ប្រទេសចិនបានចេញផ្សាយគោលការណ៍ណែនាំថ្មីសម្រាប់ការដាក់ទោសព្រហ្មទណ្ឌដែលរួមទាំងទោសប្រហារជីវិតផងដែរសម្រាប់ករណីជ្រុលនិយមមួយចំនួនដែលពាក់ ព័ន្ធនឹងអ្វីដែលរដ្ឋាភិបាលចិនហៅថាជនផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ដ៏«ងប់ងល់»។
គោលការណ៍ណែនាំថ្មីនេះ ដែលបានប្រកាសកាលពីថ្ងៃទី ២១ ខែមិថុនាកន្លងទៅនេះបានធ្វើឡើងនៅពេលដែលចិនបង្កើនការដាក់សម្ពាធលើតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោក Lai Ching-te បានឈ្នះការបោះឆ្នោតកាលពីខែមករានិងស្បថចូលកាន់តំណែងកាលពីខែឧសភា។
ចិនហៅលោក Lai ថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានធ្វើសមយុទ្ធភ្លាមៗ បន្ទាប់ពីលោក Lai បានស្បថចូលកាន់តំណែង។ រដ្ឋាភិបាលចិនក៏បានដាក់ទណ្ឌកម្មពាណិជ្ជកម្មនិងបង្កើនការល្បាតរបស់ឆ្មាំសមុទ្រនៅជុំវិញកោះនានាដែលគ្រប់គ្រងដោយតៃវ៉ាន់នៅឯសមុទ្រស្ថិតនៅភាគអាគ្នេយ៍ប្រទេសចិនផងដែរ។
នៅក្នុងទស្សនៈរបស់ចិន តៃវ៉ាន់គឺជាផ្នែកមួយនៃប្រទេសចិនហើយតៃវ៉ាន់មានជម្រើសតែមួយគត់ ដែលនោះគឺការបង្រួបបង្រួមជាមួយចិន។
ប៉ុន្តែ ការស្ទង់មតិសាធារណៈនៅតៃវ៉ាន់បានបង្ហាញថាពលរដ្ឋតៃវ៉ាន់ភាគច្រើនមិនគាំទ្រការបង្រួបបង្រួមជាមួយចិនឬឯករាជ្យភាពរបស់តៃវ៉ាន់ឱ្យបានឆាប់នោះទេ។ ប៉ុន្តែជំនួសមកវិញ ការស្ទង់មតិនោះបានបង្ហាញថាពួកគេភាគច្រើនគាំទ្រការរក្សាស្ថានភាពបច្ចុប្បន្នឱ្យនៅដដែល។
រដ្ឋាភិបាលចិនបានបង្ហាញជាសាធារណៈឱ្យឃើញថា ខ្លួនមិនពេញចិត្តលោក Lai និងគណបក្ស Democratic Progressive Party របស់លោក Lai ដែលមានទំនោរទៅរកអធិបតេយ្យភាព។
វិធានការថ្មីនេះមើលទៅគឺជាកិច្ចប្រឹងប្រែងថ្មីចុងក្រោយបង្អស់របស់ចិននៅក្នុងការធ្វើឲ្យមានការខ្វែងគំនិតគ្នារវាងសាធារណជនតៃវ៉ាន់និងរដ្ឋាភិបាលថ្មីរបស់តៃវ៉ាន់។ បើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិន គោលការណ៍ណែនាំថ្មីនេះមានបំណងសំដៅលើអ្នកណាដែលបង្កើត«អង្គការផ្ដាច់ខ្លួន»ឬក៏អ្នកណាដែលណែនាំមនុស្សឱ្យ «ធ្វើសកម្មភាពបំបែករដ្ឋ»។
តុលាការ រដ្ឋអាជ្ញា និងអង្គភាពសន្តិសុខសាធារណៈនិងរដ្ឋរបស់ប្រទេសចិននឹង «ដាក់ទោសធ្ងន់ធ្ងរស្របតាមច្បាប់ចំពោះជនងប់ងល់ឯករាជ្យតៃវ៉ាន់ណាដែលបានបំបែកប្រទេសចិននិងញុះញង់ឱ្យមានឧក្រិដ្ឋកម្មផ្ដាច់ខ្លួន ហើយនឹងការពារដោយគ្មានញញើតនូវអធិបតេយ្យភាពជាតិ ឯកភាពជាតិ និងបូរណភាពទឹកដី»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។
នៅក្នុងគោលការណ៍ណែនាំថ្មីនោះ ទោសប្រហារជីវិតគឺសំដៅចំពោះ«មេខ្លោង» នៃកិច្ចប្រឹងប្រែងទាមទារឯករាជ្យណាដែល«បង្កការប៉ះពាល់ធ្ងន់ធ្ងរជាពិសេសដល់រដ្ឋនិងប្រជាជន»។
នៅក្នុងការឆ្លើយតបទៅនឹងគោលការណ៍ណែនាំថ្មីនេះ ក្រុមប្រឹក្សាតៃវ៉ាន់ទទួលបន្ទុកកិច្ចការចិនដីគោកបានជំរុញសាធារណជនកុំឱ្យមានអារម្មណ៍ថារងការគំរាមកំហែងដោយគណបក្សកុម្មុយនីស្តចិន។
ក្រុមប្រឹក្សានេះបានបញ្ជាក់ថា៖«អាជ្ញាធរចិនគ្មានយុត្តាធិការណាមួយលើតៃវ៉ាន់ទេ ហើយច្បាប់និងបទដ្ឋានរបស់ពួកកុម្មុយនីស្តចិននេះគ្មានសុពលភាពណាមួយលើប្រជាជនតៃវ៉ាន់ឡើយ»៕
ប្រែសម្រួលដោយលោក ភី សុភាដា
វេទិកាបញ្ចេញមតិ