ភ្នំពេញ —
មន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំកម្ពុជាចាត់ទុកជំនួយយោធាសហរដ្ឋអាមេរិកមកកម្ពុជាជាការរួមចំណែកមួយដើម្បីធ្វើឱ្យវិស័យយោធាកម្ពុជាកាន់តែមានតម្លាភាពគណនេយ្យភាពនិងប្រកបដោយវិជ្ជាជីវៈខណៈពេលដែលសង្គមស៊ីវិលបានទទូចឱ្យព្យួរជំនួយយោធានេះជាបណ្តោះអាសន្ន។
លោក Jeff Daigle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារនេះថាជំនួយយោធារបស់សហរដ្ឋអាមេរិកមកកម្ពុជានឹងនៅតែបន្តដើម្បីចូលរួមក្នុងកំណែទម្រង់វិស័យយោធាកម្ពុជាឱ្យកាន់តែល្អប្រសើរ។
«កិច្ចសហប្រតិបត្តិការយោធារបស់យើងជាមួយភាគីកម្ពុជាគឺជាផ្នែកដ៏សំខាន់មួយនៃការងាររបស់យើងជាមួយកម្ពុជាដើម្បីវិវត្តទៅមុខ។ កម្មវិធីទាំងនេះផ្តោតលើការជួយយោធាកម្ពុជាឱ្យមានគណនេយ្យភាពតម្លាភាព និងវិជ្ជាជីវៈជាងមុន។ នេះគឺជាកម្ពុជាដ៏សំខាន់មួយ ហើយយើងកំពុងជួយយោធាប្រទេសនេះឱ្យក្លាយជាដៃគូក្នុងការអភិវឌ្ឍប្រទេសជាតិ»។
លោកJeff Daigle អត្ថាធិប្បាយបន្ថែមថា សហរដ្ឋអាមេរិកមិនបានព្យួរជំនួយយោធាមកកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាមានវិបត្តិនយោបាយក្រោយថ្ងៃបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ ដូចពាក្យចរចាមអារ៉ាមនោះទេ។ ដោយឡែកជំនួយយោធាមួយចំនួនដែលបានផ្អាកនាពេលកន្លងមកគឺដោយសារបញ្ហាថវិការបស់ប្រទេសមហាអំណាចមួយនេះតែប៉ុណ្ណោះ។
លោក Sean McIntosh អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ឆ្លើយតបនឹងសំណួររបស់វីអូអេខេមរភាសាតាមរយៈសារអេឡិចត្រូនិចថា ជំនួយយោធារបស់សហរដ្ឋអាមេរិកបានជួយពង្រឹងសមត្ថភាពអន្តរាគមន៍ផ្នែកមនុស្សធម៌និងគ្រោះធម្មជាតិ ពង្រឹងសមត្ថភាពទប់ស្កាត់អំពើភេរវកម្ម និងសន្តិសុខតាមសមុទ្រ និងផ្តល់ការគាំទ្រថែមទៀតដល់បេសកកម្មការពារសន្តិសុខអន្តរជាតិរបស់ភាគីកម្ពុជា។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់មួយចំនួនទៀត តែមិនអាចទាក់ទងបានទេនៅថ្ងៃនេះ។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីថ្លែងថា កិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជា និងសហរដ្ឋអាមេរិកផ្តោតសំខាន់តែទៅលើផ្នែកមនុស្សធម៌ប៉ុណ្ណោះ ពោលគឺមិនមែនជាការសហការក្នុងរូបភាពជាសម្ព័ន្ធមិត្តយោធានោះឡើយ។
«នេះគ្រាន់តែជាការសហការរវាងយោធាក្នុងវិស័យមនុស្សធម៌ ក៏ជាកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មដែលយើងបានចុះកិច្ចសន្យាយោគយល់គ្នា គឺមិនមែនកិច្ចសន្យាដើម្បីជាសម្ព័ន្ធមិត្តយោធានោះឡើយ»។
កម្ពុជាទទួលបានជំនួយយោធាសហរដ្ឋអាមេរិចំនួនតិចតួចនៅឡើយ។ ជំនួយសហរដ្ឋអាមេរិកសរុបមកកាន់កម្ពុជាប្រមាណ៧០លានដុល្លារក្នុងមួយឆ្នាំៗ។
ទំនាក់ទំនងផ្នែកយោធារវាងកម្ពុជានិងសហរដ្ឋអាមេរិកបានពង្រឹងសារជាថ្មីតាំងពីឆ្នាំ២០០៦មកម៉្លេះ បន្ទាប់ពីមានការព្យួរជំនួយយោធាតាំងពីជម្លោះផ្ទៃក្នុងកម្ពុជានៅឆ្នាំ១៩៩៧។
កាលពីថ្ងៃទី៣ខែមករា កងកម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបដោយការបាញ់រះទៅលើហ្វូងបាតុករជាកម្មកររោងចក្រនៅសួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ា ដែលបានសម្លាប់មនុស្សចន្លោះពី៤ទៅ៥នាក់ និងធ្វើឱ្យរបួសមនុស្សប្រមាណ៤០ផ្សេងទៀត។
តាមច្បាប់របស់សហរដ្ឋអាមេរិក ជំនួយផ្នែកយោធាអាមេរិកមិនត្រូវផ្តល់ទៅប្រទេសណាដែលកងកម្លាំងសន្តិសុខបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនោះទេ។
ហើយអង្គការសិទ្ធិមនុស្សអន្តរជាតិ Human Right Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកកាលពីខែឧសភា បានអះអាងថា ការបណ្តុះបណ្តាលផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់យោធាកម្ពុជានាពេលកន្លងមក ដូចជាសមយុទ្ធយោធា«ឆ្មាំអង្គរ»ជាដើម កំពុងតែប្រព្រឹត្តទៅដោយផ្ទុយនឹងច្បាប់របស់សហរដ្ឋអាមេរិក ដោយសារកងកម្លាំងសន្តិសុខកម្ពុជាបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ជាបន្តបន្ទាប់ក្រោយពេលបោះឆ្នោត ហើយអង្គការនេះបានទទូចឱ្យសហរដ្ឋអាមេរិកព្យួរការបណ្តុះបណ្តាលនេះរហូតទាល់តែវែកមុខអ្នកទទួលខុសត្រូវចំពោះអំពើហិង្សាទាំងនោះឃើញ។
ប៉ុន្តែលោក Jeff Daigle ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា អះអាងថា ការផ្តល់ជំនួយយោធារបស់ខ្លួនមកកម្ពុជាគឺស្របតាមច្បាប់នៃប្រទេសទាំងសងខាង៕