ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ហិរញ្ញវត្ថុអាមេរិក​​ថា​ពួក Hacker របស់​ចិន​បានលួច​​ចូលកំព្យូទ័រ​និង​​ឯកសារ​របស់ខ្លួននៅ​ក្នុង​ឧប្បត្តិហេតុ​សាយប័រ​ដ៏​ធំមួយ


រូបឯកសារ៖ ក្រសួង​ហិរញ្ញវត្ថុសហរដ្ឋអាមេរិក ថតក្នុងរដ្ឋធានីងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
រូបឯកសារ៖ ក្រសួង​ហិរញ្ញវត្ថុសហរដ្ឋអាមេរិក ថតក្នុងរដ្ឋធានីងវ៉ាស៊ីនតោន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​និយាយកាល​ពី​ថ្ងៃចន្ទថា ពួក Hacker ចិន​បានលួចចូលពីចម្ងាយ​ក្នុង​កំព្យូទ័រ​និង​ឯកសារ​មិនសម្ងាត់​របស់ខ្លួន​ជាច្រើន ដោយ​សារ​កម្មវិធីកំព្យូទ័រ​មួយ​ដែល​ក្រសួង​បាន​ជាវមក​ប្រើ​ បាត់បង់​សមត្ថភាព​សន្តិសុខ​សាយប័រ។

ក្រសួង​មិន​បាន​ផ្តល់ព័ត៌មាន​លម្អិត​អំពីចំនួន​កំព្យូទ័រ​ដែល​ត្រូវ​បាន​លួចចូល​ដំណើរការ ឬ​ឯកសារ​ប្រភេទ​ណា​ដែលពួក Hacker អាច​ទទួល​បាន​នោះទេ ប៉ុន្តែ​ក្រសូង​បាន​និយាយ​នៅ​ក្នុង​លិខិតមួយ​ទៅ​កាន់​សមាជិកសភា​ដែល​បង្ហាញ​ពីការបំពាន​ថា «នៅ​ពេលនេះ​មិនមាន​ភស្តុតាង​ណាមួយ​ដែល​បង្ហាញថា​ពួក Hecker ​នៅ​បន្ត​លួចចូល​យក​ទិន្នន័យ​របស់​ក្រសួង​ទៀតទេ»។ ក្រសូង​បាន​និយាយ​ថា​ការ hack នេះ​កំពុង​ត្រូវបាន​ស៊ើប​អង្កេតជា «ឧប្បត្តិហេតុ​សន្តិសុខ​សាយប័រ​ដ៏​ធំ»។

អ្នកនាំពាក្យ​ក្រសួង​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយ​ឡែក​មួយ​ថា «ក្រសួង​ហិរញ្ញវត្ថុ​យក​ចិត្តទុក​ដាក់យ៉ាងខ្លាំង​ចំពោះ​ការគំរាមកំហែង​ទាំងអស់ប្រឆាំង​នឹ​ងប្រព័ន្ធ​របស់​យើង និង​ទិន្នន័យ​ដែល​ប្រព័ន្ធ​ទាំងនោះ​គ្រប់គ្រង។ ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ​នេះ ក្រសួង​ហិរញ្ញវត្ថុ​បាន​ពង្រឹង​ការការពារ​តាមអ៊ីនធឺណិត​របស់​ខ្លួនយ៉ាងខ្លាំង ហើយ​យើង​នឹង​បន្តធ្វើការ​ជាមួយដៃ​គូទាំង​ផ្នែក​ឯកជន​និង​សាធារណៈ ដើម្បី​ការពារ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​យើង​ពី​អ្នកគំរាមកំហែង»។

ការលាត​ត្រដាង​នេះ​កើត​ឡើង​នៅ​ពេល​ដែល​មន្ត្រី​អាមេរិក​កំពុងបន្ត​ដោះស្រាយ​ជាមួយ​នឹងការ​ផលប៉ះពាល់​នៃ​យុទ្ធនាការ​ចារកម្មតាម​អ៊ីនធឺណិត​របស់ចិន​ដ៏ធំ​ហៅ​ថា Salt Typhoon ដែល​បាន​ផ្តល់​ឱ្យមន្ត្រី​នៅ​ទីក្រុងប៉េកាំង​ចូលយកសារ​ឯកជន និង​ការសន្ទនា​តាមទូរស័ព្ទ​របស់​ជនជាតិ​អាមេរិកាំង​ដែល​មិន​ដឹង​ចំនួន​ច្បាស់។មន្ត្រី​សេតវិមាន​កំពូល​ម្នាក់​បាន​និយាយ​កាល​ពីថ្ងៃសុក្រថា ចំនួន​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​រង​ផលប៉ះពាល់​ដោយ​ការលួច​ចូល​ឥឡូវនេះ បា​នកើនឡើង​ដល់​ប្រាំបួន។

ក្រសួង​ហិរញ្ញវត្ថុ​បាននិយាយថា ខ្លួន​បាន​ដឹង​ពី​បញ្ហា​នេះ​នៅ​ថ្ងៃទី៨​ ខែធ្នូ នៅ​ពេល​ដែល​ក្រុមហ៊ុន​ផ្តល់កម្មវិធី​កំព្យូទ័រ BeyondTrust បាន​ដាក់​សញ្ញា​ថា ពួក Hacker បាន​លួចសោ​ឌីជីថលសម្ងាត់​ ដែល​ជួយ​ពួកគេ​ចូលរំលង​សុវត្ថិភាព​របស់​កម្មវិធី software និង​ទទួល​បាន​សិទ្ធិចូល​ប្រើ​ពីចម្ងាយ។ ទៅក្នុង​កំព្យូទ័រ​ការងារ​មួយចំនួនរបស់​បុគ្គលិកក្រសួង​។

លោក Aditi Hardikar ជំនួយ​ការ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​នៅក្នុងលិខិត​កាល​ពីថ្ងៃចន្ទ​ទៅកាន់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ធនាគារ​ក្នុង​ព្រឹទ្ធសភា​ថា កម្មវិធី​ដែល​រង​ការ​វាយប្រហារ​នោះ ត្រូវ​បានបិត​និង​ដកចេញពីប្រព័ន្ធ​ចាប់តាំង​ពី​ពេលនោះ​មក ហើយ​មិនមាន​ភស្តុតាង​ណាមួយដែល​បង្ហាញថាពួក Hacker នៅ​តែមាន​សិទ្ធិ​ចូល​ប្រើ​ទិន្នន័យ​របស់​ក្រសួង​នោះទេ។

ក្រសួង​ហិរញ្ញវត្ថុបាននិយាយថា ខ្លួន​កំពុង​ធ្វើការ​ជាមួយ FBI និង​ទីភ្នាក់ងារ​សន្តិសុខ​សាយប័រ និង​សន្តិសុខ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ស៊ើបអង្កេត​វិសាលភាព​នៃការ​លួចចូលនេះ ហើយ​ថា​ការ​លួចចូល​នេះ ត្រូវ​បាន​សន្មតថា​ជាពិរុទ្ធជន​ដែល​ឧបត្ថម្ភ​ដោយ​រដ្ឋ​ចិន។ ក្រសួងមិន​បាន​បញ្ជាក់​លម្អិតបន្ថែមនោះ​ទេ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG