ក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិករាយការណ៍ថាសេដ្ឋកិច្ចអាមេរិកបានកើនឡើង៧,៤%ពីខែកក្កដាដល់ខែកញ្ញា ស្របពេលដែលអាជីវកម្មនានាបានចាប់ផ្ដើមបើកទ្វារឡើងវិញហើយពលរដ្ឋដែលទទួលជំនួយពីកញ្ចប់ថវិកាដោះស្រាយគ្រាវិបត្តិកូវីដពីរដ្ឋ បានចាប់ផ្ដើមចាយវាយឡើងវិញទោះការរាតត្បាតនៃជំងឺកូវីដ១៩កំពុងបន្ដ។
កំណើនត្រីមាសទីបីនេះមួយផ្នែកជាការស្រង់ដើមពីការធ្លាក់ចុះគំហុក៩% នៅត្រីមាសទី២ពីខែមេសា ដល់ខែកក្កដា នៅពេលភាគច្រើននៃចរន្តសេដ្ឋកិច្ចប្រទេសនេះត្រូវបានបិទ ខណៈជំងឺកូវីដ១៩ឆ្លងចូលក្នុងសហរដ្ឋមេរិកពីប្រទេសចិន និងអឺរ៉ុប។
តួលេខកើនឡើងនៅក្នុងត្រីមាសទីបីនេះគឺជារបាយការណ៍សេដ្ឋកិច្ចចម្បងចុងក្រោយដែលបានចេញផ្សាយ មុនការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃអង្គារទី៣ ខែវិច្ឆិកាខាងមុខហើយវាអាចជួយលោកប្រធាធានាធីបតីTrumpអះអាងតទល់នឹងគូប្រជែងរបស់លោក គឺលោក Joe Biden បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យដែលថា សេដ្ឋកិច្ចអាមេរិកកំពុងស្ថិតរើបឡើងវិញយ៉ាងរហ័សនោះ។
លោក Trump បានសរសេរនៅក្នុងបណ្តាញTwitter ដោយហៅតួលេខថ្មីនេះថា ជាតួលេខ «ធំបំផុតនិង ល្អបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។
លោកសរសេរបន្ថែមយ៉ាងដូច្នេះថា៖ «ហើយឆ្នាំក្រោយនឹងរឹតតែអស្ចារ្យ!!! ប៉ុន្តែ លោក Joe Biden ដែលអសកម្ម (Sleepy Joe Biden) និងផែនការដំឡើងពន្ធរបស់លោកនឹងបំផ្លាញ [កំណើនសេដ្ឋកិច្ច] នេះ។ ខ្ញុំរីករាយណាស់ដែលតួលេខនៃ (ផលិតផលក្នុងស្រុកសរុប GDP) នេះ ចេញផ្សាយ មុនថ្ងៃទី ៣ ខែវិច្ឆិកា។»
យ៉ាងណាក៏ដោយលោកBiden បាននិយាយតបក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ត្រូវហើយ GDP កើនឡើងនៅត្រីមាសមុនប៉ុន្តែការសុំជំនួយស្បៀងអាហារមិនថយចុះឡើយ ហើយភាពក្រីក្រក៏កើនឡើង។ ពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក និងឡាទីន នៅតែប្រឈមនឹងការកើនឡើងនៃការអត់ការងារធ្វើជាង១០%។ ការងារបន្ថែមថែទាំសមាជិកគ្រួសារដែលបង្កឡើងដោយការបរាជ័យរបស់លោកTrump ក្នុងការឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ១៩នេះ ធ្វើឲ្យស្ត្រីជាច្រើនត្រូវឈប់ពីការងារតែម្តង។
សេដ្ឋវិទូរំពឹងថាសេដ្ឋកិច្ចអាមេរិកដែលជាសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោកនឹងមានកំណើនថែមទៀតនៅក្នុងត្រីមាសទី៤ចុងឆ្នាំ២០២០នេះ ប៉ុន្តែអត្រាកំណើនសរុបសម្រាប់ឆ្នាំ២០២០នេះត្រូវរំពឹងថាតិចជាងឆ្នាំ២០១៩៕