ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ហុងកុង​លុប​ចោល​ការចរចា​ជាមួយ​នឹង​បាតុករ


អាជ្ញាធរ​ហុងកុង​បាន​លុប​ចោល​ការ​ចរចា​ជាមួយ​នឹង​បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​បាន​កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហុងកុង ក្រោយ​ពេល​ដែល​ក្រុម​បាតុករ​បានសច្ចា​ថា​នឹង​បង្កើន​ការ​មិន​គោរព​បញ្ជា​រដ្ឋាភិបាល។ មេដឹកនាំ​ក្រុម​បាតុករ​បាន​និយាយ​ថា គេ​ត្រូវ​ការ​ដាក់​សំពាធ​បន្ថែម​ទៀត មុន​ពេល​ការ​ចរចា​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​វិវត្ត​ទៅ​មុខ​ទៅ​រក​ការ​បោះ​ឆ្នោត​ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ។

អ្នកស្រី Carrie Lam បុគ្គលិកស៊ីវិល​ជាន់​ខ្ពស់​របស់​ទីក្រុង​ហុងកុង និយាយ​ថា ក្រុម​បាតុករ​កំពុង​តែ​ប្រព្រឹត្តិ​ទង្វើរ​មិន​គប្បី ដោយ​គំរាម​ថា​នឹង​ពង្រីក​ការ​ធ្វើ​បាតុកម្ម​រយៈ​ពេល​២សប្តាហ៍​ដើម្បី​កាន់​កាប់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ហុងកុង។

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ អ្នកស្រី Lam ដែល​ជា​ប្រធាន​រដ្ឋលេខា​ធិការ​របស់​ទីក្រុង​ហុងកុង បាន​លុប​ចោល​ការ​ចរចារ​ដែល​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​សុក្រ​នេះ។

កាល​ពី​ពេល​រសៀល​ថ្ងៃ​ព្រហស្បតិ៍នេះ មេ​ដឹក​នាំ​ក្រុម​អ្នក​រៀប​ចំ​ការ​កាន់​កាប់​ទីក្រុង​បាន​ប្រកាស​អំពី​“គម្រោង​ថ្មី​មួយ​នៃ​ការ​មិន​គោរព​បញ្ជា​រដ្ឋាភិបាល។ ពួកគេ​បាន​សច្ចា​ថា​នឹង​បង្កើន​ដាក់​សំពាធ​លើ​រដ្ឋាភិបាល​ដើម្បី​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ និង​ជំរុញ​ឲ្យ​សាធារណជន​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​ទីតាំង​កណ្តាល​នៃ​បាតុកម្ម​នេះ។

លោក Alex Chow មេដឹកនាំ​ក្រុម​បាតុករ​បាន​ចូល​រួម​ជាមួយ​នឹង​សហព័ន្ធ​និស្សិត។

«ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ភាព​ស្មោះ​ត្រង់ និង​ឆន្ទះ​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​របស់​ប្រជាពលរដ្ឋ​ហុងកុង​ដើម្បី​ឲ្យ​មាន​ការ​កែ​ទម្រង់​លើ​រដ្ឋធម្មនុញ្ញ នោះ​ជំហាន​បន្ទាប់​ទៀត​អាច​ជា​វិធីសាស្ត្រ​ជា​ច្រើន ដូចជា​ការ​តស៊ូ​មិន​គោរព​បញ្ជា​រដ្ឋាភិបាល​នៅ​ទី​ក្រុង​ហុងកុង»។

ក្នុង​រយៈពេល​២សប្តាហ៍​នេះ ក្រុម​និស្សិត​បាតុករ​រាប់​ពាន់​នាក់​បាន​កាន់​កាប់​ទី​តំាង​ពាណិជ្ជកម្ម​សំខាន់ៗ​នៅ​ទីក្រុង​ហុងកុង ដោយ​ទាម​ទារ​ឲ្យ​នាយក​ប្រតិបត្តិ​អចិន្ត្រៃយ៍​ដែល​តែង​តាំង​ដោយ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​លា​លែង​ពី​តំណែង។ ក្រុម​បាតុករ​ក៏​ចង់​បាន​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​ដើម្បី​ទប់ស្កាត់​សេចក្តី​សម្រេច​របស់​ចិន ដែល​អនុញ្ញាត​ឲ្យ​តែ​បេក្ខជន​ដែល​ខ្លួន​បាន​តែង​តាំង​ប្រកួត​ប្រជែង​ក្នុង​តំណែង​នាយក​ប្រតិបត្តិ​អចិន្ត្រៃយ៍​ជា​តំណែង​ជាន់​ខ្ពស់​របស់​ទីក្រុង​ហុងកុង។

មន្ត្រី​ទីក្រុង​ហុងកុង និយាយ​ថា ពួក​គេ​មាន​ឆន្ទះ​ពិភាក្សា​អំពី​ការ​ព្រួយ​បារម្ភ​របស់​និស្សិត ប៉ុន្តែ​បាន​គូស​បញ្ជាក់​ថា​គ្មាន​ការ​ផ្លាស់​ប្តូរ​លើ​ច្បាប់​បោះ​ឆ្នោត​ទេ ហេតុ​ដូច្នេះ​នាយក​ប្រតិបត្តិ​អចិន្ត្រៃយ៍​នឹង​មិន​លាលែង​ពី​តំណែង​ឡើយ។ ហើយ​មន្ត្រី​ទាំង​នេះ​ក៏​បាន​ស្នើរ​សុំ​ឲ្យ​ក្រុម​បាតុករ​ចាក​ចេញ​ពី​ដង​វិថី​របស់​ទីក្រុង ដោយ​និយាយ​ថា​ការ​ធ្វើ​បាតុកម្ម​នេះ​គឺជា​ទង្វើរ​ខុស​ច្បាប់ ហើយ​រំខាន​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​នោះ៕

ប្រែ​សម្រួល​ដោយ ទែន សុខ​ស្រីនិត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG