ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ធ្វើ​សមយុទ្ធ​សង្គ្រាម​ដោយ​អនុវត្ត​ដូច​ប្រតិបត្តិការ​​ដណ្តើម​យក​កោះ​តៃវ៉ាន់


រូបភាព​របស់​ក្រសួងការពារ​ជាតិ​តៃវ៉ាន់​បង្ហាញ​នាវា​ល្បាត​របស់​ចិន​ នៅ​ទីតាំង​មួយ​កន្លែង កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។
រូបភាព​របស់​ក្រសួងការពារ​ជាតិ​តៃវ៉ាន់​បង្ហាញ​នាវា​ល្បាត​របស់​ចិន​ នៅ​ទីតាំង​មួយ​កន្លែង កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤។

នាវា​ចំបាំង​និង​យន្តហោះ​ប្រយុទ្ធ​របស់​ចិន​បាន​ព័ទ្ធ​ជុំវិញ​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​សុក្រ​នេះ​ ​ដែល​ជា​ថ្ងៃ​ទី ២ នៃ​ការធ្វើ​សមយុទ្ធ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​និយាយ​ថា​ កំពុង​សាកល្បង​នៃ​សមត្ថភាព​របស់​ខ្លួន​ ដើម្បី​ដណ្តើម​កាន់កាប់​កោះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​តៃវ៉ាន់ថ្មី​បាន​ស្បថ​ចូល​កាន់​តំណែង។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

យោធា​ចិន​បាន​ចាប់ផ្តើម​សមយុទ្ធ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​ដោយ​នាវា​ចំបាំង​និង​យន្តហោះ​យោធា​ នៅពេល​ដែល​ខ្លួន​សន្យា​ថា​ឈាម​របស់ «កង​កម្លាំង​ឯករាជ្យ»​នៅ​លើ​កោះ​នោះនឹង​ហូរ។

សមយុទ្ធ​នេះ​ត្រូវ​បាន​ចាប់ផ្តើម​បន្ទាប់ពី​លោក Lai Ching-te បាន​ចូល​កាន់​តំណែង​ជាប្រធានាធិបតី​ថ្មី​របស់​កោះ​តៃវ៉ាន់​នៅ​សប្តាហ៍​នេះ ​ហើយ​បាន​ធ្វើ​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែងដែល​ចិន​ចាត់ទុក​ថា ​ជា«ការទទួល​សារភាព​នៃ​ឯករាជ្យភាព»។

សមយុទ្ធ​នេះ​ជា​ផ្នែក​មួយ​នៃ​ការពង្រីក​យុទ្ធនាការ​បំភិត​បំភ័យ​របស់​ចិន ​ដោយបាន​ធ្វើ​សមយុទ្ធ​យោធាទ្រង់ទ្រាយ​ធំ​ជា​បន្ត​បន្ទាប់ ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។

លោក Li Xi អ្នក​នាំពាក្យ​កងទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​ទីបញ្ជាការ​ខាង​កើត​ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ពួកគេ​កំពុង​សាកល្បង «សមត្ថភាព​នៃ​កម្លាំង​រឹបអូស​យក ការវាយ​ប្រហារ​រួម​និង​ត្រួតត្រា​ទឹកដី​សំខាន់ៗ។

ចិន​ដែល​បាន​បំបែក​ចេញពី​តៃវ៉ាន់​នៅ​ពេល​បញ្ចប់​សង្គ្រាម​ស៊ីវិល ​កាលពី​ ៧៥ ឆ្នាំ​មុន ​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ខេត្ត​មួយ​របស់​ខ្លួន​ ​ដែល​នៅពេល​ណាមួយត្រូវតែ​រួបរួម​ជាមួយ​ចិន​ដីគោក។

សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ពន្ធមិត្តនិងជាអ្នក​គាំទ្រ​ខាង​យោធា​ដ៏​ខ្លាំងក្លា​បំផុត​របស់​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ជំរុញ «យ៉ាង​ខ្លាំង»​ ឱ្យ​ចិន​មាន​ការអត់ធ្មត់។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ដល់​ភាគី​ទាំង​អស់​ឱ្យ​បញ្ចៀស​ការរាលដាល​កាន់​តែ​ធំ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG