ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ព្រមាន​ហ្វីលីពីន​ថា​«កុំលេង​ភ្លើង»​ពាក់ព័ន្ធ​នឹង​កោះ​តៃវ៉ាន់


រូបឯកសារ៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក្នុង​ពិធីគម្រប់​ខួប​៨៨ឆ្នាំ​នៃ​កងទ័ព​ហ្វីលីពីន នៅទីក្រុង Quezon នៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
រូបឯកសារ៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក្នុង​ពិធីគម្រប់​ខួប​៨៨ឆ្នាំ​នៃ​កងទ័ព​ហ្វីលីពីន នៅទីក្រុង Quezon នៃប្រទេសហ្វីលីពីន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ប្រទេស​ចិន​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​ហ្វីលីពីន​កាលពី​ថ្ងៃអង្គារ​ ទី១៦ ​ខែ​មករា ​ដើម្បី​តវ៉ា​ជា​ផ្លូវការ​នូវ​សារ​របស់​លោក​ប្រធានាធិបតី ​Ferdinand Marcos Jr. ​អបអរ​សាទរប្រធានាធិបតី​ដែល​ទើប​តែ​ជាប់ឆ្នោត​ថ្មី​របស់​កោះតៃវ៉ាន់។​

នៅ​ក្នុង​ការ​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម ​X ​ដែល​ពីមុន​ត្រូវ​បាន​គេ​ហៅ​ថា ​Twitter​ នោះ ​លោក​ប្រធានាធិបតី ​Marcos ​បាន​អបអរសាទរ​លោក ​Lai Ching-te ​បេក្ខជន​នៃ​គណបក្ស​ប្រជា​ធិបតេយ្យ​ចម្រើន​និយម ​(DPP) ​ដែល​កំពុង​កាន់អំណាច​របស់​តៃវ៉ាន់​ដែលបានជ័យជម្នះនៅ​ក្នុង​ការបោះឆ្នោតកាលពី​ថ្ងៃសៅរ៍​ ទី១៣ ​ខែ​មករា ​ហើយ​បាន​និយាយ​ថា ​លោក​ទន្ទឹង​រង់ចាំ​ធ្វើ​«កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ‍» ​ជាមួយ​លោក​ Lai Ching-te។ ​ជា​យូរ​មក​ហើយ ​គណបក្ស​ប្រជា​ធិបតេយ្យ​ចម្រើន​និយម​បាន​គាំទ្រ​ដល់​ការ​គ្រប់គ្រង​ដោយ​ស្វ័យភាព​របស់​តៃវ៉ាន់ ​ដោយ​បាន​ប្រឹង​ប្រែង​ប្រឆាំង​នឹង​ការ​ទាមទារ​អធិប​តេយ្យ​ភាព​របស់​ក្រុង​ប៉េកាំង​លើ​កោះ​នេះ។​

ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ប៉េកាំង ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​អ្នកស្រី ​Mao Ning​ បាន​និយាយ​ថា ​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ប្រធានាធិបតី​ Marcos ​គឺ​ជា​«ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ‍»​ដល់​ការ​ប្តេជ្ញាចិត្ត​របស់​ហ្វីលីពីន​ចំពោះ​ «គោល​ការណ៍​ចិន​តែ​មួយ‍» ​និង​ជា​«ការ​ជ្រៀត​ជ្រែក​ទាំងស្រុង​ទៅ​លើ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន‍»។​

អ្នកស្រី ​Mao Ning ​បាន​ព្រមាន​ហ្វីលីពីន​ថា ​«កុំ​លេង​ភ្លើង​ពាក់ព័ន្ធ​នឹង​បញ្ហា​តៃវ៉ាន់‍» ​និង​ឈប់​បញ្ជូន​«សញ្ញា​ខុស‍»​ទៅ​កាន់​កងកម្លាំង​ឯករាជ្យ ​និង​ផ្តាច់ខ្លួន​នៅ​លើ​កោះ​នេះ។​ អ្នកស្រី​ក៏​បាន​ជំរុញ​ឱ្យ​លោក ​Marcos ​ធ្វើការ​ស្វែង​យល់​បន្ថែម​ទៀត​ដើម្បី​ឱ្យ​លោក​អាច​យល់​បាន​ត្រឹមត្រូវ​អំពី​បញ្ហា​នេះ ​ហើយ​ធ្វើ​«ការ​សន្និដ្ឋាន​ដ៏​ត្រឹមត្រូវ‍»។​

កោះតៃវ៉ាន់​បាន​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​ចាប់តាំងពី​ចុង​បញ្ចប់​នៃ​សង្គ្រាម​ស៊ីវិល​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ​ ១៩៤៩ ​នៅ​ពេល​ដែល​កងកម្លាំង​ជាតិ​និយម​របស់​លោក ​Chiang Kai-shek ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ចិន​ដី​គោក​ដោយ​មេ​ដឹកនាំ​កុម្មុយនិស្ត​លោក ​ម៉ៅ សេទុង ​ហើយ​បាន​តាំង​ទីលំនៅ​នៅ​លើ​កោះ​នេះ។ ​ទីក្រុង​ប៉េកាំង​បាន​ប្តេជ្ញា​ថា​នឹង​យក​កោះតៃវ៉ាន់​មក​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​វិញ​តាម​មធ្យោបាយ​ចាំបាច់​ រួមទាំង​ការ​ប្រើប្រាស់​កងកម្លាំង​យោធា​ផង​ដែរ៕​

ប្រែសម្រួល​ដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG