ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​បាន​សន្យា​ការពារ​ប្រទេស​នានា​ជាសមាជិក​អង្គការអូតង់


លោក Joe Biden ​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ថ្លែង​សុន្ទរកថា​នៅ​ទីក្រុង Riga​ ប្រទេស​ឡេតូនី កាល​ពី​ថ្ងៃទី២៣ ខែ​សីហា។

លោក​ Joe Biden ​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​តាំង​ចិត្ត​របស់អាមេរិក​ដល់​អង្គការ​អូតង់​ដើម្បី​ការពារ​ប្រទេស​នានា​នៅ​តំបន់​បាល់​ទិក​ប្រឆាំង​នឹង​ភាពគគ្លើន​ណាមួយ​ពី​ប្រទេស​រុស្ស៊ី​ដែល​ជា​ប្រទេសជិត​ខាង​របស់​ប្រទេសនោះ។

ថ្លែង​ទៅកាន់​ពួក​អ្នក​យកព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​រដ្ឋ​ធានី រីហ្គា នៃ​ប្រទេស ឡេតូនី (Latvia) លោក​អនុប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​Biden​ មាន​ប្រសាសន៍​ថា ​សហរដ្ឋ​អាមេរិក​នៅតែ​តាំង​ចិត្តដល់​ការការពារ​សមា​ជិក​ទាំង​អស់​របស់​សម្ព័ន្ធមិត្ត​អង្គការ​អូតង់។

លោក​អុន​ប្រធានា​ធិបតី​អាមេរិក ​បាននិយាយ​ថា៖ «ខ្ញុំ​ចង់​បញ្ជាក់ឲ្យ​ច្បាស់។ ខ្ញុំ​ចង់​បញ្ជាក់​យ៉ាង​ច្បាស់​ដល់​ពលរដ្ឋ​ទាំង​អស់​នៅ​ក្នុងតំបន់​បាល់​ទិកថា ​យើង​បាន​សន្យាថា ​សហរដ្ឋ​អាមេរិក​គោរព​យ៉ាង​ឧឡារិក​ដល់​សន្ធិសញ្ញា​របស់​អង្គការ​អូតង់​និង​មាត្រា​ទី៥។យើង​និយាយ​គឺ​យើង​ធ្វើ ​យើង​មិន​ដែល​បំភ្លេច​ការ​សន្យា​ដែល​យើង​បាន​ធ្វើ​ទេ‍»។

ដោយ​សំដៅ​ដល់​អត្ថាធិប្បាយដល់​អង្គការ​អូតង់​ដោយ​លោក​ Donald Trump​ បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​សាធារណរដ្ឋដែល​និយាយ​ថា ​សហរដ្ឋ​អាមេរិក ​អាច​មិន​ការពារ​សម្ព័ន្ធមិត្ត​អង្គការ​អូតង់​ជាស្វ័យ​ប្រវត្តិ​ទេ ​ប្រសិន​បើ ​ពួកគេ ​មិន​បាន​បំពេញ​កាតព្វកិច្ច​ខាង​ហិរញ្ញវត្ថុ​ដល់​អង្គការ​នេះ​ លោកអនុ​ប្រធានា​ធិបតី Biden បានច្រាន​ចោល​កំណត់​សម្គាល់​របស់​លោក Trumpហើយ​បាន​និយាយ​ថា មាន​ការ​ព្រម​ព្រៀង​ដ៏​លើស​លុប​របស់​គណបក្ស​ទាំង២​ក្នុង​សហរដ្ឋ​អាមេរិក​ដល់​គោលការណ៍​ដ៏​សំខាន់​របស់​សម្ព័ន្ធ​មិត្ត​ដែល​អំពាវនាវ​ឲ្យ​មានការ​ការពារ​រួម។

លោក​អនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក Biden ​បាន​មាន​ប្រសាសន៍​ទៀត​ថា៖ «ការ​ព្រួយ​កង្វល់ថា​ សហរដ្ឋ​អាមេរិក​ ​ដកខ្លួន​ចេញ​ឬ​ចាក​ចេញ​ពី​អង្គការ​អូតង់​នោះ​មិនមែន​ជាការ​ពិត​ទេ។ តាម​ការ​ពិត ​វត្តមាន​របស់​យើង ​នឹង​ត្រូវ​បង្កើន​ហើយ​តាម​ការ​ពិត​គឺថា ​នឹង​មាន​ដៃ​គូ​កាន់​តែ​ច្រើន​ឡើង​របស់​អង្គការ​អូតង់​នៅ​តាម​បណ្តាយ​ព្រំ​ដែន​ប្រទេស​រុស្ស៊ី។ យើង​ត្រូវ​ធ្វើ​ការ​តាំង​ចិត្ត​១០០ភាគ​រយដើម្បី​បំពេញ​កាតព្វកិច្ចរបស់​យើង​ក្នុង​អង្គការ​អូតង់ រួមមាន​ជា​ពិសេស​មាត្រា​ទី​៥‍»៕

XS
SM
MD
LG