំង​បដា​ដែល​ក្រុម​អ្នក​តវ៉ា​យក​មក​ប្រើ​ក្នុង​ពេល​តវ៉ា។

លោក​ចៅ​ក្រម​លើក​ឡើង​ថា៖ «​ប្អូន​ដឹងថា​កិច្ច​ការ​ប្អូន​ធ្វើ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ទេ?»។

កញ្ញា​ ម៉ាឡៃ ​និយាយ​ថា៖ «និយាយ​ទៅ​ពួក​ខ្ញុំ​ ស្នើ​សុំ តែ​អត់​ដែល​ឲ្យ​»។ លោក​ចៅក្រម​បន្ត​ថា៖ «​បដា​សរសេរ​អ្វីខ្លះ​?» កញ្ញា​ ម៉ាឡៃ ថា៖ «​ដូច​ជា​សរសេរ​ឲ្យ​ដោះ​លែង​គាត់»។

កញ្ញា ម៉ាឡៃ​ កោត​សរសើរ​ពី​គុណ​សម្បត្តិ​លោក រ៉ុង ឈុន​ថា​៖«​គាត់​ជា​បុគ្គល​មួយ​រូប​ ជួយ​គេ​ច្រើន​ ជួយ​គ្រូ​បង្រៀន កម្មករ​ ហើយ​ឧស្សាហ៍​អើត​ព្រំដែន​»។

បន្តិច​ក្រោយ​មក ចៅក្រម​ដដែល​សួរ​កញ្ញា​ ម៉ាឡៃ​ ពី​រឿង​បដា​បន្ថែម​ថា៖ «ប្អូន​ដឹង​បដា បាន​ពីណា​មក​?»។ កញ្ញា​ម៉ាឡៃ​តប​ថា៖ «ពួក​ខ្ញុំ​ជា​អ្នក​សរសេរ​ ពេល​ខ្លះ​ប្រើ​កុំព្យូទ័រ​»។

ក្នុង​សំណុំ​រឿង​តវ៉ា​ប្រឆាំង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន​នេះ មាន​សកម្មជន​ជា​ជន​ជាប់​ចោទ​១៥​នាក់​ដែលរួម​មាន ឈួ ផេង​ ជុំ ពុទ្ធី​ គង់ សំអាន​ មាន ព្រហ្មមុនី​ មួង សុភ័ក្ត្រ ​កើត សារ៉ាយ​ ថា ឡាវី​ អេង ម៉ាឡៃ​ ឈឿន ដារ៉ាវី ​ហ៊ុន វណ្ណៈ​ និង​អ្នក​នៅ​ក្រៅ​ប្រទេស​រួម​មាន​សេង ម៉េង​ប៊ុនរ៉ុង​ អ៊ូ ច័ន្ទឫទ្ធិ​ គង់ សភា​ ហូរ វ៉ាន់ ​និង​លោក​ ហុង លីម​។

ពួក​គេ​រងការ​ចោទ​ប្រកាន់​ពី​បទ«ញុះ​ញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម​ និង​ផ្តើម​គំនិត​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។

​ឈរ​ក្នុង​រង្វង់ក្រចក​សេះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ កញ្ញា​អេង ម៉ាឡៃ ត្រូវ​បាន​លោក​ព្រះ​រាជ​អាជ្ញារង​ សំម ឫទ្ធី​វាសនា សួរ​ថា​នរណា​នៅ​ពី​ក្រោយ​ការ​ធ្វើ​សកម្ម​ភាព​របស់​កញ្ញា និង​ក្រុម​ខ្មែរ​ថាវរៈ។

លោក​ព្រះរាជ​អាជ្ញា​រង​សួរ​ថា៖ ​«​ម៉ាឡៃ ប្អូន​ធ្វើ​សកម្ម​ភាព​នេះ ​តាម​ការ​បញ្ជា​របស់​នរណា ឬ​តាម​ចិត្ត​ប្អូន​?»។ កញ្ញា​ ម៉ាឡៃ ឆ្លើយ​ថា៖«​ខ្ញុំ​ធ្វើ​តាម​រដ្ឋ​ធម្មនុញ្ញ​...ពេល​មាន​អយុត្តិធម៌​ យើង​ត្រូវ​ជួយ​គ្នា​»។ លោក​ព្រះ​រាជ​អាជ្ញា​បន្ថែម​ថា៖«ក្រុម​ហ្នឹង​យ៉ាង​ម៉េច? ធ្លាប់​ធ្វើ​សកម្ម​ភាព​អ្វីខ្លះ?​»។

កញ្ញា​ ម៉ាឡៃ​មិនឆ្លើយ​ ហើយ​លោក​ព្រះ​រាជ​អាជ្ញា​ក៏​តាំង​សំណួរ​បន្ត​ថា​៖ «ក្រុម​ប្អូន​មាន​នរណា​ខ្លះ?» កញ្ញា ម៉ាឡៃ ឆ្លើយ​ថា៖ «៥​នាក់។ ឈឿន ដារ៉ាវី​ ហ៊ុន វណ្ណៈ លោក​បង[ព្រះ​អង្គ] សារ៉ាយ ថា ឡាវី ​និង ​ខ្ញុំ​ អេង ម៉ាឡៃ»។ លោក​ព្រះរាជ​អាជ្ញា​បន្ថែម​ថា៖ «​មាន​នរណា​បញ្ជា​ពី​ក្រៅ​ទេ?»។

កញ្ញា​ម៉ាឡៃ​ឆ្លើយ​ថា​៖ «​អត់​មាន​ទេ»។

​ក្នុង​សវនាការ​ដែល​មាន​ការ​សង្កេត​ពី​មន្ត្រី​ស្ថាន​ទូត​មួយ​ចំនួន​ និង​សាច់ញាតិរបស់​ជន​ជាប់​ផង​ដែរ លោក ថា​ ឡាវី ដែល​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ បាន​ប្រាប់​អង្គ​សវនា​ការ​ថា ការ​តវ៉ា​កើតចេញ​ពី​ឆន្ទៈ​របស់​បុគ្គល​ខ្លួន​ឯង​ ហើយ​ក៏​មិន​មាន​ទំនាក់​ទំនង​ណាមួយ​ជាមួយ​ជន​ជាប់​ចោទ​ផ្សេង​ទៀត​ដែរ។

លោក ​ថា ឡាវី​ ដែល​ជា​និស្សិតនៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ និង​ជា​អ្នក​មក​ពី​ខេត្ត​បាត់​ដំបង ប្រាប់​តុលាការ​ថា​៖ «​ខ្ញុំ​មិន​ត្រូវ​បាន​គេ​បញ្ជា ក្រៅ​ពីខ្លួន​ខ្ញុំ​ ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើទេ»។ ​

ដោយ​ឡែ​ក​លោក​ មួង​ សុភ័ក្ត្រ​ ដែល​ជា​សមាជិក​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញ​វន្ត​ខ្មែរ បាន​ប្រាប់​តុលា​ការ​ថា​ក្នុង​អំឡុង​ពេល​តវ៉ា​ឲ្យ​ដោះ​លែង​លោក​រ៉ុង ឈុន ពី​ដើម​ខែ​សីហា​ ដល់​ថ្ងៃទី​៤ ខែ​សីហា​នោះ​ លោក​បាន​ត្រឹម​តែ​មក​ឃ្លាំ​មើល​ការ​តវ៉ា​របស់​ក្រុម​ប្រជាពលរដ្ឋ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ​។ លោក​ថា ​លោក​ស្គាល់​ក្រុម​ខ្មែរ​ថាវរៈ តាម​បណ្តាញ​សង្គម​តែ​ប៉ុណ្ណោះ។

ចំណែក​លោក ​កើត សារ៉ាយ​ ដែល​ជា​អតីត​ព្រះសង្ឃ​គង់​នៅ​វត្ត​មួយ​ក្នុង​ខេត្ត​បាត់​ដំបង បាន​ទទួល​សំណួរ​មួយ​ចំនួន​ស្រដៀង​គ្នា​នឹង​សំណួរ​ដែល​បាន​សួរ​ទៅ​កញ្ញា​ អេង ម៉ាឡៃ​ ពី​សំណាក់​តំណាង​អយ្យការ​ និង​ចៅក្រម​ ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​ក្រុម​ខ្មែរ​ថាវរៈ និង​សកម្មភាព​របស់​លោក​លើ​បណ្តាញ​សង្គម ក្រោយ​ការ​ចាប់​ខ្លួន​លោក ​រ៉ុង ឈុន​។

លោក​ចៅ​ក្រម​ ទិត សុធីបូរ៉ាឆាត បាន​សួរ​លោក កើត សារ៉ាយ​ថា​៖ «សា្គល់​សមាគម​ខ្មែរ​ថាវរៈ​ទេ?​»។ លោក​ កើត​ សារ៉ាយ​ ឆ្លើយថា​លោក​មិន​ស្គាល់​សមាគម​ខ្មែរថា​វរៈទេ​ តែ «បើ​ក្រុម​ខ្មែរ​ថាវរៈ​ស្គាល់​»។ លោក​ប្រាប់​អង្គ​សវនាការ​បន្ថែម​ថា៖ «​[ក្រុម] នេះ​ គ្មាន​តួនាទី​ និង​រចនាសម្ព័ន្ធ​ទេ គ្រាន់​តែ​ឈឺ​ឆ្អាល​រឿង​ជាតិ បូរណ​ភាព​ទឹក​ដី ព្រំដែន​ និង​ការ​ខ្វះ​ចន្លោះ[របស់​រដ្ឋាភិបាល] ក្នុង​នាម​យុវជន​ដែល​អាច​ជួយ​បាន»។

លោក​ចៅ​ក្រម​បន្ថែម​ថា​៖ «​បាន​ថវិកា​ពី​ណា​មក​ចំណាយ​?»។ លោក​ កើត សារ៉ាយ ដែល​ជា​អតីត​ព្រះ​សង្ឃ​តប​ថា​៖ «បាន​ចេញ​បច្ច័យ​ប្រគេន​ពី​ញាតិ​ញោម»។ លោក​ចៅក្រម​បន្ត​ថា៖ «តើ​ចំណាយ​លើ​សកម្មភាព​ផ្សេង​ ឬ​សមាគម​?​»។​ លោក​ សារ៉ាយ​ឆ្លើយ​ថា៖​«មិន​មែន​សមាគម​ទេ តែ​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ឃ្លាំ​មើល​បញ្ហា​មិន​ប្រក្រតី​ ដូច​ជា​ព្រំដែន​»។

ក្រុម​មេធាវី​ចំនួន​៤​នាក់​ដែល​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ បាន​សួរ​ជន​ជាប់​ចោទ​សំណួរ​សំខាន់​ៗមួយ​ចំនួន​អំពី​មូល​ហេតុ​នៃ​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង​ លោក​រ៉ុង ឈុន ប្រវត្តិ​ក្រុម​ខ្មែរ​ថាវរៈ​ក្នុង​ការ​ធ្វើ​កិច្ចការ​សង្គម និង​ថា​តើ​ការ​ឃាត់​ខ្លួន​កន្លង​មក ​មាន​ដីកា​ពី​តុលាការ​ ឬ​យ៉ាង​ណា និង​សំណួរ​ថា​តើ​សកម្មភាព​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​មក​នោះ​ ត្រឹម​ត្រូវ​តាម​ច្បាប់​ និង​មាន​ការ​សោក​ស្តាយ ឬ​យ៉ាង​ណា? ​

មេធាវី​មួយ​រូប លោក​សំ ចំរើន​ ជា​ញឹក​ញាប់​បាន​សួរ​ជន​ជាប់​ចោទ​ថា​តើ​សកម្មភាព​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​មក​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ ហើយ​តើ​មាន​ការ​សោក​ស្តាយ​ដែល​ឬទេ​ នៅ​ពេល​ត្រូវ​ចាប់​យក​មក​ឃុំ​ខ្លួន​នោះ​?

ក្នុង​ការ​សួរ​ទៅ​លើ​កញ្ញា​ អេង ម៉ាឡៃ ​លោក​មេធាវី សំ ចំរើន​ និយាយ​ថា៖ «​មាន​ការ​សោក​ស្តាយ​ ចូល​រួម​តវ៉ា​ និង​ចាប់​ខ្លួន​ទេ?»។ កញ្ញា ម៉ាឡៃ​ ឆ្លើយ​ភ្លាមៗ​ថា​៖ «មាន​តែ​រំភើប​ និង​រីករាយ​ ព្រោះ​បាន​បំពេញ​កាតព្វកិច្ច​ ជា​ពលរដ្ឋ​ ចេះ​ជួយ​គ្នា ពេល​ឃើញ​ម្នាក់​រង​ទុក្ខ។ គាត់​ធ្វើ​រឿង​ជួយ​ជាតិ​សោះ ហេតុ​អ្វី​ត្រូវ​មាន​[ភាព]​អយុត្តិ​ធម៌[ដល់​គាត់]?»។

ជន​ជាប់​ចោទ​មួយ​រូប​ទៀត​លោក ​កើត​ សារ៉ាយ​ប្រាប់​លោក​មេធាវី​សំ ចំរើន​ថា៖ «ខ្ញុំ​ស្តាយ​ក្រោយ​។ អ្វី​ដែល​ខ្ញុំ​ធ្វើ​ដើម្បី​ប្រទេស​ តែ​ត្រូវ​បាន​គេ​គិត​ថា​ ខ្ញុំ​ធ្វើ​បាប​ប្រទេស​ខ្លួន​ឯង​។ អាហ្នឹង​ធ្វើ​ឲ្យ​ខ្ញុំ​ដេក​ក្នុង​ភាព​អត់​កក់​ក្តៅ​ជាង​មួយ​ឆ្នាំ​នេះ»។

លោក​ កើត សារ៉ាយ ​អះអាង​ថា​ ការ​ចេញ​របាយ​ការណ៍​របស់​លោក​ រ៉ុង ឈុន​ ស្តី​ពី​បញ្ហា​ព្រំដែន​គ្រាន់​តែ​ជា​ការ​បារម្ភ​ប៉ុណ្ណោះ​ ហើយ​ថា​ការ​ចាប់ខ្លួន​លោក ​រ៉ុង ឈុន​ មាន​ជាប់​ហេតុ​ផល​នយោ​បាយ។ ​

ក្រោយ​បញ្ចប់​ការ​សួរ​ដេញ​ដោល​ជន​ជាប់​ចោទ​ទាំង​៤​នាក់ លោក​ចៅក្រម ​ទិតសុទ្ធី បូរ៉ាឆាត ​បាន​ប្រកាស​បន្ត​សវនាការ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា​ ឆ្នាំ​២០២១។

លោក ​សាន់ ម៉ាឡា សកម្មជនបរិស្ថាន​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ ​នៅក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២៧ ខែ​កក្កដា​ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
លោក ​សាន់ ម៉ាឡា សកម្មជនបរិស្ថាន​ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​ ​នៅក្រៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២៧ ខែ​កក្កដា​ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ក្រៅ​របង​តុលាការ​ លោក ​សាន់ ម៉ាឡា​ មន្ត្រី​តស៊ូ​នៃ​គម្រោង​ការពារ​ព្រៃឈើ​នៃ​សមាគម​បណ្តាញ​យុវ​ជន​កម្ពុជា​ (Cambodian Youth Network) និង​ត្រូវ​គេ​សា្គល់​ថា​ជា​សកម្ម​ជន​ក្នុង​កិច្ចការ​ងារ​សង្គម​មួយ​រូប បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ ក្រោយ​លោកចេញ​ពី​បន្ទប់​សវនា​ការថា​អាជ្ញាធរ​គួរ​ស្តាប់​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្លួន​ ជា​ជាង​ការ​ចាត់​វិធាន​ការ​ច្បាប់​ក្នុង​សង្គម​ប្រជាធិប​តេយ្យ​ដែល​ផ្តល់​តម្លៃ​ដល់​ការ​សម្តែង​មតិនោះ។

លោក​ថ្លែង​ថា៖ «បើ​សិន​ជា​យើង​មិន​ឲ្យ​ប្រជាពលរដ្ឋ​ ដែល​គាត់​យល់​ថា​រឿង​ដែល​មន្ត្រី​សមត្ថកិច្ច​ ឬ​ក៏មន្ត្រី​រាជ​ការ​សាធារណៈ​កំពុង​ធ្វើ​ ជា​រឿង​ឆ្គាំឆ្គង​ ឬ​ក៏​អំពើ​អយុត្តិធម៌​ ហើយ​មិន​ឲ្យ​ពួកគាត់​ធ្វើការ​សម្តែង​មតិ​នោះ​ ខ្ញុំ​គិត​ថា​ វា​មិនអាច​ទៅ​រួច​ទេ​។​ ពួក​គាត់​ត្រូវ​តែ​ធ្វើ​ការ​សម្តែង​មតិ​ ដើម្បី​បង្ហាញ​អំពី​ទស្សនៈ​ ក៏​ដូចជា​ការ​យល់​ឃើញ​របស់​ខ្លួន​ ក្នុងនាម​ជា​ប្រជា​ពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​សង្គម​ប្រជា​ធិប​តេយ្យ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG