ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​អាមេរិក​ថា ការ​បង្ក​ហេតុ​ណាមួយ​របស់​ចិន​ចំពោះ​តៃវ៉ាន់​និង​អាស៊ីបូព៌ា​អាច​ធ្វើ​ឱ្យ​មាន​ជម្លោះ


រូបឯកសារ៖ នាវាយោធាចិនមួយត្រូវបានឃើញ​កំពុងធ្វើដំណើរ​នៅក្បែរកោះ Green តាមតំបន់ឆ្នេរ​កោះតៃវ៉ាន់ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។ (TAIWAN COAST GUARD / AFP)
រូបឯកសារ៖ នាវាយោធាចិនមួយត្រូវបានឃើញ​កំពុងធ្វើដំណើរ​នៅក្បែរកោះ Green តាមតំបន់ឆ្នេរ​កោះតៃវ៉ាន់ កាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។ (TAIWAN COAST GUARD / AFP)

អ្នកស្រី Sandra Oudkirk ដែល​ជា​ប្រធាន​ជិត​ចប់​អាណត្តិ​នៃ​វិទ្យាស្ថាន​អាមេរិកាំង​នៅ​តៃវ៉ាន់ (AIT) បាន​ព្រមាន​ចិន​មិន​ឱ្យ​ចាត់​វិធានការ​គឃ្លើន​នៅ​ក្នុង​តំបន់​ដែល​អាច​បណ្តាល​ឱ្យ​មាន​ជម្លោះ​កាន់តែ​ធំ។ វិទ្យាស្ថាន​អាមេរិកាំង​នៅ​តៃវ៉ាន់ (AIT) នេះ​គឺជា​ស្ថាប័ន​ដែល​គេ​សន្មត​ថា​ជា​ស្ថានទូត​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​តៃវ៉ាន់​ទោះ​មិន​ផ្លូវការ​ក៏ដោយ។

អ្នកស្រី Oudkirk បាន​លើកឡើង​ដូច្នេះ​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ​នៅឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី ១៤ ខែ​មិថុនា។

អ្នកស្រី​បាន​ថ្លែង​ថា៖ «សហរដ្ឋ​អាមេរិក​តាំងចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​នៅ​ក្នុង​តំបន់ ដែល​នោះ​គឺ​ស្ថានភាព​មួយ​ដែល​មាន​សន្តិភាព​និង​ស្ថិរភាព។ ហេតុ​ដូចនេះ​ហើយ​បានជា​យើង​ជំរុញ​ជា​ប្រចាំ​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បញ្ចៀស​សកម្មភាព​បែប​បង្ខិតបង្ខំ​ឬ​បង្កហេតុ​ទាំង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​និង​នៅ​តំបន់​ផ្សេង​ទៀត​ដូចជា​សមុទ្រ​ចិន​ខាង​ត្បូង​និង​តំបន់​សមុទ្រ​ជាប់​ជប៉ុន ពីព្រោះ​ថា​សកម្មភាព​បង្កហេតុ​គឺ​ស្ទើរតែ​គ្រោះថ្នាក់​ដោយ​វា​អាច​ឈាន​ដល់​ការ​ប៉ាន់ស្មាន​ខុស​ឬ​ក៏​ឧប្បទ្ទវហេតុ​ដែល​អាច​បង្ក​ឱ្យ​មាន​ជម្លោះ​កាន់តែ​ធំ»។

ក្នុង​អំឡុង​អាណត្តិ ៣ ឆ្នាំ​របស់​អ្នកស្រី Oudkirk ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​កោះ​តៃវ៉ាន់ ៣ ដង ដែល​បណ្តាល​ឱ្យ​មាន​ភាព​តានតឹង​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​វិទ្យាស្ថាន AIT។

ចិន​បាន​ចាត់ទុក​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង​ថា​ជា​ខេត្ត​ផ្តាច់ខ្លួន​មួយ​ដែល​ត្រូវតែ​រួបរួម​ឡើងវិញ​ជាមួយ​ខ្លួន​នៅ​ថ្ងៃ​ណាមួយ​ទោះ​ប្រសិនបើ​ចាំបាច់​ត្រូវ​ប្រើ​កម្លាំង​ក៏ដោយ។

ប្រធានជិតចប់អាណត្តិនៃវិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់ (AIT) អ្នកស្រី Sandra Oudkirk ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។
ប្រធានជិតចប់អាណត្តិនៃវិទ្យាស្ថានអាមេរិកាំងនៅតៃវ៉ាន់ (AIT) អ្នកស្រី Sandra Oudkirk ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។

សហរដ្ឋ​អាមេរិក ដូចជា​ប្រទេស​ជាច្រើន​ផងដែរ មិន​ទទួលស្គាល់​តៃវ៉ាន់​ថា​ជា​ប្រទេស​ឡើយ​ដើម្បី​បន្ត​ទំនាក់ទំនង​ជាមួយ​ចិន។ ក៏ប៉ុន្តែ រដ្ឋាភិបាល​អាមេរិក​បាន​រក្សា​ទំនាក់ទំនង​ការទូត​ក្រៅ​ផ្លូវការ​ជាមួយ​តៃវ៉ាន់​តាមរយៈ​វិទ្យាស្ថាន AIT នេះ ក៏ដូចជា​តាមរយៈ​ពាណិជ្ជកម្ម​ដោយ​ផ្ទាល់​និង​ចំណង​ទាក់ទង​ផ្នែក​ការពារ​ផងដែរ ហើយ​គាំទ្រ​តៃវ៉ាន់​ជា​ដែនដី​ប្រជាធិបតេយ្យ​ដែល​គ្រប់គ្រង​ដោយ​ខ្លួនឯង។

អ្នកស្រី Oudkirk បាន​បញ្ជាក់​ឡើងវិញ​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​សមត្ថភាព​ការពារ​ប្រទេស​របស់​តៃវ៉ាន់​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​ចិន ដោយ​បាន​និយាយ​ថា​ការ​ពង្រឹង​សមត្ថភាព​របស់​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន​គឺជា «អាទិភាព​កំពូល» របស់​វិទ្យាស្ថាន AIT។

អ្នកស្រី​បាន​បន្ថែម​ថា៖ «យើង​ទន្ទឹង​រង់ចាំ​ផ្តល់​សមត្ថភាព​ខាង​យោធា» ដល់​កោះ​តៃវ៉ាន់​ពី​ការ​លក់​សព្វាវុធ​ដែល​រង់ចាំ​ជា​យូរ​មកហើយ​របស់​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​អនុម័ត​កាលពី​ដើម​ខែ​មិថុនា​នូវ​ការ​លក់​គ្រឿង​បន្លាស់​យន្តហោះ​ចម្បាំង​ប្រភេទ F-16 និង​គ្រឿង​បន្លាស់​ជួសជុល​នានា​ដែល​មាន​តម្លៃ ៨០ លាន​ដុល្លារ​ដល់​តៃវ៉ាន់។

ក្រសួង​ការពារ​ជាតិ​ចិន​បាន​ប្រកាស​អំពី​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​ការ​លក់​សព្វាវុធ​នេះ​កាលពី​ថ្ងៃ​ទី ៧ ខែ​មិថុនា ហើយ​បាន​ជំរុញ​រដ្ឋាភិបាល​អាមេរិក​ឱ្យ​លុបចោល​ការ​លក់​អាវុធ​នេះ​ជាបន្ទាន់។

នៅពេល​សួរ​ថាតើ​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​អាច​មាន​ការ​ផ្លាស់ប្តូរ​ដែរ​ឬទេ​ប្រសិនបើ​លោក​ប្រធានាធិបតី Joe Biden មិន​ជាប់ឆ្នោត​ម្តងទៀត​នៅ​ខែ​វិច្ឆិកា​ខាងមុខ អ្នកស្រី Oudkirk បាន​និយាយ​ថា៖ «នៅ​ក្នុង​សហរដ្ឋ​អាមេរិក ខុសពី​បញ្ហា​ផ្សេង​ទៀត​ស្ទើរតែ​ទាំងអស់​ផ្នែក​គោល​នយោបាយ​ការបរទេស​ឬ​គោលនយោបាយ​ក្នុង​ប្រទេស គណបក្ស​ទាំង​ពីរ​មាន​ការ​មូលមតិ​គ្នា​ដ៏​ទូលំទូលាយ​លើ​គោលនយោបាយ​ចំពោះ​តៃវ៉ាន់។ ដូច្នេះ ខ្ញុំ​មិន​គិត​ថា​ការ​បោះឆ្នោត​នេះ​នឹង​ផ្លាស់ប្តូរ​គោល​នយោបាយ​នេះ​នោះឡើយ»៕

ប្រែ​សម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG