ផ្សារភាគហ៊ុននានានៅជុំវិញទ្វីបអាស៊ីបានដាំក្បាលចុះកាលពីថ្ងៃព្រហស្បតិ៍ ដោយសារប្រតិកម្មទៅនឹងការព្យាករណ៍សេដ្ឋកិច្ចមិនល្អរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិក ហើយការបារម្ភនៅអាស៊ីនេះក៏បានជះឥទ្ធិពលដល់ទីផ្សារនៅអឺរ៉ុបទៀត។
ទីផ្សារ Nikkei របស់ជប៉ុនបានធ្លាក់ចុះ១% ទីផ្សារ Hang Seng របស់ហុងកុងធ្លាក់ចុះ១,៥% ហើយទីផ្សារ Composite នៅក្នុងទីក្រុងសៀងហៃបានធ្លាក់ចុះ១,៣%។ ប៉ុន្តែទីផ្សារ TSEC នៅកោះតៃវ៉ាន់បានធ្លាក់ចុះ៣,២% ហើយទីផ្សារ KOSPI នៅកូរ៉េខាងត្បូងបានធ្លាក់ចុះខ្លាំងជាងគេរហូតដល់ ៣,៦%។
ប្រតិកម្មទីផ្សារហ៊ុននេះក៏បានរាលដាលដល់ទ្វីបអឺរ៉ុប ដែលនៅទីនោះទីផ្សារភាគហ៊ុនសំខាន់ៗនៅក្នុងប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់សុទ្ធតែបានធ្លាក់ចុះជាង១%ដូចគ្នា។
ផ្សារភាគហ៊ុននៅក្នុងទ្វីបទាំងពីរបានធ្វើប្រតិកម្មទៅនឹងការព្យាករណ៍មួយកាលពីខែកក្កដារបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកដែលត្រូវបានផ្សាយកាលពីថ្ងៃពុធដែលបានទស្សន៍ទាយថា វិបត្តិជំងឺរាតត្បាតកូវីដ១៩ «នឹងបន្តដាក់សម្ពាធយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ច ការងារ និងអតិផរណា នៅក្នុងរយៈពេលខ្លី ហើយនឹងបង្កនូវហានិភ័យយ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅក្នុងរយៈពេលមធ្យមខាងមុខ»៕