ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Lai Ching-te ឈ្នះការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់


លោក Lai Ching-te អនុប្រធានាធិបតី​តៃវ៉ាន់ សាទរ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។
លោក Lai Ching-te អនុប្រធានាធិបតី​តៃវ៉ាន់ សាទរ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ប្រធានាធិបតី នៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

គណបក្ស Democratic Progressive Party ដែល​ជា​គណបក្ស​កាន់​អំណាច​នៅ​កោះ​តៃវ៉ាន់ បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត​កាលពី​ថ្ងៃ​សៅរ៍។ លោក Lai Ching-te ដែល​ជា​បេក្ខជន​របស់​គណបក្ស​នេះ​និង​ដែល​បច្ចុប្បន្ន​ជា​អនុ​ប្រធានាធិបតី​តៃវ៉ាន់ បាន​ឈ្នះ​សំឡេង​ឆ្នោត​ចំនួន ៤០%។

លោក​បាន​យក​ឈ្នះ​លើ​លោក Hou You-ih ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​គួមីងតាង (Kuomintang) ដែល​ជា​គណបក្ស​ប្រឆាំង​មាន​ភាព​រាក់ទាក់​ជាមួយ​ចិន ក៏​ដូចជា​បាន​យក​ឈ្នះ​លើ​លោក Ko Wen-je ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស Taiwan People’s Party។

លោក Lai បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ទទួល​បាន​ជ័យជម្នះ​របស់​លោក​ថា ជ័យជម្នះ​របស់​លោក​កាលពី​ថ្ងៃសៅរ៍​គឺ​ជា​ជ័យជម្នះ​មួយ​សម្រាប់​សហគមន៍​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក។

លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​មួយ​ដែល​មាន​អ្នក​សារព័ត៌មាន​ទាំង​ក្នុង​ស្រុក​និង​អន្តរជាតិ​ជាង ១០០ នាក់​ចូលរួម​ថា៖ «យើង​កំពុង​ប្រាប់​សហគមន៍​អន្តរជាតិ​ថា រវាង​លទ្ធិ​ប្រជាធិបតេយ្យ​និង​លទ្ធិ​អាជ្ញាធិបតេយ្យ យើង​នឹង​ឈរ​នៅ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ»។

លោក Lai បាន​កត់សម្គាល់​ថា ប្រជាជន​តៃវ៉ាន់​បាន​តតាំង​យ៉ាង​ជោគជ័យ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​របស់​កម្លាំង​ខាង​ក្រៅ​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះឆ្នោត​នេះ។ លោក​លើកឡើង​ដូច្នេះ​ចង់​សំដៅ​លើ​យុទ្ធវិធី​ជា​ទូទៅ​ដែល​ចិន​បាន​ប្រើ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់​រាប់​ខែ​មុន​ការ​បោះឆ្នោត។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «យើង​ជឿជាក់​ថា​មានតែ​ពលរដ្ឋ​តៃវ៉ាន់​ទេ​ដែល​មាន​សិទ្ធិ​ក្នុង​ការ​ជ្រើសរើស​ប្រធានាធិបតី​របស់​ខ្លួន»។

លោក Lai បាន​បន្ថែម​ថា ដោយសារ​លោក​និង​បេក្ខជន​អនុ​ប្រធានាធិបតី​អ្នកស្រី Hsiao Bi-Khim ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាងគេ​នៅ​ក្នុង​ការ​បោះឆ្នោត នេះ​មាន​ន័យ​ថា​តៃវ៉ាន់​នឹង​បន្ត «ដើរ​លើ​មាគ៌ា​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​មុខ»។

លោក​បាន​សង្កត់ធ្ងន់​ថា៖ «យើង​នឹង​មិន​ដើរ​ត្រឡប់​ក្រោយ​ឬ​មើល​ក្រោយ​នោះ​ទេ»។

ដោយ​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​របស់​លោក​នៅ​ក្នុង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ លោក Lai បាន​សម្តែង​នូវ​ឆន្ទៈ​ក្នុង​ការ​ចូលរួម​ជាមួយ​ចិន​ផ្អែក​លើ​មូលដ្ឋាន​នៃ​សេចក្តី​ថ្លៃថ្នូរ​និង​សមភាព។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «យើង​នឹង​ប្រើ​ការ​ផ្លាស់ប្ដូរ​យោបល់​ជំនួស​ឱ្យ​ការ​រារាំង ប្រើ​កិច្ច​សន្ទនា​ជំនួស​ឱ្យ​ការ​ប្រឈម​មុខ​ដាក់​គ្នា ហើយ​បន្ត​ការ​ពិភាក្សា​និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ចិន​ប្រកប​ដោយ​ភាព​ជឿជាក់»។

លោក Hou ខាង​គណបក្ស​គួមីងតាង​បាន​ថ្លែង​សុន្ទរកថា​បន្ទាប់ពី​លោក​បាន​ចាញ់​ក្នុង​ការ​បោះឆ្នោត​នៅ​ម៉ោង ៨ យប់ ម៉ោង​នៅ​កោះ​តៃវ៉ាន់ ដោយ​លោក​បាន​សុំទោស​ដែល​លោក​មិន​អាច​ជួយ​គណបក្ស​គួមីងតាង​ឱ្យ​ត្រឡប់​មក​កាន់​អំណាច​វិញ ប៉ុន្តែ​លោក​បាន​សង្កត់ធ្ងន់​ថា​លោក​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ទាំងអស់​ដែល​លោក​អាច​ធ្វើ​បាន​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កន្លង​មក។

លោក Hou បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកគាំទ្រ​លោក​ដែល​ខកចិត្ត​ថា៖ «ខ្ញុំ​បាន​ធ្វើឱ្យ​អ្នក​ទាំងអស់​គ្នា​ខកចិត្ត ហើយ​ខ្ញុំ​មក​ទីនេះ​ដើម្បី​សម្តែង​ការ​សុំទោស​អស់​ពី​ដួងចិត្ត​របស់​ខ្ញុំ»។ លោក​បាន​ឱន​សំុទោស​ចំនួន​ពីរ​ដង៕

ប្រែ​សម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG