ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​អំពី​បញ្ហា​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​នៅ​វេទិកា​ពិភាក្សា Shangri-La


រដ្ឋមន្ត្រី​ការពារជាតិ​ចិន លោក Dong Jun ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសន្ទនា Shangri-La លើក​ទី២១ នៅ​សណ្ឋាគារ Shangri-La ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការពារជាតិ​ចិន លោក Dong Jun ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​នៃ​កិច្ចសន្ទនា Shangri-La លើក​ទី២១ នៅ​សណ្ឋាគារ Shangri-La ក្នុង​ប្រទេស​សិង្ហបុរី ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​លោក Dong Jun បាន​ចេញ​ការ​ព្រមាន​ខ្លាំងៗ​កាលពី​ថ្ងៃ​ទី ២ ខែ​មិថុនា​លើ​បញ្ហា​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​នៅក្នុង​កិច្ច​ពិភាក្សា Shangri-La ក្នុង​ប្រទេស​សិង្ហបុរី។

ក្នុង​អំឡុង​ការ​ថ្លែង​សុន្ទរកថា​គន្លឹះ​រយៈពេល ៤០ នាទី លោក Dong បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​តៃវ៉ាន់​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស Democratic Progressive Party ដែល​ជា​គណបក្ស​មាន​ទំនោរ​រក​អធិបតេយ្យភាព​របស់​តៃវ៉ាន់ ថា «កំពុង​បន្ត​ការ​ផ្ដាច់ខ្លួន [ចេញ​ពី​ចិន] កាន់តែ​ខ្លាំងឡើង» ស្របពេល​ដែល​កម្លាំង​ខាងក្រៅ​នៅ​បន្ត​លក់​អាវុធ​ដល់​តៃវ៉ាន់​និង​រក្សា​ទំនាក់ទំនង​ផ្លូវការ «ដោយ​ខុស​ច្បាប់» ជាមួយ​នឹង​តៃវ៉ាន់។

លោក​បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែល​មាន​វត្តមាន​ចូលរួម​ពី​គណៈប្រតិភូ​មកពី​ប្រទេស​ជាច្រើន​ថា៖ «អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​គឺ​ជំរុញ​ក្រុម​ផ្ដាច់ខ្លួន​ឯករាជ្យ​របស់​តៃវ៉ាន់​ឱ្យ​កាន់តែ​ហ៊ាន​ឡើង​នៅក្នុង​ការ​ប៉ុនប៉ង​ដើម្បី​ទប់​ចិន​ជាមួយ​នឹង​តៃវ៉ាន់»។ លោក​បាន​ព្រមាន​ថា វិធានការ​ទាំងនេះ​នឹង​ជំរុញ​តៃវ៉ាន់​ឱ្យ​ធ្លាក់​ចូល​ក្នុង «ស្ថានភាព​គ្រោះថ្នាក់»។

លោក​បាន​បញ្ជាក់​ជាថ្មី​ថា ការ​ដោះស្រាយ​របស់​ចិន​ចំពោះ​បញ្ហា​តៃវ៉ាន់​គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ និង​ថា​ចិន​នៅតែ​តាំងចិត្ត​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​បង្រួបបង្រួម​ជាមួយ​តៃវ៉ាន់​តាម​រយៈ​មធ្យោបាយ​សន្តិវិធី។

ការ​លើកឡើង​របស់​លោក Dong នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​មួយ​សប្ដាហ៍​ក្រោយមក​បន្ទាប់ពី​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​ពីរ​ថ្ងៃ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់។

ចិន​ថា​សមយុទ្ធ​នេះ​គឺ​ជា​វិធានការ​ដើម្បី «ដាក់​ទណ្ឌកម្ម» លើ​ប្រធានាធិបតី​ថ្មី​របស់​តៃវ៉ាន់​លោក Lai Ching-te សម្រាប់​សារ​របស់​លោក Lai នៅក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​កាលពី​ថ្ងៃ​ទី ២០ ខែ​ឧសភា​កន្លង​ទៅ​នេះ ដែល​សង្កត់ធ្ងន់​ថា​គ្មាន​ភាគី​ណាមួយ​នៅ​សងខាង​ច្រក​សមុទ្រ​តៃវ៉ាន់​ត្រូវ​នៅ​ក្រោម​បង្គាប់​អ្នកណា​ទេ។

ក្នុង​អំឡុង​សុន្ទរកថា​គន្លឹះ​កាលពី​ថ្ងៃ​ទី ១ ខែ​មិថុនា​ដែល​ថ្លែង​ទៅ​កាន់​វេទិកា​ពិភាក្សា Shangri-La នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​លើកឡើង​ដោយ​ខ្លី​អំពី​បញ្ហា​តៃវ៉ាន់ ដោយ​លោក​បាន​បញ្ជាក់​ជាថ្មី​ថា សហរដ្ឋ​អាមេរិក​តាំងចិត្ត​គោរព​តាម​ស្ថានភាព​បច្ចុប្បន្ន​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

នៅក្នុង​ការ​លើកឡើង​ដែល​គេ​យល់​ថា​ជា​ការ​សំដៅ​មិន​ផ្ទាល់​លើ​សមយុទ្ធ​យោធាទ្រង់ទ្រាយ​ធំ​របស់​ចិន​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ លោក Austin បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ដោះស្រាយ​ជម្លោះ​តាម​រយៈ​ការ​ចរចា​ជាជាង​ការ​គំរាមកំហែង​ឬ «ការ​ដាក់​ទណ្ឌកម្ម»។

លោក Austin បាន​និយាយ​ថា៖ «សង្គ្រាម​ឈ្លានពាន​របស់ [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ពិភពលោក​មួយ​ដែល​ជនផ្ដាច់ការ​ជាន់ឈ្លី​ព្រំដែន​អធិបតេយ្យ ពិភពលោក​មួយ​ដែល​ប្រទេស​សន្តិភាព​រស់នៅ​ដោយ​ភ័យខ្លាច​ប្រទេស​ជិតខាង​ខ្លួន និង​ពិភពលោក​មួយ​ដែល​ភាព​ចលាចល​និង​ការ​ច្បាំង​ដណ្ដើម​គ្នា​ជំនួស​ឱ្យ​ច្បាប់​និង​សិទ្ធិ»។

ក្រៅពី​បញ្ហា​តៃវ៉ាន់ លោក Dong បាន​បញ្ជាក់​ជាថ្មី​អំពី​ការ​តាំងចិត្ត​របស់​ចិន​នៅក្នុង​ការ​ប្រកាន់​ខ្ជាប់​តាម​អ្វី​ដែល​ចិន​មើលឃើញ​ថា​ជា​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ខណៈ​លោក Dong អះអាង​ថា​សមុទ្រ​ចិន​ខាងត្បូង​មាន «ស្ថិរភាព​ជា​ទូទៅ» លោក​បាន​និយាយ​ដោយ​មិន​សំដៅ​ឱ្យ​ចំ​លើ​ប្រទេស​ហ្វីលីពីន​ថា ប្រទេស​មួយ​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​ទ្វេភាគី​និង​ការ​សន្យា​របស់​ខ្លួន​ដោយសារ​មាន​ការ​គាំទ្រ​ពី​កម្លាំង​ខាងក្រៅ។

លោក​បាន​បន្ថែម​ថា ប្រទេស​នោះ «បាន​បង្កហេតុ​ដោយ​គិត​ទុក​ជាមុន​និង​បាន​បង្កើត​សេណារីយ៉ូ​មិន​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឱ្យ​សាធារណជន​យល់ច្រឡំ»។

បន្ថែម​ពី​លើ​នេះ​ទៀត លោក Dong បាន​ចោទ​ប្រកាន់​ប្រទេស​ហ្វីលីពីន​ថា​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​មួយ​ដំឡើង​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​នៅក្នុង​តំបន់។ លោក Dong ថ្លែង​ដូច្នេះ​ចង់​សំដៅ​មិន​ផ្ទាល់​លើ​សហរដ្ឋ​អាមេរិក ដោយសារតែ​សហរដ្ឋ​អាមេរិក​បាន​ដំឡើង​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​នៅ​លើ​កោះ Lozon នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​និង​ហ្វីលីពីន។

លោក Dong បាន​អះអាង​ថា វិធានការ​របស់​ហ្វីលីពីន​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​និង​ស្ថិរភាព​នៅក្នុង​តំបន់។

ផ្ទុយ​ទៅ​នឹង​សារ​ដ៏​មុតមាំ​របស់​លោក Dong ចំពោះ​ហ្វីលីពីន​និង​សហរដ្ឋ​អាមេរិក​នេះ លោក Austin បាន​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការ​ធានា​នូវ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវបាន​អនុញ្ញាត​នៅក្រោម​ច្បាប់​អន្តរជាតិ។

លោក Austin បាន​បញ្ជាក់​ក្នុង​សុន្ទរកថា​គន្លឹះ​របស់​លោក​កាលពី​ថ្ងៃ​ទី ១ ខែ​មិថុនា​ថា៖ «ការ​រុកគួន​ដែល​ហ្វីលីពីន​បាន​ប្រឈម​មាន​លក្ខណៈ​គ្រោះថ្នាក់​សុទ្ធសាធ​យ៉ាង​ពិត​ប្រាកដ។ យើង​ទាំងអស់​គ្នា​មាន​ចំណាប់​អារម្មណ៍​រួម​ក្នុង​ការ​ធានា​ថា​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​បើក​ចំហ​និង​មាន​ភាព​សេរី»។

អ្នក​វិភាគ​ខ្លះ​ថា ការ​សង្កត់ធ្ងន់​របស់​លោក Dong លើ​បញ្ហា​តៃវ៉ាន់​និង​សមុទ្រ​ចិន​ខាងត្បូង​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​បំណង​របស់​លោក​នៅក្នុង​ការ​បញ្ជាក់​ជាថ្មី​អំពី​ជំហរ​របស់​ចិន​លើ​បញ្ហា​ទាំងនេះ​ដែល​ចិន​យល់​ឃើញ​ថា​ជា​ផល​ប្រយោជន៍​ស្នូល​របស់​ខ្លួន៕

ប្រែសម្រួល​ដោយ​លោក​ភី សុភាដា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG