ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈប្រតិភូអាមេរិកបញ្ជាក់អំពីការគាំទ្ររបស់អាមេរិកចំពោះតៃវ៉ាន់ក្នុងអំឡុងទស្សនកិច្ចនៅទីនោះ


គណៈប្រតិភូ​អាមេរិក​ចូលជួបប្រធានាធិបតី​ជាប់ឆ្នោត​របស់​កោះតៃវ៉ាន់​លោក Lai Ching-te និង​អនុប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី Hsiao Bi-khim នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុងតៃប៉ិក កោះតៃវ៉ាន់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (Handout / Taiwan Presidential Office / AFP)
គណៈប្រតិភូ​អាមេរិក​ចូលជួបប្រធានាធិបតី​ជាប់ឆ្នោត​របស់​កោះតៃវ៉ាន់​លោក Lai Ching-te និង​អនុប្រធានាធិបតី​ជាប់ឆ្នោត​អ្នកស្រី Hsiao Bi-khim នៅ​វិមាន​ប្រធានាធិបតី ក្នុង​ទីក្រុងតៃប៉ិក កោះតៃវ៉ាន់ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។ (Handout / Taiwan Presidential Office / AFP)

គណៈប្រតិភូ​មួយ​ក្រុម​នៃ​គណបក្ស​ទាំង​ពីរ​មកពី​សភា​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​អះអាង​ជាថ្មី​អំពី​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់ បន្ទាប់ពី​តៃវ៉ាន់​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​រួច​មក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នេះ​គឺ​ជា​ទស្សនកិច្ច​លើក​ដំបូង​បង្អស់​របស់​សមាជិក​សភា​អាមេរិក​ទៅកាន់​កោះ​តៃវ៉ាន់​តាំងពី​ពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ (Democratic Progressive Party)​ ដែល​មាន​ទំនោរ​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត​មក។

ប្រទេស​ចិន​ដែល​ជា​គូប្រជែង​ឥទ្ធិពល​សាកលដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​ ​បាន​អះអាង​ថាកោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹក​ដី​របស់​ខ្លួន​ ​និង​បាន​គំរាម​ប្រើ​កម្លាំងដើម្បី​គ្រប់គ្រង​ដែន​កោះនេះ។ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានថ្កោលទោស​ជា​ខ្លាំង​ ដល់​ការ​ជាប់ឆ្នោត​របស់អនុប្រធានាធិបតី​តៃវ៉ាន់​បច្ចុប្បន្ន​គឺ​លោក​ Lai Ching-te​ ដើម្បី​ក្លាយ​ជា​មេដឹកនាំ​ថ្មី​របស់​កោះ​នេះ ហើយ​ចិន​ទំនង​ជានឹងបន្ត​គោលនយោបាយចាស់​របស់​ខ្លួន​ ដោយ​មិន​ចូលរួម​ជា​មួយ​រដ្ឋាភិបាលរបស់កោះតៃវ៉ាន់​ ​ដែល​ខ្លួន​បាន​ដាក់​ចេញក្រោយការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​របស់​អ្នក​ស្រី​ Tsai Ing-wen ​កាល​ពី​អាណត្តិទី​១​កាលឆ្នាំ​២០១៦​មក។​

លោក Mario Díaz Balart សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​តំណាង​រដ្ឋ Florida បាន​និយាយ​ថា៖ «ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តៃវ៉ាន់​គឺ​រឹងមាំ​ពិត​ប្រាកដ​និង​ធ្វើ​ឡើង​ដោយ​គណបក្ស​ទាំងពីរ​១០០%»។

លោក Ami Bera សមាជិក​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តំណាង​រដ្ឋ California បាន​ចូលរួម​ជាមួយ​លោក Balart ដោយ​លើកឡើង​ថា​សហរដ្ឋ​អាមេរិក​និង​តៃវ៉ាន់​ត្រូវតែ​ធ្វើការ​ជាមួយ​គ្នា។

សហប្រធាន​នៃ​កិច្ចប្រជុំស្តី​ពី​កោះតៃវ៉ាន់​របស់​សភា​អាមេរិក​ ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មករា​ ​បាន​បើក​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​សភា​អាមេរិកធ្វើ​ដំណើរ​ទស្សនកិច្ច​ជាលើក​ដំបូង​ទៅ​កាន់​កោះតៃវ៉ាន់។

រដ្ឋាភិបាល​ក្រុង​ប៉េកាំងបាន​ជំទាស់លើ​ការ​ទាក់ទង​ជា​ផ្លូវការ​ក្នុង​ទ្រង់ទ្រាយ​ណា​មួយ​ រវាង​សហរដ្ឋ​អាមេរិក​និង​កោះតៃវ៉ាន់​ ​និង​បាន​ធ្វើ​ការ​ឆ្លើយតបចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​រដ្ឋសភា​អាមេរិក​អ្នក​ស្រី Nancy Pelosi ​ទៅ​កាន់​កោះនេះក្នុង​ឆ្នាំ​២០២២កន្លង​ទៅ​ ដោយធ្វើ​សមយុទ្ធយោធា​ទ្រង់ទ្រាយ​ធំ​អស់​ជា​ច្រើន​ឆ្នាំ ដែល​ក្នុងនោះ​ក៏​រួម​មាន​ការ​បាញ់​គ្រាប់រ៉ុក្កែត​ និងការ​បិទ​ខ្ទប់​ច្រក​ផ្លូវទៅ​កាន់​កោះនេះ​ដូច​ស្ថានភាពពិតផង​ដែរ។​ រដ្ឋាភិបាល​ក្រុងប៉េកាំង បាន​ហៅដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​រដ្ឋាភិបាល​បរទេស​ទៅ​កាន់​កោះ​តៃវ៉ាន់​ ថា​ជាការ​ទទួល​ស្គាល់​អធិបតេយ្យភាពរបស់​ដែនកោះ​នេះ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Joe Biden​ បាន​ព្យាយាមសម្រួល​ស្ថានភាព​ខឹង​សម្បារ​របស់​ចិន​ ដោយលើក​ឡើងថា​ អាមេរិក​មិនផ្លាស់​ប្តូរ​«គោលនយោបាយចិន​មួយ​»របស់​ខ្លួន​ ដែល​មាន​ជា​យូរ​មក​ហើយ​នោះ​ទេ​ ដែល​ជាការ​ទទួល​ស្គាល់​រដ្ឋាភិបាលក្រុង​ប៉េកាំង ប៉ុន្តែ​អនុញ្ញាត​ឱ្យ​មាន​ទំនាក់ទំនង​មិនផ្លូវការ​ និង​ការ​ទាក់​ទង​ផ្នែក​ការពារ​ជាតិជា​មួយ​រដ្ឋាភិបាល​កោះតៃវ៉ាន់។​ ​

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ជា​ផ្លូវការ​ជា​មួយកោះតៃវ៉ាន់​ក្នុង​ឆ្នាំ​១៩៧៩​ ដើម្បី​ទទួល​ស្គាល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប៉ុន្តែ​ច្បាប់​សហរដ្ឋអាមេរិក​តម្រូវ​ឱ្យ​ខ្លួន​ធានា​ថា​ ដែន​កោះ​មួយ​នេះមាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​ការពារ​ខ្លួន​ និង​ចាត់​ទុក​រាល់​ការ​គំរាម​កំហែង​ពី​ខាង​ក្រៅ​ទាំង​អស់​ថា​ជាបញ្ហា​បារម្ភ​ដ៏​ធ្ងន់ធ្ងរ​មួយ។​

នៅ​ពេលដែល​ប្រទេស​ចិន​បាន​បញ្ជូន​យន្តហោះចម្បាំង​និង​នាវាកងទ័ព​ជើង​ទឹក​របស់​ខ្លួន​ ដើម្បី​ធ្វើការបំភិតបំភ័យ​និង​យារយី​ទៅ​លើ​កោះ​តៃវ៉ាន់​ជា​ប្រចាំនោះ គេ​ពុំ​ឃើញ​មាន​សកម្មភាព​កើន​ឡើង​ខ្លាំង​គួ​កត់សម្គាល់​ណា​មួយ​កាល​ពី​ថ្ងៃ​ទី២៣​និង​ថ្ងៃ​ទី​២៤ ខែ​មករា​កន្លង​ទៅ​នេះទេ។​ ក្រសួង​ការពារ​ជាតិ​កោះតៃវ៉ាន់​ ​ បាន​រាយការណ៍​ពីយន្តហោះ​ចម្បាំង​ចិន​៧​គ្រឿង​ និង​កងនាវាជើង​ទឹក​ចិន៥​គ្រឿងត្រូវចាប់​សញ្ញា​បាន​នៅ​ជិត​កោះ​នេះ​កាល​ពី​រយៈពេល​២៤​ម៉ោង​ចុងក្រោយនេះ។​ ​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ក៏​បាន​និយាយ​ផង​ដែរ​ថា​ មាន​បាល់ឡុងចិន​២បាន​ហោះពី​លើ​កោះខ្លួន​នៅ​តំបន់​ភាគខាង​ជើង​និង​ភាគ​ខាង​ត្បូង។ ​គេ​នៅ​មិន​ទាន់​ដឹងពី​មូលហេតុ​នៃ​បាល់ឡុងហោះ​នេះ​នៅ​ឡើយ​ទេ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG