ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​វេជ្ជបណ្ឌិត​ថា វីរុស​កូរ៉ូណា​ផ្ទុះ​ឡើង​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន​នឹង​ក្លាយ​ជា​គ្រោះ​មហន្តរាយ


ស្ត្រីៗ​តម្រង់​ជួរ​គ្នា​ដើម្បី​យក​ទឹក​ផឹក​ នៅ​ជំរំ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ក្រុង Teknaf ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

វេជ្ជបណ្ឌិត​មួយ​ចំនួន​កំពុង​ព្រមាន​ថា​ការ​ឆ្លង​រាល​ដាល​​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​សហគមន៍​ជន​ភៀសខ្លួន​​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​មួយ។ អសប​​ប៉ាន់​ស្មាន​ថា​ មាន​ជនភៀសខ្លួន​ជាង​៣០​លាន​នាក់​ទូទាំង​ពិភពលោក ហើយ​ពួក​គេ​ច្រើន​រស់​នៅ​​​ក្នុង​ស្ថានភាព​ដែល​ងាយ​នឹង​​ឆ្លង​វីរុស​កូរ៉ូណា។

ខណៈ​ពេល​ដែល​ប្រទេស​អភិវឌ្ឍ​ជា​ច្រើន​កំពុង​តែ​ទប់​ទល់​នឹង​វីរុស​រាតត្បាត អ្នក​ជំនាញ​សុខាភិបាលបាន​ឲ្យ​ដឹង​ថា ​វា​ជា​ការសំខាន់​ណាស់​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នៅ​ក្នុង​ពិភព​លោក។

ប្រជាជន​ទូទាំង​ពិភព​លោក​កំពុង​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ ដើម្បី​អនុវត្ត «ការជៀស​វាង​ប្រាស្រ័យ​ទាក់​ទង​គ្នា» និង​ដើម្បី​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកដទៃ ក៏ដូច​ជា​អនុវត្តការ​ថែ​រក្សា​អនាម័យ​ជា​អាទិភាព។ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ Richard Sullivan សហប្រធាន​ក្រុម​ការងារ​ស្រាវជ្រាវ​ស្ដីពី​វិវាទ​ និង​សុខភាព​នៃ​សកលវិទ្យាល័យ Kings College London បាន​និយាយ​ថា ការ​អនុវត្ត​សកម្ម​ភាព​ខាង​លើ​នេះ ហាក់​ដូចជា​មិន​អាច​ទៅ​រួចឡើយនៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន។​

លោក Sullivan បាន​ប្រាប់​ VOA ថា៖ «ភាគ​ច្រើន​ជន​ភៀស​ខ្លួន​ទាំង​នេះ​ត្រូវ​បាន​គេ​ឲ្យ​ស្នាក់​នៅ​គ្នា​ច្រើន​ក្នុង​ជំរំ​ ដែល​ការណ៍​នេះ​អាច​ធ្វើ​ឲ្យ​ការ​ឆ្លង​រាល​ដាល​កើត​ឡើង​កាន់​តែ​ងាយ​ស្រួល។ លោក​ថ្លែង​បន្ដ​ថា៖ «ប្រាកដ​ណាស់​ លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត​ និងអនាម័យ​គឺ​ជា​រឿង​សំខាន់។ លើស​ពី​នេះ​ទៅទៀត ស្ថានភាព​ទូទៅ​នៃ​អាហារូបត្ថម្ភ​ក៏​មាន​សារៈសំខាន់​ដែរ។ ពួក​គេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង​ផ្លូវ​អារម្មណ៍ ដែលជះ​ឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​នៃ​រាង​កាយ​របស់​ពួក​គេ ប៉ុន្តែ​អាហារូបត្ថម្ភ​មាន​សារៈសំខាន់​ណាស់ក្នុង​ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ»។

ទីក្រុង​ Cox's Bazar នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​គឺ​ជា​ទី​ជម្រករបស់​ជន​ភៀស​ខ្លួន​ប្រមាណ​៩សែននាក់ ចែក​ជា​ ៣៤ជំរំ ហើយ​ភាគច្រើន​គឺ​ជា​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ដែល​រត់​គេច​ខ្លួន​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នៅ​ពេល​ដែល​ VOA បាន​ទៅ​កាន់​ជំរំ​នោះ​ កាល​ពី​ដើម​ខែ​មីនា ជន​ភៀស​ខ្លួន​នៅ​ទីនោះ​ហាក់​ដូច​ជា​បង្ហាញ​ចំណេះ​ដឹង​ខុស​គ្នាអំពី​ជំងឺ Covid-19។​

រូបភាព​ឯកសារ៖ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមូល​ផ្តុំ​គ្នា​នៅ​ផ្សារ​មួយ​ក្នុង​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុងCox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
រូបភាព​ឯកសារ៖ ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមូល​ផ្តុំ​គ្នា​នៅ​ផ្សារ​មួយ​ក្នុង​ជំរំ​ភៀស​ខ្លួន​នៅ​ក្នុង​ក្រុងCox's Bazar ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។

បុរស​ជន​ភៀស​ខ្លួន​ម្នាក់​បាន​និយាយ​ថា៖ «លោកបានភ្លេច​ឈ្មោះ​ជំងឺ​នោះ​ហើយ។ លោក​បាន​ឮ​ថា​ជំងឺ​នេះ​មាន​នៅ​ច្រើន​ប្រទេស​ ហើយ​មនុស្ស​បាន​ស្លាប់​ជា​ច្រើន​នាក់។ ដូច្នេះ​ពួកគាត់​គួរ​តែ​សម្អាត​ដៃ​របស់​ពួក​គាត់»។

លោក Azim Ullah មាន​អាយុ ៤០​ឆ្នាំ​ បាន​និយាយ​ថា ទីភ្នាក់ងារ​ផ្ដល់​ជំនួយបាន​ផ្ដល់​ដំបូន្មាន​អំពី​ការ​ការពារ​ការ​ឆ្លង​រាត​ត្បាត។ លោក​បាន​និយាយ​ថា៖ «ពួក​គេ​បាន​ប្រាប់​ពួកគាត់ឲ្យ​លាង​ដៃ និង​លាង​ជើង​ដោយ​ប្រើ​សាប៊ូ​ ក្រោយ​ពី​ចូល​បន្ទប់​ទឹក ​មិន​ត្រូវ​បរិភោគ​ផ្លែ​ឈើ​ដោយ​មិនបាន​លាង​ទឹក និង​មិន​ត្រូវបរិភោគ​អាហារខាង​ក្រៅ​ដោយ​មិន​បាន​គ្របត្រឹម​ត្រូវ»។

យ៉ាង​ណា​ក៏​ដោយ ដំបូន្មាន​ល្អ​នេះមាន​បញ្ចូល​គ្នា​ជា​មួយពាក្យ​ចចាម​អារាម​និង​ទ្រឹស្តី​សម​គំនិត​មួយ​ចំនួន។ ជន​ភៀស​ខ្លួន​ម្នាក់​បាន​និយាយ​ថា​ វីរុស​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បំផ្លាញ​ជាតិ​សាសន៍​មូស្លីម។ ជន​ភៀស​ខ្លួន​ម្នាក់​ទៀតបាន​និយាយ​ទាំង​យល់​ច្រឡំ​អំពី​អាការៈ​នៃ​វីរុស​កូរ៉ូណា​នេះ។ លោក​និយាយ​ថា៖ «លោក​បាន​ឮ​មក​ថា បើ​សិន​នរណា​ម្នាក់​ឆ្លង​ជំងឺ​ថ្មី​នេះ ​ដៃ​ជើង​នឹង​កម្រើក​លែង​បាន។ ហៀរ​ទឹក​មាត់។ អ្នកជំងឺ​នឹង​ព្រុស​ដូច​សត្វ​ឆ្កែ»។

ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយ​ថា ​អាការៈ​ចម្បង​នៃ​ជំងឺ​នេះ​គឺ​ក្ដៅខ្លួន​និង​ក្អក​ស្ងួត។

លោក​វេជ្ជបណ្ឌិត Kamal Hossain ​ឧត្តម​ស្នង​ការ​រង​ប្រចាំ​ទី​ក្រុង Cox's Bazar បាន​និយាយ​ថា​ អាជ្ញាធរ​ជំរំ​កំពុង​តែ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ពួក​គេ​អាច​ធ្វើ​បាន ដើម្បី​ការពារ​កុំ​ឲ្យ​មាន​វីរុស​នេះឆ្លង​រាលដាល​ក្នុង​ជំរំ។ លោក​ Hossainបាន​ថ្លែង​ថា៖ «ក្រុម​ការងារ​របស់​លោក​បាន​ណែ​នាំឲ្យ​ក្រុមផ្ដល់​ជំនួយ​បរទេសពិនិត្យ​សុខភាព​របស់​ពួក​គេ និង​ព្យាយាម​មិន​នាំ​ក្រុម​ការងារ​ថ្មី​ពី​បរទេស​ចូល​មក​ទេ។ កម្ម​វិធី​ផ្ដល់​ចំណេះ​ដឹង​អំពី​វីរុស​នេះ​ក៏​កំពុងបន្ត​ធ្វើ​ឡើង​សម្រាប់​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែរ»។

លោក Sullivan បាន​និយាយ​ថា ការ​ឆ្លង​ជំងឺ​នេះ​នឹងត្រូវ​រាល​ដាល​យ៉ាង​លឿន​ជា​មួយ​នឹង​លទ្ធផល​ដ៏​អាណោចអាធម្ម។ លោក​ថា៖ «ឧទាហរណ៍ បើសិន​វីរុស​កូរ៉ូណា​ឆ្លង​ចូល​ក្នុង​ជំរំ លោក​អ្នកនឹង​ឃើញ​មាន​អត្រា​អ្នក​ស្លាប់​យ៉ាង​ច្រើន​ជា​មិន​ខាន ពី​ព្រោះ​គ្មាន​វិធី​ណា​ដើម្បី​ការ​ពារ​កុំ​ឲ្យ​ពួក​គេ​បាត់​បង់​ជីវិត​រហូត​ដល់​ពួក​គេ​ជា​សះ​ស្បើយ​នោះ​ទេ។​ ​ប្រាកដ​ណាស់ ជន​ភៀស​ខ្លួន​ជា​ច្រើន ក៏​ដូចជា​ប្រជាជន​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង​ រស់​នៅ​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន ដែល​ឆ្ងាយ​សែន​ឆ្ងាយ​ពី​ការ​ទទួល​បាន​ជំនួយ​ផ្លូវ​ការ​ពី​ខាង​ក្រៅ។ ហើយ​ជន​ភៀស​ខ្លួន​ទាំង​នោះ​គឺងាយ​រង​គ្រោះ​បំផុត»។

ជន​ភៀស​ខ្លួន​ទាំង​នេះ ក៏​រាប់​បញ្ចូល​ទាំង​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់ ដែល​ភៀស​ខ្លួន​ពី​សង្គ្រាម​ក្នុង​ខេត្ត Idlib ប្រទេស​ស៊ីរី និងជនភៀស​ខ្លួន​ដែលជាប់​ក្នុង​ជំរំ​បណ្ដោះ​អាសន្ន​នៅឯ​ព្រំដែន​ប្រទេស​តួកគី និង​ប្រទេស​ក្រិក ដែល​សង្ឃឹម​ថា ពួក​គេ​នឹង​បាន​ទៅ​ដល់​ដែន​ដី​អឺរ៉ុប។

រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​ទូទៅ​នៃ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្បែរ​ភូមិ Atimah ខេត្ត Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​ទូទៅ​នៃ​ជំរំ​ជន​ភៀស​ខ្លួន​នៅ​ក្បែរ​ភូមិ Atimah ខេត្ត Idlib ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។

ទន្ទឹម​នឹង​នេះ អ្នកស្វែង​រក​សិទ្ធិ​ជ្រកកោនប្រមាណ ៤ម៉ឺន​២ពាន់​នាក់ រស់​នៅ​ក្នុងជំរំដ៏​ចង្អៀត​នៅ​លើ​កោះ​នានា​ក្នុង​ប្រទេសក្រិក។ ក្រុម​គ្រូ​ពេទ្យ​ឥតព្រំដែន​បាន​ព្រមាន​ថា អឺរ៉ុប​គួរ​តែ​ជម្លៀស​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស និង​បាន​ពណ៌នាស្ថានភាព​នេះ​ថា​ជា «ព្យុះ​ខ្លាំង​ក្លាបំផុត​មួយ​នៃ​ការ​រាត​ត្បាត​វីរុស​កូរ៉ូណា»។

អ្នកស្រី​វេជ្ជបណ្ឌិត Hilde Vochten នៃ​ក្រុម​វេជ្ជបណ្ឌិត​ឥត​ព្រំ​ដែន​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ជំរំ Moria [លើ​កោះ Lesbos] មាន​តែ​បំពង់បង្ហូរ​ទឹកមួយ​ប៉ុណ្ណោះ​សម្រាប់មនុស្ស​ ១ពាន់៣រយ​នាក់​ ហើយ​មិន​មាន​សាប៊ូ​ឡើយ។ គ្រួសារ​ដែល​មាន​សមាជិក​ ៥​ ឬ ៦នាក់ ​ត្រូវ​សម្រាកក្នុង​កន្លែង​ដែល​មាន​ទំហំ​មិន​លើស​ពី​បី​ម៉ែត្រ​ក្រឡា​ទេ។

ទី​ក្រុង Kakuma នៅ​ក្នុង​ប្រទេស​កេនយ៉ា​ គឺជា​ជម្រក​នៃ​ជន​ភៀស​ខ្លួន​ជិត​ ២សែន​នាក់​ក្នុង​នោះ​មាន​ជន​ជាតិ​ប៊ូរុនឌី និង​អ្នកស្រី Renovat Manirageza ​អតីត​គិលានុបដ្ឋាយិកា ម្នាក់។ អ្នកស្រី Manirageza បាន​ប្រាប់ VOA តាម​ខ្សែ​ទូរស័ព្ទ​ក្នុង​ពេល​ថ្មីៗ​នេះ​ថា៖ «ចំពោះការ​ចែក​រំលែក​ចំណេះ​ដឹង គេ​មិន​ទាន់​បាន​ធ្វើ​អ្វី​ឡើយ។ មន្ត្រី​សុខាភិបាល​ដែលអ្នក​ស្រី​បាន​និយាយ​ជា​មួយ បាន​ប្រាប់​អ្នកស្រី​ថា ពួក​គេ​កំពុង​រង់ចាំ​ការ​ណែនាំ និងបទបញ្ជា​ពី​ក្រសួង​សុខាភិបាល​កេនយ៉ា។ អ្នក​ដែល​អាច​ប្រើ​អ៊ីនធឺណិត​បាន​ប្រើ​ទូរស័ព្ទ​ដើម្បី​អាន​ព័ត៌មាន​លើ​អ៊ីនធឺណិត​អំពី​វីរុស​កូរ៉ូណា ហើយ​អ្នក​ផ្សេង​ទៀត​ស្ដាប់​វិទ្យុ​ជាតិ និង​អន្តរជាតិ ដើម្បី​ទទួល​បាន​ព័ត៌មាន​អំពី​ការ​រីក​រាល​ដាល​នៃ​វីរុស​នេះ​នៅក្នុង​ប្រទេស​ផ្សេង​ទៀត។

ជំរំ​ជា​ច្រើនស្ថិត​នៅ​ប្រទេស​ដែល​មិន​សូវ​សម្បូរ​ធន​ធាន ឬ​ប្រទេស​ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​មិន​សូវ​ជឿន​លឿន​ដូច​ជា​ប្រទេសកេនយ៉ា បង់ក្លាដែស​ អ៊ីរ៉ាក់ និង​លីបង់​ជាដើម។

អ្នកស្រី Kalipso Chalkidou សាស្ត្រាចារ្យ​ផ្នែកសុខភាព​សកល​នៃ​សាកល​វិទ្យាល័យ Imperial College London ​បាន​ចោទ​ជា​សំណួរ​ថា៖ «ពួក​គេកំពុង​តែរស់​នៅ​យ៉ាង​កក​កុញ​ជា​មួយ​គ្នាទៅ​ហើយ ដូច្នេះ​សំណួរ​គឺ​ថា តើ​មនុស្ស​នៅ​ក្នុង​ជំរំនឹង​អាច​ត្រូវ​បាន​គេ​ដាក់ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដែរ​ឬទេ?

សូម្បី​តែ​ប្រទេស​អ្នក​មាន​មួយ​ចំនួន​ក៏កំពុង​តែ​តស៊ូជា​មួយ​វីរុស​កូរ៉ូណា​យ៉ាង​ត្រដាប​ត្រដួស​ដែរ។ ​ការ​ឆ្លង​រាល​ដាល​ណា​មួយ​ក្នុង​ចំណោម​សហគមន៍​ជន​ភៀស​ខ្លួននឹង​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ជាក់​ជា​មិន​ខាន៕

ប្រែ​សម្រួល​ដោយ៖ សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG