ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​ថា​កំពង់​ផែ​កម្ពុជា​គ្មាន​វិធាន​ទប់ស្កាត់​អំពើ​ភេរវកម្ម

  • ហេង រស្មី

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​​ចត​នៅ​​លើ​​​​នាវា​ពិឃាត​អាមេរិក USS Gary ដែល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​​កាល​ពី​ថ្ងៃ​​ទី​១០ ខែ​កុម្ភៈ ​ឆ្នាំ​២០០៧។

កាល​ពី​សប្តាហ៍​មុន​ក្រសួង​សន្តិសុខ​ជាតិ​នៃ​សហរដ្ឋ​អាមេរិក​បាន​ចេញ​របាយការណ៍​មួយ​ដោយ​បាន​បន្ទោស​កំពង់​ផែ​ពាណិជ្ជកម្ម​ចំនួន​ពីរ​គឺ​កំពង់​ផែ​ក្រុង​ព្រះសីហនុ​ និង​កំពង់​ផែ​ក្រុង​ភ្នំពេញ​ថា​មិន​មាន​វិធានការបាន​ទប់​ស្កាត់​សកម្មភាព​ភេរវកម្ម។

របាយការណ៍​នោះ​បាន​លើក​ឡើង​ថា​ គិត​ដល់ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០១៣ មាន​នាវា​ដែល​បាន​ចូល​កំពង់ផែ​ទាំង​ពីរ​នេះ​ត្រូវ​បាន​កត់​សម្គាល់​ថា គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​តែ​ត្រូវ​បង្ខំ​ឲ្យ​ពិនិត្យ បើ​មិន​ដូច្នោះ​ទេ នាវា​ទាំង​នោះនឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់​ផែ​សហរដ្ឋ​អាមេរិក​ជា​ដាច់​ខាត។

លោក​ លូ គឹមឈុន​ ប្រធាន​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​មាន​ប្រសាសន៍​ថា លោក​មិនទាន់​បាន​ឃើញ​របាយការណ៍​នេះ​នៅ​ឡើយ។ ក៏ប៉ុន្តែ​លោក​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ដែល​ធ្វេស​ប្រហែស​ក្នុង​ការ​ត្រួតពិនិត្យ​នាវា​ដែល​បាន​ចាក​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិកទេ។

«របាយការណ៍​នេះ ខ្ញុំ​អត់​ទាន់​បាន​ឃើញ​មក​ដល់​កំពង់​ផែ​ផង​។ ខ្ញុំ​ឮ​ខាង​នាយសន្តិសុខ​ខ្ញុំ​បាន​និយាយ​ពី​រឿង​ហ្នឹង​ដែរ តែ​យើង​ទើប​ចូល​ក្រោយ​ថ្ងៃ​ភ្ជំថ្ងៃ​នេះ។ ខ្ញុំ​កំពុង​មើល​របាយការណ៍​ហ្នឹង។ សួរ​រក​របាយការណ៍​ហ្នឹង​យក​មក​មើល​តើ​វា​ពាក់​ព័ន្ឋ​អ្វី​ខ្លះ»។​

ក្នុង​អំឡុង​ឆ្នាំ​២០០៨ សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​រិត​បណ្តឹង​ចំពោះ​នាវា​ដែល​បាន​ឆ្លង​កាត់​ប្រទេស​កម្ពុជា ដែល​ភាគ​ច្រើន​បាន​រិតបណ្តឹង​ទៅ​លើ​នាវា​ដឹក​ជញ្ជូន​ទំនិញ​ឯកជន​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ខ្ពស់​តាម​ប្រព័ន្ឋ​រ៉ាដា​តាម​ច្បាប់​ជើង​ទឹក​អន្តរជាតិ ​ដែល​ធ្វើ​ឲ្យ​នាវា​ទាំង​នោះ​ងាយ​រង​ការ​ចោទ​ប្រកាន់​ថា បានប្រព្រឹត្ត​សកម្មភាព​មិន​ស្រប​ច្បាប់។​

លោក​ លូ គឹមឈុន​ មាន​ប្រសាសន៍​ថា កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​បាន​ខិតខំ​បំពេញ​លក្ខខណ្ឌ​ប្រយុទ្ធ​ប្រឆាំង​នឹងសកម្មភាព​ភេរវកម្ម ក៏​ប៉ុន្តែ​វា​ត្រូវ​ការ​ធ្វើ​មួយ​ជំហ៊ាន​ម្តងៗ។​លោក​បាន​បញ្ជាក់​ថា បើ​កាល​ណា​យើងឆែក​តឹង​រឹង​ពេក វា​នឹង​បាត់​បង់​ភាព​ប្រកួត​ប្រជែង​ ហើយ​បើ​កាល​ណា​ធូរ​ពេក វា​ប៉ះ​ពាល់​ដល់​សន្តិសុខ។​

កាល​ពី​ថ្ងៃ​ទី ១៥ ខែ កញ្ញា​ នាយកដ្ឋាន​នៃ​ក្រសួង​សន្តិសុខជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​រក​ឃើញ​ថា ឆ្មាំ​សមុទ្រ​របស់​អាមេរិក​បាន​បញ្ជាក់​ថា មាន​កំពង់ផែ​ក្រុង​ព្រះ​សីហនុ​ និង​ កំពង់ផែ​ក្រុង​ភ្នំពេញ​លែង​មាន​វិធាន​ការណ៍​បង្ហាត់​បង្រៀន​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ភេរវកម្ម​ប្រកបដោយ​ប្រសិទ្ឋិភាព​ទៀត​ហើយ។​

លោក​ ជាប ថុល​ អគ្គនាយក​រង​ប្រតិបត្តិ​ការ​កំពង់​ផែ​ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា កិច្ច​ការ​ឆែក​ទំនិញ​ជា​សមត្ថកិច្ច​របស់​មន្ត្រី​គយ​និង​រដ្ឋាករ។​

«រឿង​ហ្នឹង​គេ​ទាក់​ទង​គយ​ប្រចាំ​កំពង់​ផែ។ គេទាក់ទង​គ្នា​ទៅ​ហើយ​។ ខ្ញុំ​នេះ​គ្រាន់​តែផ្តល់​កន្លែង​សម្រាប់​រៀប​ឧបករណ៍​ប្រឆាំង គឺ​ការងារ​ប្រឆាំង​គឺ​នៅ​លើ​សមត្ថកិច្ច​គយ»។​

លោក សុខ គឹមសាន​ ប្រធាន​សាខា​គយ​ប្រចាំច្រក​ទ្វារ​អន្តរជាតិកំពង់​ផែ​ក្រុង​ភ្នំពេញ​មាន​ប្រសាសន៍​ថា កំពង់​ផែ​មិន​បាន​ធ្វេស​ប្រហែស​ទេ ហើយ​រាល់​ទំនិញ​ទាំង​អស់​ កំពង់ផែ​បាន​ស្កែន​គ្រប់​កុងតឺន័រ។ លោក​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​ថា ក្រសួង​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ព័ត៌មាន​នោះ​ពីណា​ទេ។​

«យើង​ខ្ញុំ​មិន​ដែល​ថា​ត្រួត​ពិនិត្យ​ចោះៗ​ឬ​លំៗ​គឺ​អត់​ទេ។ យើង​ត្រួត​ពិនិត្យ​១០០%។​លើក​លែង​តែ​ទំនិញ​របស់​ស្ថានទូត​ ទំនិញ​របស់​អ្វីៗ​អាហ្នឹង​គឺ​គេ​លើក​លែង​ឲ្យ​ត្រួត​ពិនិត្យ។ អាហ្នឹង​គឺ​ខ្ញុំ​អនុវត្ត​ទៅ​តាម​របស់​អគ្គនាយកដ្ឋាន​តែ​ប៉ុណ្ណឹង»។​

កម្ពុជា​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០០៩​លើ​គម្រោង Mega Port ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ក្នុង​គោល​បំណង​ស្វែង​រក​ការ​គ្រប់​គ្រង​ឲ្យ​បាន​១០០ភាគរយ​នូវ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​វិទ្យុសកម្ម​ឆ្នាំ​២០១៥​នៅ​តាម​កំពង់​ផែ​សមុទ្រ​ដើម្បី​ប្រយុទ្ឋ​ប្រឆាំង​នឹង​សកម្មភាព​ភេរវកម្ម ទំនិញ​រត់​ពន្ធ សម្ភារៈ​ដែល​មាន​សារធាតុ​នុយក្លេអ៊ែរ ឬ​វិទ្យុសកម្ម​ជាដើម។

សហរដ្ឋ​អាមេរិក​ក៏​បាន​តំឡើង​ម៉ាស៊ីន​ស្កែន​វិទ្យុសកម្មនេះ​មាន​តម្លៃ​ប្រហែល​៦​លាន​ដុល្លារ​នៅ​កំពង់​ផែ​ក្រុង​ព្រះ​សីហនុ​ និង​កំពង់​ផែ​ក្រុង​ភ្នំពេញ​ព្រម​ទាំង​ផ្តល់​ជំនួយ​ក្នុង​ការ​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​កម្ពុជា​ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្កែន​វិទ្យុសកម្ម​នេះ​ទៀត​ផង៕

XS
SM
MD
LG