កំណត់និពន្ធ៖ លោកស្រីបណ្ឌិត Geraldine Richmond ជាជំនួយការពិសេសរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា និងជាប្រេសិតវិទ្យាសាស្រ្តអាមេរិកាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងដំណើរទស្សនកិច្ចលើកទី៣មកកាន់កម្ពុជា លោកស្រីលើកទឹកចិត្តឲ្យយុវជនកម្ពុជា ជាពិសេសសិស្សស្រីចូលសិក្សាជំនាញវិទ្យាសាស្រ្ត និងវិស្វកម្ម។ លោកស្រីមិនចង់ឃើញថា បន្ទុកគ្រួសារ និងសង្គម គឺជារនាំងដែលធ្វើឲ្យស្រ្តីពិបាកក្នុងការជ្រើសរើសជំនាញទាំងនេះ។ នាង នូវ ពៅលក្ខិណា នៃ VOA បានសម្ភាសន៍លោកស្រីដូចតទៅ៖
VOA៖ នេះគឺជាដំណើរទស្សនកិច្ចលើកទី៣របស់លោកស្រីមកកាន់ប្រទេសកម្ពុជា តើលោកស្រីសង្គេតឃើញថា តើវិស័យវិទ្យាសាស្រ្តនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនអ្វីខ្លះ បើប្រៀបធៀបទៅនឹងដំណើរទស្សនកិច្ចមុនៗរបស់លោកស្រី?
លោកស្រី Geraldine Richmond៖ ខ្ញុំមិនប្រាកដទេថា មានការរីកចម្រើនអ្វីខ្លះ ដោយសារតែវាទើបតែកើតឡើងឆ្នាំមុន។ ប៉ុន្តែអ្វីដែលខ្ញុំបានឃើញនោះគឺ ការប្តេជ្ញាយ៉ាងពិតប្រាកដមួយអំពីការអប់រំវិទ្យាសាស្រ្តពីសំណាក់ថ្នាក់លើ និងការទទួលស្គាល់ថាវាគឺជា យុគសម័យថ្មីមួយសម្រាប់កម្ពុជា។ ដូច្នេះខ្ញុំមានសុទិដ្ឋិនិយមអំពីអ្វីដែលខ្ញុំបានឃើញ ថាយុវជនបានសម្រេចចិត្តចូលសិក្សានៅក្នុងជំនាញបច្ចេកទេសវិទ្យាសាស្រ្តនិងវិស្វកម្មជាដើម។ ក៏ដូចជាការកើនឡើងនៃចំនួនគ្រូបង្រៀន ដែលបានប្តេជ្ញាក្នុងការសម្របទៅតាមសម័យកាលជាមួយនឹងអ្វីដែលខ្លួនយកមកបង្រៀន។
VOA៖ តើលោកស្រីគិតថា មនុស្សស្រីគួរតែត្រូវបានលើកទឹកចិត្តឲ្យសិក្សានៅក្នុងវិស័យទាំងនេះដែរឬទេ?
លោកស្រី Geraldine Richmond៖ ពីព្រោះថាខ្ញុំជឿជាក់ថា ការអនុវតុ្តវិទ្យាសាស្រ្តនិងរបកគំហើញដែលល្អបំផុត គឺកើតឡើងនៅពេលដែលយើងមានអ្នកចូលរួមផ្នែកគំនិត (ឬមតិយោបល់) ច្រើននៅអំឡុងពេលបង្កើត ក៏ដូចជាអំឡុងពេលរកឃើញ។ ហើយប្រសិនបើមានតែមនុស្សប្រុសនៅក្នុងវិស័យវិទ្យាសាស្រ្ត យើងនឹងមិនមានផលិតផលដែលប្រកបដោយការច្នៃប្រឌិតនោះទេ។ មានឧទាហរណ៍ជាគំរូជាច្រើនមកហើយ ដែលផលិតផលមួយបង្កើតឡើងដោយមនុស្សប្រុស ប៉ុន្តែមិនអាចបម្រើការបានសម្រាប់ស្រ្តី។ ដូច្នេះយើងត្រូវតែធ្វើយ៉ាងណា ធានាឲ្យស្រ្តីបានចូលរួមនៅក្នុងដំណាក់កាលច្នៃបង្កើតផងដែរ។ ខ្ញុំគិតថាវាពិតជាសំខាន់ណាស់។
VOA៖ សម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយមានមនុស្សតិចតួចដែលសិក្សាលើជំនាញវិទ្យាសាស្រ្ត វិស្វកម្ម។ ដូច្នេះលោកស្រី គិតថាតើយើងត្រូវធ្វើដូចម្តេចដើម្បីលើកទឹកចិត្តឲ្យសិស្សស្រីបានចូលរួមនៅក្នុងវិស័យនេះ ឬក៏សិក្សានៅក្នុងជំនាញនេះកាន់តែច្រើន?
លោកស្រី Geraldine Richmond៖ ខ្ញុំគិតថា អ្វីដែលសំខាន់បំផុត សូម្បីតែពេលដែលខ្ញុំនៅក្មេងក៏ដោយនោះគឺ ការទទួលបានការងារធ្វើ។ ខ្ញុំជឿជាក់ថា មូលហេតុដែលអ្នកទៅសិក្សាគឺពីព្រោះវាអាចឲ្យអ្នកទទួលបានការងារធ្វើ។ ហើយឱកាសទទួលបានការងារធ្វើលើជំនាញបច្ចេកទេសគឺមានច្រើនខ្លាំងណាស់។ មានប្រទេសជាច្រើនដែលពួកយើងដឹងថា គ្រួសារមួយមិនអាចពឹងផ្អែកតែលើប្រភពចំណូលមនុស្សប្រុសតែម្នាក់បានឡើយ។ ជារឿយៗគឺត្រូវការប្រភពចំណូល២។ ដូច្នេះនៅពេលដែលស្រ្តីត្រូវបានបណ្តុះបណ្តាលជំនាញ ពួកគេក៏មានឱកាសរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ នៅស្របពេលដែលពួកគេមានការងារធ្វើ។ ហើយម៉្យាងទៀត ខ្ញុំគិតថាមនុស្សស្រីពិតជាមានភាពស្វាហាប់ក្នុងការធ្វើការ។ ជាពិសេសនៅកម្ពុជា សិស្សដែលពូកែមួយចំនួននៅក្នុងមុខវិជ្ជាវិទ្យាសាស្រ្តនិងវិស្វកម្មគឺជាមនុស្សស្រី។ ដូច្នេះយើងត្រូវតែធ្វើឲ្យប្រាកដថា មនុស្សស្រីអាចមានជំនាញដែលប្រកបដោយផ្លែផ្កាមួយ ខណៈពេលដែលពួកគេមានកូនក្នុងបន្ទុក។ យើងមិនចង់ឲ្យពួកគេគិតថា ដោយសារតែពួកគេមានកូន ដូច្នេះពួកគេមិនអាចជ្រើសរើសយកជំនាញវិទ្យាសាស្រ្តបានឡើយ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការលើកទឹកចិត្តស្រ្តីឲ្យជ្រើសរើសជំនាញវិទ្យាសាស្រ្ត ប៉ុន្តែក៏ត្រូវតែរកដំណោះស្រាយណាដែលអាចឲ្យពួកគេអាចចិញ្ចឹមកូន និងបំពេញការងារក្នុងវិស័យវិទ្យាសាស្រ្តស្របពេលតែមួយ។
VOA៖ មាននិស្សិតជាច្រើនមកពីប្រទេសកំពុងអភិវឌ្ឍន៍បានទៅសិក្សាជំនាញនេះនៅឯប្រទេសក្រៅ។ ដោយសារតែពួកគេមានការពិបាកក្នុងស្វែងរកការងារទាំងនេះក្នុងប្រទេសកំណើតរបស់ខ្លួន ដូច្នេះពួកគាត់បានស្វែងរកការងារធ្វើ និងរស់នៅ នៅឯប្រទេសដែលពួកគាត់បានសិក្សា។ តើលោកស្រីគិតថា តើយើងត្រូវធ្វើដូចម្តេចខ្លះ ដើម្បីជំរុញឲ្យពួកគាត់មកប្រទេសកំណើតរបស់ពួកគាត់វិញ?
លោកស្រី Geraldine Richmond៖ អ្នកដឹងទេថា សម្រាប់ខ្ញុំផ្ទាល់ វាបានកើតឡើងនៅប្រទេសជាច្រើន ដូចជានៅប្រទេសកម្ពុជាដែរ។ មានមនុស្សជាច្រើនបានចាកចេញទៅរៀននៅក្រៅប្រទេស ប៉ុន្តែក៏ចង់ត្រឡប់មកវិញដែរ។ ពួកគេប្រហែលជាត្រឡប់មកវិញ១០ ឬ១៥ឆ្នាំក្រោយមក។ គេមានពាក្យមួយ ដែលជាភាសាអង់គ្លេសហៅថា “រំសាយប្រជាជន»។ ឧទាហរណ៍ជនជាតិខ្មែរទៅរៀននៅសហរដ្ឋអាមេរិក។ ពួកគេស្នាក់នៅទីនោះ ធ្វើការនៅសហរដ្ឋអាមេរិក។ យើងកំពុងធ្វើការជួយអ្នកទាំងនោះ ដើម្បីឲ្យពួកគេត្រឡប់មកជួយប្រទេសខ្លួនវិញ។ ពួកគេមិនចាំបាច់ត្រូវតែត្រឡប់មកធ្វើការវិញនៅកម្ពុជាឡើយ។ ពួកគេអាចត្រឡប់មកវិញ ហើយធ្វើការបង្រៀនជំនាញបន្តដល់អ្នកនៅទីនេះ ឬត្រឡប់មកវិញជួយក្នុងការសម្រេចចិត្តលើគោលនយោបាយ ឬផ្តល់ការប្រឹក្សាផ្សេងៗ។ ពួកគេអាចបង្កើតក្រុមហ៊ុនដោយខ្លួនឯង នៅកម្ពុជា ឬក៏ពង្រីកក្រុមហ៊ុនមកកម្ពុជា បន្ទាប់ពីគេបានបង្កើតក្រុមហ៊ុននៅសហរដ្ឋអាមេរិក។ វាគឺជាគំរូថ្មីមួយ ដែលអ្នកអាចប្រើប្រាស់វិទ្យាសាស្រ្ត ហើយអាចបង្កើតការងារធ្វើនាពេលបច្ចុប្បន្ន ដោយសារតែអ្នកអាចបង្កើតក្រុមហ៊ុន នៅក្នុងប្រទេសរបស់ខ្លួនបាន។ ខ្ញុំគិតថា វាពិតជាគំរូមួយដែលគួរឲ្យសាទរ មិនធ្លាប់មានពីមុនមក។
VOA៖ លោកស្រីបានចូលរួមនិយាយជាសាធារណៈមួយទៅកាន់សិស្សានុសិស្សនៅឯមហោស្រពជាតិលើកទី២ស្តីពីវិទ្យាសាស្រ្ត និងវិស្វកម្ម។ លោកស្រីបានលើកឡើងថាប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការផ្លាស់ប្តូរមួយ។ តើលោកស្រីមានអនុសាសន៍ណែនាំអ្វីខ្លះ ដើម្បីធ្វើឲ្យប្រាកដថាយើងកំពុងស្ថិតនៅទិសដៅត្រូវមួយនៅក្នុងវិស័យទាំងនេះ?
លោកស្រី Geraldine Richmond៖ ខ្ញុំគិតថា អ្វីដែលសំខាន់បំផុតសម្រាប់កម្ពុជាគឺ ការប្តេជ្ញាចិត្តធ្វើការអប់រំផ្នែកវិទ្យាសាស្រ្តឲ្យបានរឹងមាំ គឺចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សាទុតិយភូមិ។ ហើយខ្ញុំគិតថាពេលនេះ មានសាលាមួយចំនួនបានធ្វើការបង្រៀនបានល្អទៅលើមុខវិជ្ជាវិទ្យាសាស្រ្តនិងវិស្វកម្ម។ ប៉ុន្តែនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ យើងត្រូវបណ្តុះបណ្តាលគ្រូបង្រៀនឲ្យមានភាពរលូន ក្នុងការបង្រៀនមុខវិជ្ជាទាំងនោះ។ ហើយទីពីរគឺស្ថិតនៅកម្រិតមហាវិទ្យាល័យ។ រដ្ឋាភិបាលគួរតែអនុញ្ញាតឱ្យមហាវិទ្យាល័យធ្វើការស្រាវជ្រាវនិងបង្រៀន។ មានមហាវិទ្យាល័យជាច្រើននៅតាមសាកលវិទ្យាល័យ ដែលពួកគេមានការរវល់ខ្លាំងក្នុងការបង្រៀន រហូតដល់ពួកគេមិនពេលសម្រាប់ធ្វើការស្រាវជ្រាវ។ប៉ុន្តែការស្រាវជ្រាវជារបៀបដែលយើងបណ្តុះបណ្តាលអ្នកវិទ្យាសាស្រ្តជំនាន់ក្រោយពិតប្រាកដមួយ។ រដ្ឋាភិបាលនៃបណ្តាប្រទេសជាច្រើននៅក្នុងតំបន់នេះ បាននិយាយថា ពួកគេនឹងមានមហាវិទ្យាល័យដែលជំរុញការបង្កើតថ្មីនេះ។ ប៉ុន្តែប្រសិនបើពួកគេមិនមានពេលវេលាដោយសារពួកគេមានការរវល់ក្នុងការបង្រៀន ដូច្នេះវាជាការលំបាកខ្លាំងណាស់។ ដូច្នេះខ្ញុំចង់ឃើញសេចក្តីប្រាថ្នាផ្គូផ្គងនឹងការពិតជាក់ស្តែង។ ព្រមទាំងអនុញ្ញាតឱ្យពួកគេមានពេលវេលាដើម្បីបង្រៀនគ្រូបង្រៀនដទៃទៀតផងដែរ និងដើម្បីធ្វើការស្រាវជ្រាវ។ ដូច្នេះវាអាចមានន័យថាត្រូវផ្លាស់ប្តូរវិស័យអាទិភាពមួយចំនួន នៅតាមសាកលវិទ្យាល័យនិងនៅសាលារៀន៕