នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្រកាសជាផ្លូវការចូលរួមជាទឹកចិត្តនិងនយោបាយជាមួយសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករអ៊ីស្លាមជ្រុលនិយមនៅមជ្ឈិមបូព៌ាប្រទេសដែលហៅខ្លួនឯងថា រដ្ឋអ៊ីស្លាម Islamic State ឬ ISIS។
ក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ISIS បានវាយលុកយកទឹកដីនៅតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរីនិងតំបន់មួយចំនួនទៀត។ ក្រុមនេះបានគំរាមវាយប្រហារស.រ.អា. និងប្រទេសមួយចំនួនទៀត ក្រៅពីបានសម្លាប់ដោយកាត់ក្បាលអ្នកកាសែតអាមេរិកាំងពីរនាក់ និងចំណាប់ខ្មាំងជនជាតិអង់គ្លេសម្នាក់ ដែលធ្វើការជាបុគ្គលិកអង្គការមនុស្សធម៌មួយ ហើយគំរាមកាត់ក្បាលចំណាប់ខ្មាំងជនជាតិអង់គ្លេសទីពីរនៅពេលឆាប់ៗខាងមុខ។ ពួកគេបានកាប់សម្លាប់ពលរដ្ឋ ជនជាតិភាគតិចនៅតំបន់ភ្នំជាច្រើនទៀត ដែលពួកគេបានវាយយកបានពីប្រទេសមួយចំនួនរួមទាំងប្រទេសអ៊ីរ៉ាក់ផងដែរ។
សេចក្តីថ្លែងការណ៍របស់លោកហ៊ុន សែន ធ្វើឡើងក្រោយពីលោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា បានប្រកាសពីយុទ្ធនាការវាយប្រហារនិងបោសសម្អាតក្រុមភេរវកររដ្ឋអ៊ីស្លាមកាលពីសប្តាហ៍មុន។
មានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិរយៈពេលប្រាំឆ្នាំ២០១៤-២០១៨ ក្នុងទីក្រុងភ្នំពេញ លោកប្រមុខរដ្ឋាភិបាលខ្មែរបញ្ជាក់ថាថ្វីដ្បិតតែកម្ពុជាមិនមានធនធានសម្រាប់បញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនដើម្បីចូលរួមកម្ចេចក្រុមភេរវករជ្រុលនិយមISISផ្ទាល់នៅអ៊ីរ៉ាក់ ប៉ុន្តែកម្ពុជាគាំទ្រផ្លូវចិត្តចំពោះបេសកកម្មនេះ។
លោកហ៊ុន សែនបានប្រកាសថា៖ «យើងរក្សាតាំងពីដើមរហូតដល់ចប់ ចូលរួមចំណែកដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម»។
លោកហ៊ុនសែនបានបន្ថែមថា៖ «ជំហររបស់កម្ពុជាចំពោះពួក ISIS បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អំពីយុទ្ធនាការវាយពួក ISIS ខ្ញុំសូមបញ្ជាក់(ថា)យើងគ្មានលទ្ធភាពទៅចូលរួមផ្ទាល់នៅទីនោះទេ។ ក៏ប៉ុន្តែជាផ្លូវចិត្តយើងផ្តល់នូវការគាំទ្រចំពោះសកម្មភាពទាំងឡាយណាដែលបំផ្លាញដល់ពួកភេរវកម្ម។យើងគាំទ្រជានយោបាយនិងស្មារតី។ ហើយយើងនឹងខិតខំការពារខ្លួនឯងនៅទីនេះនិងសហប្រតិបត្តិការដែលអាចធ្វើទៅបានលើវិស័យព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងជាមួយភេរវកម្មគ្រប់ប្រភេទទាំងអស់»។
លោក ហ៊ុន សែន បានប្តេជ្ញាមិនផ្តល់ជម្រកដល់ក្រុមភេរវជននានាឬការលាងលុយរបស់ភេរវករនៅក្នុងប្រទេសរបស់ខ្លួននោះឡើយ។
«យើងមិនយោគយល់និងមិនអត់ឱនចំពោះភេរវកម្មណាមួយ»។
កាលពីពេលថ្មីៗនេះរដ្ឋការក្រុងវ៉ាស៊ីនតោន បានអំពាវនាវស្វែងរកការគាំទ្រជាអន្តរជាតិក្នុងការវាយប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមភេរវកម្មជ្រុលនិយមដែលហៅខ្លួនឯងថារដ្ឋអ៊ីស្លាមនេះ។
សហគមន៍អន្តរជាតិដូចជាប្រទេសអង់គ្លេស អូស្ត្រាលី បណ្តាប្រទេសអារ៉ាប់និងប្រទេសមួយចំនួនទៀតបានប្រកាសគាំទ្រជាបន្តបន្ទាប់ដល់ការអំពាវនាវនោះដែរ។
លោកយឹម សុវណ្ណ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបញ្ជាក់ថា ជំហររបស់រដ្ឋាភិបាលស្របគ្នានឹងជំហររបស់គណបក្សជំទាស់ដែរ។
«យើងគាំទ្រឲ្យមានការទប់ស្កាត់កុំឲ្យមានភេរវកម្មនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងសាកលលោក»។
ជាមួយគ្នានេះដែរលោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថា រដ្ឋាភិបាលបានបង្ហាញជំហរត្រឹមត្រូវចំពោះនយោបាយប្រឆាំងភេរវកម្មនេះ។
«ខ្ញុំថាត្រឹមត្រូវហើយយើងគួរគាំទ្រទាំងអស់គ្នានូវជំហរប្រឆាំងភេរវកម្មគ្រប់បែបយ៉ាងហើយយើងចាត់វិធានការព្រោះនៅប្រទេសកម្ពុជាយើងក៏មានអ្នកកាន់សាសនាអ៊ីស្លាមដែរគឺយើងត្រូវចាត់វិធានការម៉ឺងម៉ាត់បំផុតកុំឲ្យមានឥទ្ធិពលនៃក្រុមហ្នឹងមកលើអ៊ីស្លាមរបស់យើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកថាកម្ពុជាធ្លាប់បានចូលរួមសហប្រតិបត្តិការរួមចំណែកប្រឆាំងនឹងអំពើភេរវកម្មក្នុងតំបន់និងសកលលោកនាពេលកន្លងមក៕