ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​បញ្ចាក់​ឡើង​វិញ​ពី​ការ​គាំទ្រ​របស់​ខ្លួន​​ដល់​ប្រធានាធិបតី Erdogan របស់​តួកគី


លោក Tayyip Erdogan ប្រធានាធិបតី​របស់​តួកគី​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ណាតូ នៅ​ក្នុង​ក្រុង​វ៉ាសូរី ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។
លោក Tayyip Erdogan ប្រធានាធិបតី​របស់​តួកគី​ចូលរួម​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​ណាតូ នៅ​ក្នុង​ក្រុង​វ៉ាសូរី ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។

អង្គការ​សន្ធិសញ្ញា​មហាសមុទ្រ​អាតាឡង់ទិក​ខាង​ជើង​ឬ (NATO) បាន​បញ្ជាក់​ឡើង​វិញពី​ការ​តាំង​ចិត្ត​របស់​ខ្លួន​ដល់​ប្រទេស​តួកគី​ថា​ តួកគី​ជា​សមាជិក​ដ៏​មាន​តម្លៃ​មួយ​នៃ​សម្ព័ន្ធ​មិត្ត​ដែល​មាន​សមាជិក​២៨​ប្រទេសនៅ​ក្នុង​ការ​ប៉ុនប៉ង​ដើម្បី​បន្ធូរ​បន្ថយ​ការ​ព្រួយ​កង្វល់​របស់​តួកគី​ថា ​ខ្លួន​មិន​មាន​ការ​គាំទ្រ​យ៉ាង​ពេញលេញ​ពី​ប្រទេស​លោក​ខាង​លិច​នោះ។

​លោកស្រី Oana Lungescu ​អ្នកនាំ​ពាក្យ​អង្គការ​អូតង់ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «តួកគី​ជា​សម្ព័ន្ធមិត្ត​មួយ​ដ៏​សំខាន់​ដែល​បាន​រួម​វិភាគទាន​ដ៏​សំខាន់​ដល់​ការ​ខំ​ប្រឹងប្រែង​រួម​របស់​អង្គការ​អូតង់។​តួកគីចូល​រួម​យ៉ាង​ពេញលេញ​នៅ​ក្នុង​ការ​សម្រេច​ដែល​ផ្អែកលើ​ការ​មូល​មតិ​របស់​សម្ព័ន្ធ​មិត្ត​នៅពេល​ដែល​យើង​ប្រឈម​បញ្ហា​សន្តិសុខ​ដ៏​ធំបំផុត​ក្នុង​ពេល​បច្ចុប្បន្ន​នេះ‍»។

លោកស្រី Lungescu បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សេចក្តី​រាយការណ៍ដែល​ជា​ការ​ទស្សន៍ទាយ​របស់​សារព័ត៌មាន​អំពី​រដ្ឋប្រហារ​មិន​បាន​ទទួល​ជោគជ័យ​កាល​ពី​ខែ​មុន​នៅ​ក្នុង​ប្រទេស​តួកគី​ និង​សមាជិកភាព​របស់​តួកគី​នៅ​ក្នុង​អង្គការ​អូតង់។ លោកស្រី​អ្នក​នាំ​ពាក្យ ​បាន​និយាយ​ទៀត​ថា «អង្គការ​អូតង់ ​ពឹងផ្អែក​លើ​ការ​បន្ត​រួមវិភាគទានរបស់​តួកគី​ ហើយ​តួកគី ​អាច​ពឹង​ផ្អែក​លើសាមគ្គីភាព​និង​ការ​គាំទ្រ​របស់​អង្គការ​អូតង់‍»។

អង្គការ​អូតង់ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី Recep Tayyip Erdogan នៃ​ប្រទេស​តួកគី ​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី Vladimir Putin ​នៃ​ប្រទេស​រុស្ស៊ី​ក្នុង​ទីក្រុង St. Petersburg នៃ​ប្រទេស​រុស្ស៊ី។​ ជំនួប​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​និយាយ​ស្មានៗ​ថា ​ទំនាក់ទំនង​ដ៏​ខ្លាំង​របស់​តួកគី​ជាមួយ​ប្រទេស​លោក​ខាង​លិច ​អាច​ចុះ​ខ្សោយ។

តួកគី​ដែល​មាន​កម្លាំង​យោធា​ធំ​ទី​ពីរ​នៅ​ក្នុង​អង្គការ​អូតង់ ​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​ជា​មួយ​ប្រទេស​លោក​ខាង​លិច​នៅ​ពេល​ដែល​តួកគី​ប្រឈម​អស្ថិរភាព​ដែល​មិន​ធ្លាប់​មានកាល​ពី​ពេល​មុន​នៅ​ក្នុង​តំបន់​មជ្ឈឹម​បូព៌ា៕

XS
SM
MD
LG