ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សារព័ត៌មាន​៩​នាក់​នៅ​ខេត្ត​ស្ទឹង​ត្រែង ត្រូវ​ឃាត់​ខ្លួន សង្ស័យ​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹក​ឈើ


បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ស្ទឹងត្រែង។ (រូបថត​ពី​ Facebook/កងរាជអាវុធខេត្ត ស្ទឹងត្រែង)
បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ត​ស្ទឹងត្រែង។ (រូបថត​ពី​ Facebook/កងរាជអាវុធខេត្ត ស្ទឹងត្រែង)

អ្នក​សារព័ត៌មាន​មូលដ្ឋាន​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​៩​នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​កង​រាជ​អាវុធ​ហត្ថ កាល​ពី​ថ្ងៃ​អង្គារ ដោយ​សង្ស័យ​ថា​ជំរិត​ទារ​ប្រាក់​ពី​ម្ចាស់​រថយន្ត​ដឹក​ឈើ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ការ​ឃាត់​ខ្លួន​នោះ ធ្វើ​ឡើង​តាម​ចំណាត់​ការ​របស់​តុលាការ ក្រោយ​មាន​សេចក្តី​រាយ​ការណ៍​ថា​អ្នក​កាសែត​ទាំង​នោះ​បាន​ឃាត់​រថ​យន្ត​ដឹក​ឈើ ហើយ​បាន​ទារ​ប្រាក់​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក។

លោក អេង​ ហ៊ី អ្នក​នាំ​ពាក្យកង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បដិសេធ​មិន​ប្រាប់​ព័ត៌មាន​លម្អិត​នៃ​ការ​ឃាត់​ខ្លួន​នេះ ដោយ​ប្រាប់​ឲ្យ​សួរ​ខាង​អយ្យ​ការ​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង​វិញ ដែល​លោក​ថា​ជា​អ្នក​ដឹក​នាំ​ការ​ឃាត់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ទាំង​នោះ។

លោក​ថ្លែង​ថា​៖ «សូម​ឲ្យ​សួរ​ទៅ​អយ្យការ​សាលា​ដំបូង​(ខេត្ត)​ស្ទឹង​ត្រែង​ទៅ...ព្រោះ​ខាង​មន្ត្រី​នគរ​បាល​យុត្តិ​ធម៌​គេ​ធ្វើ ក្រោម​ការ​ដឹក​នាំ​របស់​អយ្យការ»។

លោក អ៊ុក ធាវី ប្រធាន​មន្ទីរ​ព័ត៌​មាន​ខេត្ត​ស្ទឹង​ត្រែង បាន​ប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​នេះ​ថា​អ្នក​សារ​ព័ត៌​មាន​ទាំង​អស់​មាន​គ្នា១០​នាក់ ប៉ុន្តែ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បាន​តែ​៩​នាក់​ទេ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ លោក អ៊ុក ធាវី បាន​ឲ្យ​ដឹង​ថា​សមត្ថ​កិច្ច​បាន​សាក​សួរ​ពួក​គេ ប៉ុន្តែ​មិន​ទាន់​ដឹង​ចំណាត់​ការ​បន្ត​ទៀត​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖ «អ្នក​សារព័ត៌មាន​ទៅ​ឃាត់​ឡាន​ដឹក​ឈើ​ចាស់ៗ។ ឃាត់​ឡាន​ដឹក​ឈើ​ប្រជា​ពល​រដ្ឋ​ទិញ​ឈើ​ចាស់​ៗ គាត់​ដាក់(លើ)​ឡាន​ ហើយ​ដឹក​(ឈើ) (ហើយ​អ្នក​សារព័ត៌មាន​)ទៅ​ឃាត់ ហើយ​ទារ​លុយ​គេ​៤​ពាន់​ដុល្លារ។​ ដល់​គេ​ថា​អត់​មា​ន​លុយ​ទេ គេ(ពលរដ្ឋ)​លក់​ឈើ​ទាំង​អស់​ហ្នឹង​ក៏​អត់​បាន​ដែរ ៤​ពាន់​នោះ បើ​សុំ​សាំង​៤​ទៅ​១០​លីត្រ អី​បាន។ ដល់​គាត់​ទារ​មិន​បាន​គាត់​(អ្នក​សារព័ត៌មាន)ប្តឹង​មក​សមត្ថកិច្ច»។

លោក​បន្ថែម​ថា​អ្នក​សារព័ត៌​មាន​ទាំង​នោះ​បាន​ប្តឹង​ករណី​នេះ​ទៅ​ដល់​សមត្ថកិច្ច។ ប៉ុន្តែ​ក្រោយ​មក ពួកគេ​ត្រូវ​ចាប់​ខ្លួន​វិញ ដោយ​សង្ស័យ​រឿង​ជំរិត​ទារ​ប្រាក់​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក​មិន​បាន​សម្រេច។

លោក​ថ្លែង​បន្ត​ថា​៖ «អ្នក​កា​សែត​បាន​ប្តឹង​មក​កង​រាជ​អាវុធ​ហត្ថ... (ហើយ)​កង​រាជ​អាវុធ​ហត្ថ​នាំ​កម្លាំង​ទៅ​ឃាត់​ឡាន​ដែល​គាត់​(អ្នក​សារព័ត៌​មាន)​បាន​ឃាត់​ទុក។ ទៅ​មើល​ករណី​ ទៅ​មើល​ឯក​សារ​ ទៅ​មើល​ឈើ​(ដែល​)ឈើ​អី​ហ្នឹង​ជា​ផ្ទះ​ចាស់(ហើយ​)​ដល់​គាត់​ឃើញ​មាន​ការ​ឯក​ភាព​ពី​រដ្ឋ​បាល​ព្រៃឈើ នៅ​ការ​ដឹក​ឈើ​ចាស់ៗ​ដែល​គាត់​(ពលរដ្ឋ)រុះ​ហ្នឹង​ទៅ (ហើយ)​ពួក​សារ​ព័ត៌​មាន​ដែល​បាន​ប្តឹង​ទៅ​សមត្ថ​កិច្ច​ហ្នឹ​ង​ គាត់​ភ័យ​ខ្លួន​គាត់​ធ្វើ​ខុស​គាត់​គេច តែ​ត្រូវ​បាន​សមត្ថ​កិច្ច​ហៅ​គាត់​មក​សួរ​នាំ»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក ជា សុភ័ក្រ្ត អ្នក​នាំពាក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​សុំ​ការ​ឆ្លើយ​តប ប៉ុន្តែ​មិន​ទាន់​សុំ​ការ​អត្ថា​ធិប្បាយ​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ពាក់​ព័ន្ធ​ការ​ឃាត់​ខ្លួន​អ្នក​សារ​ព័ត៌មាន​ទាំង​នេះ សមាគម​សារ​ព័ត៌​មាន ស្នើ​អាជ្ញា​ធរ​ចុះ​សិក្សា​ស្រាវ​ជ្រាវ​ករណី​នេះ​ឲ្យ​បាន​ច្បាស់ ដើម្បី​ចៀស​វាង​ការ​ភ័ន្ត​ច្រឡំ និង​ការ​បំភិត​បំភ័យ​ដល់​អ្នក​សារ​ព័ត៌​មាន​ដែល​ហ៊ាន​រាយ​ការណ៍​អំពី​បញ្ហា​សង្គម​ ក៏​ដូច​ជា​បញ្ហា​ព្រៃ​ឈើ​នេះ។

សមាគម​សេរី​ភាព​អ្នក​សារ​ព័ត៌​មាន​កម្ពុជា​នៅថ្ងៃ​ពុធ​នេះ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ក្នុង​ន័យ​ដើម​ថា​៖ «សមា​គម​សូម​អំពាវ​នាវ​ដល់​សម​ត្ថ​កិច្ច​ជំនាញ​ពាក់​ព័ន្ធ និង​ស្ថាប័ន​តុលា​ការ​សូម​មេត្តា​ជួយ​ស្វែង​រក​ការ​ពិត និង​ផ្តល់​យុត្តិ​ធម៌​ ជូន​បង​ប្អូន​អ្នក​សារ​ព័ត៌​មាន​ទាំង​៩​នាក់​ ស្រប​តាម​ច្បាប់»។

លោក អ៊ិត សូធឿត នាយក​ផ្នែក​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ ហៅ​កាត់​ថា​ CCIM ក៏​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ច្បាស់​លាស់ និងប្រកប​ដោយ​តម្លា​ភាព ដើម្បី​ចៀស​វាង​ការ​បំភិត​បំភ័យ ឬ​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌​មាន​ ដែល​ហ៊ាន​ចុះ​យក​ព័ត៌មាន​រសើប ដូច​ជា​ការ​កាប់​ឈើ​យក​ទៅ​លក់​ជា​ដើម។

លោក​ថ្លែង​ថា៖ «ករណី​នេះ ខ្ញុំ​ក៏​មិន​ដឹង​ច្បាស់​ថា​តើ​អ្នក​ដែល​ដឹក​ឈើ​ហ្នឹង​ គាត់​មាន​ច្បាប់​ត្រឹម​ត្រូវ ឬ​ក៏​ពិត​ ក៏​អត់​(ច្បាប់)​ឬ​ទេ។ ពេល​ខ្លះ​វា​អាច​ជា​ករណី​ ដោយ​សារ​អ្នក​សារ​ព័ត៌មាន គាត់​ចុះ​ទៅ​រាយ​ការ​ណ៍​អំពី​បញ្ហា​ហ្នឹង​ តែ​បែរ​ជា​ត្រូវ​រង​ការ​ចោទ​ប្រកាន់​តាម​រយៈ​លាប​ពណ៌​កំហែង​ទារ​ប្រាក់​អី​ទៅវិញ​អញ្ចឹង​ទៅ។ អញ្ចឹង​ខ្ញុំ​គិត​ថា​គួរតែ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ ហើយ​ប្រកប​ដោយ​តម្លាភាព»។

លោក អ៊ិត សូធឿត ក៏​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មានគួរ​ផ្សព្វ​ផ្សាយ​អំពី​ក្រម​សីលធម៌វិជ្ជា​ជីវៈ​ឲ្យ​បាន​ច្បាស់​លាស់​ដល់​អ្នក​សារព័ត៌មាន​ថា​តើ​អ្វីជា​អំពើ​ខុស​ច្បាប់ និងអ្វី​ដែល​អ្នក​សារ​ព័ត៌​មាន​អាច​ធ្វើ​បាន ដែល​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ ក៏ដូច​ជា​ច្បាប់​ស្តីពី​របប​សារ​ព័ត៌​មាន។

លោក ប៊ី វ៉ាន់នី អ្នក​សម្រប​សម្រួល​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​ស្ទឹងត្រែង បាន​ប្រាប់​វីអូអេ​ថា​ករណី​ដឹក​ឈើ​ក្នុង​ខេត្ត ភាគ​ច្រើន​ដឹក​តាម​ម៉ូតូ និង​ការ​ដឹក​ឈើ​ជា​លក្ខណៈ​គ្រឿង​សង្ហារិម។ លោក​ជំរុញ​ឲ្យ​អ្នក​សារ​ព័ត៌​មា​ន​គួរ​តែ​បំពេញ​វិជ្ជា​ជីវៈ​សារព័ត៌​មាន​ឲ្យ​បាន​ល្អ ហើយ​ប្រសិន​បើ​ឃើញ​ករណី​ណា​មួយមិន​ប្រក្រតីគួរ​តែរាយ​ការ​ណ៍​ទៅ​សមត្ថ​កិច្ច និង​មិន​ត្រូវ​ជំរិត​ទារ​ប្រាក់ ដែល​ខុស​នឹង​ច្បាប់​នោះ​ទេ។

គួរ​បញ្ជាក់​ថា​កាល​ពី​ខែ​មករា ឆ្នាំ​២០២១ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ថា​រដ្ឋាភិបាល​របស់​លោក​នឹង «មិន​អត់​ឱន»​ ចំពោះ​អ្នក​សារព័ត៌មាន​ណា ដែល​បំពាន​ច្បាប់ និង​មិន​គោរព​តាម​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​ប្រើប្រាស់​តួនាទី​នេះ​ទៅ​ជំរិត​ទារ​ប្រាក់​គេ។

លោក ហ៊ុន​ សែន បាន​លើក​ឡើង​ថា​កាល​ពី​ឆ្នាំ​មុន«មាន​អ្នក​សារព័ត៌មាន​និង​ជន​ឱកាស​និយម​មួយ​ចំនួន​តូច​បាន ​និង​កំពុង​ប្រើប្រាស់​ស្ថាប័ន​ព័ត៌មាន​ធ្វើ​សកម្មភាព​ទុច្ចរិត​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​មិន​ចុះ​ផ្សាយ ឬ​លុប​ព័ត៌មាន​ ដែល​បាន​ចុះ​ផ្សាយ​ ការ​ដើរ​តួនាទី​ជា​ចៅក្រម​កាត់​សេចក្តី​នូវ​រឿង​ទំនាស់​បញ្ហា​ដីធ្លី ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​បំភ្លៃ​ការ​ពិត​ បំប៉ោង​សភាពការណ៍ ជេរ​ប្រមាថ​ញុះញង់ និង​បំពុល​បរិយាកាស​សង្គម ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ដែល​ប្រាស​ចាក​ពី​វិជ្ជាជីវៈ​សារព័ត៌មាន»៕

XS
SM
MD
LG