ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​លទិ្ធ​ប្រជា​ធិបតេយ្យ​សហរដ្ឋ​អាមេរិក​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​នៅ​ហុងកុង


និស្សិត​បាតុករ​ដែល​ជា​អ្នកគាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​អង្គុយ​នៅ​គៀន​ផ្លូវ​ ក្នុង​តំបន់​ដែល​ត្រូវ​បាន​កានកាប់ ជុំវិញ​អគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។
និស្សិត​បាតុករ​ដែល​ជា​អ្នកគាំទ្រ​លិទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​អង្គុយ​នៅ​គៀន​ផ្លូវ​ ក្នុង​តំបន់​ដែល​ត្រូវ​បាន​កានកាប់ ជុំវិញ​អគារ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហុងកុង​នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។

អង្គការ​មិន​មែន​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំផុស​បំផុល​បាតុកម្ម​ “Occupy” ​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​និយាយ​ថា​ ខ្លួន​បាន​ចូលរួម​សហការ​ធម្មតា​ជាមួយ​នឹង​ក្រុម​ស៊ីវិល​នៅក្នុង​តំបន់​ត្រួត​ត្រា​របស់​ចិន ហើយ​ថា​ ខ្លួន​គ្មាន​អ្វី​លាក់​បាំង​ទេ។​

សារ​ព័ត័មាន​ជាតិ​របស់​ចិន ​និង​ក្រុម​ផ្សាយ​ព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​នៅ​ទីក្រុង​ហុងកុង ​បាន​បោះ​ពុម្ព​ផ្សាយ​អត្ថបទ​ជា​បន្ត​បន្ទាប់​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដោយ​ចោទ​ប្រកាន់​ថា​ អង្គការ​ទេយ្យទានជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​គឺ​ ​NED​ ​បាន​ផ្តល់​ថវិកា​ និង​ណែ​នាំ​បាតុករ​ដែល​បាន​កាន់​កាប់​វិថី​ធំៗ​នៅ​ទីក្រុង​ហុងកុង​តាំង​ពី​ថ្ងៃ​ទី២៨ ​ខែ​កញ្ញា។ ​សារព័ត៌មាន​ទាំង​នោះ​ក៏​បាន​បង្ហាញ​ថា​ NED​ គឺជា​ភ្នាក់ងារ​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​សហ​រដ្ឋ​អាមេរិក។​

លោក ​Leung Chun-ying ​នាយក​ប្រតិបត្តិ​អចិន្ត្រៃយ៍​ទីក្រុង​ហុងកុង ​បាន​បន្ថែម​មតិរបស់លោក​ចំពោះ​ការ​ចោទ​ប្រកាន់​អំពី​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​នៅ​សប្តាហ៍​នេះ។ នៅ​ក្នុង​របាយ​ការណ៍​មួយ​ដែល​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ថ្ងៃ​សប្តាហ៍​មុន ​កាសែត​ South China Morning Post ​ដក​ស្រង់​សម្តី​លោក ​Leung ​ដែល​និយាយ​ថា ​លោក​នឹង​បង្ហាញ​ភ័ស្តុតាង​អំពី​“កង​កម្លាំង​បរទេស​ដែល​បាន​ចូល​រួម​ក្នុង​ចលនា​បាតុកម្ម Occupy” នៅ​ពេល​«សមរម្យ»។​

ការ​ឆ្លើយ​តប​របស់ ​NED ​ចំពោះ​ការ​រិះ​គន់៖​

ក្នុង​បទ​សម្ភាសន៍​ដាច់​មុខ​មួយ​ជាមួយ​នឹង​វីអូអេ ​លោកស្រី ​Louisa Greve ​អនុ​ប្រធាន​គម្រោង​សម្រាប់​ទ្វីប​អាស៊ី​មជ្ឈឹមបូព៌ា ​អាហ្រ្វិក​ខាង​ជើង​របស់​អង្គការ​ទេយ្យទានជាតិ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ពី​ការ​ម៉ាក់ងាយ​ដល់​ប្រជា​ពលរដ្ឋ​ទីក្រុង​ហុងកុង​ ដែល​អ្នក​ស្រី​អនុ​ប្រធាន​បាន​យល់​ថា ​ពួក​គេ​មាន​មហិច្ឆតា​ផ្ទាល់​ខ្លួន​ដើម្បី​«មូលដ្ឋាន​លទ្ធិ​ប្រជា​ធិបតេយ្យ​សម្រាប់​រដ្ឋាភិបាល​របស់​គេ»។​

NED ​ទទួល​បាន​មូល​និធិ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ​និង​រួម​ទាំង​ការ​បរិច្ចាគ​ឯកជន​សម្រាប់​គោល​បំណង​នៃ​បេសក​កម្ម​ពិភពលោក​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ដែល​ធ្វើ​ការ​«ពង្រឹង​តម្លៃ ​ដំណើរការ ​និង​ស្ថាប័ន​ប្រជា​ធិបតេយ្យ»។ ​NED ​ក៏​មាន​ក្រុម​ប្រឹក្សា​ភិបាល​ឯករាជ្យ​មួយ​ដែល​ចាត់​ចែង​មូល​និធិ​ទាំង​នោះ។​

លោកស្រី ​Greve ​បាន​និយាយ​ថា ​«NED ​មាន​ថវិកា​ដែល​ទទួល​បាន​ពី​អ្នក​បង់​ពន្ធ​អាមេរិកាំង ​ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា ​សេចក្តី​សម្រេច​ចិត្ត​របស់ ​NED ​គឺជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​អាមេរិក​ឡើយ។​

អង្គការ​នេះ​ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ​ និយាយ​ថា ​ខ្លួន​បាន​ផ្តល់​ថវិកា​សម្រាប់​ការ​ស្រាវ​ជ្រាវ​ចំនួន​ជាង​១ពាន់​ទៅ​ដល់​ក្រុម​ដៃ​គូ​នៅ​ជុំវិញ​ពិភព​លោក ​ដោយ​ផ្តល់​ជា​ទឹក​ប្រាក់​មធ្យម​ចំនួន​៥ម៉ឺន​ដុល្លារ​ដល់​ដៃ​គូ​នីមួយៗ។ ​ដៃ​គូ​របស់ ​NED​ នៅ​ទីក្រុង​ហុងកុង ​រួម​មាន ​មជ្ឈមណ្ឌល​សាមគ្គី​ភាព​របស់​សហ​រដ្ឋអាមេរិក ​និង​អង្គការ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ហុងកុង ​ដែល​ទទួល​បាន​ថវិកា​សម្រាប់​ការស្រាវ​ជ្រាវ​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ​និង​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​ជាតិ​របស់​សហ​រដ្ឋ​អាមេរិក ​ដែល​ទទួល​បាន​ថវិកា​សម្រាប់​ការ​ស្រាវជ្រាវ​ចំនួន​៤០​ម៉ឺន​ដុល្លារ​សម្រាប់​កិច្ចការ​របស់​ខ្លួន​នៅ​ទីក្រុង​ហុងកុង ​និង​នៅ​ប្រទេស​ចិន​ដីគោក។​

លោកស្រី ​Greve​ និយាយ​ថា ​NED​ មិន​បាន​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​ទេ។​

លោកស្រី​បាន​លើក​ឡើង​ថា​ «យើង​ពិត​ជា​មិន​មាន​ការិយាល័យ​នៅ​ជុំវិញ​ពិភព​លោក​ទេ។ ​យើង​មាន​តែ​បុគ្គលិក​ដែល​ពិនិត្យ​មើល​សំណើ​សុំ​ថវិកា​(ពី​ក្រុម​ដៃ​គូ) ​ស្វែង​យល់​ពី​នយោបាយ​របស់​ប្រទេស​ទាំង​នោះ​ (ដែល​ក្រុម​ដៃ​គូ​បំពេញ​ការងារ)​ ហើយ​បន្ទាប់​មក​ផ្តល់​ថវិកា​ឧបត្ថម្ភ​គម្រោង​ដោយ​ផ្អែក​លើ​សំណើ​សុំ​ថវិកា​ផ្ទាល់​ពី​ក្រុម​ដៃគូ​របស់​យើង។​ លោកស្រី​បន្ថែម​ថា៖​ «ផ្អែក​លើ​ការ​ប្រកួត​ប្រជែង ​ហើយ​ដោយសារតែ​ថវិកា​របស់​យើង​មាន​កម្រិត​ យើង​បាន​ព្យាយាម​ផ្តល់​ថវិកា​ឧបត្ថម្ភ​ឲ្យ​គម្រោង​ដែល​ល្អ​បំផុត។ ​យើង​មិន​គ្រប់​គ្រង​កិច្ចការ​របស់​គម្រោង​ទាំង​នោះ​ទេ»។​

ប៉ុន្តែ ​NED ​បាន​ត្រួត​ពិនិត្យ​កិច្ចការ​របស់​ដៃគូ​ខ្លួន ​ដើម្បី​សម្រេច​ថា​ តើ​ខ្លួន​គួរតែ​ផ្តល់​ថវិកា​សម្រាប់​ការ​ស្រាវ​ជ្រាវ​ម្តងទៀត​ឲ្យ​ដៃគូ​នោះ​ឬ​យ៉ាង​ណា។​

ក្នុង​កម្មវិធី​ផ្សាយ​ដោយ​ទូរទស្សន៍​អាស៊ី​របស់​ហុងកុង ​កាលពី​ថ្ងៃ​ទី១៤ ​ខែតុលា ​លោក Law Yuk-kai ​នាយក​អង្គការ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ហុងកុង ​បាន​និយាយ​ថា ​អង្គការ​របស់​លោក​ត្រូវ​តែ​ផ្ញើ​របាយ​ការណ៍​ចុង​ឆ្នាំ​ស្តី​អំពី​សកម្មភាព​ការងារ​របស់​អង្គការ​លោក​ទៅ​ឲ្យ ​NED។ ​លោក ​Law ​ថា​៖​ «យើង​គ្រាន់​តែ​រៀប​រាប់​ពី​កិច្ចការ​ដែល​យើង​បាន​បំពេញ។ ​យើង​មិន​បាន​រាយ​ការណ៍​ទៅ​ឲ្យ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ទេ»។​

លោកស្រី ​Greve ​បាន​និយាយ​ថា ​កិច្ចការ​ចែក​រំលែក​ព័ត៌មាន​របស់​ដៃគូ​ដែល​ទទួល​បាន​ថវិកា​ពី ​NED ​គឺជា​សកម្មភាព​មួយ​ដែល​ត្រូវ​បាន​ការពារ​ដោយ​កិច្ច​ព្រម​ព្រៀង​អន្តរជាតិ​ស្តី​អំពី​សិទ្ធិ​នយោបាយ ​និង​សិទ្ធិ​ពលរដ្ឋ។​

លោកស្រី​ថា៖​ «ក្នុង​វិស័យ​ជំនួញ ​ពាណិជ្ជ​កម្ម ​ឬ​កិច្ច​សហ​ប្រតិបត្តិការ​វិទ្យា​សាស្ត្រ​ កិច្ច​សហ​ប្រតិបត្តិការ​រវាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ​និង​ស្ថាប័ន​អន្តរជាតិ ​ជា​រឿង​ធម្មតា​ទេ។​ ហើយ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រុម​សង្គម​ស៊ីវិល​ដើម្បី​គោល​បំណង​រួម​ក៏​ជា​រឿង​ធម្មតា​ដែរ»។​

ប្រវត្តិ​នៃ​ការ​គាំទ្រ​របស់​សហ​រដ្ឋ​អាមេរិក៖

NED ​ផ្តល់​ថវិកា​ឧបត្ថម្ភ​ដល់​គម្រោង​លើក​កម្ពស់​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​អស់​រយៈពេល​ប្រមាណ​២​ទសវត្ស​មក​ហើយ​ ដែល​មាន​ជា​ទឹក​ប្រាក់​សរុប​រាប់​លាន​ដុល្លារ។ ​លោកស្រី ​Greve ​បាន​និយាយ​ថា ​កម្រិត​នៃ​ការ​ឧបត្ថម្ភ​នេះ​បាន​ឋិត​ឋេរ​ក្នុង​អំឡុង​ពេល​នោះ។​

លោកស្រី​ថា៖​«គម្រោង​របស់ ​NED ​នៅ​ទីក្រុង​ហុងកុង​គឺ​មិន​ធំ​ដូច​ទីកន្លែង​ផ្សេង​ទៀត​នៅ​លើ​ពិភព​លោក​ទេ។ ​នេះ​គឺជា​ទីកុ្រង​មួយ​ដែល​អាច​ពឹង​ផ្អែក​លើ​ធនធាន​របស់​ខ្លួន​ឯង​បាន»។​

វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​ជាតិ ​(NDI)​ ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​៤​សំខាន់ៗ​ដែល​ទទួល​ថវិកា​របស់ ​NED ​បាន​ធ្វើការ​នៅ​ទីក្រុង​ហុងកុង​តាំងពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ។ ​NDI ​និយាយ​ថា ​គម្រោង​របស់​គេ​បាន​ជួយ​សម្រួល​ដល់​គម្រោង​ស្រាវជ្រាវ​ និង​ការ​សន្ទនា​ទាក់​ទង​នឹង​អភិបាល​កិច្ច​តាម​សំណូម​ពរ​របស់​អង្គការ​ក្នុង​តំបន់។​

ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​អង្គការ​ដៃ​គូ​របស់ ​NED​ ពី​បទ​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ទីក្រុង​ហុងកុង ​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

លោកស្រី ​Greve ​បាន​និយាយ​ថា៖​ «NDI ​ទទួល​បាន​សេចក្តី​រាយ​ការណ៍​អវិជ្ជមាន​ជា​ច្រើន​ពី​សារ​ព័ត៌មាន​នៅ​ទីក្រុង​ហុងកុង ​ជា​ពិសេស​សារ​ព័ត៌មាន​ជាតិ​របស់​ចិន ​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។​ លោកស្រី​ថា៖​ «វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ​ដែល​រដ្ឋា​ភិបាល​ផ្តាច់ការ​ និង​ខ្វះ​ភាពស្រប​ច្បាប់​តាម​រយៈ​ការ​បោះ​ឆ្នោត​ បែរ​ជា​មក​បន្ទោស​បរទេស​សម្រាប់​ការ​មិន​ពេញ​ចិត្ត​របស់​ប្រជាជន​ខ្លួន​ឯង»។​

ជាយូរ​មក​ហើយ​ដែល​ អ្នក​តស៊ូ​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​ត្រូវ​បានអ្នក​ប្រឆាំង​នឹង​ពួក​គេដាក់​នាម​ថា ​ជា​ភ្នាក់​ងារ​របស់​ពួក​បរទេស។​

លោកស្រី ​Greve ​បាន​និយាយ​ថា ​សកម្មជន​ទាំង​នោះ​បាន​ដឹង​ពី​គ្រោះ​ថ្នាក់​ក្នុង​ការ​បំពេញ​ការងារ​ជាមួយ​នឹង​ដៃ​គូ​របស់ ​NED ​ហើយ​ថា៖​ «ប៉ុន្តែ​សកម្មជន​ទាំង​នោះ​នៅ​តែ​និយាយ​ថា​ កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​មាន​ភាព​ស្រប​ច្បាប់​ដដែល​ មាន​ន័យ​ថា​ គ្មាន​នរណា​ម្នាក់​សោក​ស្តាយ​នឹង​ជម្រើស​របស់​ខ្លួន​ឡើយ ​ព្រោះ​ខ្ញុំ​មិន​ធ្លាប់​បាន​ឮ​រឿង​បែប​នេះ​ទេ»។​

លោក ​Lee Cheuk-yan​ គឺជា​សកម្ម​ជន​ម្នាក់​ដែរ។ ​លោក​បាន​ដឹកនាំ​សម្ព័ន្ធ​សហជីព​ពាណិជ្ជ​កម្ម​ហុងកុង​គឺ​ ​HKCTU​ ហើយ​បាន​ធ្វើ​ជា​អ្នក​តែង​ច្បាប់​ឲ្យ​ក្រុម​ប្រឹក្សា​ច្បាប់​សម្រាប់​គណបក្ស​ពលករ។​

សហ​ជីព​ពលករ​ទាក់​ទាញ​ការ​ចាប់់​អារម្មណ៍៖​

សម្ព័ន្ធ​សហ​ជីព​ពាណិជ្ជកម្ម​ហុងកុង​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​សប្តាហ៍​មុន​នេះ​ ដោយ​និយាយ​ថា ​ខ្លួន​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ចំនួន​៥៤​ម៉ឺន​ដុល្លារ​ពី​មជ្ឈមណ្ឌល​សាមគ្គីភាព ​ដែល​ជា​អ្នក​ទទួល​ថវិកា​ឧបត្ថម្ភ​ដ៏​សំខាន់​របស់ ​NED ​ក្នុង​រយៈពេល​៧ឆ្នាំ​កន្លង​មក​នេះ។​

ក្រុម​សម្ព័ន្ធ​នេះ ​ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ មាន​ទំនាក់​ទំនង​ជាមួយ​នឹង​សហព័ន្ធ​ពលករ​របស់​សហ​រដ្ឋ​អាមេរិក​ហៅ ​AFL-CIO ​ហើយ​និយាយ​ថា ​ខ្លួន​ព្យាយាម​«ជួយ​កម្មករ​ជុំវិញ​ពិភព​លោក​ ដែល​បាន​តស៊ូ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ទីកន្លែង​ការងារ​ដែល​មាន​សុវត្ថិភាព ​និង​ផាសុខភាព ​ប្រាក់​បៀវត្សរ៍​ផ្គត់​ផ្គង់​គ្រួសារ ​ការ​ការពារ​សង្គម និង​មតិ​របស់គេអំពីកន្លែងធ្វើការ​»។​

លោក ​Lee ​ប្រធាន​សម្ព័ន្ធ​សហជីព​នេះ​គឺជា​អ្នក​គាំទ្រ​ចលនា​បាតុកម្ម ​Occupy​ ដ៏​ផុស​ផុល​ម្នាក់។ ​សារព័ត៌មាន​ហុងកុង​ដែល​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ​បាន​បរិយាយ​ថា​ លោក​ជា​មេ​ដឹកនាំ​បាតុកម្ម​ និង​ជា​អាយ៉ង​សហ​រដ្ឋ​អាមេរិក​ដោយ​ទទួល​យក​លុយ​ពី​សហ​រដ្ឋ​អាមេរិក។​

លោកស្រី ​Greve​ បាន​និយាយ​ថា​ មជ្ឈមណ្ឌល​សាមគ្គី​ភាព​បាន​ផ្តល់​ថវិកា​មួយ​ចំនួន​របស់​ខ្លួន​ទៅ​ឲ្យ​សម្ព័ន្ធ​សហជីព​ពាណិជ្ជកម្ម​ហុងកុង ​ដើម្បី​ជួយ​ដល់​គម្រោង​ដឹកនាំ​ពលករ ​ដែល​នេះ​គឺជា​ការមួយ​ដែល​លោកស្រី​បាន​ចាត់ទុក​ថា​ ជា​ផ្នែក​មួយ​នៃ​កិច្ចការ​សង្គម​ស៊ីវិល។​

លោកស្រី​ថា៖​ «ការ​ឧបត្ថម្ភ​របស់ ​NED ​ដល់​មជ្ឈ​មណ្ឌល​សាមគ្គី​ភាព ​និង​ការ​ឧបត្ថម្ភ​របស់​មជ្ឈមណ្ឌល​សាមគ្គី​ភាព​ដល់​សម្ព័ន្ធ​សហជីព​ពាណិជ្ជ​កម្ម​ហុងកុង​គឺ​ខុស​ទាំង​ស្រុង​ពី​កិច្ចការ​នយោបាយ​របស់​លោក ​Lee Cheuk-yan ​ក្នុង​នាម​លោក​ជា​អ្នក​តែង​ច្បាប់ ​ដែល​លោក​មាន​តួនាទី​ដាច់​ដោយ​ឡែក​មួយ​ដែល​លោក​ត្រូវ​បំពេញ ​ហើយ​បញ្ហា​ថវិកា​ក៏​មិន​ពាក់​ព័ន្ធ​គ្នា​ដែរ»។​

ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន ​សម្ព័ន្ធ​សហជីព​ពាណិជ្ជ​កម្ម​ហុងកុង​បាន​បដិសេធ​ថា​ មិនមានការ​ប្រើ​ប្រាស់​ថវិកា​ឧបត្ថម្ភ​របស់​មជ្ឈមណ្ឌល​សាមគ្គី​ភាព ​ដើម្បី​គោល​ដៅ​នយោបាយ ​ហើយ​បាន​គំរាម​ថា ​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ក្រុម​សារ​ព័ត៌មាន​ដែល​សម្ព័ន្ធ​សហជីព​ពាណិជ្ជ​កម្ម​ហុងកុង​នេះ​បាន​ចោទ​ប្រកាន់​ថា​ និយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​លោក​ Lee​ នោះ។​

ការ​ការពារខ្លួន​របស់​ដៃគូ NED៖

ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្ញើ​តាម​អ៊ីម៉ែល​មក​កាន់​វីអូអេ ​NDI ​ក៏​បាន​បដិសេធ​ថា ​ខ្លួន​មិន​បាន​គាំទ្រ​ក្រុម​នយោបាយ​ណា​មួយ​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម ​Occupy​ នៅ​ទីក្រុង​ហុងកុង​ទេ។​

NDI ​បាន​និយាយ​ថា៖​ «របាយការណ៍​ព័ត៌មាន​ទាំង​នោះ​មិន​ត្រឹម​តែ​ខុស​ទេ​ ហើយ​ថែម​ទាំង​បង្អាក់​ស្មារតី​នៃ​បញ្ហា​ពិត​ ដែល​ថា ​ប្រជាពលរដ្ឋ​ទីក្រុង​ហុងកុង​កំពុង​តែ​បង្ហាញ​ពី​គោល​បំណង​របស់​គេ​ដើម្បី​សិទ្ធិ​បោះឆ្នោត​ក្នុង​សម័យ​បោះឆ្នោត​មួយ ​ដែល​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​អាច​ផ្តល់​ជា​ជម្រើស​ដ៏​មាន​ខ្លឹមសារ​មួយ​ដល់​គេ។​

NDI ​ក៏​បាន​និយាយ​ថា ​ខ្លួន​បាន​អនុវត្ត​អនុសាសន៍មិន​ប្រកាន់​បក្ខពួក​សម្រាប់​គម្រោង​នៅ​ទីក្រុង​ហុងកុង ​ដែល​ក្នុង​នោះ​រួម​មាន​ ការ​រៀបចំ​ជា​វេទិកា​សាធារណៈ​ស្តី​អំពី​កំណែ​ទម្រង់​នយោបាយ​នា​ពេល​ថ្មីៗ​នេះ។​ NDI​ ថា៖​ «អ្នក​តំណាង​គណបក្ស​នយោបាយ​ធំៗ​នៅ​ទីក្រុង​ហុងកុង​ រួម​ទាំង​ក្រុម​ដែល​គាំទ្រ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ក៏​បាន​ចូលរួម​ក្នុង​វេទិកា​សាធារណៈ​នេះ​ដែរ»។​

លោក ​Law ​នាយក​អង្គការ​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ហុងកុង ​បាន​និយាយ​ថា​ អ្នក​ស្ម័គ្រ​ចិត្ត​ដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​ NED ​បាន​ផ្តោត​លើ​បញ្ហា​ក្នុង​តំបន់ ​ខណៈ​ដែល​អ្នក​ទាំង​នេះ​បន្ត​បេសក​កម្ម​របស់​ខ្លួន​ក្នុងការ​លើក​កម្ពស់​ការ​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​ប្រសើរ​ជាង​មុន​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ទីក្រុង​ហុងកុង។​

លោក ​Law​ បាន​ប្រាប់​ទូរទស្សន៍​អាស៊ី​ថា៖ ​«ប្រសិន​បើ​យើង​ផ្តល់​វិភាគ​ទាន​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង ​ហើយ​នេះ​ក៏​ជា​ចំណាប់​អារម្មណ៍​របស់​រដ្ឋាភិបាល​អាមេរិក​ដែរ​នោះ​ ​នោះ​ខ្ញុំ​អាច​អបអរ​សាទរ​ដល់​សាធារណជន​ហុងកុង​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​ផ្សេងៗ​នៅ​ជុំវិញ​ពិភព​លោក»។​

លោកស្រី ​Greve​ បាន​លើក​ឡើង​ថា ​គម្រោង​នៅ​ទីក្រុង​ហុងកុង​ដែល​ឧបត្ថម្ភ​ដោយ​ NED​ គឺ​មាន​គោល​បំណង​ជំរុញ​ឲ្យ​មាន​ការ​តស៊ូ​មតិ​សាធារណៈ​មួយ ​ដែល​រួមមាន​ «សម្លេង​របស់​មនុស្ស​គ្រប់​គ្នា»​អំពី​នយោបាយ​ក្នុង​តំបន់។ ​លោកស្រី​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ជាក់លាក់​ទេ ​នៅពេល​ដែល​លោកស្រី​ត្រូវបាន​សុំ​ឲ្យ​ផ្តល់​ឧទាហរណ៍​អំពី​សមិទ្ធផល​សមេ្រច​បាន​ដោយ​ដៃគូ ​NED។​

លោកស្រី​បាន​និយាយ​ថា៖​ «យើង​សប្បាយ​រីក​រាយ​ដែល​ឃើញ​ក្រុម​ដៃគូ​របស់ ​NED​ បាន​បន្ត​គាំ​ទ្រ​ដ៏​សកម្ម​ក្នុងការ​ការពារ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ ហើយ​និយាយ​ឲ្យ​ត្រង់​ទៅ​គឺ​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​អ្វី​ដែល​រចនា​សម្ព័ន្ធ​នយោបាយ​របស់​ទីក្រុង​ហុងកុង​គួរ​តែ​មាន»៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG