ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​រោងចក្រ​កាត់​ដេរ​ជំរុញ​សភា​អាមេរិក​ពន្លឿន​ការ​ផ្តល់​សុពលភាព​ប្រព័ន្ធ​អនុគ្រោះ​ GSP


រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជាដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជាដេរ​​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។ (AP Photo/Heng Sinith)

សមាគម​រោងចក្រ​កាត់​ដេរនៅ​កម្ពុជា​ហៅ​កាត់​ថា​ GMAC (Garment Manufacturers Association in Cambodia) បាន​ជំរុញ​ឲ្យ​សភា​សហរដ្ឋ​អាមេរិក​ផ្តល់​សុពល​ភាព​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP (Generalized System of Preferences) ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញទំនិញរបស់កម្ពុជា។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​មួយ​ ចុះ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២១ សមា​គមរោងចក្រ​កាត់​ដេរ​បាន​លើក​ឡើង​ថា​ កម្មវិធី​អនុ​គ្រោះ​ពន្ធ​របស់​អាមេរិក ​(GSP)​ បាន​ផុត​សុពលភាព កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​សារ​ការ​យឺត​យ៉ាវ​ក្នុង​ការ​អនុម័ត​ច្បាប់​ដោយ​សភា​អាមេរិក ​ក្នុង​ការ​ផ្តល់​សុពល​ភាព​ឡើងវិញ។ សមាគម​លើក​ឡើង​បែប​នេះ​ជា​ការ​ជូន​ដំណឹង​ដល់​សមាជិក​របស់​ខ្លួន ​ដែលផលិត​សម្ភារៈ​ធ្វើ​ដំណើរ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា។

​GMAC ​បញ្ជាក់​ថា​ ការ​យឺត​យ៉ាវ​នេះ​ប៉ះពាល់​ផ្ទាល់​លើ​អ្នក​បញ្ជា​ទិញ ឬ​អ្នក​នាំ​ចូល​ដែល​នឹង​តម្រូវ​ឲ្យ​បង់​ពន្ធ​រហូត​ដល់​កម្មវិធី​នេះ ​ត្រូវ​បាន​ផ្តល់​សុពលភាព​ឡើង​វិញ។

GMAC ​ឲ្យ​ដឹង​ទៀត​ថា ​ក្នុង​រយៈ​ពេល​នៃ​ការ​ផុត​សុពល​ភាព​នេះ ទំនិញ​ដែល​នាំ​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២០ នឹង​ជាប់​អត្រា​ពន្ធ​នៃ​ប្រទេស​ដែល​ទទួល​បាន​ការ​អនុ​គ្រោះ​បំផុត​ (MFN)។ GMAC ​បញ្ជាក់​ថា​ ប្រាក់​បង់​ពន្ធ​នេះ អាច​ទាមទារ​មក​វិញ​បាន ក្រោយ​សភា​អាមេរិក​សម្រេច​បន្តសុពលភាព​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ។

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ សមាគម​ GMAC​ សង្ឃឹម​ថា​ ការ​ផ្តល់ឡើង​វិញ​នូវ​កម្មវិធីអនុ​គ្រោះ​ពន្ធ​នេះ​នឹង​កើត​ឡើង​នា​ពេល​ខាង​មុខ​ឆាប់ៗ។

អគ្គលេខាធិការ​របស់​សមាគម​ GMAC លោក ខេន លូ មាន​ប្រសាសន៍​ថា​ លោក​នៅ​ក្រៅ​ប្រទេស ដូច្នេះ​មិន​អាច​អត្ថាធិប្បាយ​បាន​។ VOA​ មិន​អាច​សុំ​ការ​អធិប្បាយ​ពី​លោក កាំង ម៉ូនីកា អគ្គ​លេខាធិការ​រង​របស់ ​GMAC​ បាន​ទេ។

រូបឯកសារ៖ អគារសភាអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ អគារសភាអាមេរិកនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០។

លោក អេរិន ស្វាតជេស (Arend Zwartjes) អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ប្រាប់​ VOA​ តាម​សារ​អ៊ីមែល​នៅ​ថ្ងៃ​ពុធ​ថា​ សភា​អាមេរិក​មិន​បាន​ផ្តល់​សុពល​ភាព​ឡើង​វិញ​ចំពោះ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ GSP​ នេះ ដែល​លោក​ថា​ នេះ​ជា​ការ​សម្រេច​របស់​កិច្ច​ប្រជុំ​សភា​លើក​ទី​ ១១៧ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២១។

លោក​ថា​ ការណ៍​នេះតម្រូវ​ឲ្យបង់​ពន្ធ​ធម្មតា​ដូច​មាន​ការ​កំណត់​សម្រាប់​ទំនិញ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក។

អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា សភា​អាមេរិក​នឹង​សម្រេច​ថា ​តើ​នឹង​ផ្តល់​សុពល​ភាពឬ​យ៉ាងណា​ នៅ​ពេល​ណាមួយ តែ​លោក​មិនអាចបញ្ជាក់​កាល​បរិច្ឆេទ​ជាក់​លាក់នោះ​ទេ។

​អ្នក​នាំពាក្យក្រសួង​ការងារ លោក ហេង សួរ ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​មិន​ទាន់​ផ្តល់​សុពលភាព GSP នេះ មិនមែន​សម្រាប់​តែ​កម្ពុជា​នោះ​ទេ គឺ​សម្រាប់​ប្រទេស​ទាំងអស់​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ទី​ផ្សារ​សហរដ្ឋ​អាមេរិក។ លោក​បន្ត​ថា «បញ្ហា​បណ្តោះ​អាសន្ន»នេះ មិន​ទាន់​ផ្តល់​ផល​អវិជ្ជមាន​ណា​មួយ​ដល់​អ្នកផលិត​ផលិត​ផល​កាបូប​ធ្វើ​ដំណើរ​នៅ​កម្ពុជា​នោះ​ទេ។

ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ​ មាន​ប្រសាសន៍ថា ​អ្នក​វិនិយោគ​ទុន​ផ្សេងៗមក​រក​ស៊ី​នៅ​កម្ពុជា​ក្នុង​វិស័យ​ផលិត​សម្ភារៈ​ធ្វើ​ដំណើរ​នេះ ដោយសារ​កម្ពុជា​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ GSP ​របស់​សហ​អាមេរិក។ ដូច្នេះ​លោកស្រី​ថា ​ប្រសិន​បើ​កម្ពុជាបាត់​បង់ នោះ​កម្ពុជា​នឹង​ខាតប្រយោជន៍​ពី​ផល​ចំណេញ​នេះ។

លោកស្រី​ប្រាប់​ VOA ​ថា៖ «អ្នក​ទិញ​ទាំង​អស់នឹងពិចារ​ណា។ ពិចារណា​ថា មិន​ទិញ​ពី​កម្ពុជា​ទេ​ដោយសារ​គេ​អាច​ទៅ​ទិញ​នៅ​ប្រទេស​ផ្សេងៗ​ទៀត ព្រោះ​គេ​មើល​ឃើញ​តម្លៃ​វា​មិន​ខុស​គ្នា​ប៉ុន្មាន​ណា»។

បើ​តាម​លោកស្រី យ៉ាង សុភ័ណ្ឌ មាន​កំណើន​រោង​ចក្រ​ផលិត​ផលិត​ផល​ធ្វើ​ដំណើរ​ជាង​មុន ខណៈផលិត​ផល​សម្លៀក​បំពាក់​របស់​កម្ពុជា​រង​ទណ្ឌ​កម្ម​មួយ​ផ្នែក​នៃប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប។

លោក​ស្រី​បញ្ជាក់​ថា៖ «វា​អាច​ថា​រោងចក្រ​មួយ​ចំនួន​ដែល​គាត់​ធ្វើនៅ​ក្នុង​វិស័យ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ហ្នឹង ហើយ​រោងចក្រ​របស់​គាត់​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​បិទ​ ឬ​ក៏​មិន​មាន ​order​ កម្មង់​ទិញ​អី​ជាដើម គាត់​ផ្លាស់​មុខ​របរ​គាត់ ទៅ​ធ្វើ​កាបូប​អី​វិញ​អីអញ្ចឹង​ទៅ»។

ប្រធាន​សហ​ភាព​ចលនា​កម្មករ​កម្ពុជា លោក ​ប៉ាវ ស៊ីណា មាន​ប្រសាសន៍​ថា ​លោក​ក៏ឃើញ​មាន​កំណើន​នៃ​ការ​ផលិត​ផលិត​ផល​ធ្វើ​ដំណើរផង​ដែរ ដោយ​មាន​អ្នក​វិនិ​យោគថ្មី មិន​មែន​ម្ចាស់​ដែល​បិទ​រោង​ចក្រ​ ដោយ​សាររង​គ្រោះពី​ការ​ដក​ដោយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA (Everything But Arms) នោះ​ទេ។

លោក ប៉ាវ ស៊ីណា ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បន្ត​រក្សា​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ GSP ​នេះ ដោយ​សារ​វាប៉ះ​ពាល់ដល់​អ្នក​រក​ស៊ី​នៅ​កម្ពុជា​ ដែល​បារម្ភ​អំពី​ការ​បង់​ពន្ធ ពេល​នាំចូល​ទីផ្សារ​អាមេរិក។

រូបឯកសារ៖ ទង់ជាតិតំណាងសហភាពអឺរ៉ុប នៅមុខទីស្នាក់ការកណ្តាលក្នុងប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ ទង់ជាតិតំណាងសហភាពអឺរ៉ុប នៅមុខទីស្នាក់ការកណ្តាលក្នុងប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

កាល​ពី​ខែ​សីហា ឆ្នាំ​មុន សហភាព​អឺរ៉ុប​បាន​បន្ថយ​ការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន​ ២០ ​ភាគរយ​លើ​ទំនិញ​កម្ពុជា​ ជា​ការ​ឆ្លើយ​តប​នឹង «ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ» ​លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់ ​មាន​ប្រសាសន៍​ថា «វា​មាន​ភាព​ផុយ​ស្រួយ» ដោយ​សារ​សមាជិក​សភា​អាមេរិកធ្លាប់​ស្នើ​ឲ្យ​ពិចារណា​លើ​ការ​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​មក​កម្ពុជា។

ដូច្នេះ​លោក​ថា ​ពិបាក​ក្នុង​ការ​ព្យាករ​ទុក​ជា​មុន​ថា ​អាមេរិក​នឹង​សម្រេច​យ៉ាង​ណា។ លោក​បន្ត​ថា​អនាគតរដ្ឋបាល​អាមេរិក​ថ្មី​ដែល​មាន​លោក Joe Biden ប្រធានា​ធិបតី​ជាប់​ឆ្នោត​មក​ពី​គណបក្ស​ប្រជាធិប​តេយ្យ នឹងផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ខ្លាំង​ជាង​រដ្ឋ​បាល​របស់​លោក​Donald Trump។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​គិត​ថា ​រឿង​ដែល​កម្ពុជា​គួរ​តែ​ធ្វើ​ហ្នឹង គឺ​ត្រូវ​ធានា​ឲ្យ​បាននូវ​ការ​លើក​កម្ពស់​សិទ្ធិ​ការងារ ហើយ​និង​លក្ខ​ខណ្ឌ​ការងារសម្រាប់​កម្មករ​នយោ​ជិត​នៅ​ក្នុង​វិស័យ​ហ្នឹង…តែ​ខ្ញុំ​គិត​ថា​សហរដ្ឋ​អាមេរិក​គួរ​តែ​មាន​ការ​ពិនិត្យ​ឡើង​វិញឲ្យ​បាន​ល្អិត​ល្អន់​ សម្រាប់​ដំណើរ​ការ​នៅ​ក្នុង​ការអនុម័ត ក៏​ដូច​ជា​សម្រេច​ណាមួយនៅ​ក្នុង​ការ​ផ្តល់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ហ្នឹង​សា​ជា​ថ្មី»។

កាល​ពី​ឆ្នាំ ​២០១៩ ​តំណាងរាស្ត្រ​សហ​រដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក Alan Lowenthal​ និង​លោក Steve Chabot​ បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ដែល​ទាម​ទារ​ឲ្យ​លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ ថ្លឹងថ្លែង​រវាង​ការ​ខូច​ខាត​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការណ៍​ដែល​កម្ពុជា​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP​ នៅ​ចំ​ពេល​មាន​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន លោក ​W. Patrick Murphy ​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ VOA​ ថា ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​នេះ ប្រទេស​នីមួយៗ​ត្រូវ​គោរពស្តង់ដារ​ខ្ពស់​សម្រាប់​ការងារ​ ដូច​ជា​លក្ខខណ្ឌ​ការងារ​ និង​ការ​គោរព​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​ និង​ការ​ចូល​រួម​ជា​មួយ​សហជីព​ជា​ដើម។​

បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ​ GSP​ ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក ​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង​ ៥ ពាន់​មុខ។​ នៅ​ក្រោម ​GSP​ នេះ​ កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​ ១ ពាន់​លាន​ដុល្លារ​ ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ២០១៩៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG