ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​​អាមេរិក​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ប្រេង​ជាមួយ​កង​កម្លាំង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​ស៊ីរី


រូបឯកសារ៖ ទិដ្ឋភាព​នៃ​រោង​ចក្រ​ប្រេង​មួយ​នៅ​ទីក្រុង Al-Shaddadeh ប្រទេសស៊ីរី។

មាន​សេចក្តី​រាយការណ៍​ថា​ ក្រុមហ៊ុន​សហរដ្ឋ​អាមេរិក​មួយ​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា មួយ​ពួក​អាជ្ញាធរ​ដែល​ដឹកនាំ​ដោយ​ជន​ភាគតិច​ Kurd ក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស​ស៊ីរី​ ដើម្បី​អភិវឌ្ឍ​និង​នាំ​ចេញ​ប្រេង​ឆៅ​នៅ​ក្នុង​តំបន់​នានា​នៅ​ក្រោម​ការត្រួត​ត្រា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ។

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ឯ​តំបន់​រដ្ឋបាល​ស្វ័យភាព​ដែល​ដឹកនាំ​ដោយ​ជនជាតិ​ភាគតិច​ Kurd ​ក្នុង​តំបន់​ភាគ​ឦសាន​ប្រទេស​ស៊ីរី​បាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​នោះ​ទទួល​បាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

មន្ត្រី​ Kurd ​នោះ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ VOA ថា៖ «ក្នុង​កិច្ចព្រមព្រៀង​នោះ​ រោចក្រ​ចម្រាញ់​ប្រេង​កាត​មួយ​ នឹង​ត្រូវ​ស្ថាបនា​នៅ​ភាគ ឦសាន​ប្រទេស​ស៊ីរី​ ដោយ​មាន​តម្លៃ​១៥០​លាន​ដុល្លារ»។

មន្ត្រី​រូប​នោះ​ បាន​និយាយ​ទៀត​ថា៖ «ក្រុមហ៊ុន​នោះ​នឹង​រុករក​ប្រេង​ក្នុង​តំបន់​៣​នៅ​ភាគ​ឦសាន​ប្រទេស​ស៊ីរី​ រួមមាន​តំបន់​ Rumeilan, Tel Hamees និងតំបន់ Tel Brak»។

មាន​សេចក្តី​រាយការណ៍​ថា ​ក្រុមហ៊ុន ​Delta Crescent Energy LLC បាន​ទាក់ទិន​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ។ ​VOA មិន​អាច​ទាក់​ទង​ក្រុមហ៊ុន​នេះ​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ។

សេចក្តី​លម្អិត​អំពី​កិច្ច​ព្រម​ព្រៀង​នោះ​ បាន​លេច​ចេញ​ជា​លើក​ទី១​កាល​ពី​សប្តាហ៍​មុន​ពី​លោក​រដ្ឋមន្ត្រី​ការបរទេស​ Mike Pompeo​ ក្នុង​អំឡុង​សវនាការ​សភា។

លោក​រដ្ឋមន្ត្រី​ការបរទេស​ Pompeo ​ដែល​ត្រូវ​បាន​ចោទ​សួរ​ដោយ​លោក​ Lindsey Graham​ សមាជិក​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​កិច្ចព្រមព្រៀង​នោះ។ កិច្ច​ព្រម​ព្រៀង​នោះ​នឹង​ធ្វើឲ្យ​ទំនើប​វាល​អណ្តូង​ប្រេង​ភាគ​ឦសាន​ប្រទេស​ស៊ីរី។

លោក​រដ្ឋមន្ត្រី​ការបរទេស ​Pompeo ​និយាយ​ថា៖ «កិច្ចព្រមព្រៀង​នោះ​បាន​ចំណាយ​ពេល​យូរ​បន្តិច​ជាង​យើង​បាន​សង្ឃឹម​ទុក​ ហើយ​ឥឡូវ​នេះ យើង​កំពុង​អនុវត្ត»។

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​ឬ​ (SDF) ​ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុមរដ្ឋ​អ៊ីស្លាម​ដែល​បាន​ត្រួតត្រា​ផ្នែក​ភាគ​ច្រើន​នៃ​តំបន់​ដែល​សម្បូរ​ប្រេង​នោះ៕

XS
SM
MD
LG