ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​រដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ជំរុញ​ឲ្យ​រុស្ស៊ី​ស្វែងរក​​​និង​ដាក់ទោស​មេខ្លោង​សម្លាប់​អ្នក​កាសែត​នៅ​ឆ្នាំ​២០០៦


រូបថត​របស់​អ្នកសារព័ត៌មាន​អ្នកស្រី Anna Politkovskaya តាំង​បង្ហាញ​នៅ​ការិយាល័យ​កាសែត​ Novaya Gazeta នៅ​ទីក្រុង​មូស្គូ​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ (AP)
រូបថត​របស់​អ្នកសារព័ត៌មាន​អ្នកស្រី Anna Politkovskaya តាំង​បង្ហាញ​នៅ​ការិយាល័យ​កាសែត​ Novaya Gazeta នៅ​ទីក្រុង​មូស្គូ​នៅ​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១។ (AP)

សហ​រដ្ឋ​អាមេរិក​និង​សហ​ភាព​អឺរ៉ុប​បាន​ផ្តល់​កិត្តិយស​ដោយ​ធ្វើការ​រំឭក​អ្នក​កាសែត​ស៊ើប​អង្កេត​ជនជាតិ​រុស្ស៊ី​ម្នាក់​ ដែល​ត្រូវ​បាន​គេ​សម្លាប់​កាលពី​១៥​ ឆ្នាំមុន ​ ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាត់ទោស​អ្នក​ដែល​បញ្ជា​ឱ្យ​សម្លាប់​អ្នកស្រី ​ ហើយ​សរសើរ​អ្នក​កាសែត​ឯករាជ្យ​បន្ត​កេរដំណែល​របស់​អ្នកស្រី ​ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង។​

សេចក្តី​ថ្លែង​ការណ៍​មួយ​នៃ​សេចក្តី​ថ្លែង​ការណ៍​ពីរ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ខួប​លើក​ទី១៥​ ឆ្នាំ​នៃ​ការ​សម្លាប់​អ្នកស្រី ​Anna Politkovskaya ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​Antony Blinken ​បាន​រិះគន់​អ្វី​ដែល​លោក​ហៅ​ថា​ «ការបន្ត​និទណ្ឌភាព​សម្រាប់​អ្នក​បញ្ជា​ឱ្យ​សម្លាប់​អ្នកស្រី»។​ លោក​និយាយ​ថា​ វា​ប៉ះពាល់​ដល់​សេរីភាព​ក្នុង​ការ​និយាយ​ស្តី សេរីភាព​សារ​ព័ត៌មាន​ និង​សិទ្ធិ​មនុស្ស។​

លោក​បាន​មាន​ប្រសាសន៍​ថា ​«យើង​ទទូច​ថា ​ត្រូវ​រកឱ្យ​ឃើញ​អត្ត​សញ្ញាណ​អ្នក​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ ហើយ​ឱ្យ​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​របស់​ពួកគេ»។​

អ្នក​នាំពាក្យ​ផ្នែក​កិច្ចការ​បរទេស​របស់​សហភាព​អឺរ៉ុប​លោក​ Peter Stano​ បាន​និយាយ​ថា​ សហភាព​អឺរ៉ុប​ដែល​មាន​២៧​ប្រទេស​បាន​«អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​រុស្ស៊ី​ធានា​ថា ​អ្នក​ទទួល ខុស​ត្រូវ​ការ​ធ្វើឃាត​អ្នកស្រី ​Anna Politkovskaya ​ នឹង​ត្រូវ​កាត់ទោស​តាម​រយៈ​ដំណើរ​ការ​តុលាការ​បើក​ចំហ​ និង​មាន​តម្លាភាព»។ ​

​ក៏បាន​កត់​សម្គាល់​ផង​ដែរ​នូវ​កា​វិនិច្ឆ័យ​នៅ​ឆ្នាំ​២០១៨​ ដោយ​តុលាការ​សិទ្ធិ​មនុស្ស​អឺរ៉ុប​ ដែល​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​មិន​បាន​ធ្វើ​ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ស្វែងរក​អ្នក​ដែល​បញ្ជា​ឱ្យ​សម្លាប់​អ្នក​ស្រី​នោះទេ​ សូម្បីតែ​បន្ទាប់ពី​មានការ​ផ្តន្ទាទោស​មនុស្ស​ជាច្រើន​ដែល​បាន​អនុវត្ត​ផែនការ​ឧក្រិដ្ឋកម្ម​នេះ​ហើយ​ក៏​ដោយ។​

អ្នកស្រី ​Politkovskaya​ អាយុ ​៤៨​ឆ្នាំត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅក្នុង​ជណ្តើរ​យន្ត​នៃ​អគារ​ផ្ទះ​ល្វែង​របស់​អ្នកស្រី​នៅ​ទីក្រុង​មូស្គូ​ នៅ​ថ្ងៃទី ​៧ ​ខែ​តុលា​ឆ្នាំ ​២០០៦ ។​ អ្នកស្រីជា​អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេត​នៃ​កាសែត​រុស្ស៊ី ​ឯករាជ្យ​ឈ្មោះ​ Novaya Gazeta។ ​អ្នកស្រីធ្លាប់​ជា​អ្នក​រិះគន់​ឥត​សំចៃ​ចំពោះ​លោក ​Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី៕

(អត្ថបទ​ដើម​នៃ​សេចក្តី​រាយ​ការណ៍​នេះជារបស់​វីអូអេ​ភាសា​រុស្ស៊ី​https://www.golosameriki.com/ ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់​ងារ​ព័ត៌មាន​ The A.ssociated Press និង​ Reuters)

XS
SM
MD
LG